ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ទទូច​ឱ្យ​អាជ្ញាធរ​កម្ពុជា​ថៃ​បើក​ច្រក​ទ្វារ​ព្រំដែន​ផ្លាស់​ប្ដូរ​ទំនិញ

ដោយ ហេង រស្មី
2020-04-05
អាស៊ីសេរី

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ ប្រមូល​ផ្ដុំ​គ្នា នៅ​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ២០២០ សុំ​អាជ្ញាធរ​កម្ពុជា-ថៃ ឱ្យ​បើក​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ឡើង​វិញ។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ ប្រមូល​ផ្ដុំ​គ្នា នៅ​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ២០២០ សុំ​អាជ្ញាធរ​កម្ពុជា-ថៃ ឱ្យ​បើក​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ឡើង​វិញ។

 រូប៖ ហ្វសប៊ុក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍


ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​-ថៃ​បើក​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ឡើង​វិញ​ ដើម្បី​​ឱ្យ​ពួកគាត់​​​នាំ​ទំនិញ​ទៅ​លក់​នៅ​ក្នុង​ដី​ថៃ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។​​ អាជីវករ​​ខ្មែរ​​​អះអាង​ថា ​​ការ​បិទ​ច្រក​នេះ ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​រក​ប្រាក់​ចំណូល​របស់​​ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​។

ប្រជាពលរដ្ឋ​ម្នាក់​នៅ​ក្រុង​ប៉ោយប៉ែត​ លោក ជា ដែត​ ថ្លែង​នៅ​ថ្ងៃ​ទី៥ មេសា​ថា ចាប់​តាំង​ពី​អាជ្ញាធរ​កម្ពុជា​ថៃ​បាន​បិទ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​មក​ បណ្ដាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​របរ​​លក់​ដូរ​នៅ​ក្នុង​ផ្សារ​រ៉ុងក្លឿ​ ប្រទេស​ថៃ​ រាប់​ពាន់​គ្រួសារ​ បាត់បង់​ប្រាក់​ចំណូល​ទាំង​ស្រុង​។​លោក​បញ្ជាក់​ទៀត​​ថា​ ​ការ​បិទ​ច្រក​នេះ​មក​ធ្វើ​ឱ្យ​​កម្ពុជា​ចាញ់​ប្រៀប​ថៃ​យ៉ាង​ច្រើន​ ពីព្រោះ​​ទំនិញ​របស់​​ខ្មែរ​មិន​អាច​ចូល​ទៅ​លក់​នៅ​ក្នុង​ប្រទេស​ថៃ​បាន​ឡើយ ស្រប​ពេល​ដែល​​​ទំនិញ​របស់​ថៃ​ដឹក​ចូល​មក​កម្ពុជា​តាម​ច្រក​មួយ​នេះ​យ៉ាង​គគ្រឹកគគ្រេង៖ «»

លោក​បន្ត​ថា​ អាជ្ញាធរ​​ខ្មែរ​គួរ​តែ​សម្របសម្រួល​ជា​មួយ​ភាគី​ថៃ​​សុំ​បើក​ច្រក​ទ្វារ​ព្រំដែន​ឱ្យ​បាន​យ៉ាង​ហោច​មួយ​សប្ដាហ៍​ម្ដង​ ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​​​​អាច​ចូល​ទៅ​​ក្នុង​ផ្សារ​រ៉ុង​ក្លឿ​ ដើម្បី​​លក់​ទំនិញ​​ដោយ​ផ្ញើ​តាម​​ប្រៃសណីយ៍​ទៅ​ឱ្យ​ម៉ូយ​នៅ​ក្នុង​ប្រទេស​ថៃ​បាន។

ស្រដៀង​គ្នា​នេះ​ដែរ​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ម្នាក់ លោក សន ពិសិដ្ឋ ឱ្យ​ដឹង​ថា ​​​ពលរដ្ឋ​ខ្មែរ​ដែល​លក់​ដូរ​​ក្នុង​ផ្សារ​រ៉ុង​ក្លឿ​​របស់​ថៃ​ប្រឈម​នឹង​ធនាគារ​រឹបអូស​ទ្រព្យសម្បត្តិ ​ដោយសារ​តែ​​ពួកគាត់​​​គ្មាន​ប្រាក់​សង​ធនាគារ​​តាម​ការ​កំណត់​ ដែល​បាន​ខ្ចី​ប្រាក់​​គេ​ធ្វើ​ដើម​ទុន​លក់​ដូរ​នៅ​ក្នុង​ផ្សារ​ថៃ​នោះ​។លោក​បន្ត​ថា គ្រួសារ​របស់​លោក​​បាត់បង់​​ប្រាក់​ចំណូល​ទាំង​ស្រុង​ជា​ច្រើន​ថ្ងៃ​ហើយ​ ដោយសារ​តែ​មិន​អាច​ចូល​ទៅ​លក់​ដូរ​នៅ​ក្នុង​ផ្សារ​រ៉ុងក្លឿ​បាន​ដូច​ពេល​មុន​ៗ៖ «»

​នៅ​ព្រឹក​ថ្ងៃ​ទី៥ មេសា​ ក្រុម​អាជីវករ​ខ្មែរ​ ប្រមាណ ១០០​នាក់ បាន​ប្រមូលផ្ដុំ​​គ្នា​នៅ​គល់​ស្ពាន​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ ដើម្បី​ចូល​ទៅ​លក់​ដូរ​នៅ​ក្នុង​ទឹក​ដី​ថៃ​ ក៏​ប៉ុន្តែ​​ពួកគេ​បាន​​រំសាយ​ទៅ​វិញ​​ដោយសារ​អាជ្ញាធរ​​​កម្ពុជា-​ថៃ​បន្ត​បិទ​ច្រក​ទ្វា​ព្រំដែន​ប្រទេស​ទាំង​២ ទៅ​មុខ​ទៀត។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អភិបាល​រង​ខេត្ត​បន្ទាយ​មាន​ជ័យ​លោក ង៉ោ ម៉េងជ្រួន​ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​​ការ​ស្នើ​របស់​ប្រជាពលរដ្ឋ​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៥ មេសា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​គេហទំព័រ​អគ្គនាយក​នគរបាល​អន្តោប្រវេសន៍​ចុះ​ផ្សារ​នៅ​ថ្ងៃ​ទី​៥​មេសា​ថា​ អភិបាល​រង​ខេត្ត​បន្ទាយ​មាន​ជ័យ​លោក​ ង៉ោ ម៉េងជ្រួន និង​អាជ្ញាធរ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​បាន​ចុះ​ទៅ​ដល់​ព្រំដែន​នោះ​​ ហើយ​បាន​​ប្រាប់​ប្រជាពលរដ្ឋ​ថា ​ភាគី​ថៃ​បាន​​ពន្យារ​ពេល​​​បិទ​​ច្រក​ទ្វារ​ព្រំដែន​នេះ​បន្ត​ទៅ​មុខ​​ទៀត​ ដោយ​សារ​ប្រទេស​ថៃ​ដាក់​ក្នុង​ភាព​អាសន្ន ដើម្បី​ទប់ទល់​កុំ​ឱ្យ​ឆ្លង​ជំងឺ COVID ១៩។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​ លោក​ ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ការ​បិទ​ច្រក​ព្រំដែន​​កម្ពុជា​-ថៃ​នេះ​ គឺ​​​​កម្ពុជា​​ខាត​បង់​សេដ្ឋកិច្ច​ច្រើន​ជាង​​ថៃ​ ពី​ព្រោះ​ពលរដ្ឋ​ខ្មែរ​​​មិន​អាច​បាន​នាំ​ទំនិញ​ចូល​ទៅ​លក់​​ក្នុង​ដី​ថៃ​បាន​ឡើយ​ ខណៈ​ដែល​​ឡាន​ដឹក​ទំនិញ​របស់​ថៃ​ហូរ​ចូល​មក​កម្ពុជា​តាម​ច្រក​ប៉ោយប៉ែត​ដូច​ធម្មតា។ លោក​បន្ត​ថា ​អំឡុង​ពេល​រាតត្បាត​ជំងឺ​កូវិដ​១៩​នេះ​ ដើម្បី​​ជួយ​​ពលរដ្ឋ​ខ្មែរ​កុំ​ខាត​​​ប្រាក់​ច្រើន​ គឺ​​អាជ្ញាធរ​ខ្មែរ​គួរ​តែ​សម្រួល​ជា​មួយ​ភាគី​ថៃ​ឱ្យ​ពលរដ្ឋ​អាច​នាំ​ទំនិញ​ចូល​ទៅ​លក់​នៅ​ផ្សារ​ព្រំដែន​ក្នុង​ដី​ថៃ​បាន៖ «»

​កាល​ពី​ថ្ងៃ​ទី២៣ ខែ​មីនា អាជ្ញាធរ​កម្ពុជា​ថៃ​បាន​ឯកភាព​គ្នា​បិទ​ច្រក​ទ្វារ​ព្រំដែន​អន្តជាតិ​ប៉ោយប៉ែត​រយៈ​ពេល ១៤ថ្ងៃ ដើម្បី​ការពារ​កុំ​ឆ្លង​ជំងឺ​កូវិដ១៩។ ក្រៅ​ពី​នេះ​ច្រក​ទ្វារ​ព្រំដែន​​ដទៃ​ទៀត​រវាង​កម្ពុជា​ថៃ​ក៏​ត្រូវ​បាន​បិទ​ជា​បន្ត​បន្ទាប់​ដែរ​ ចាប់​តាំង​ពី​ថ្ងៃ​ទី២០ មីនា​មក ហើយ​រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​បើក​ឡើង​វិញ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles