សហជីព​១១​ថោ្កល​ទោស​ការ​ចាប់ខ្លួន​តំណាង​សហជីព​ម្នាក់​ថា ជា​ការ​គំរាមកំហែង​ដល់​កម្មករ​ផ្សេង​ទៀត

ដោយ ហេង រស្មី
2020-04-03
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ ទី ២៩ មករា ២០១៥។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ ទី ២៩ មករា ២០១៥។

 RFA/Tep Soravy


សហជីព​ចំនួន​១១​បាន​នាំគ្នា​ថោ្កល​ទោស​ចំពោះ​អាជ្ញាធរ​សមត្ថកិច្ច​ដែល​បាន​ចាប់ខ្លួន​តំណាង​សហជីព​ម្នាក់​យក​ទៅ​ដាក់​មន្ទីរឃុំឃាំង​ក្រោយ​ពី​បាន​បង្ហោះ​សា​រលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​លើ​ការ​រំលោភ​ច្បាប់​ការងារ​របស់​ថៅកែ​រោងចក្រ​ទៅ​លើ​ក្រុម​កម្មករ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​តំណាង​សហជីព​ទាំង​១១ នៅ​ថ្ងៃ​ទី​៣ មេសា នេះ បាន​ចាត់​ទុក​ការ​ចាប់ខ្លួន​អ្នកស្រី សយ ស្រស់ ថា គឺជា​សកម្មភាព​គំរាមកំហែង​ធ្ងន់ធ្ងរ និង​មាន​ចេតនា​បំបាក់​ស្មារតី មក​លើ​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ដទៃ​ទៀត​ឱ្យ​បញ្ឈប់​ការចូលរួម​ចលនា​សហជីព​ដើម្បី​ការពារ​សិទ្ធិ​កម្មករ​តទៅ​ទៀត។

ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ការ​បញ្ឈប់​តំណាង​សហជីព​នេះ​គឺជា​រឿង​ដែល​លោក​មិន​អាច​ទទួល​យក​បាន​ហើយ​ទាមទារ​ឱ្យ​សមត្ថកិច្ច​គួរ​តែ​ដោះលែង​អ្នកស្រី សយ ស្រស់ ឱ្យ​មាន​សេរីភាព​មកវិញ៖ «ក្នុង​សំណុំ​រឿង​នេះ ខ្ញុំ​គិត​ថា គួរតែ​រដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​ដាក់​ឃុំ​របស់​តុលាការ ឬ​របស់​អាជ្ញាធរ របស់​ក្រុមហ៊ុន​ចោទប្រកាន់​នឹង​ដាក់​ឃុំ​ហ្នឹង។ ពីព្រោះ​ខ្ញុំ​គិត​ថា វា​អយុត្តិធម៌​សម្រាប់​គាត់ ហើយ​ពេលនេះ​កម្មករ និង​តំណាង​សហជីព​គឺ​កំពុងតែ​រក​វិធី​ដើម្បី​ជួយ​កម្មករ ឬក៏​ដើម្បី​ការពារ​នូវ​គំនិត​រដ្ឋាភិបាល​ថា មិន​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​ឬក៏​បញ្ចប់​កិច្ចសន្យា​កម្មករ»។

អ្នកស្រី សយ ស្រស់ ប្រធាន​សហជីព​កម្មករ និង​ជា​តំណាង​កម្មករ​នៅ​រោងចក្រ​ផលិត​កាបូប ស៊ូ ភៀល មាន​ទីតាំងនៅ​ភូមិ​ត្រពាំងជៀក ឃុំ​ត្រពាំងគង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ត្រូវ​កម្លាំង​សមត្ថកិច្ច​នៃ​ការិយាល័យ​សន្តិសុខ​ផ្ទៃ​ក្នុង​នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ចាប់ខ្លួន​កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា ក្នុងពេលដែល​អ្នកស្រី​កំពុង​បំពេញ​ការងារ​ក្នុង​រោងចក្រ។

មូលហេតុ​ដែល​នាំ​ទៅ​រក​ការ​ចាប់ខ្លួន​អ្នកស្រី​នេះ ដោយសារតែ​អ្នកស្រី​បាន​បញ្ចេញ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​អ្នកស្រី​កាលពី​ថ្ងៃ​ទី​៣១ មីនា ដោយ​បាន​សរសេរ​រិះគន់​ថា «ថៅកែ​រោងចក្រ ស៊ូភៀល ផ្គើន​នឹង​អនុសាសន៍​របស់​លោក ហ៊ុន សែន និង​សេចក្តីអំពាវនាវ​របស់​ក្រសួង​ការងារ ព្រោះ​កុំថាឡើយ​កម្មករ​ធម្មតា សូម្បីតែ​កម្មការិនី​មាន​ផ្ទៃពោះ​៦​ខែ ក៏​ត្រូវ​ក្រុមហ៊ុន​បញ្ចប់​កិច្ចសន្យាការងារ​ដែរ»។

ខ្លឹមសារ​ដែល​អ្នកស្រី សយ ស្រស់ បាន​បង្ហោះ​ចេញ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​រោងចក្រ ស៊ូភៀល ចោទ​ប្រកាន់​ថា ជា​ការ​បរិហារកេរ្តិ៍​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន និង​បំពុល​ព័ត៌មាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សហជីព​១១​ថោ្កល​ទោស​ការ​ចាប់ខ្លួន​តំណាង​សហជីព​ម្នាក់​ថា ជា​ការ​គំរាមកំហែង​ដល់​កម្មករ​ផ្សេង​ទៀត"

  1. Anonymous says:

    People should know that this country is in the hands of Veitcong mafia dictator and his groups since 1997 coup’ so you can’t do anything unless you rise up altogether and fighting them back ‘ soon or later you all will die in the cage of veitcong mafia and their groups ‘