សហជីព​គាំទ្រ​សមាគម​រោងចក្រ​ជំរុញ​ឲ្យ​អ្នក​បញ្ជា​ទិញ​គោរព​កិច្ចសន្យា​ទិញ​ដើម្បី​ធានា​ការ​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ

ដោយ ខែ សុណង
2020-04-02
RFA

កម្មករ​ចេញ​ពី​រោងចក្រ​មួយ​នៅ​តាម​បណ្ដោយ​ទំនប់​កប់​ស្រូវ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ ឆ្នាំ២០២០។

កម្មករ​ចេញ​ពី​រោងចក្រ​មួយ​នៅ​តាម​បណ្ដោយ​ទំនប់​កប់​ស្រូវ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ ឆ្នាំ២០២០។

 រូប៖ កម្មករ


សហជីព​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ទិញ​សំលៀកបំពាក់​ពី​កម្ពុជា​មួយ​ចំនួន បាន​ប្រកាស​បន្ត​ទិញ​សំលៀក​បំពាក់​ពី​កម្ពុជា ក្នុង​ពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ Covid-19។ ព័ត៌មាន​នេះ ធ្វើ​ឡើង​ក្រោយ​ពេល សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា ជីម៉ាក់ (GMAC) បាន​ផ្ញើ​លិខិត​ចំហ​មួយ​ឲ្យ​អ្នក​បញ្ជា​ទិញ​ទំនិញ​ទាំងអស់​ពី​កម្ពុជា ចូលរួម​សហការ​និង​គោរព​លក្ខខណ្ឌ​កិច្ចសន្យា​ទិញ ដើម្បី​ដោះស្រាយ​វិបិត្ត​ក្នុង​កំឡុង​ពិភពលោក ក៏​ដូច​ជា​ប្រទេស​កម្ពុជា ដែល​កំពុង​ជួប​ប្រទះ​ការ​រីក​រាល​ដាល​នៃ​ជំងឺ Covid-19។

មន្ត្រី​សហភាព​ការងារ​កម្ពុជា អះអាង​ថា មាន​អ្នក​បញ្ជា​ទិញ​ចំនួន​៥​ក្រុមហ៊ុន​ធំៗ ហើយ​ដែល​ព្រម​ទទួល​យក​ការ​កុម៉ង់​ទិញ​វិញ និង​បន្ត​ធ្វើ​តាម​កិច្ចសន្យា​ក្រោយ​ពី​មាន​ការ​ដាក់​សម្ពាធ​ពី​ទីផ្សារ​អន្តរជាតិ​ពិភពលោក។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ដំណឹង​ល្អ​កាល​ពី​ថ្ងៃ​ទី​២ ខែមេសា ម្សិលមិញ​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​បញ្ជា​ទិញ​រាប់​រយ​ក្រុមហ៊ុន មាន​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ ចំនួន​៥ ក្នុង​ចំណោម​ក្រុមហ៊ុន​ល្បី​ឈ្មោះ​ជាង​១០​ បាន​ព្រម​ទទួល​យក​ការ​កុម្ម៉ង់​ទិញ​និង​បន្ត​ធ្វើ​តាម​កិច្ចសន្យា​វិញ។ លោក​ថា ដំណឹង​ល្អ​នេះ ក្រោយពេល​អ្នក​បញ្ជា​ទិញ​បាន​ផ្ញើ​លិខិត​មក​អ្នក​ផ្គត់ផ្គង់​ក្រុមហ៊ុន​ដែល​ជា​សមាជិក​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដែល​មាន​ខ្លឹមសារ​ ៣​ចំណុច​សំខាន់​គឺ ពួកគេ​នឹង​ឈប់​កុម្ម៉ង់​ទិញ​នៅ​ក្នុង​រយៈពេល​ចាប់​ពី​ខែ​មីនា ខែ​មេសា និង​ខែ​ឧសភា ចំណែក​ផលិតផល​ដែល​បាន​ផលិត​រួច​ក៏​មិន​ទទួល​យក​ដែរ និង​សុំ​ឲ្យ​ផ្អាក​ដឹក​វត្ថុ​ធាតុ​ដើម ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​ក្រុមហ៊ុន​អ្នក​ផលិត៖ «មាន​ន័យ​អ្វី​ ដែល​គេ​ឯកភាព​ទិញ​គេ​ទទួល​យក​វិញ ប៉ុន្តែ​នៅ​ទី​ផ្សារ​ផ្សេងៗ ​ទៀត​អត់​ទាន់​បាន​រួច​ហើយ​ជីម៉ាក់ (GMAC) ស្នើ​ឲ្យ​ទីផ្សារ​ផ្សេងៗ​ ទៀត​ហ្នឹង បន្ត​ទទួល​យក​កិច្ចសន្យា​ដែល​បាន​ធ្វើ​ហើយ ដើម្បី​ឲ្យ​អ្នក​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​បាន​ទទួល​លុយ​ហ្នឹង​យក​មក​បើក​លុយ​ឲ្យ​កម្មករ​លិខិត​ចំហ​វា​មាន​ន័យ​ថា គឺ​ឲ្យ​ខាង​អ្នក​ទិញ​ហ្នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​កិច្ចសន្យា​ ដែល​បាន​សង​រួច​ហើយ​ហ្នឹង។ ចំពោះ​ការ​កុម្ម៉ង់​បន្ត​ទៀត​ក៏​អត់​មាន​​ឮ​ដែរ ​ព្រោះ​ជា​បញ្ហា​មួយ​ដែល​ទីផ្សារ​ពិភពលោក​លក់​អត់​ចេញ​ គឺ​គេ​អត់​មាន​លើក​បញ្ហា​ហ្នឹង​ដែរ»

ទោះបីយ៉ាងណា សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា ជីម៉ាក់ (GMAC) នៅ​ថ្ងៃ​ទី​២ មេសា បាន​ផ្ញើ​លិខិត​ចំហ​មួយ ឲ្យ​អ្នក​បញ្ជា​ទិញ​ទំនិញ​ទាំងអស់​ពី​កម្ពុជា ធ្វើការ​ជាមួយ​គ្នា ក្នុង​កំឡុង​ពិភពលោក ក៏​ដូចជា​ប្រទេស​កម្ពុជា កំពុង​ជួប​ប្រទះ​ការ​រីក​រាល​ដាល​នៃ​ជំងឺ Covid-19 ដើម្បី​អាច​រួមគ្នា​ដោះស្រាយ​បញ្ហា​លំបាក​នេះ។

សមាគម​រោងចក្រ​បាន​បញ្ជាក់​ថា ភាគី​ទាំងអស់​នៅ​ក្នុង​សង្វាក់​ផ្គត់ផ្គង់​សំលៀកបំពាក់​សកល​កំពុង​ទទួល​រង​បន្ទុក​ដ៏​ធ្ងន់​ដែល​បង្ក​ឡើង​ដោយ​ជំងឺCovid-19។ ទោះ​បី​យ៉ាង​ណា​ក្ដី ក្រុមហ៊ុន​ផលិត ឬ​រោងចក្រ​ប្រតិបត្តិការ​លើ​ប្រាក់​ចំណូល​តិច​មាន​សមត្ថភាព​តិចតួច​ណាស់ ក្នុង​ការ​រែក​បន្ទុក​បែប​នេះ បើ​ធៀប​នឹង​អតិថិជន​ដែល​ជា​អ្នក​បញ្ជា​ទិញ។ សមាគម​នេះ បាន​ជំរុញ​អ្នក​បញ្ជា​ទិញ​គោរព​តាម​លក្ខខណ្ឌ​នៃ​កិច្ច​សន្យា​ទិញ​របស់​ខ្លួន ហើយ​បំពេញ​កាតព្វកិច្ច​ដោយ​ទទួល​យក​ការ​ដឹក​ទំនិញ​ហើយ​ទូទាត់​ប្រាក់​សម្រាប់​ទំនិញ​ ដែល​បាន​ផលិត​រួច​ហើយ និង​ទំនិញ​ដែល​បច្ចុប្បន្ន​កំពុង​ផលិត។ ទាំង​នេះ នឹង​អាច​ឲ្យ​បន្ដ​ផ្ដល់​ការងារ​ដល់​កម្មករ​រាប់​ម៉ឺន​នាក់ និង​អាច​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ និង​ធានា​ដល់​ជីវភាព​កម្មករ​រាប់​លាន​នាក់។

លោក អាត់ ធន់ ថ្លែង​ថា នេះ​ជា​លិខិត​ជា​លើក​ទី​២​ហើយ​ដែល​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ចេញ​លិខិត​បែប​នេះ។ លោក​ថា អ្នក​បញ្ជា​ទិញ​ទាំងអស់ ត្រូវ​រក្សា​ការ​ទទួល​ខុសត្រូវ ចំពោះ​អ្នក​ផ្គត់ផ្គង់ និង​កម្មករ​ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​នេះ៖ «ខ្ញុំ​គិត​ថា​វា​ជា​រឿង​ល្អ​មួយ​ដែល​ខាង​សមាគម​បាន​ស្នើ​ហើយ​ខាង​សហជីព​យើង​ក៏​គិត​អ៊ីចឹង​ដែរ ព្រោះ​កន្លង​មក​មាន​តែ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ហ្នឹង​ជាមួយ​កម្មករ​យើង​បាន​ទំហំ​ទឹកប្រាក់​សរុប​តែ ២៥ទេ ចំណែក​អ្នក​ទិញ​យក​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​គ្រប់គ្រង​ទឹកប្រាក់​ដល់​ទៅ ៧៥នោះ អ៊ីចឹង​នៅ​ពេល​ដែល​មាន​បញ្ហា​ហ្នឹង​គួរ​តែ​អ្នក​បញ្ជា​ទិញ​ទទួល​ខុសត្រូវ​មិនមែន​គិត​ពី​ការ​ទទួល​ខុសត្រូវ​ទេ។ យើង​បាន​ស្នើ​ឲ្យ​អ្នក​បញ្ជា​ទិញ​មិន​ត្រឹមតែ​ទទួល​ខុសត្រូវ​នៅ​ក្នុង​កិច្ចសន្យា​ហ្នឹង​ទេ យើង​ក៏​ស្នើ​ឲ្យ​ទទួល​ខុសត្រូវ​ដល់​ការ​ផ្ដល់​លុយ​ផ្ដល់​អត្ថប្រយោជន៍​ផ្សេងៗ​ឲ្យ​កម្មករ​ទៀត ប៉ុន្តែ​គ្រាន់​ថា​យើង​អត់​ទាន់​បាន​ជោគជ័យ​នៅ​កំពុង​ជជែក​គ្នា​នៅ​ឡើយ»

នៅ​កម្ពុជា​មាន​រោងចក្រ​កាត់ដេរ​ចំនួន ១១៨០ក្រុមហ៊ុន ឬ​រោងចក្រ ក្នុង​មាន​រោងចក្រ​ធំៗ ជាង ៦រយ​ក្រុមហ៊ុន​ដែល​មាន​សិទ្ធិ​នាំ​ចេញ ចំណែក​ជាង ៥រយ គឺ​ជា​ប្រភេទ​រោងចក្រ​កុងត្រា​បន្ត​ដែល​ពុំ​មាន​អាជ្ញាប័ណ្ណ​នាំ​ចេញ​ទេ។ ចំណែក​ខាង​សហជីព​ថា វិស័យ​កាត់​ដេរ​បាន​ផ្ដល់​ការងារ​ឲ្យ​កម្មករ ប្រមាណ​ជាង ៨០ម៉ឺន​នាក់ ប៉ុន្តែ​របាយការណ៍​របស់​សមាគម​រោងចក្រ​ថា​មាន​កម្មករ​ជាង ៧៥ម៉ឺន​នាក់ ហើយ​ពលរដ្ឋ​ខ្មែរ​ជាង ៣លាន​នាក់​ទៀត រស់​នៅ​ពឹង​ផ្អែក​លើ​វិស័យ​នេះ។ ការ​ផ្អាក​ការ​បញ្ជាទិញ​ដោយ​ទីផ្សារ​អឺរ៉ុប និង​អាមេរិក​នេះ នឹង​ធ្វើ​ឱ្យ​កម្មករ​រាប់​សែន​នាក់​បាត់​បង់​ការងារ​ធ្វើ ហើយ​បើ​វិបត្តិ​ជំងឺ​កូវីដ-១៩ អូស​បន្លាយ​រយៈពេល​យូរ​ទៀត​នោះ វិស័យ​កាត់ដេរ​កម្ពុជា​អាច​នឹង​ប៉ះពាល់​ទាំងស្រុង​តែ​ម្ដង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles