អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ថា ក្តី​សង្ឃឹម​​លើ​​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ត្រូវ​រង់ចាំ​យ៉ាង​តិច​ជាង ១ឆ្នាំ​ទៀត

ដោយ មួង ណារ៉េត
2020-04-03
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មេរោគ​វីរុស កូរ៉ូណា

មេរោគ​វីរុស កូរ៉ូណា

 ក្រសួងសុខាភិបាល


ស្រប​ពេល​ដែល​ក្រសួង​សុខាភិបាល​កម្ពុជា រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូវីដ-១៩ បន្ថែម​ម្នាក់​ទៀត កើន​ដល់ ១១០នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី២ ខែ​មេសា​នេះ អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ទាំង​នៅ​កម្ពុជា និង​នៅ​លើ​ពិភព​លោក​ថា ក្តី​សង្ឃឹម​នឹង​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ត្រូវ​រង់ចាំ​យ៉ាង​ហោច​ណាស់​ជាង ១ឆ្នាំ​ទៀត​ដែរ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ រដ្ឋាភិបាល​ចិន​កំពុង​រង​ការ​រិះគន់​ជុំ​ទិស​ថា ជា​អ្នក​ធ្វើ​ឲ្យ​បញ្ហា​រីក​រាល​ដាល​នៃ​ជំងឺ​នេះ សាយ​ភាយ​ពាស​ពេញ​ពិភពលោក ដោយ​សារ​តែ​ភាព​មិន​ស្មោះ​ត្រង់​ក្នុង​ការ​បញ្ចេញ​ព័ត៌មាន​ពិត។

បុរស​ជន​ជាតិ​ខ្មែរ​វ័យ ៥៨ឆ្នាំ អ្នក​ផ្ទុក​ជំងឺ​កូវីដ-១៩ ដែល​ក្រសួង​សុខាភិបាល​បាន​រក​ឃើញ កាល​ពី​ថ្ងៃ​ទី១ ខែ​មេសា ប៉ុន្តែ​ជូន​ដំណឹង​នៅ​ព្រឹក​ថ្ងៃ​ទី២ ខែ មេសា​នោះ គឺ​ជា​មនុស្ស​ទី១១០ នៅ​កម្ពុជា ដែល​រក​ឃើញ​ថា មាន​ផ្ទុក​ជំងឺ​នេះ។ បុរស​នេះ ជា​អ្នក​ចាត់ចែង​ទទួល​ភ្ញៀវ​ទេសចរ​បារាំង នៅ​សណ្ឋាគារ​មួយ នៅ​ទីក្រុង​ព្រះសីហនុ។ គាត់​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​នឹង​ក្រុម​ទេសចរ​ជន​ជាតិ​បារាំង ដែល​មាន​ផ្ទុក​ជំងឺ​នេះ កាល​ពី​ខែ​មីនា។

ស្រប​ពេល​ដែល​រក​ឃើញ​ករណី​ថ្មី​នេះ អ្នក​ដែល​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​នេះ ក្រសួង​សុខាភិបាល​អះអាង​ថា ក៏​បាន​កើន​ឡើង​បន្ថែម ៩ករណី​ទៀត​គម្រប់ ៣៤នាក់​ហើយ។

ប៉ុន្តែ ក្តី​សង្ឃឹម​របស់​អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​នៅ​កម្ពុជា និង​នៅ​លើ​ពិភពលោក អំពី​លទ្ធភាព​រក​ឃើញ​ថ្នាំ​វ៉ាក់សាំង ដើម្បី​ការពារ​ជំងឺ​នេះ ហាក់​នៅ​ឆ្ងាយ​នៅ​ឡើយ។ អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ទាំង​នេះ យល់​ស្រប​គ្នា​ថា ទម្រាំ​នឹង​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ដែល​អាច​ផ្ដល់​ជូន​ប្រជា​ពលរដ្ឋ​ទូទៅ នៅ​លើ​ពិភព​លោក​បាន​នោះ គឺ​ត្រូវ​រង់ចាំ​យ៉ាង​តិច​ជាង​មួយ​ឆ្នាំ​ទៀត​ដែរ។

អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​អន្តរជាតិ នៅ​ឯ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​របស់​កម្ពុជា ដឹក​នាំ​ដោយ​អ្នកស្រី ចេស៊ីកា ម៉ែននីង (Jessica Manning) និង ចេនីហ្វើរ បូល (Jennifer Bohl) និង​នៅ​អង្គភាព​ស្រាវជ្រាវ​មេរោគ នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដឹក​នាំ​ដោយ​លោក ហ្វ៊ីលីព ឌូសាត (Philippe Dussart) និង អេរិក ខាលសុន (Erik Karlsson) ត្រូវ​បាន​សារព័ត៌មាន Southeast Asia Globe នៅ​ដើម​ខែ​មេសា នេះ​ថា ពួក​គាត់​កំពុង​ដុត​ដៃ​ដុត​ជើង​បំបែក​កូដ​ជំងឺ​កូវីដ-១៩ ដើម្បី​ផលិត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩នេះ។ តែ​យ៉ាង​ណា អ្នកស្រី ចេស៊ីកា ម៉ែននីង ថ្លែង​ថា យ៉ាង​ហោច​ណាស់ ក៏​ត្រូវ​ការ​ពេល ១ឆ្នាំ​កន្លះ​ដែរ។ នេះ​បើ​អ្វីៗ ប្រព្រឹត្ត​ទៅ​រលូន​ក្នុង​ពេល​សាក​ល្បង​វេជ្ជសាស្ត្រ។

ចំណែក​ឯ​វេជ្ជបណ្ឌិត​អាមេរិក និង​ជា​នាយក​វិទ្យាស្ថាន​ជាតិ​ជំងឺ​ឆ្លង និង​អាលែហ្ស៊ី និង​ជា​ទីប្រឹក្សា​សេតវិមាន​លោក អែនថូនី ហ្វៅជី (Anthony Fauci) ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​របស់​សេតវិមាន​អំពី​ជំងឺ​កូវីដ-១៩ ថា វ៉ាក់សាំង​នេះ ទំនង​ជា​អាច​មាន​ចន្លោះ​ពី ១ឆ្នាំ ទៅ ១ឆ្នាំ​កន្លះ​នេះ។

នៅ​ពេល​នេះ​មាន​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង និង​អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ជា​ច្រើន កំពុង​ប្រណាំង​ប្រជែង​គ្នា រក​វ៉ាក់សាំង​នេះ​ឲ្យ​ឃើញ​ឆាប់ តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​នេះ គិត​មក​ត្រឹម​ម៉ោង ២ទៀប​ភ្លឺ​នេះ កើន​ឡើង​ជិត​ដល់ ១លាន​នាក់ (៩៦៥.២៤៦) និង​ស្លាប់​ជិត ៥ម៉ឺន​នាក់ (៤៩.២៣៦) ហើយ បើ​តាម​គេហទំព័រ​របស់​សាកល​វិទ្យាល័យ​វេជ្ជសាស្ត្រ Johns Hopkins។

ប្រទេស​បី​ដែល មាន​តួលេខ​អ្នក​ផ្ទុក​ជំងឺ​នេះ​ច្រើន​គេ គឺ​ទី​មួយ​សហរដ្ឋ​អាមេរិក ដែល​មាន​ជិត ២សែន២ម៉ឺនករណី (217,263) អ៊ីតាលី និង​អេស្ប៉ាញ ជាង ១សែន ១ម៉ឺន (១១០.៥៧៤ និង ១១០.២៣៨) ករណី។ ប្រទេស​ចិន ដែល​កាល​ពី​ដើម​ខែ​មីនា ឈរ​លំដាប់​លេខ ១ ឥឡូវ​ថយ​មក​លេខ​រៀង​ទី​បួន ត្រឹម​ចំនួន​អ្នក​ផ្ទុក​ជំងឺ​នេះ​សរុប​ជាង ៨ម៉ឺន ២ពាន់ (៨២.៤៣២) ករណី។

ក៏​ប៉ុន្តែ​ទិន្នន័យ​របស់​រដ្ឋាភិបាល​ចិន​នេះ រង​ការ​រិះគន់​ថា មិន​ស្មោះ​ត្រង់ និង​កុហក ដែល​មិន​អាច​យក​ជា​ការណ៍​បាន​នោះ​ទេ។ រដ្ឋាភិបាល​ប្រទេស​មហា​អំណាច​ជា​ច្រើន បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ចិន ថា រាយ​ការណ៍​មិន​ពិត និង​មាន​ចេតនា​បិទ​បាំង​ព័ត៌មាន​ពិត​អំពី​ការ​រីក​រាល​ដាល​នៃ​ជំងឺ​នេះ ដែល​ធ្វើ​ឲ្យ​ពិភព​លោក​មិន​អាច​ទប់​ស្កាត់​ការ​ចម្លង​ជំងឺ​នេះ ឲ្យ​បាន​ទាន់​ពេល​វេលា។

