រោងចក្រ​កៅវ៉េ (Kaoway) បញ្ឈប់​កម្មករ​ម្នាក់​ពី​ការងារ ក្រោយ​បញ្ចេញ​មតិ​ថា រោងចក្រ​មិន​សូវ​គិត​អំពី​សុខភាព និង​សុវត្ថិភាព​កម្មករ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ

ដោយ វ៉ែន សុមេធ
2020-04-05
RFA

លោក កែវ ភន់ កម្មករ​នៅ​រោងចក្រ​កៅវ៉េ (Kaoway) នៅ​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ដែល​ថៅកែ​បញ្ឈប់​ពី​ការងារ ក្រោយ​ពេល​បញ្ចេញ​មតិ​តាម​វិទ្យុ​អាស៊ី​សេរី​រឿង​បារម្ភ​អំពី​ជំងឺ​កូវីដ១៩ កាល​ពី​ថ្ងៃ​ទី៣០ ខែ​មីនា ឆ្នាំ២០២០។

លោក កែវ ភន់ កម្មករ​នៅ​រោងចក្រ​កៅវ៉េ (Kaoway) នៅ​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ដែល​ថៅកែ​បញ្ឈប់​ពី​ការងារ ក្រោយ​ពេល​បញ្ចេញ​មតិ​តាម​វិទ្យុ​អាស៊ី​សេរី​រឿង​បារម្ភ​អំពី​ជំងឺ​កូវីដ១៩ កាល​ពី​ថ្ងៃ​ទី៣០ ខែ​មីនា ឆ្នាំ២០២០។

Photo: RFA


កម្មករធ្វើការងារនៅរោងចក្រ កៅវ៉េ (Kaoway) ត្រូវ​បាន​ថៅកែ​បញ្ឈប់​ពី​ការងារ​ក្រោយ​បញ្ចេញ​មតិ​ថា រោងចក្រ​មួយ​នេះ មិន​សូវ​គិតគូរ​ដល់​សុខភាព និង​សុវត្ថិភាព​កម្មករ ពាក់ព័ន្ធ​នឹង​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។ មន្ត្រី​សង្គម​ស៊ីវិល ស្នើសុំ​ឲ្យ​រោងចក្រ​ពិចារ​ណា​ទទួល​យក​កម្មករ​ចូល​ធ្វើ​ការ​វិញ។

កម្មកររោងចក្រកៅវ៉េ លោក កែវ ភន់ ថ្លែង​ថា​ រោងចក្រ ​បាន​បញ្ឈប់​លោក​ពី​ការងារ​ដោយ​អយុត្តិធម៌ ក្រោយ​ពី​លោក​បញ្ចេញមតិ​តាមរយៈ​វិទ្យុ​អាស៊ី​សេរី​ កាល​ពី​ថ្ងៃ​ទី៣០​ ខែ​មីនា​ថា​ រោងចក្រ​ នៅ​តែ​ឲ្យ​កម្មករ​ស្គែន​មេដៃ​ពេល​ចូល​ធ្វើការ​ ផ្ទុយ​ពី​ការ​ណែនាំ​របស់​រដ្ឋាភិបាល​ និងស្នើសុំឲ្យ​រោងចក្រ​ផ្អាក​ការ​ងារ​បណ្តោះអាសន្ន ដើម្បីសុវត្ថិភាព​កម្មករ​ពី​ជំងឺកូវីដ-១៩​ជាដើម។ លោក ឲ្យដឹងថា ដំបូងឡើយ គឺ​នៅ​ថ្ងៃ​ទី១ ខែ​មេសា តំណាង​រោងចក្រ បាន​ហៅ​លោក​ទៅសួរនាំអំពីមូលហេតុដែលលោកបាននិ​យាយ ជាមួយ​អាស៊ី​សេរី ហើយបន្ទាប់មកនៅថ្ងៃទី៣ ខែ​មេសា ស្រាប់តែខាងរោងចក្របណ្តេញ​លោក​ចេញ​ពី​ការងារ​តែ​ម្ដង៖ «អ្វីដែលខ្ញុំមិនសុខចិត្តនោះគឺនៅថ្ងៃទី៣ មេសា ខ្ញុំ​កំពុង​ធ្វើ​ការ​សុខៗ ស្រាប់តែ​រដ្ឋបាល​ហៅ​ខ្ញុំ​ទៅ​ជួប ហើយ​គេ​ហុច​ក្រដាស​មួយ​ឲ្យ ដោយ​បញ្ជាក់​ថា ខ្ញុំត្រូវបានបញ្ឈប់ចាប់ពីថ្ងៃទី៣នេះទៅ ហើយចាំមកបើកលុយថ្ងៃទី៦ មេសា។ ពេល​នោះ គេ​បាន​ដេញ​ខ្ញុំ​ចេញ​ទៅ​ក្រៅ សូម្បី​តែ​ឥវ៉ាន់​ខ្ញុំ កាតាប​របស់ខ្ញុំ ឌុយ​ទូរស័ព្ទ​របស់​ខ្ញុំ ដែល​នៅ​កន្លែង​ខ្ញុំ​អង្គុយ​ធ្វើ​ការ​នោះ គឺ​ឲ្យ​សន្តិសុខ​ឡើង​ទៅ​យក​ជំនួស​ទៀត ហើយ​មើល​ទៅ​ដូចជា​ខ្ញុំ​មាន​កំហុស​ធំ​ដុំ​ណាស់​អ៊ីចឹង»

កាលពីថ្ងៃ​ទី៣០ ខែមីនា ​កម្មកររូបនេះ ​បានផ្តល់បទសម្ភាសន៍​ជាមួយអាស៊ីសេរីថា ​លោក​ មានការ​ព្រួយ​បារម្ភ​អំពី​ហានិភ័យ​នៃការឆ្លងជំងឺកូវីដ-១៩ ​ដោយសាររោងចក្រ ​មិនអនុវត្ត​តាមការ​ណែនាំ​របស់​រដ្ឋាភិបាល ឬក្រសួងសុខាភិបាល​ ដូចជា​រោងចក្រ ​នៅតែ​តម្រូវ​ឲ្យកម្មករ​តម្រង់ជូស្កែន​មេដៃ ហើយ​គ្មាន​ការជួត​សម្អាត​ម៉ាស៊ីនស្កែន​ជាមួយ​ទឹកអាល់កុល ។លើសពីនេះ​ កម្មករ​នៅតែថៅកែ ​តម្រូវឲ្យ​អង្គុយ​ធ្វើការ​នៅ​ក្បែៗ គ្នា​ដដែល កម្មករ​ភាគច្រើន គ្មាន​ពេល​លាង​សម្អាត​ដៃ​ញឹកញាប់ ​ការ​ប្រើប្រាស់​បន្ទប់​ទឹក​រួមគ្នា​ដោយ​គ្មាន​អនាម័យ និង​សាប៊ូ​គ្រប់គ្រាន់​ជាដើម។ ទន្ទឹម​គ្នា​នោះ​ លោក ​ក៏​ស្នើសុំ​ឲ្យ​ថៅកែ​រោងចក្រ ​ពិចារណា​ផ្អាក​ការងារ​បណ្តោះអាសន្ន​ដែរ ដើម្បី​សុវត្ថិភាព​កម្មករ។

ឆ្លើយតប​ចំពោះការ​លើកឡើងនេះ​ បុគ្គលិកផ្នែក​ទំនាក់ទំនង​នៃរោងចក្រកៅវ៉េ​ អ្នកស្រី​ នី​ ស្រីពៅ ​ថ្លែងថា ​ខាងរដ្ឋបាលរោងចក្រ ​ពិតជា​បានហៅ​កម្មករឈ្មោះ ​លោក ​កែវ ​ភន់​ ទៅសួរនាំ​អំពី​មូលហេតុ​ ដែល​និយាយ​ជាមួយវិទ្យុអាស៊ីសេរីមែន ​ប៉ុន្តែ​មិន​បាន​ស្តីបន្ទោស​អ្វី​នោះទេ។ អ្នកស្រី ​បញ្ជាក់ថា​ មូល​ហេតុ​នៃ​ការ​បញ្ឈប់​ពីការងារ​ទៀតសោត​ គឺ​ដោយសារ​តែលោក​ កែវ ​ភន់​ គឺជាគ្រាន់តែ​ជាបុគ្គលិក​សាកល្បង ​ហើយ​បំពេញ​ការងារ​បាន​ល្អ៖ «ពេល​ដែល​គាត់​ខល​ចូលប៉ុស្តិ៍វិទ្យុនោះ គឺ​គាត់​អត់​មាន​ជូន​ដំណឹង​មក​ខាង​ពួក​ខ្ញុំថា ស្នើសុំ​អី​យ៉ាង​ម៉េច​ទេ ដល់ពេលចឹងខាងរោងចក្រ អត់មាន ទទួល​បាន​ដំណឹង​ថា តើ​កម្មករ​គាត់​ចង់​បាន​អី​មុន​នឹង​ឈាន​ដល់ដំណាក់កាល​នឹង។ខ្ញុំ​សូម​បញ្ជាក់​រឿង​ដែល​គាត់​និយាយ​ថា ខាង​រោងចក្រ​បញ្ឈប់​គាត់ គឺ​តាម​ពិត​មិន មែន​ចឹង​ទេ។តាមពិតតាមដែលខ្ញុំដឹង គឺ​ខាង​ប្រធាន​ផ្នែក​របស់​គាត់​នោះ ប្រាប់​មក​ខាង​រដ្ឋបាល​ថា ម្នាក់​នឹង​បំពេញ​ការងារ​អត់​សូវបានល្អ ព្រោះអីគាត់មិនមែន​ជា​បុគ្គលិក​ពេញ​សិទ្ធិ​ទេ។ រយៈ​ពេល​នេះ គឺ​គាត់​ត្រឹម​ជា​បុគ្គលិក​សាក​ល្បង។ ដូច្នេះ ខាងក្រុមហ៊ុន ចំពោះ​បុគ្គលិក​សាកល្បង​នេះ បើសិនជាគាត់ បំពេញ​ការងារ​មិន​បាន​ល្អ គេ​បញ្ឈប់​ពេល​ណា​ក៏​បាន​ដែរ»

ផ្ទុយពីការ​លើកឡើងនេះ ​កម្មករ​ដែល​រងការប​ញ្ឈប់​ពីការងារ​ លោក​ កែវ ​ភន់ និយាយថា ​ការ​លើក​មូលហេតុ​បញ្ឈប់​លោកថា ​ដោយសារតែ​បំពេញការងារ​មិនល្អ​ក្នុងអំឡុង​ពេលការងារ​សាកល្បងនេះ​ គឺគ្រាន់តែជាលេ​ស​ដោះសារ​ ពីព្រោះ​ការងារ​សាកល្បងនេះ ​ត្រូវមាន​រយៈពេល២ខែ ​ប៉ុន្តែលោក​ទើបតែ​បំពេញ​ការងារ​បាន​រយៈពេល​មួយ​ខែ​ប៉ុណ្ណោះ៖ «គ្រាន់តែ​ទាក់ទង​ទៅ​អាស៊ី​សេរី ហើយ​ខ្ញុំ​មាន​កំហុស​ប៉ុណ្ណឹង គេមិនហៅទៅណែនាំឬម៉េចទេ តែ​គេ​យក​លេស​ការងារ​សាកល្បង​នេះ ដើម្បី​បញ្ឈប់​ខ្ញុំ ហើយជាការពិត ការ​បញ្ឈប់​ខ្ញុំ​នេះ គឺ​មិន​ពាក់ព័ន្ធនឹងការ​សាក​ល្បង​ការងារ​ពីរ​ខែ​នេះ​ទេ ព្រោះ​ការងារ​ខ្ញុំ​ធ្វើ​រាល់​ថ្ងៃ​នេះ គឺគ្មានកំហុសអីទេ សូម្បីតែ អ្នក​បង្រៀន​ខ្ញុំក៏គេបានសរសើរដែរ»

ពាក់ព័ន្ធ​នឹង​បញ្ហាស្កែនមេដៃ ​និងបញ្ហាកម្មករអង្គុយ​ធ្វើការ​ជាប់ៗ​គ្នានោះ​ តំណាង​ភាគីរោង​ចក្រ គឺ​អ្នកស្រី​ នី ស្រីពៅ​ ទទួលស្គាល់ថា ​ពិតជា​មាន​ស្ថាន​ភាព​ដូច្នេះ​មែន។ អ្នកស្រី​ ឲ្យដឹង​ថា ​មកដល់​ពេលនេះ​ រោងចក្រ​នៅតែ​តម្រូវ​ឲ្យកម្មករស្កែនមេដៃ ​និងអង្គុយ​ធ្វើការក្បែៗ​គ្នា​ដដែល៖«តាមរោងចក្រ សឹងតែ​ដូច​គ្នា​ទាំងអស់​ហើយ​ពូ គម្លាតមនុស្សនៅកន្លែងធ្វើការ យើងមិនមែនកើតជំងឺនេះមក យើងមិនមែនកំណត់ឲ្យ គាត់​ត្រូវ​អង្គុយ​ឆ្ងាយ​គ្នា​មួយម៉ែត្រពីរម៉ែត្រអី យើងធ្វើម៉េចកើត ដូចកាលគាត់រាយការណ៍កាលពីវីដេអូដំបូងចឹង គាត់ថា ដោយសារ​តែ​រោងចក្រមានអាគារវាតូចផង ហើយ ធម្មតាខ្សែផលិតកម្មគេរៀបរួចហើយ មិនមែនរៀបមួយ​ថ្ងៃពីរថ្ងៃ​ហើយ ផ្លាស់ប្ដូរ​វិញ​ភ្លាមៗ បាន​ទេ។ខាងកែវ ភន់ ក៏គាត់អាចយល់ដែរ កន្លែងត្រង់នឹង។ ហើយចំពោះការ ស្កែន​ម្រាមដៃ ខាងរោងចក្រនៅ​តែបន្តស្កែនម្រាមដៃ ប៉ុន្តែពួកខ្ញុំ បានរៀបចំដាក់ទឹកអាល់ កុល ហើយក៏ចាត់តាំងមនុស្សសម្រាប់​បាញ់ទឹកអាល់កុលសម្រាប់​កម្មករ​និយោជិតដែរ បន្ទាប់ពីស្កែនរួច»

អាស៊ី​សេរី ​មិនទាន់​អាច​ទាក់ទង​ប្រធានមន្ទីរ​ការងារ​ខេត្ត​ស្វាយរៀង​បាន​នៅ​ឡើយ​ទេ​នៅថ្ងៃទី៥ ​ខែ មេសា។ចំណែក ​អភិបាល​ខេត្ត​ស្វាយរៀង ​លោក​ ម៉ែន​ វិបុល ​ពុំ​ទទួល​ទូរស័ព្ទ​នោះ​ទេ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី២៥ ខែ​មីនា ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័នរដ្ឋ​ និង​ក្រុមហ៊ុន​ឯកជន​ទាំង​អស់​ត្រូវ​គិតគូរ​ពី​បញ្ហា​សុខភាព​របស់​បុគ្គលិក​ជាធំ​ ហើយ​លោក​បាន​ណែនាំ ឲ្យ​បញ្ឈប់​ការ​ស្កែន​មេ​ដៃ​ពេល​ចូល និង​ពេល​ចេញ​ពី​ការងារ ដើម្បី​ការពារ និង​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩៖ «អា​រឿង​ស្គែន​មេដៃ​ស្អីៗ ហ្នឹង ផ្អាក​សិន​ទៅ​ព្រោះ​គេ​ហាម ប៉ះ​អា​កន្លែង​ស្គែន​ហ្នឹង​ទៀត គួ​តែ​ស្ថាប័នរដ្ឋ​ទាំង​អស់ និង​ក្រុមហ៊ុន​នានា ផ្អាក​ទៅ​អា​ស្គែន​មេដៃ​នោះ ព្រោះ​ថា​អា​ហ្នឹង​ជា​តំបន់​ឆ្លង​រោគ ព្រោះ​គេ​ហាម​ឥឡូវ​គេ​ឲ្យ​យក​កែង​ដៃ​ទៅ​ចុច»

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​ស្វាយរៀង (Licadho) លោក នុត ប៊ូពិណ្ណារ័ត្ន មាន​ប្រ​សាសន៍​ថា ប្រសិន​បើ​ក្រុមហ៊ុន​បញ្ឈប់​កម្មករ ដោយសារ​តែ​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺ​គួរ​តែ​ពិចារណា​ទទួល​យក​គាត់​ចូល​ធ្វើ​ការ​វិញ ព្រោះ​ការ​បញ្ចេញ​មតិ​នោះ គឺ​ស្រប​ទៅ​នឹង​គោលការណ៍​របស់​រដ្ឋាភិបាល៖ «អ្វី​ដែល​គាត់​បាន​និយាយ​បើ​យើង​គិត​ទៅ គឺ​មិន​មាន​ទោសកំហុស​អី​ធ្ងន់ធ្ងរ​ទេ ព្រោះ​អ្វី​ដែល​គាត់​និយាយ គឺ​ដើម្បី​ផល​ប្រយោជន៍​កម្មករ​ទាំង​មូល ហើយ​អ្វី​ដែល​គាត់​និយាយ​នោះ គឺ​ដោយ​សារ​គោលការណ៍​រាជ​រដ្ឋាភិបាល​ដាក់​មក​អ៊ីចឹង​ដែរ»

លោក កែវ ភន់ ស្នើសុំ​ឲ្យ​ភាគី​រោងចក្រ ​ទទួលយក​លោក​ចូល​ធ្វើការ​វិញ ​ព្រោះ​ការ​បញ្ចេញ​មតិ​របស់​លោក​គ្មាន​ចេតនា​ចង់​ឲ្យ​ប៉ះ​ពាល់​ដល់​រោងចក្រ​នោះ​ទេ គឺ​គ្រាន់​តែ​ចង់​ឲ្យ​រោងចក្រ​គិតគូរ​អំពី​សុវត្ថិភាព និង​សុខភាព​របស់​កម្មករ​ជាង​ពីរ​ពាន់​នាក់​ប៉ុណ្ណោះ ខណៈ​ដែល​ជំងឺ​កូវីដ-១៩ កំពុង​រាតត្បាត​គួរឲ្យ​ភ័យខ្លាច។ ម្យ៉ាងទៀត​ លោក​កត់​សម្គាល់​ថា ក្រោយ​លោក​បញ្ចេញមតិ​នោះ គឺ​ខាង​រោងចក្រ ក៏បាន​ដាក់​ចេញ​វិធានការ​មួយ​ចំនួន​ ដើម្បី​បង្ការ​ការពារ​ជំងឺឆ្លង​មួយ​នេះ​ដែរ៖ «គឺ​ក្រុមហ៊ុន ដូចជា មាន​វិធានការ​បន្ថែម ដូច​ជា​បាញ់​អាល់កុល ទិញ​សាប៊ូ​ដាក់​បន្ទប់​ទឹក ហើយ​មាន​បាញ់​នៅ​បន្ទប់​ទឹក បាញ់​អាល់កុល នៅ​ខ្សែ​ដេ និង​ដាក់​សាប៊ូ​នៅ​តាម​ច្រក ដែល​ពី​មិន​មាន​ដាក់​នោះ​ទេ។ម្យ៉ាងទៀត ពី​មុន​មិន​មាន​ការ​តឹងរ៉ឹង​ពាក់​ម៉ាស់​ទេ តែ​ពេល​ខ្ញុំ​និយាយ​រួច​ឃើញ​មាន​ការ​តឹងរ៉ឹង​មួយ​ទៀត ដោយ​អ្នក​ណា​មិន​ពាក់​ម៉ាស់ គឺ​មិន​ឲ្យ​ចូល​នោះ​ទេ»

រោងចក្រ កៅវ៉េ (Kaoway) ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​មេនហាធេន នៅ​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ រោងចក្រ​មួយ​នេះ មាន​កម្មករ​ជាង ២ពាន់ ៣រយ​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles