សកម្មជន​បក្ស​ប្រឆាំង លោក ម៉ៃ ហុងស្រៀង ប្ដេជ្ញា​បន្ត​ស្មារតី​រិះគន់​ទៀត ដោយ​មិន​បារម្ភ​ពី​ការ​ធ្វើ​បាប

ដោយ សេក បណ្ឌិត
2020-04-05
អាស៊ីសេរី

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ម៉ៃ ហុងស្រៀង (អាវ​បៃតង) សកម្មជន​បក្ស​ប្រឆាំង ខេត្ត​ព្រះសីហនុ ពេល​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ២០២០។

លោក ម៉ៃ ហុងស្រៀង (អាវ​បៃតង) សកម្មជន​បក្ស​ប្រឆាំង ខេត្ត​ព្រះសីហនុ ពេល​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ២០២០។

 រូប៖ សកម្មជន


សកម្មជន​បក្ស​ប្រឆាំង ដែល​ទើប​ទទួល​បាន​សេរីភាព​ឡើងវិញ លោក ម៉ៃ ហុងស្រៀង ប្ដេជ្ញា​ថា នឹង​បន្ត​ស្មារតី​រិះគន់​សង្គម និង​នយោបាយ​បន្ត​ទៀត ដោយ​មិន​ខ្លាច​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ឡើយ។ លោក​ថា ការ​ជាប់​ឃុំ​ជាង ៨ខែ​មក​នេះ មិន​ធ្វើ​ឲ្យ​លោក​តក់​ស្លុត​បាក់​ស្មារតី​ទេ។

លោក ម៉ៃ ហុង​ស្រៀង គឺ​ជា​អ្នក​ម៉ៅ​ការ​សំណង់ នៅ​ខេត្ត​ព្រះសីហនុ។ លោក​បាន​ប្រឡូក​ក្នុង​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​តាំង​ពី​ឆ្នាំ២០១៣ មក។ លោក​បាន​បោះបង់​ចោល​ អាជីព​ជាង​សំណង់​ច្រើន​ឆ្នាំ​ ហើយ​ចូល​ប្រឡូក​ធ្វើ​សកម្មភាព​នយោបាយ និង​សង្គម​ជាមួយ​បក្ស​ប្រឆាំង រហូត​ដល់​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចុង​ឆ្នាំ​២០១៧។

ចុង​ឆ្នាំ​២០១៧ លោក ម៉ៃ ហុងស្រៀង មិន​ព្រម​ចុះ​ចូល​ជា​មួយ​គណបក្ស​កាន់​អំណាច តាម​ការ​​អំពាវ​នាវ​ឡើយ។ លោក​បាន​បោះបង់​ចោល​អាជីព​នយោបាយ​វិញ ហើយ​ត្រឡប់​មក​ប្រកប​របរ​សំណង់ និង​នៅ​ផ្ទះ​ថែ​កូន​តូច​ទាំង ៣នាក់ ជួយ​ការងារ​ប្រពន្ធ។ តែ​ទោះ​យ៉ាង​ណា លោក​នៅ​តែ​សកម្ម​ ក្នុង​ការ​រិះគន់​របប​ក្រុង​ភ្នំពេញ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ដដែល។

លោក​ប្រាប់​​ថា ចិត្ត​របស់​លោក​ពេល​នេះ គឺ​មិន​ពេញ​ចិត្ត​នឹង​ការ​រំលាយ​គណបក្ស​​សង្គ្រោះ​ជាតិ​ឡើយ។ លោក​ចង់​ឃើញ​មាន​ការ​ផ្លាស់ប្ដូរ​ការ​ដឹកនាំ​មួយ​ តាម​របៀប​បោះ​ឆ្នោត​ត្រឹមត្រូវ មិន​មែន​តាម​វិធី​ហិង្សា ឬ​សង្គ្រាម​ឡើយ។ ឯ​ការ​រិះគន់​របស់​លោក​តាម​ហ្វេសប៊ុក គឺ​ជា​ការ​ចង់​ឲ្យ​មាន​ការ​កែ​លម្អ មិន​បាន​ជាន់​ពន្លិច​រដ្ឋាភិបាល​ឡើយ៖ «ខ្ញុំ​កើត​នៅ​លើ​ទឹកដី​ខ្មែរ​ហើយ។ ម្ដាយ​ឪពុក​ខ្ញុំ ជីដូន​ជីតា​ខ្ញុំ សុទ្ធ​តែ​កំណើត​ជា​ខ្មែរ។ អ៊ីចឹង​ទេ ខ្ញុំ​ត្រូវ​ធ្វើ​អ្វីៗ ដើម្បី​តប​ស្នង​ទៅ​ដល់​ សង្គម​ជាតិ ទៅ​ដល់​ជាតិ​ ទឹក​ដី​មាតុភូមិ​របស់​ខ្ញុំ​បន្ថែម​ទៀត ក្នុង​នាម​អ្នក​ជាតិ​និយម»

ជិត​ពាក់​កណ្ដាល​ឆ្នាំ២០១៩ គឺ​នៅ​ពេល​របប​ក្រុង​ភ្នំពេញ បង្កើន​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ប៉ូលិស​បាន​ដៅ​មុខ​សញ្ញា​សង្ស័យ​ថា លោក​ ម៉ៃ​ ហុងស្រៀង​ ចូលរួម​ក្បត់​ជាតិ ជាមួយ​​ប្រធាន​ស្ដីទី​​បក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី។ លោក ម៉ៃ ហុងស្រៀង ឱ្យ​ដឹង​ថា នៅ​ពេល​លោក​កំពុង​ធ្វើ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​ លោក​បាន​ទទួល​ព័ត៌មាន​ពី​មិត្ត​ភក្ដិ​ធ្វើការ​នៅ​ក្រសួង​មហាផ្ទៃ ​លួច​​ប្រាប់​ឲ្យ​លោក​គេច​ខ្លួន ​ព្រោះ​ប៉ូលិស​បាន​ដៅ​លោក​ជា​មុខ​សញ្ញា​ត្រូវ​ចាប់​ខ្លួន ដើម្បី​បង្ក្រាប​កុំ​ឲ្យ​មាន​ការ​កៀរគរ​មនុស្ស​ទៅ​ទទួល​លោក សម រង្ស៊ី ពេល​វិល​ចូល​ស្រុក​វិញ។ លោក ម៉ៃ ហុង​ស្រៀង បាន​ធ្វើ​ដំណើរ​ទៅ​លេង​​ប្រទេស​ថៃ មួយ​រយៈ​ពេល​ខ្លី ព្រោះ​មិន​ចង់​ប្រឈម​នឹង​ស្ថានការណ៍​អាក្រក់។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ កាល​នោះ បាន​ប្រាប់​អាស៊ី​សេរី​ថា ​លោក ម៉ៃ ហុង​ស្រៀង បង្កើត​ភាព​ភ័យ​ខ្លាច​ខ្លួន​ឯង។ លោក​ស្នងការ​ថា លោក​មិន​បាន​ទទួល​ដំណឹង​ការ​ចាប់​ខ្លួន លោក ម៉ៃ ហុងស្រៀង​ ឡើយ។ ប៉ុន្តែ ប៉ុន្មាន​ខែ​ក្រោយ​មក គឺ​នៅ​កណ្ដាល​អាធ្រាត្រ​ចុង​ខែ​កក្កដា ឆ្នាំ២០១៩ នគរបាល​ខេត្ត​ព្រះសីហនុ​ ២ឡាន បាន​ទៅ​ឡោម​ព័ទ្ធ​ផ្ទះ​របស់​មិត្ត​ភក្ដិ​ លោក ម៉ៃ ហុង​ស្រៀង នៅ​ស្រុក​ព្រៃនប់។ លោក ម៉ៃ ហុងស្រៀង បាន​គេច​ពី​ការ​ឡោម​ព័ទ្ធ ដោយ​លោត​ផ្លោះ​របង​ផ្ទះ វា​កាត់​ថ្នល់ លោត​ចូល​ប្រឡាយ​ទឹក​ស្អុយ និង​ដើរ​ឡើង​ភ្នំ ឆ្លង​ទៅ​ស្រុក​ស្ទឹង​ហាវ ដើម្បី​ភៀសខ្លួន​មក​ភ្នំពេញ៖ «ខ្ញុំ​គិត​ថា ខ្ញុំ​ប្រហែល​ជា​មិន​រួច​ខ្លួន​ទេ។ អ៊ីចឹង​ទេ យប់​ឡើង ខ្ញុំ​បាន​ផ្លោះ​របង​លូន​កាត់​ផ្លូវ​ចំ ដូច​ថា ម្ខាង​ចុង​ផ្លូវ ម្ខាង​គល់​ផ្លូវ​អ៊ីចឹង​ សង​ខាង អ៊ីចឹង​ខ្ញុំ​វា​កាត់​ថ្នល់​កាត់​ប្រឡោះ​កណ្ដាល។ ស្លៀក​ខោ​អាវ​ខ្មៅ វា​លូន​កាត់​ភក់ ថ្ងៃ​ហ្នុង​ភ្លៀង​ទៀត ហើយ​ទម្លាក់​ខ្លួន​ចូល​ប្រឡាយ​ទឹក​ស្អុយ​ទៅ ចូល​ព្រៃ​ប្រោក ឡើង​ភ្នំ។ និយាយ​ទៅ​កម្សត់​ដែរ។ ខ្ញុំ​បាន​ដើរ​ឆ្លង​​កាត់​ភ្នំ ប្រហែល​ជា​ម៉ោង​២​យប់​រយៈ​ពេល​ចូល​ជា​បួន ប្រាំ​ម៉ោង បាន​មក​ដល់​ខាង​ស្ទឹង​ហាវ។ ខ្ញុំ​ក៏​បាន​ឲ្យ​គេ​ហៅ​ឡាន​តាក់ស៊ី​មួយ​ឲ្យ​ខ្ញុំ ជិះ​មក​ដល់​ភ្នំពេញ»

មក​ដល់​ភ្នំពេញ នគរបាល​នៃ​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​ បាន​ចូល​ចាប់​ខ្លួន​ លោក ម៉ៃ ហុងស្រៀង ដល់​ក្នុង​ផ្ទះ​សំណាក់ នៅ​ម្ដុំ​ចោម​ចៅ ជាយ​ក្រុង​ភ្នំពេញ ក្រោយ​ការ​ចោទ​ថា ​លោក​ ម៉ៃ ហុងស្រៀង បាន​ជេរ​ប្រមាថ​ថ្នាក់​ដឹកនាំ​របប​ក្រុង​ភ្នំពេញ តាម​ហ្វេសប៊ុក។

ថ្វីដ្បិត​រង​ការ​ចាប់​ខ្លួន តែ​លោក ម៉ៃ ហុងស្រៀង ថា មិន​បាន​បាក់​ស្មារតី​ ឬ​តក់​ស្លុត​ទេ។ គឺ​នៅ​គ្រា​​នោះ ហើយ​លោក បាន​ព្រម​ប្រគល់​ខ្លួន​​ឲ្យ​ចាប់​ តាម​ការ​ស្នើសុំ​របស់​ប៉ូលិស។ ប៉ូលិស​បាន​ឃុំ​ខ្លួន​ និង​សួរ​ចម្លើយ​​លោក ២ថ្ងៃ​ ២​យប់​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ។ នៅ​ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ២០២០ ប៉ូលិស​បាន​​​បញ្ជូន​លោក​ទៅ​តុលាការ​ ហើយ​បាន​កាត់​ទោស​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ។

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឈ្មោះ រៀល សុភិន្ទ្រ​ បាន​កាត់​ទោស​ឲ្យ​លោក ម៉ៃ ហុង​ស្រៀង​ ជាប់​ពន្ធនាគារ ១ឆ្នាំ​កន្លះ។ លោក​មិន​ពេញ​ចិត្ត​នឹង​ការ​កាត់​ក្ដី​របស់​ចៅក្រម រៀល សុភិន្ទ្រ ទេ ហើយ​បាន​ពឹង​ពាក់​មេធាវី​ប្ដឹង​ឧទ្ធរណ៍។ នៅ​ខែ​មករា ឆ្នាំ​២០២០ ចៅក្រម​សាលា​ឧទ្ធរណ៍ បាន​បន្ធូរ​បន្ថយ​​ឲ្យ​ជាប់​ទោស ៨ខែ​គត់ គិត​ត្រឹម​ថ្ងៃ​ចាប់​ខ្លួន។

លោក ម៉ៃ ហុងស្រៀង រំលឹក​ថា ចូល​ដល់​ក្នុង​ពន្ធនាគារ​ព្រៃ​ស ថ្ងៃ​ដំបូង ជីវិត​ហាក់​ត្រូវ​បាន​ផ្លាស់​ប្ដូរ​​ភ្លាមៗ លោក​តក់​ស្លុត ដូច​ជីវិត​ធ្លាក់​ទៅ​ចូល​ក្នុង​ពិភព​ខ្មៅ​ងងឹត ឬ​អាច​និយាយ​បាន​ថា ជីវិត​​ក្នុង​ឋាន​នរក។ ដំបូង ឆ្មាំ​ពន្ធនាគារ​បញ្ជូន​​លោក​ទៅ​ឃុំ​ក្នុង​អគារ​ «ឈ» រួច​ហើយ​ប្ដូរ​មក​អគារ Aក្នុង​បន្ទប់​លេខ​១០ វិញ។ ក្នុង​​បន្ទប់​ឃុំ​លោក​ មាន​​ទំហំ ៤ម៉ែត្រ ៤ជ្រុង ដាក់​អ្នក​ជាប់​ឃុំ​ជាង​ម្ភៃ​នាក់ សុទ្ធ​ជា​អ្នក​​ជាប់​ឃុំ​មិន​ពាក់​ព័ន្ធ​រឿង​​នយោបាយ។

លោក​បន្ត​​ថា ​​ថ្ងៃ​​ដំបូង​នោះ ជា​ពេល​វេលា​ពិបាក​ធ្វើ​ចិត្ត​ទទួល​យក​បាន​ណាស់ ហើយ​អារម្មណ៍​ស្រងេះស្រងោច​ខ្លោចផ្សា នឹក​ប្រពន្ធ​កូន​នៅ​ផ្ទះ​ជា​ខ្លាំង។ តែ​ការ​ជាប់​ពន្ធនាគារ យូរ​ថ្ងៃ​ខែ​បន្តិច​មក​​ លោក​បាន​ព្យាយាម​តាំង​ចិត្ត ហាត់​ប្រាណ អាន​សៀវភៅ និង​ធ្វើ​សមាធិ​ច្រើន ដើម្បី​កាត់​បន្ថយ​វិបត្តិ​ក្នុង​ចិត្ត។ វិធី​សម្រួល​អារម្មណ៍​ក្នុង​ពន្ធនាគារ គឺ​លោក​គិត​ថា មាន​ថ្ងៃ​ចូល ក៏​មាន​ថ្ងៃ​ចេញ​ដែរ។ ដូច្នេះ លោក​ខិត​ខំ​ថែ​រក្សា​សុខភាព ព្រោះ​គង់​តែ​មាន​ថ្ងៃ​ បាន​ចេញ​ពី​ពន្ធនាគារ​វិញ៖ «ចូល​ទៅ​ដំបូង​ ហាក់​ដូចជា​ធ្លាក់​ចូល​ទៅ​ក្នុង​ភព​មួយ ដែល​យើង​មិន​ធ្លាប់​ស្គាល់​។ ពិបាក​ណាស់ ដូច​ភព​ងងឹត​អន្ធការ​អ៊ីចឹង​។ ប៉ុន្តែ​អ្វី ដែល​ធ្វើ​ឲ្យ​ធូរ​ចិត្ត​នោះ​គឺ ខ្ញុំ​គិត​ថា មាន​ថ្ងៃ​ចូល ក៏​មាន​ថ្ងៃ​ចេញ​ដែរ។ យើង​គិត​អ៊ីចឹង សម្រួល​អារម្មណ៍ ដើម្បី​កុំ​ឲ្យ​វា​សាំញ៉ាំ​ ​ក្នុង​ចិត្ត​។ ប៉ុន្តែ​កាល​មុន​ យើង​មិន​ទាន់​គិត​ឃើញ​កន្លែង​ហ្នឹង គឺ​​វា​ពិបាក​ណាស់ ចង់​ផ្ទុះ​ទ្រូង​ឈឹង ប្រឹង​តាំង​ស្មារតី​ឲ្យ​រឹង។ ខ្ញុំ​គិត​ថា មាន​ថ្ងៃ​ចូល ក៏​មាន​ថ្ងៃ​ចេញ គិត​តែ​ប៉ិន​ហ្នឹង​ទេ។ អ្វី​ដែល​ពិបាក​គឺ​ប្រពន្ធ​កូន។ ប៉ុន្តែ​មិន​ដឹង​ធ្វើ​ម្ដេច មនសិការ​ជាតិ​វា​ធំ​ជាង​ប្រពន្ធ​កូន ហ៊ាន​លះបង់​សេចក្ដី​សុខ​ខ្លួន​ឯង​។ ខ្ញុំ​អាណិត​ខ្លោច​ចិត្ត ​មាន​ពេល​ខ្លះ ខ្ញុំ​អង្គុយ​ស្រក់​ទឹក​ភ្នែក អាណិត​ប្រពន្ធ អាណិត​កូន មិន​មែន​ស្រក់​ទឹក​ភ្នែក​ទន់​ខ្សោយ​ទេ​ណា អាណិត​គាត់ ហើយ​កូន​នៅ តូចៗ»។

នៅ​ក្នុង​ពន្ធនាគារ ស្ថានភាព​​លំបាក​បំផុត គឺ​ការ​ដេក​ ព្រោះ​កន្លែង​តូច​​ចង្អៀត ដេក​ប្រជ្រៀត​គ្នា ដេក​បាន​តែ​មួយ​ប្រឡោះ​ខ្លួន មិន​អាច​ប្រែ​ខ្លួន ឬ​បម្រាស់​បាន។ ការ​កើត​កម​រមាស់ ​ពេញ​ខ្លួន និង​ម្ហូប​អាហារ បន្លែ​ ត្រី សាច់ មាន​តម្លៃ​ថ្លៃ ជាង​ក្រៅ​ច្រើន​ដង។ លោក ម៉ៃ ហុងស្រៀង ថ្លែង​បន្ត​ថា បន្លែ​លក់​ក្នុង​ពន្ធនាគារ​ មួយ​គីឡូ តម្លៃ​ ១ម៉ឺន​ (១០.០០០)​រៀល។ ក្នុង​មួយ​ខែ ភរិយា​លោក​ត្រូវ​រក​ប្រាក់​ឲ្យ​លោក ខ្ទង់​មួយ​លាន​រៀល​ ឬ​ស្មើ ២៥០​ដុល្លារ សម្រាប់​ការ​ចាយ​វាយ​ក្នុង​ពន្ធនាគារ។

នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ លោក​ត្រូវ​បាន​ផ្ទេរ​ពី​លេខ១០ ឲ្យ​ស្នាក់​នៅ​បន្ទប់​ឃុំ​ឃាំង​ជាមួយ​អ្នក​ទោស​នយោបាយ នៃ​គណបក្ស​ប្រឆាំង​ទាំង​អស់។ តែ​ក្រោយ​​មាន​ការ​ដោះលែង អ្នក​ជាប់​ឃុំ​រឿង​នយោបាយ ជា​បន្តបន្ទាប់​មក ហើយ​នៅ​ខែ​ធ្នូ ឆ្នាំ​ដដែល ឆ្មាំ​ពន្ធនាគារ បាន​បំបែក​លោក ទៅ​ឃុំ​នៅ​បន្ទប់​ផ្សេង ជាមួយ​អ្នក​​ជាប់​ឃុំ​ចម្រុះ ក្នុង​នោះ មាន​អ្នក​ទោស​ទូទៅ ក្រុម​រណសិរ្ស​ក្បាល​ខ្លា របស់​លោក សម សេរី ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក រ៉ាត់ រ័ត្ន​មុនី និង​សកម្មជន​បក្ស​ប្រឆាំង នៅ​ខេត្ត​ព្រៃវែង​ម្នាក់។

ជីវិត​ក្នុង​ពន្ធនាគារ​ព្រៃ​ស ជាង​ ៨​ខែ​មក​នេះ លោក ម៉ៃ ហុងស្រៀង​​ និយាយ​ថា មិន​បាន​ធ្វើ​ឲ្យ​លោក បោះ​បង់​​បញ្ញា ស្មារតី និង​ឧត្ដម​គតិ​ស្នេហា​ជាតិ​ឡើយ។ លោក​ថា នៅ​តែ​មាន​ស្មារតី​ដដែល។ លោក រំភើប​ចិត្ត​ខ្លាំង នៅ​ពេល​ដឹង​ថា ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស បង្ហាញ​ទឹក​ចិត្ត​គាំទ្រ​លោក​លើសលប់។ នៅ​ក្នុង​ពន្ធនាគារ លោក​ថា អ្នក​ទោស​នយោបាយ អ្នក​ទោស​មនសិការ សុទ្ធ​តែ​មាន​ស្ថានភាព​ប្រហាក់​ប្រហែល​គ្នា នឹង​រូប​លោក ហើយ​ការ​លើក​ទឹក​ចិត្ត​ជា​កត្តា​ធ្វើ​ឲ្យ​អ្នក​​ទោស​មនសិការ​​ មាន​ទឹក​ចិត្ត​បន្ត​ស្មារតី​​ស្នេហា​ជាតិ។ យ៉ាង​ណា​ក៏​ដោយ​ចុះ ឆ្មាំ​ពន្ធនាគារ មិន​បាន​រឹត​ត្បិត​សិទ្ធិ​សេរីភាព​របស់​អ្នក​ទោស​នយោបាយ​ទេ។ លោក​ថា មាន​មន្ត្រី​ពន្ធនាគារ​ខ្លះ រើស​អើង​ពួក​លោក និង​​​មន្ត្រី​ខ្លះ លួច​​​​ខ្សឹប​​សរសើរ​ពី​វីរភាព និង​សកម្មភាព​របស់​សកម្មជន​​បក្ស​ប្រឆាំង៖ «មន្ត្រី​សមត្ថកិច្ច​ខ្លះ ក៏​គាត់​រើស​អើង​​ទៅ​។ ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​ទៀត ក៏​មិន​អ្វី​ដែរ ក៏​ដឹង​ខ្លួន គាត់​ខ្សឹប​ប្រាប់​ខ្ញុំ​ដែរ​ថា ពួក​ខ្ញុំ​ប្រាក់​ខែ​ឡើង​បាន​ប៉ិន​ហ្នឹង ក៏​ដោយ​សារ ពួក​បងៗ ប្រឆាំង​ហ្នឹង​ដែរ គេ​លួច​ខ្សឹប​ប្រាប់​អ៊ីចឹង​ណ៎ា។ ប៉ុន្តែ​គេ​មិន​ហ៊ាន​បញ្ចេញ​មុខ​ទេ ហើយ​អ្នក​ខ្លះ​ទៀត ក៏​ស៊ីញ៉ូ​ដែរ ថា អើ គ្នា​យើង​ទេ មាន​អ្នក​គាំទ្រ​មាន​អ្វី។ តែ​ក៏​មាន​អ្នក​ផ្កាប់​មុខ​ដែរ»

ភរិយា​របស់ លោក ម៉ៃ ហុងស្រៀង គឺ​ អ្នកស្រី គា ស៊ី​សុគន្ធី រំភើប​ចិត្ត ពេល​ប្ដី​ត្រូវ​បាន​ដោះ​លែង។ អ្នកស្រី​តែង​​បាន​​ធ្វើ​សកម្មភាព​ ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​ប្ដី​​គ្រប់​កាលៈទេសៈ នៃ​ការ​ឃុំ​ខ្លួន​ជាង ៨ខែ​មក​នេះ។ អ្នកស្រី​សង្ឃឹម​ថា នឹង​លែង​បែកបាក់​គ្រួសារ​ទៀត​ហើយ។ ស្ត្រី​គ្រូ​បង្រៀន​កម្រិត​បឋម​សិក្សា​នៅ​ខេត្ត​ព្រះសីហនុ​រូប​នេះ ក៏​មិន​ដែល​ជំទាស់​នឹង​សកម្មភាព​នយោបាយ ឬ​សកម្មភាព​​​​ការ​រិះគន់​សង្គម​របស់​ប្ដី​អ្នកស្រី​ទេ​ ផ្ទុយ​ទៅ​វិញ គឺ​មាន​តែ​មោទនភាព ចំពោះ​ទង្វើ​របស់​ប្ដី។

ចំណែក​ស្ថានភាព​ចុង​ក្រោយ នៃ​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ពេល​នេះ លោក ម៉ៃ ហុងស្រៀង ឲ្យ​ដឹង​ថា បង​ប្អូន​ ប្រពន្ធ​កូន និង​សាច់​ញាតិ អ្នក​ជាប់​ឃុំ​លែង​អាច​ចូល​ទៅ​ជួប​អ្នក​ជាប់​ឃុំ​បាន​ហើយ ដោយសារ​ខាង​ពន្ធនាគារ បារម្ភ​ពី​ការ​ឆ្លង​រាលដាល​ជំងឺ កូវីដ​១៩ (Covid19)។ លុយ និង​ឥវ៉ាន់ ត្រូវ​ផ្ញើ​តាម​មន្ត្រី​ពន្ធនាគារ បញ្ជូន​ទៅ​ឲ្យ​​អ្នក​ជាប់​ឃុំ តែ​មិន​មាន​ការ​បាត់​បង់ ឬ​រង​ការ​ដក​ហូត​ភាគ​រយ​ទេ។

អ្នក​ជាប់​ឃុំ​វិញ ក៏​ទទួល​បាន​​​ម៉ាស់​ និង​សាប៊ូ សម្រាប់​ឲ្យ​ប្រើ​នៅ​ក្នុង​បន្ទប់​ឃុំ​ឃាំង​ដែរ។ លោក​ថា មន្ត្រី​ពន្ធនាគារ បាន​បង្កើន​ការ​ផ្សព្វផ្សាយ​ខិត្តប័ណ្ណ​ស្ដីពី​ជំងឺ​កូវីដ​១៩ របស់​ក្រសួង​សុខាភិបាល ដល់​អ្នក​កំពុង​នៅ​ជាប់​ឃុំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សកម្មជន​បក្ស​ប្រឆាំង លោក ម៉ៃ ហុងស្រៀង ប្ដេជ្ញា​បន្ត​ស្មារតី​រិះគន់​ទៀត ដោយ​មិន​បារម្ភ​ពី​ការ​ធ្វើ​បាប"

  1. Anonymous says:

    please be very careful you have to win but in order to win you also have to take care of yourself first. time for you to win right now take those true KBOTH CHEATH ..HUN SEN out. GOD bless Cambodia and it’s people . rising up for you life and your own nation.