កម្មករ​កាត់​ដេរ​រៀបរាប់​ការ​លំបាក និង​បំណុល ដោយសារ​រោងចក្រ​ផ្អាក​ដំណើរ​ការ

សេដ្ឋកិច្ច
06 មេសា 2020
ស៊ុន ណារិន
វីអូអេខ្មែរ

ស៊ឹម ស្រីអូន ដែលជាកម្មករកាត់ដេរត្រូវបានព្យួរការងារ កាលពីចុងខែមីនា កំពុងអង្គុយមើលកូនស្រី នៅក្រោមផ្ទះ ក្នុងភូមិពង្រ ឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ (ស៊ុន ណារិន/VOA) Photo: VOA Khmer


ភូមិ​ពង្រ ស្រុក​បរសេដ្ឋ កំពង់​ស្ពឺ — ភូមិ​ពង្រ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់​ស្ពឺ—​ជិត​៥ឆ្នាំ​មក​ហើយ ​ដែល​អ្នកស្រី​ ស៊ឹម ស្រី​អូន​ ត្រូវ​ក្រោក​ពី​ព្រឹក​ព្រលឹម ​គឺ​ចាប់​ផ្តើម​ចេញ​ដំណើរ​តាម​រថយន្ត ​នៅ​ម៉ោង​៥​កន្លះ ​ទៅ​ធ្វើ​ការ​រោងចក្រ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​៤១ ​ក្នុង​ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ។ ​ ប៉ុន្តែរយៈ​ពេល​ជាង​មួយ​សប្តាហ៍​មក​ហើយ​ អ្នកស្រី​នៅ​ផ្ទះ​មើល​ថែ​កូន​ស្រី​ឈ្មោះ ​លាង​ ក្វាន់ តា​ អាយុ​១​ឆ្នាំ​កន្លះ​ ដោយសារ​អ្នកស្រី​ត្រូវ​បាន​ព្យួរ​ការងារ​រោងចក្រ ​ដែល​អ្នកស្រី​ពឹង​ផ្អែក​សម្រាប់​ជីវភាព​រស់​នៅ​រាប់​ឆ្នាំ​មក​ហើយ។​

កំពុង​អង្គុយ​យោល​កូន​ឲ្យ​គេង​ក្នុង​អង្រឹង​នៅ​ក្រោម​ផ្ទះ ​ អ្នកស្រី​ ស៊ឹម ស្រី​អូន​ អាយុ​៣៩​ឆ្នាំ ​កំពុង​ព្រួយ​បារម្ភ​អនាគត​កូន​របស់​អ្នកស្រី​ទាំង​៤​នាក់ ​ដែល​៣​នាក់​នៅ​តូចៗ​នៅ​ឡើយ​និង​កំពុង​សិក្សា។​

រស់​នៅ​ក្នុង​ភូមិ​ពង្រ ឃុំ​ស្វាយ​ចចិប​ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់​ស្ពឺ​ អ្នកស្រី ​ស៊ឹម ស្រីអូន​ ជា​កម្មករ​រោងចក្រ​ជិត​១០​ឆ្នាំ​មក​ហើយ។ ​ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​នេះ ​ អ្នកស្រី និង​ប្អូនស្រី​ដែល​ធ្វើ​ការ​រោងចក្រ​ផលិត​កាបូប​ឈ្មោះ​ថា ​Winning Dragon Leatherwear Cambodia​ ជា​មួយ​គ្នា ​ត្រូវ​បាន​ព្យួរ​ការងារ ​ដែល​ធ្វើ​ឲ្យ​អ្នកស្រី​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​បំណុល​ដែល​ជំពាក់​គេ ​និង​អនាគត​កូនៗ​របស់​អ្នកស្រី។


កាល​ពី​ថ្ងៃ​អាទិត្យ ​ពេលកំពុង​យោល​កូន​ឲ្យ​គេង​ក្នុង​អង្រឹង​ ​អ្នកស្រី​បានថ្លែង​ប្រាប់​ VOA ​ថា៖ ​

«បារម្ភ​ជាង​គេ ​មាន​តែ​អត់​លុយ​បង់​រដ្ឋ​[បង់​ធនាគារ​]​តែ​ប៉ុណ្ណឹង។ ​ អត់​លុយ​បង់​គេ ​ ខ្លាច​តែ​គេ​មក​ទារ​មុខ​ក្រោយ ​ ប៉ុន្តែ​គេ​អត់​មក​ទារ។​គេ​គ្រាន់​តែ​ព្រមាន​យើង​អី​ចឹង​ណា៎។​ប៉ុន្តែ​ខ្ញុំ​នៅ​មាន​សង្ឃឹម​ថា​ រក​សង​គេ​ ​តិច​តួច​អី​ចេះ​តែ​រក​បង់​គេ ។ ​អត់​ការងារពី​ខាង​ហ្នឹង ​ យើង​រក​ផ្សេង​ពី​ហ្នឹង​ទៀត​ទៅ!»​

ដោយ​សារ​វីរុស​កូរ៉ូណា ​ដែលនាំ​មិន​មាន​ការ​បញ្ជា​ទិញ​ និង​កង្វះ​វត្ថុធាតុ​ដើម​កម្មករ​រោងចក្រ​រាប់​ម៉ឺន​នាក់​ត្រូវ​បាន​ព្យួរ​ឬ​បញ្ឈប់​ពី​ការងារ​តែ​ម្តង។ ​ ការណ៍​នេះ​នាំ​ឲ្យ​កម្មករ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ពី​ការ​មិន​មាន​ចំណូល​ទៅ​ថ្ងៃ​ខាង​មុខ ​ ខណៈ​កំពុង​ភ័យ​ខ្លាច​ ថា​សង​បំណុល​គេ​មិន​បាន។​

អ្នកស្រី​ ស៊ឹម ស្រីអូន​ ត្រូវ​បាន​រោងចក្រ​ឲ្យ​ឈប់​រយៈ​ពេល​២​ខែ ​ចាប់​ពី​ថ្ងៃ​ទី​២៧​ខែ​មីនា ​ឆ្នាំ​២០២០។​ការ​បាត់​បង់​ការងារ​នេះ​ធ្វើ​ឲ្យ​អ្នកស្រី​ជួប​ការ​លំបាក​ក្នុង​ការ​សង​បំណុល​គេ​ដែល​អ្នកស្រី​ត្រូវ​បង់​ប្រមាណ​១៣០​ដុល្លារ​ក្នុង​មួយ​ខែ ​រយៈ​ពេល​ជាង​១២​ខែ​ទៀត។​កាល​ពី​ឆ្នាំ​មុន អ្នកស្រី​បាន​ខ្ចី​ប្រាក់​គេ​ប្រមាណ​២៥០០​ដុល្លារ​អាមេរិក ​ដើម្បី​ទិញ​ម៉ូតូ​ឌ្រីម​មួយ​គ្រឿង​ និង​ទុក​ខ្លះ​សម្រាប់​ចាយ​វាយ។​

អ្នកស្រី​មិន​ច្បាស់​ថា​តើ​អ្នកស្រី​នឹង​ទទួល​បាន​ការងារ​ធ្វើ​នៅ​ថ្ងៃ​ខាង​មុខ​ឬ​យ៉ាងណា​នោះ​ទេ។​

រោងចក្រWinning Dragon Leatherwear Cambodia ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៤១ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ផ្អាកដំណើរការបណ្តោះអាសន្ន។ (ស៊ុន ណារិន/VOA)
រោងចក្រWinning Dragon Leatherwear Cambodia ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៤១ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ផ្អាកដំណើរការបណ្តោះអាសន្ន។ (ស៊ុន ណារិន/VOA)

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​ «ឧបមា​ថា​បើ​ការងារ​ធ្លាប់​ធ្វើហើយ ​បើ​អត់​ការងារ​ធ្វើ​ ខ្ញុំ​សុខ​ចិត្ត​មក​នៅ​ផ្ទះ ​ឲ្យ​ប្តី​ដើរ​ម្តង ​ បើ​ធ្វើ​ច្រើន​ឆ្នាំ​ដែរ​ហើយ។​ណា​មួយ​ក៏​រៀង​ចាស់​ដែរ​ហើយ​ ទៅ​ណា​ទៀត​ក៏​គេ​អត់​យក​ដែរ»។​

កាល​អ្នកស្រី​នៅ​មាន​ការងារ​រោងចក្រ​ធ្វើ ​ ប្តី​អ្នកស្រី​ជា​អ្នក​ទទួល​ខុសត្រូវ​មើល​កូន​តូចៗ​នៅ​ផ្ទះ។ ​ ប៉ុន្តែ​កូនស្រី​របស់​អ្នកស្រី​ឈ្មោះ​ លាង ធារ៉ា​ អាយុ​១៩​ឆ្នាំ ​ជា​អ្នក​រក​ចំណូល​ជួយ​គ្រួសារ។​ ធារ៉ា​ទើប​តែ​ចូល​ធ្វើ​ការ​រោងចក្រ​កាត់​ដេរ​បាន​ប្រមាណ​កន្លះ​ឆ្នាំ។ ​អ្នកស្រី​ ស៊ឹម ស្រី​អូន មាន​ប្រសាសន៍​ថា ​ការ​ឲ្យ​កូន​ធ្វើការ​រោងចក្រ​គឺ​ដើម្បី​ដោះស្រាយ​បំណុល​ដែល​ជំពាក់​គេ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖

«ជីវភាព​យើង​វា​អត់​សូវ​គ្រប់គ្រាន់ ​ ឲ្យ​កូន​ទៅ​ជួយ​រក​បង់​រដ្ឋ។ ​ ណាមួយ​ ខ្ញុំ​នឹក​ឃើញ​ថា​ រក​បង់​គេ​អត់​ទាន់ ​ ឲ្យ​កូន​ជួយ​រក​ខ្លះ​អ៊ីចឹង​ទៅ!​ដូច​ថា​ខ្ញុំ​អត់​បាន​ធ្វើ​ ​ឲ្យ​កូន​រក​មក​ទប់ៗ​អ៊ីចឹង​ទៅ!»

ប៉ុន្តែ​អ្នកស្រី​មាន​អារម្មណ៍​ធូរ​ស្បើយ​បន្តិច ​ដោយសារ​រោងចក្រ​ដែល​កូន​អ្នកស្រី​ធ្វើ​ការ​មិន​ទាន់​ផ្អាក​ដំណើរ​ការ​នៅ​ឡើយ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ ​

«បើ​រោង​ចក្រ​កូន​ខ្ញុំ ​អត់​មាន​ទាន់​ឮ​ថា​ ផ្អាក ឮ​ថាអី​ទេ ​ ខ្ញុំ​សួរ​វា​ថា​ មី​អូន​ រោងចក្រ​មីអូន​ម៉េច​ដែរ? ​ អូ! ម៉ែ​អ្ហើយ ​មិន​ខ្វះ​អី​ធ្វើ ​មាន​តែ​ខ្ជិល​ធ្វើ»។​

បច្ចុប្បន្ន​នេះ អ្នកស្រី​មាន​កូន​ស្រី​៣​នាក់​ក្នុង​បន្ទុក ​ក្នុង​នោះ​មាន​កូនស្រី​អាយុ​១​ឆ្នាំ​កន្លះ ​ឈ្មោះ​ លាង ក្វាន់តា ​ដែល​អ្នកស្រី​ថា​តែង​តែ​ឈឺ​ញឹកញាប់។​

ប្អូន​របស់​អ្នកស្រី​ដែល​ធ្វើ​ការ​រោងចក្រ​ដូច​គ្នា ​គឺ​អ្នកស្រី​ ស៊ឹម ណែម ​អាយុ​២៨​ឆ្នាំ ​ហើយ​ដែល​បាន​ធ្វើ​ការ​ក្នុង​វិស័យ​កាត់​ដេរ​ជាង​១០​ឆ្នាំ​មក​ហើយ​ មាន​ប្រសាសន៍​ថា​អ្នកស្រី​បាន​បើក​ប្រាក់​ខែ​ចុង​ក្រោយ​ហើយ​រោងចក្រ​ថា​ នឹង​បើក​ប្រាក់​ខែ​៤០​ភាគ​រយ​ ដោយ​សារ​ព្យួរ​ការងារ​ នៅ​ចុង​ខែ​មេសា ​ខាង​មុខ។ ​ អ្នកស្រី​ក៏​ជាប់​បំណុល​គេ​ដូច​បង​ស្រី​ដែរ ​ ដោយសារ​ខ្ចី​លុយ​គេ​ចំនួន​៥​ពាន់​ដុល្លារ​មក​ធ្វើ​ផ្ទះ។​

ប្រជាជន​នៅ​តាម​ជនបទ​ភាគ​ច្រើន​ជាប់​បំណុល​មីក្រូហិរញ្ញ​វត្ថុ ​ធនាគារ ​និង​បំណុល​ឯកជន។​ ករណី​ខ្លះ​ពួក​គេ​បាន​យក​កម្ចី​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ ​ជា​ច្រើន​ផ្សេងៗ​គ្នា​និង​ការ​ខ្ចី​បែប​ឯកជន​ដែល​មាន​ការ​ប្រាក់​ខ្ពស់។ ​ ការណ៍​នេះ​នាំ​ឲ្យ​ពួកគេ​ធ្លាក់​ខ្លួន​ក្នុង​អន្ទាក់​បំណុល​ ហើយ​ស្ថានភាព​រស់​នៅ​របស់​ពួកគេ​កាន់​តែ​លំបាក​ ដោយសារ​ត្រូវ​រក​លុយ​សង​បំណុល​គេ​ជា​រៀងរាល់​ខែ។​ មាន​ការ​ប៉ាន់​ប្រមាណ​ថា ​ ប្រជា​ពលរដ្ឋ​កម្ពុជា​សរុប​ចំនួន​២,៦​លាន​នាក់​កំពុង​ជាប់​បំណុល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ។​

កាល​ពី​ដើម​ខែ​មីនា ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ស្នើ​ឲ្យ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ពន្យារ​ពេល​ការ​បង់​ប្រាក់​ ឬ​ក៏​មិន​គិត​ការ​ប្រាក់​សម្រាប់​កម្មករ​រោងចក្រ​កាត់ដេរ​ ដែល​ប្រឈម​នឹង​ការព្យួរ​ការងារ​ នៅ​តាម​រោង​ចក្រ​ទូទាំង​ប្រទេស ​ដោយសារ​តែផល​ប៉ះពាល់​នៃ​វីរុស​កូរ៉ូណា​មក​លើ​សេដ្ឋកិច្ច។​

កាល​ពី​កន្លង​ទៅ ​លោក​ ហ៊ុន សែន ​មាន​ប្រសាសន៍​ថា ​កម្មករ​ទាំងអស់​ដែល​ត្រូវ​បាន​ព្យួរ​ការងារ​បណ្ដោះ​អាសន្ននឹង​ទទួល​បាន​ប្រាក់​ខែ​៦០​ភាគរយ​នៃ​ប្រាក់​ឈ្នួល​គោល ​ដោយ​ថៅកែ​រោងចក្រ​ផ្ដល់​៤០​ភាគ​រយ ​និង​រដ្ឋ​ផ្ដល់​២០​ភាគ​រយ។ ​ ប៉ុន្តែ​កម្មករ​កំពុង​ព្រួយ​បារម្ភ​ថា​ ពួកគេ​នឹង​មិន​ទទួល​បាន​ប្រាក់​៤០​ភាគរយ​ទេ​ ដោយសារ​រោងចក្រ​ប្រឈម​នឹង​ខ្វះ​ថវិកា​ផង​ដែរ។​

រូបឯកសារ៖ ធនាគារ​អេស៊ីលីដាគឺ​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មួយ​នៅ​កម្ពុជា ដែល​ផ្ដល់​ប្រាក់​កម្ចី​ដល់​ប្រជាជន​ខ្មែរ ​ថ្ងៃទី១៩ កុម្ភៈ ២០១៧។ (នៅ វណ្ណារិន/VOA)
រូបឯកសារ៖ ធនាគារ​អេស៊ីលីដាគឺ​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មួយ​នៅ​កម្ពុជា ដែល​ផ្ដល់​ប្រាក់​កម្ចី​ដល់​ប្រជាជន​ខ្មែរ ​ថ្ងៃទី១៩ កុម្ភៈ ២០១៧។ (នៅ វណ្ណារិន/VOA)

អ្នកស្រី​ ស៊ឹម ស្រីអូន មាន​ប្រសាសន៍​ថា ​ អ្នកស្រី​មិន​ទាន់​ទទួល​បាន​ប្រាក់​២០​ភាគ​រយ​ ដែល​រដ្ឋាភិបាល​បាន​ប្រកាស​នោះ​ទេ។​

VOA​ មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​លោក​ ហេង សួរ​ អ្នក​នាំពាក្យ​របស់​ក្រសួង​ការងារ​បាន​នៅ​ឡើយ​ទេ។​

កាល​ពី​សប្តាហ៍​មុន ​ សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ​(GMAC) ​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ ដោយ​សារ​ការ​បញ្ជា​ទិញ​ត្រូវ​បាន​លុប​ចោល ​ដែល​ប៉ះពាល់​ដល់​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ​និង​ប៉ះពាល់​កម្មករ​ដែល​ធ្វើ​ការ​លើ​វិស័យ​នេះ​រាប់​ម៉ឺន​នាក់។ ​ សមាគម​ដែល​តំណាង​ឲ្យ​រោងចក្រ​នៅ​ទូទាំង​ប្រទេស​បាន​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ជាពិសេស​បណ្តា​អ្នក​បញ្ជា​ទិញ​អន្តរ​ជាតិ ​ទទួល​យក​ការ​ដឹក​ជញ្ជូន​ទំនិញ ​និង​បន្ត​ការ​ទូទាត់​ដែល​បាន​ព្រម​ព្រៀង​សម្រាប់​ទំនិញ ​ដែល​បាន​ផលិត​រួច​ហើយ ​ក៏​ដូច​ជា​ទំនិញ​ដែល​បាន​និង​កំពុង​ផលិត។​

លោក​ ឯក មឿន មេឃុំ​ទួល​សាលាស្រុក​បរសេដ្ឋ ​ខេត្ត​កំពង់​ស្ពឺ​ ដែល​ជា​ឃុំ​សំបូរ​ទៅ​ដោយកម្មករ​រោងចក្រ ​មាន​ប្រសាសន៍​ថា ​ ប្រជាជន​ប្រមាណ​១២១៥​នាក់​ក្នុង​ចំណោម​ប្រជាជន​ទាំង​ចាស់​ក្មេង​សរុប​ជាង​៨​ពាន់​នាក់​ក្នុង​ឃុំ​លោក​ពឹង​ផ្អែក​លើ​វិស័យ​កាត់​ដេរ​នេះ។ ​ ប៉ុន្តែ​លោក​មិន​មាន​ទិន្នន័យ​ថា​ តើ​កម្មករ​ប៉ុន្មាន​នាក់ក្នុង​ឃុំ​របស់​លោក​ត្រូវ​បាន​ព្យួរ​ពី​ការងារ​នោះ​ទេ។​លោក​បន្ត​ថា ​វិស័យ​កាត់​ដេរ​នេះ​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួកគេ​ធូរធារ។

លោក​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖​

«វា​ប៉ះៗ​ហើយ​វា​មិន​អត់​ទេ!ធម្មតា​ហើយ ​ យើង​អត់​ការងារ​ធ្វើ​ចេះ​តែ​រក​មុខ​របរ​ផ្សេង​ទៀត​ទៅ!​ អ្នក​ធ្វើ​កម្មករ​កូន​កសិករ​សុទ្ធ​ មាន​តែ​ស្រែ ​យើង​បន្ត​អាជីវ​កម្ម​កសិកម្ម​ស្រែ​ភ្លឺ​អី​ទៅ!»​

ប្រសិន​បើ​កម្មករ​ត្រូវ​បាន​ព្យួរ​ពី​ការងារ​មេឃុំ​រូប​នោះ​មាន​ប្រសាសន៍​ថា ​ ពួក​គេ​នៅ​សល់​លុយ​ខ្លះ​អាច​ចិញ្ចឹម​គ្រួសារ​រហូត​ដល់​ស្ថានភាព​ដំណើរ​ការ​ឡើង​វិញ។​

លោក​មាន​ប្រសាសន៍​ថា៖

«ប៉ុន្តែ​លុយ​គេ​នៅ​មាន​សល់​តើ !​ មាន​អត់​អី​ទេ!​មិន​មែន​ប៉ះពាល់​រហូត​អី​ទេ!។បន្តិច​ទៀត​រាជ​រដ្ឋាភិបាល​ការពារ​បាន​ល្អ​ប្រពៃរ៍​ទៅ!ដំណើរ​ការ​វិញ​ទៅ! ​វា​អត់​អី​ទេ។ ​ លុយ​គេ​សល់​ខ្លះ​ដែរ»។​

លោក ប៉ាវ ស៊ីណា​ ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា ​បាន​ថ្លែង​ប្រាប់​ VOA នៅ​ថ្ងៃ​ច័ន្ទ​ថា​រហូត​មក​ដល់​ពេល​នេះ ​មាន​កម្មករ​ជាង​៦​ម៉ឺន​នាក់​ហើយ​ដែល​កំពុង​រង​ផល​ប៉ះពាល់ ​ដោយសារ​រោងចក្រ​ផ្អាក​ដំណើរ​ការ។ ​លោក​ថា​ក្នុង​ពេល​រោងចក្រ​ផ្អាក​ដំណើរ​ការ​បណ្តោះ​អាសន្ន​នេះ ​ កម្មករ​រាប់​ពាន់​នាក់​ក៏​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​តែ​ម្តង ​ មិន​មែន​ព្យួរ​ការងារ​នោះ​ទេ​ ដែល​នាំ​ឲ្យ​ពួក​គេ​ប្រឈម​នឹង​បញ្ហា​ជីវភាព ​ជាពិសេសេ​បំណុល​ជំពាក់​គេ។​

លោក​មាន​ប្រសាសន៍​ថា៖

«ប្រាក់​ឈ្នួល​នៃ​ការ​ព្យួរ​ប៉ុន​នេះ​ បើ​គាត់​មាន​កាតព្វកិច្ច​ត្រូវ​បង់​រំលស់ ​របស់​របរ​ផ្សេងៗ​ផង ​ខ្ញុំ​គិត​ថា​ គាត់​ទប់​អត់​ជាប់​ទេ ​មិន​បាច់​និយាយ​ការ​ចាយ​វាយ​ទេ ! ​ត្រឹម​តែ​បង់​ប៉ុណ្ណឹង​មិន​គ្រប់​ផង។​ អ៊ីចឹង​ខ្ញុំ​គិត​ថា​ប្រឈម​ខ្លាំង​បំផុត​ហើយ​នា​ពេល​នេះ»។​

កាល​ពី​ដើម​ឡើយ ​កម្មករ​និង​សហជីព​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ថា ​ កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង​នឹង​ប្រឈម​បាត់​បង់​ការងារ​ ដោយសារ​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ» ឬ​ EBA​ របស់​សហភាព​អឺរ៉ុប ​ដែល​នឹង​ចូល​ជាធរមាន​នៅ​ក្នុង​ខែ​សីហា​ខាង​មុខ។​

ត្រង់​ចំណុច​នេះ ​លោក ប៉ាវ ស៊ីណា​ មេដឹកនាំ​សហជីព ​មាន​ប្រសាសន៍​ថា ​ នៅ​ពេល​ស្ថានភាព​វីរុស​កូរ៉ូណា​ធូរ​ស្បើយ ​ កម្មករ​ជា​ច្រើន​ពាន់​នាក់​នៅ​តែ​ប្រឈម​នឹង​អត់​ការងារ​ធ្វើ ​ហើយ​កម្ពុជា​ត្រូវ​ដោះ​ស្រាយ​បញ្ហា​នឹង​បញ្ហា​ទណ្ឌកម្ម​នេះ​មួយ​ទៀត។​

លោក​មាន​ប្រសាសន៍​ថា៖ «អាហ្នឹង​មាន​ន័យ​ថា​ ដូច​ជា​យើង​ទើប​ងើប​ពី​គ្រោះ ទើប​ឆ្លង​ផុត​ពី​គ្រោះ​មួយ​ហើយ ​មក​ជួប​នឹង​គ្រោះ​មួយ​តង់​ទៀត។​អាហ្នឹង​មាន​ន័យ​ថា​ស្ថានភាព​យើង​វា​ផ្ទួន​គ្នា ​ បើ​យើង​និយាយ​ពី​ទុក្ខ​ទុក្ខ​ផ្ទួន​គ្នា»

វិល​ត្រឡប់​មក​អ្នកស្រី​ ស៊ឹម ស្រីអូន ​វិញ​អ្នកស្រី​មាន​ប្រសាសន៍​ថា​អ្នកស្រី​រង់ចាំ​មើល​ការ​ផ្តល់​ដំណឹង​ ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​វិញ ​ថា​ តើ​អ្នកស្រី​នឹង​មាន​ការងារ​ធ្វើ​នៅ​រោងចក្រ​ឬ​យ៉ាងណា។ ​ ប៉ុន្តែ​អ្នកស្រី​កំពុង​ព្រួយ​បារម្ភ​រួច​ជា​ស្រេចហើយ​ ចំពោះ​អនាគត​កូនៗ​របស់​អ្នកស្រី​ដែល​កំពុង​សិក្សា​គឺ​ លាង ធារី​ អាយុ​១២​ឆ្នាំ ​រៀន​ថ្នាក់​ទី​៦ ​និង​ម្នាក់​ទៀត​ឈ្មោះ ​លាង លីហ្សា​ អាយុ​៨​ឆ្នាំ ​រៀន​ថ្នាក់​ទី​១។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «បើ​យើង​អត់​មាន​ជីវភាព​អី​ផង​ ឲ្យ​វា​ផ្អាក​រៀន​ផ្អាក​អី​ទៅ!»

What Next?

Recent Articles