មន្ត្រី​អាមេរិក ៣រូប ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​សារ​ព័ត៌មាន ប៊្លូមប៊ើក (Bloomberg) ថា បំណង​របស់​ប្រទេស​ចិន គឺ​លាក់​ការណ៍​សំងាត់ ដោយ​មិន​ប្រាប់​ព័ត៌មាន​ពិត ពី​ការ​កើន​ឡើង​នៃ​ចំនួន អ្នក​ឆ្លង និង​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩ នេះ។

ការណ៍​ដែល​រដ្ឋាភិបាល​ចិន​រង​ការ​រិះគន់​ថា លាក់​ព័ត៌មាន​នេះ គឺ​ទី​មួយ​លាក់​ព័ត៌មាន​អំពី​ទំហំ​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​នេះ និង​ទី​ពីរ​កុហក​តួលេខ​នៃ​អ្នក​ឆ្លង និង​អ្នក​ស្លាប់។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក បូរិស ចនសុន (Boris Johnson) ក៏​ខឹង​នឹង​អាជ្ញាធរ​ចិន​ដែរ ដែល​មិន​ស្មោះ​ត្រង់​ក្នុង​ការ​បង្ហាញ​ព័ត៌មាន​នេះ។ លោក​ថា អ្នក​វិទ្យាសាស្ត្រ ប្រាប់​លោក​ថា ករណី​អ្នក​ផ្ទុក​ជំងឺ​នៅ​ចិន​អាច​ច្រើន​ជាង​នេះ ពី ១៥ ទៅ ៤០ ដង​ឯ​ណោះ បើ​រដ្ឋាភិបាល​ចិន​មិន​លាក់​ព័ត៌មាន​ពិត​នោះ​ទេ។

ការ​ផ្អែក​តែ​លើ​ប្រភព​ព័ត៌មាន​ពី​រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន ដែល​នៅ​ប្រទេស​ចិន គ្មាន​ប្រព័ន្ធ​ឯករាជ្យ ដើម្បី​ផ្ទៀងផ្ទាត់​ទិន្នន័យ​នេះ ធ្វើ​ឲ្យ​អង្គការ​សុខភាព​ពិភព​លោក កាល​ពី​ពាក់​កណ្ដាល​ខែ​មករា ចេញ​សេចក្ដី​ថ្លែង​ការ​តាម​ចិន​ថា ការ​ស៊ើប​អង្កេត​បឋម​របស់​អាជ្ញាធរ​ចិន រក​មិន​ឃើញ​ភស្តុតាង​នៃ​ការ​ចម្លង​ជំងឺ​នេះ ពី​មនុស្ស​ទៅ​មនុស្ស​នោះ​ទេ។

ប៉ុន្តែ គ្រូពេទ្យ​ចិន​ដឹង​ច្បាស់​តាំង​ពី​ចុង​ខែ​ធ្នូ និង​ដើម​ខែ​មករា​មក​ម្ល៉េះ​ថា មាន​ករណី​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​នេះ មាន​កើត​យូរ​ហើយ។ តែ​រដ្ឋាភិបាល​ចិន​បំបិទ​មាត់​ពួក​គាត់ មិន​ឲ្យ​និយាយ​រឿង​នេះ។ គ្រូពេទ្យ​ចិន ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន និង​ហៅ​ទៅ​ព្រមាន ដោយ​ឲ្យ​ចុះ​កិច្ច​សន្យា​ឈប់​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ទៀត។

គ្រូ​ពេទ្យ​ចិន​ម្នាក់​អាយុ ៣៤ ឆ្នាំ​ឈ្មោះ លី វ៉ិនលាង (Li Wenliang) ដែល​លួច​បញ្ចេញ​ព័ត៌មាន​នេះ​មុន​គេ តាំង​ពី​ដើម​ខែ​មករា អំពី​ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នេះ ក៏​ឆ្លង​ជំងឺ​នេះ​ខ្លួន​ឯង​ដែរ ហើយ​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​នេះ នៅ​ដើម​ខែ​កុម្ភៈ។

វិទ្យុ NPR របស់​អាមេរិក បាន​រាយ​ការណ៍ កាល​ពី​ថ្ងៃ​ទី១៩ ខែ​មីនា​ថា ការ​បំបិទ​មាត់​គ្រូ​ពេទ្យ​ចិន​រូប​នេះ ដោយ​ធ្វើ​ទុក​បុក​ម្នេញ​គាត់ មិន​ឲ្យ​និយាយ​ការ​ពិត​អំពី​ជំងឺ​នេះ រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាជន​ចិន​ខ្លួន​ឯង​ថា អាជ្ញាធរ​ចិន​ធ្វើ​មិន​ត្រឹម​ត្រូវ។

៦ សប្តាហ៍​ក្រោយ​ការ​ស្លាប់​នេះ ទើប​អាជ្ញាធរ​ចេញ​មុខ​សុំ​ទោស​សាធារណជន ថា ខ្លួន​ពិត​ជា​ឆ្លើយ​តប​មិន​ត្រឹម​ត្រូវ ចំពោះ​គ្រូ​ពេទ្យ​ចិន ដែល​ហ៊ាន​លាត​ត្រដាង​ការ​ពិត​ម្នាក់​នេះ​មែន។ ប៉ុន្តែ​អាជ្ញាធរ​ចិន មិន​បាន​បញ្ចាក់​ថា បើ​ធ្វើ​ឲ្យ​ត្រឹម​ត្រូវ គួរ​តែ​ធ្វើ​អ្វី​នោះ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្តី រដ្ឋាភិបាល​ចិន ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់ ជា​ពិសេស ការ​ចោទ​ប្រកាន់​របស់​ក្រុម​ស៊ើប​ការណ៍​សម្ងាត់​របស់​អាមេរិក។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​អ្នកស្រី ហួរ ជុនយីង (Hua Chunying) កាល​ពី​ថ្ងៃ​ទី២ ខែ​មេសា ចំណាត់​ការ​របស់​អាជ្ញាធរ​ចិន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩ នេះ ប្រព្រឹត្ត​ទៅ​ដោយ​ចំហ និង​មាន​តម្លាភាព។ អ្នកស្រី​ចោទ​ប្រកាន់​មន្ត្រី​អាមេរិក​ថា ចង់​ទម្លាក់​កំហុស​នេះ​ទៅ​លើ​ចិន។

ទោះ​បី​ជា​មន្រ្តី​ជាន់​ខ្ពស់​ចិន​រូប​នេះ អះអាង​ការពារ​រដ្ឋាភិបាល​ចិន​ថា មាន​ភាព​បើក​ចំហ និង​តម្លាភាព​យ៉ាង​ណា​ក្តី ក៏​ពិភព​លោក​នៅ​តែ​ដាក់​ការ​មន្ទិល​សង្ស័យ​ទៅ​លើ​ភាព​ស្មោះ​ត្រង់​របស់​រដ្ឋាភិបាល​កុម្មុយនិស្ត​មួយ​នេះ​ដែរ ដោយសារ​តែ​ប្រវត្តិ​នៃ​ការ​ខ្វះ​ភាព​បើក​ចំហ និង​តម្លាភាព និង​កង្វះ​ប្រព័ន្ធ​ឯករាជ្យ ដើម្បី​ត្រួត​ពិនិត្យ​តុល្យភាព​នៃ​អំណាច និង​ការ​ប្រព្រឹត្តិ​របស់​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ថា ក្តី​សង្ឃឹម​​លើ​​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ត្រូវ​រង់ចាំ​យ៉ាង​តិច​ជាង ១ឆ្នាំ​ទៀត"

  1. Anonymous says:

    WELL.. every one.. as I used to say this virus COVID19 is wars than WW3 . it’s every true>> please do not believe any one saying they can cueing that virus yet. I was so worry be for this virus came .the world situation at that time made me wonder any thing can come to all kind of bad situation . at this moment it is come true of what I though . my estimated was be for this virus came. the reason I saw the world situation getting more and more toward war3 . now I can see this virus is not normal that making me saying wars than WW3. I know it will end be for 2021 but we will see the world will change . as I said I’m not a fortuneteller but please just keep in mind I may be 100% right. GOD bless the world and also the tiny country Cambodia