ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ជា​ច្រើន​នាក់​ដាច់​ស្បៀង បន្ទាប់​ពី​ថៅកែ​ផ្អាក​ការងារ​ដោយ​ជំងឺកូវិដ១៩

ដោយ មាន ឫទ្ធិ
2020-04-05
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលការិនី​សំណង់​ខ្មែរ​កំពុង​ដួស​ជ័រ​កៅស៊ូ​ ដើម្បី​ចាក់​ផ្សារ​ភ្ជិត​ចន្លោះ​ផ្លូវ​បេតុង​ដែល​ទើប​នឹង​ចាក់​ថ្មី​មួយ​ខ្សែ​ នៅ​តំបន់​មួយ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

ពលការិនី​សំណង់​ខ្មែរ​កំពុង​ដួស​ជ័រ​កៅស៊ូ​ ដើម្បី​ចាក់​ផ្សារ​ភ្ជិត​ចន្លោះ​ផ្លូវ​បេតុង​ដែល​ទើប​នឹង​ចាក់​ថ្មី​មួយ​ខ្សែ​ នៅ​តំបន់​មួយ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧។ RFA


ពលករ​ខ្មែរ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​មួយ​ចំនួន ចាប់​ផ្ដើម​ដាច់​ស្បៀង​បណ្ដើរៗ ហើយ និង​មួយ​ចំនួន​ទៀត​ប្រឈម​នឹង​ដាច់​ស្បៀង​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ ពួក​គាត់​អះអាង​ថា មូលហេតុ​ដែល​នាំ​ឱ្យ​ដាច់​ស្បៀង​នេះ គឺ​ដោយសារ​អត់​ការងារ​ជា​ច្រើន​ថ្ងៃ​ហើយ បន្ទាប់​ពី​ថៅកែ​បាន​ផ្អាក​ការងារ​ដោយសារ​ខ្លាច​ឆ្លង​ជំងឺ​កូវិត១៩។

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក​ម្នាក់ លោក​ ជិន វិទ្ធ ថ្លែង​នៅ​ថ្ងៃ​ទី​៥​ មេសា​ថា ​លោក​​ពុំ​មាន​​ប្រាក់​​​​ចាយវាយ​ប្រចាំ​ថ្ងៃ និង​បង់​ថ្លៃ​បន្ទប់​ជួល​ និង​ប្រាក់​ទិញ​ស្បៀង​អាហារ​ហូបចុក​ប្រចាំ​ថ្ងៃ​នោះ​ទេ​ ពីព្រោះ​ថៅកែ​បាន​ផ្អាក​ការងារ​ប្រមាណ​ ២សប្ដាណ៍​មក​ហើយ។ លោក​បន្ត​ថា នៅ​ពេល​នេះ​​លោក​ចង់​ទៅ​ផ្ទះ​​​វិញ​ក៏​ទៅ​មិន​បាន ​ព្រោះ​គ្មាន​ប្រាក់​ធ្វើ​ដំណើរ ហើយ​ម្យ៉ាង​ទៀត​ អាជ្ញាធរ​កម្ពុជា​ថៃ​ក៏​បាន​បិទ​ព្រំដែន​រួម​មក​ហើយ​ដែរ ដូច្នេះ​លោក​សម្រេច​ចិត្ត​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​ ២នាក់​ពលករ​ខ្មែរ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បន្ទាយ​មានជ័យ៖ «ខ្ញុំ​និយាយ​ការ​ពិត​ហ្នឹង​ឯង ព្រោះ​អី​បើ​ខ្ញុំ​អត់​មាន​អី​ហូប​មែន​ ហើយ​ខ្ញុំ​ទៅ​ខ្ចី​ប្រាក់​អ្នក​ណា​បាន​ បើ​សុទ្ធតែ​អ្នក​អត់​ដូច​គ្នា។ បើ​យើង​ទៅ​ផ្ទះ​ក៏​ទៅ​មិន​រួច ព្រោះ​អី​បើ​គេ​បិទ​ច្រក​អស់​ហើយ​ បើ​ទៅ​មាន​តែ​គេ​ឃាត់​ទុក ១៤ថ្ងៃ​បាន​គេ​ឱ្យ​ទៅ​បាន អីចឹង​បាន​ខ្ញុំ​មិន​ហ៊ាន​ទៅ។ ខ្ញុំ​មិន​ដឹង​គិត​យ៉ាង​ម៉េច​ទេ​ បើ​យើង​អត់​លុយ​ ហើយ​ម្ចាស់​បន្ទប់​ជួល​ក៏​គេ​មិន​លើក​លែង​ឱ្យ​យើង​ដែរ។ ខ្ញុំ​អត់​មាន​អី​ហូប​អីចឹង មាន​អារម្មណ៍​ថា​ ទៅ​មុខ​ទៀត​អាច​នឹង​ស្លាប់​ដោយសារ​ដាច់​បាយ»

