ប៉ូលិស​ខេត្ត​ស្វាយរៀង​បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទាំង​ឈឺ​ទៅ​សាកសួរ​នៅ​តុលាការ

ដោយ អូន ភាព
2020-04-06
អាស៊ីសេរី

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហិន ឆាន សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​រមាសហែក​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ស្វាយរៀង។

លោក ហិន ឆាន សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​រមាសហែក​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ស្វាយរៀង។

 រូប៖ ហ្វេសប៊ុក​សកម្មជន​បក្ស​ប្រឆាំង


ប៉ូលិស​ខេត្ត​ស្វាយរៀង​​បញ្ជូន​​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​រមាសហែក​ម្នាក់​ទាំង​ឈឺ​ទៅ​សាកសួរ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី៦ មេសា ពាក់ព័ន្ធ​នឹង​រឿង​បង្ហោះ​សារ​ព្រួយបារម្ភ​អំពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវិដ​១៩​​។ ​ប៉ុន្តែ ពេល​ទៅ​ដល់​តុលាការ​ក្រុង​ភ្នំពេញ ក៏​សម្រេច​ឱ្យ​ជនសង្ស័យ​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ដោយ​ឃើញ​ស្ថានភាព​ជំងឺ​​ធ្ងន់ធ្ងរ​​ដើរ​​មិន​រួច។

កូនស្រី​របស់​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ចាត់​ទុក​ទង្វើ​របស់​ប៉ូលិស​បែប​នេះ គឺ​ជា​រឿង​អយុត្តិធម៌​ ដែល​មិន​អាច​ទទួល​យាក​បាន​ឡើយ។

កូន​ស្រី​របស់​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​រមាសហែក​ជាប់​ឆ្នោត​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង​គណបក្ស​លោក​ ហិន ឆាន គឺ​លោក​ស្រី​ ហិន ​ស្រី​ ថ្លែង​នៅ​ថ្ងៃ​ទី៦ មេសា​ថា ឪពុក​របស់​ខ្លួន​មិន​បាន​​ប្រព្រឹត្ត​សុខ​ច្បាប់​អ្វី​ឡើយ​។ លោក​ស្រី​បន្ត​ថា ​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឱ្យ​ឪពុក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ បន្ទប់​ពី​ឃើញ​ស្ថានភាព​ជំងឺ​របស់​លោក ហិន ឆាន ធ្ងន់ធ្ងរ​ដើរ​មិន​រួច​ និង​ត្រូវ​មាន​មនុស្ស​គ្រា​លោក​ឡើង​តុលាការ៖ «ខ្ញុំ​ចង់​ឱ្យ​គេ​ជួយ​រក​យុត្តិធម៌​ឱ្យ​ឪពុក​ខ្ញុំ​ ដើម្បី​ឱ្យ​គាត់​មាន​សេរីភាព​​មក​នៅ​ផ្ទះ​ជួប​ជុំ​គ្រួសារ​ដោយ​មិន​មាន​ការ​តាម​ចាប់​ខ្លួន​ជា​ថ្មី​ទៀត​។ព្រោះ​អី​ឪពុក​ខ្ញុំ​​ស្លាប់​មួយ​ចំហៀង​ខ្លួន​ដោយសារ​សមត្ថកិច្ច​មក​ចាប់​គាត់​ បើ​គេ​មិន​មក​ចាប់​ក៏​ឪពុក​ខ្ញុំ​មិន​ដល់​ថ្នាក់​ហ្នឹង​ដែរ​ ឥឡូវ​វេទនា​ជាង​ស្លាប់​ទៅ​ទៀត​ ព្រោះ​មនុស្ស​មិន​កើត​អី​សោះ​ទៅ​ជា​ស្លាប់​មួយ​ចំហៀង​ខ្លួន​បែប​នេះ»

លោក ហិន ឆាន​ ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​​ស្វាយរៀង​កាល​ពី​ថ្ងៃ​ទី​២០​មីនា​​ បន្ទាប់​ពី​​ប៉ូលិស​ប្រមាណ ៣០នាក់ ចាប់​បង្ខំ​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​​ដល់​ផ្ទះ​​​ហើយ​បណ្ដាល​​ឱ្យ​ថប់ដង្ហើម​​សន្លប់​បាត់​ស្មារតី​​ ដោយសារ​តែ​ជំងឺ​លើស​ឈាម​រើ​ឡើង​វិញ​។​ក្នុង​ពេល​ចាប់​ខ្លួន​នោះ​ លោក ហិន ឆាន​ បាន​​លើក​ដៃ​ព្រះ​អង្វរ​សុំ​ឱ្យ​ប៉ូលិស​ដោះលែង​​ ពីព្រោះ​ជំងឺ​លើស​ឈាម​បាន​រើ​ឡើង​វិញ​​​ធ្វើ​ឱ្យ​លោក​ពិបាក​ដកដង្ហើម ក៏​ប៉ុន្តែ​​ប៉ូលិស​នៅ​តែ​បន្ត​​​ចាប់​​ខ្លួន​ជន​ជាប់​ឃុំ​​រុញ​ចូល​ឡាន​រហូត​ដល់​​ជនរងគ្រោះ​​ដួល​បាត់ស្មារតី ទើប​ប៉ូលិស​​​​​អនុញ្ញាត​ឱ្យ​សាច់​ញាតិ​​នាំ​ទៅ​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។​នៅ​អំឡុង​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរ​ពេទ្យ​នោះ ត្រូវ​បាន​ប៉ូលិស​ខេត្ត​ស្វាយរៀង​ជា​ច្រើន​នាក់​យាម​ការពារ​ ដោយ​មិន​​ឱ្យ​ជន​ជាប់​ឃុំ​ចេញ​​ក្រៅ​មន្ទីរ​ពេទ្យ​ឡើយ​ រហូត​ដល់​ថ្ងៃ​ទី​៦​មេសា​ទើប​ប៉ូលិស​បញ្ជូន​ទៅ​សាកសួរ​នៅ​សាលាដំបូង​ភ្នំពេញ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​រមាសហែក លោក ហិន ឆាន ប្រាប់​អាស៊ី​សេរី​មុន​ពេល​ទៅ​ដល់​ភ្នំពេញ​ថា ស្ថានភាព​ជំងឺ​របស់​លោក​នៅ​ពេល​នេះ​ធ្ងន់ធ្ងរ​ដើរ​មិន​រួច និង​មិន​អាច​ធ្វើ​ការងារ​​អ្វី​បាន​ដូច​ពេល​មុខ​ឡើយ៖ «ពេទ្យ​គេ​ឱ្យ​ចេញ​ទៅ​ផ្ទះ​ខ្ញុំ​វា​នៅ​ស្ពឹក​ជើង ហើយ​ដៃ​ដើរ​តោង​ប្រពន្ធ​ ប៉ូលិស​គេ​យក​ខ្ញុំ​ទៅ​តុលាការ​ថ្ងៃ​ហ្នឹង​។ក្នុង​ខ្លួន​នៅ​ចេះ​តែ​ឈាម​ឡើង​១៧​ ហើយ​នៅ​ក្នុង​ខ្ញុំ​នៅ​ដើរ​ថប់ៗ មក​ពី​ខ្ញុំ​លើសឈាម​​»

​អាស៊ី​សេរី​​​មិន​ទាច​ទាក់​ទង​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ លោក កឹង ឃន ​ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៦​មេសា​ ដោយ​ទូរស័ព្ទ​លើក​ហើយ​ត្រូវ​បាន​​ចុច​ផ្ដាច់​ទៅ​វិញ៖ «បាទ​ៗ​ពីណា​គេ​ហ្នឹង»

អាស៊ី​សេរី​ក៏​ព្យាយាម​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ ​បន្ត​ទៀត​​ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ទាក់​ទង​នឹង​បញ្ហា​នេះ​ មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ខេត្ត​ស្វាយរៀង​លោក​ នុត បូពិណ្ណារ័ត្ន​ មាន​ប្រសាសន៍​ថា បញ្ហា​នេះ​ប្រសិន​​ជន​ជាប់​ឃុំ​​មាន​គ្រោះ​​​ដោយសារតែ​ការ​ខ្លួន​​​គឺ​ប៉ូលិស​ត្រូវ​តែ​ទទួល​ខុស​ត្រូវ ចំពោះ​មុខ​ច្បាប់​ ពីព្រោះ​ប៉ូលិស​បាន​ដឹង​ថា​ជន​ជាប់​ឃុំ​មាន​ជំងឺ​​ប្រចាំ​កាយ​តែ​នៅ​តែ​​​ចាប់​ខ្លួន។ លោក​បន្ថែម​ថា ប៉ូលិស​ចាប់​បង្ខំ​មនុស្ស​ដែល​កំពុង​មាន​ជំងឺ​​ទៅ​សួរ​ចម្លើយ គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ​ឡើយ៖«បាទ​ចុះ​បើ​ការ​ចាប់​ហ្នឹង​ធ្វើ​ឱ្យ​មនុស្ស​ជា​ជនសង្ស័យ​មាន​បញ្ហា​សុខភាព​ ជា​ការ​ទទួល​ខុស​ត្រូវ​របស់​សមត្ថកិច្ច​ហើយ​ ព្រោះ​អី​តាម​ដែល​ខ្ញុំ​ដឹង​រឿង​ហ្នឹង​គឺ​សាច់ញាតិ​ប្រាប់​ថា​គាត់​មាន​ជំងឺ​លើស​ឈាម​ ។អីចឹង​គាត់​ត្រូវ​រក​វិធី​ផ្សេង​ទៀត​ ក្នុង​ការ​ចាប់​ខ្លួន​ ដើម្បី​កុំ​ឱ្យ​ជនសង្ស័យ​មាន​បញ្ហា»

លោក​ហិន ឆាន ជា​មនុស្ស​ទី​២​ហើយ​ដែល​រងគ្រោះ​​​ដោយសារ​ប៉ូលិស​ចាប់​ខ្លួន​នៅ​ខេត្ត​ស្វាយរៀង​ដោយ​ម្នាក់​ទៀត​ជា​សកម្មជន​គណបក្ស​ប្រឆាំង​ស្រុក​កំពង់រោទិ៍​ បាន​ធ្លាក់​ពី​លើ​ម៉ូតូ​​​​​របស់​ប៉ូលិស​ស្លាប់​ក្នុង​ពេល​បញ្ជូន​ទៅ​សាកសួរ​ ហើយ​រហូត​មក​ដល់​ពេល​នេះ​ ជនរងគ្រោះ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "ប៉ូលិស​ខេត្ត​ស្វាយរៀង​បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទាំង​ឈឺ​ទៅ​សាកសួរ​នៅ​តុលាការ"

  1. so socheath says:

    នៅមានវ៉ៃខ្នោះបន្តទៀត !
    អត់មានអីចម្លែកទេ សម្រាប់អ្នកអនុវត្តន៍តាមនយោបាយក្រុមឧទ្ទាមក្បត់ជាតិ !

  2. Anonymous says:

    no comment to fight again this dump evil killer . you are too dump for me to talk to