ស្រដៀង​គ្នា​នេះ​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ផ្សារ​ទំនើប​នៅ​ប្រទេស​ថៃ​មួយ​ចំនួន​​ទៀត​ ឱ្យ​ដឹង​ថា ពួកគាត់​ក៏​គ្មាន​ប្រាក់​ចំណូល​សម្រាប់​​ចាយ​វាយ​នៅ​ពេល​ខាង​មុខ​នេះ​ដែរ ហើយ​នាំ​គ្នា​ស្នាក់​នៅ​តែ​ក្នុង​បន្ទប់​ជួល​ ដោយ​ពុំ​ហ៊ាន​ចេញ​ទៅ​ខាង​ក្រៅ​ឡើយ​ ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​កូវិដត១៩។ ប្រភព​ដដែល​បន្ថែម​ទៀត​ថា សព្វ​ថ្ងៃ​ពួក​គាត់​នៅ​សល់​អង្ករ​ប្រមាណ​ ៥គីឡូក្រាម​​ និង​មី ១០​កញ្ចប់ សម្រាប់​ហូប​ចុក​ប្រចាំ​ថ្ងៃ៖ «ចាប់​ពី​គេ​បិទ​ខ្ញុំ​ដេក​ក្រោកៗ រហូត​ អ្នក​ផ្សេង​ក៏​ដូច​គ្នា​ដែរ មាន​រាប់​រយ​នាក់ ប៉ុន្តែ​អ្នក​ខ្លះ​ទៅ​ផ្ទះ​ អ្នក​ខ្លះ​មិន​បាន​ទៅ​ទេ។ ខ្ញុំ​ដាច់​ការ​ងារ​២​អាទិត្យ​ហើយ​ ដោយសារ​ថៅកែ​បិទ​ហាង​ព្រោះ​លក់​មិន​ដាច់​ ខ្ញុំ​ទៅ​មុខ​ទៀត​ក៏​គ្មាន​អី​ហូប ទៅ​ផ្ទះ​ក៏​មិន​រួច​ចេះ​ខ្ញុំ​ភ័យ​ណាស់​ បើ​គេ​បិទ​មិន​ឱ្យ​ដើរ​ហើយ។ ខ្ញុំ​មិន​ដឹង​ទៅ​ខ្ចី​ប្រាក់​ពី​ណា​ទេ បើ​ពី​មុន​ចេះ​តែ​ជួយ​គ្នា​បាន​ ដល់​ពេល​នេះ​អត់​ការងារ​ដូច​គ្នា​មិន​ដឹង​ជួយ​យ៉ាង​ណា​ទេ​ យក​រួច​តែ​ខ្លួន»

ក្រុម​ពលករ​ទាំង​នេះ​បន្ត​ថា ​​​ពលករ​ខ្មែរ​​នៅ​តំបន់​ដទៃ​ទៀត ចាប់​ផ្ដើម​​ដាច់​ស្បៀង​ និង​ខ្លះ​ទៀត​​នៅ​សល់​ប្រាក់​ចន្លោះ​ពី​ ៥០០​បាត​ទៅ ​១ពាន់​បាត ឬ​ប្រមាណ ៣០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ ដោយ​សារ​អត់​ការងារ​​ធ្វើ​ជា​ច្រើន​ថ្ងៃ​​​ហើយ ស្រប​ពេល​ដែល​​ប្រាក់​ខែ​​​​ធ្វើ​ការ​កន្លង​មក​មួយ​ចំនួន​ផ្ញើ​ទៅ​ឱ្យ​ឪពុក​ម្ដាយ​នៅ​ស្រុក​កំណើត​ និង​មួយ​ទៀត​បង់ថ្លៃ​បន្ទប់​ជួល​ និង​ចាយវាយ​អំឡុង​ពេល​អត់​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក​ទទួល​បន្ទុក​ផ្នែក​ពលករ​ លោក គឹម ចំរើន​ និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​ប្រឈម​របស់​កម្មករ​ទាំង​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី​៥​ មេសា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ថ្មីៗ នេះ​ ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​អំពី​ បម្រាម​គោចរ​ទូទាំង​ប្រទេស​ថៃ​ ចាប់​ពី​ម៉ោង​ ១០យប់​ ដល់​ម៉ោង ៤ព្រឹក ដើម្បី​ទប់ទល់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។ បម្រាម​នេះ​ចូល​ជា​ធរមាន ពី​យប់​ថ្ងៃ​ទី៣ ខែ​មេសា​ រហូត​ដល់​ស្ថានការណ៍​វិល​មក​ប្រក្រតី​ឡើង​វិញ។ ជន​ណា​ល្មើស​បម្រាម​នេះ នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ និង/ឬ​ពិន័យ​ជា​ប្រាក់ ៤ម៉ឺន​បាត ឬ​ស្មើ​នឹង​ជាង ១.២០០​ដុល្លារ។ ក្នុង​ករណី​ពលរដ្ឋ​ខ្មែរ​នៅ​ថៃ​មាន​បញ្ហា​ អាច​ទំនាក់​ទំនង​មក​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​​ទីក្រុង​បាងកក​តាម​រយៈ​ហ្វេសប៊ុក​ផេក​របស់​ស្ថានទូត ឬ​ទូរស័ព្ទ​លេខ ០៩២ ៨០ ៥០ ៥៦១ និង​លេខ ០៩៤ ០៩២ ៥៩ ០៥។

ប្រធាន​ផ្នែក​ពលករ​ចំណាក​ស្រុក​នៃ​អង្គការ​សិទ្ធិ​ការងារ​សង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា មាន​ប្រសាសន៍​ថា ​​​​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ​ដែល​ជួប​ការ​លំបាក​ខ្លាំង​ជាង​គេ​ គឺ​ពលករ​​ធ្វើ​ការ​ខុស​ច្បាប់ និង​ពលករ​ដែល​មិន​បាន​​ចុះ​កិច្ច​សន្យា​អត្ថប្រយោជន៍​ការងារ។ លោក​បន្ថែម​ថា​ បញ្ហា​​អាជ្ញាធរ​កម្ពុជា​គួរតែ​​​ជួយ​ដល់​ពលករ​ខ្មែរ​​ទាំង​នោះ​ជា​បន្ទាន់ ​ធ្វើ​យ៉ាង​ណា​ឱ្យ​ពួកគាត់​មាន​ស្បៀង​អាហារ​ហូប​ចុក​ក្នុង​ពេល​ស្នាក់​នៅ​ប្រទេស​ថៃ ពីព្រោះ​ប្រសិន​បើ​ពុំ​ដូច្នោះ​ទេ ពួក​គាត់​នឹង​វិល​ត្រឡប់​ទៅ​កម្ពុជា ​ហើយ​ធ្វើ​ឱ្យ​កក​ស្ទះ​នៅ​តំបន់​ព្រំដែន​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ៖ «ប្រសិន​បើ​វា​ឈាន​ដល់​វិបត្តិ​ធ្ងន់ធ្ងរ​ ដែល​គាត់​មិន​អាច​រស់​បាន​មែន​នោះ ចង់​មិន​ចង់​ទោះ​បី​បិទ​ព្រំដែន​យ៉ាង​ណា ក៏​បិទ​មិន​ជិត​ដែរ​ គាត់​ត្រូវ​ត្រឡប់​ទៅ​ខ្មែរ​ហើយ។ បើ​សិន​មិន​ចង់​ឱ្យ​វា​កើត​វិបត្តិ​ហ្នឹង​រដ្ឋាភិបាល​ថៃ​និង​កម្ពុជា​គួរ​សហការ​គ្នា​ធានា​បាន​នូវ​ស្បៀង ដែល​គាត់​អាច​រស់​នៅ​បាន​​នៅ​ក្នុង​ប្រទេស​ថៃ»

របាយការណ៍​អង្គការ​សង់ត្រាល់​ឱ្យ​ដឹង​ថា សព្វ​ថ្ងៃ​មាន​ពលករ​ខ្មែរ​​ប្រមាណ ២លាន​នាក់ (២.០០០.០០០) ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ កាល​ពី​ថ្មីៗ នេះ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​ថា ទើប​តែ​មាន​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ជាង ៥ម៉ឺន (៥០.០០០) ប៉ុណ្ណោះ ដែល​បាន​ត្រឡប់​មក​ដល់​ស្រុក​កំណើត​វិញ អំឡុង​ពេល​រាតត្បាត​ជំងឺ​កូវិដ១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles