លោក ផៃ ស៊ីផាន ហៅ​ការ​ពន្លឿន​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ថា​​ជា​កម្លាំង​ពង្រឹង​នីតិរដ្ឋ​

កូរ៉ូណាវីរុស | នយោបាយ | ព័ត៌មានជាតិ
លោក ញឹម សុខន | ០៦ មេសា ២០២០ | ម៉ោង ៣:៤៦ ល្ងាច
VOD

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)


អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានប្រតិកម្មចំៗទៅលោកបណ្ឌិត យង់ សាំងកុមារ ដែលបានលើកឡើងថា​ ការទប់ស្កាត់អាសន្នសេដ្ឋកិច្ចសំខាន់ជាងដាក់ប្រទេសក្នុងគ្រាអាសន្ន។

ក្នុ្ងងពីធីបើកសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព ទិសដៅបន្ដរបស់ក្រសួងវប្បធម៌ នាព្រឹកថ្ងៃចន្ទនេះ នៅរាជធានីភ្នំពេញ លោក ផៃ ស៊ីផាន ហៅការថ្លែងរបស់លោក យង់ សាំងកុមារ តាមវិទ្យុវាយោ FM កាលពីថ្ងៃអាទិត្យនោះ ថាបានធ្វើឱ្យពលរដ្ឋយល់ច្រឡំ។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ អះអាងថា ការពន្លឿនច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ននេះមើលទៅជារូបភាពបំពាក់អាវុធក៏ពិតមែន តែថា ច្បាប់នេះជាកម្លាំងពង្រឹងនីតិរដ្ឋ។

លោកថា៖ «ដំណាក់កាលនេះជាដំណាក់កាលរៀបចំឱ្យមានច្បាប់មួយដែលជាកម្លាំងនៃនីតិរដ្ឋ។ ដូច្នេះ ការលើកឡើងរបស់លោក យង់ សាំងកុមារ គ្រាន់តែឱ្យគេចាប់អារម្មណ៍នឹងខ្លួន។ យើងអត់ចាប់់អារម្មណ៍ទេ»។

កាលពីចុងសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើលិខិតមួយច្បាប់ស្នើទៅប្រធានព្រឹទ្ធសភាលោក សាយ ឈុំ ឱ្យពិនិត្យ និងរកលទ្ធភាពបើកកិច្ចប្រជុំបន្ទាន់ផ្តល់សុពលភាពដល់ច្បាប់នេះ ខណៈសេចក្តីព្រាងច្បាប់ទើបនឹងដល់ដៃគណៈអចិន្ត្រៃយ៍សភានៅឡើយ។

វិទ្យុវាយោ FM កាលពីថ្ងៃអាទិត្យ បានចាក់ផ្សាយបទសម្ភាសន៍ជាមួយប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) លោកបណ្ឌិត យង់ សាំងកុមារ ។

ក្នុងបទសម្ភាសន៍នោះ លោក យង់ សាំងកុមារ ព្រមានពីហានិភ័យរបស់សង្គមថាវានឹងកើតឡើង បើរដ្ឋាភិបាលដាក់ប្រទេសក្នុងគ្រាអាសន្នទាំងមិនបានដោះស្រាយបញ្ហាស្បៀង និងបញ្ហាបំណុល។

លោកថា៖ «គាត់ត្រូវការអង្ករ ត្រូវការស្បៀងអីមានគ្រប់គ្រាន់នៅ! ហើយទី២ គាត់ត្រូវការបង់រំលស់ធនាគារអ្វីផ្សេងៗ ហើយទន្ទឹមហ្នឹង យើងត្រូវមានហេតុផលគ្រប់គ្រាន់ថា ហេតុអ្វីបានជាយើងត្រូវដាក់ប្រទេសក្នុងគ្រាអាសន្ន»។

លោក យង់ សាំងកុមារ បានសរសេរនៅលើហ្វេសប៊ុករបស់លោកដែរថា៖ «រដ្ឋាភិបាលគួរតែឱ្យសហគ្រាស និងរាស្រ្តទាំងអស់នៅគ្រប់វិស័យ ទាំងក្នុង និងក្រៅប្រព័ន្ធ ដែលរងប៉ះពាល់ដោយកូវីដ១៩ ចាប់ផ្តើមចុះឈ្មោះដើម្បីស្រួលត្រៀមជួយដោះស្រាយ។ កាតព្វកិច្ចរបស់រដ្ឋ គឺជួយរាស្រ្ត និងសហគ្រាសនៅពេលមានវិបត្តិ ដល់ពេលសេដ្ឋកិច្ចដំណើរការល្អវិញ រាស្រ្ត និងសហគ្រាសនឹងជួយរដ្ឋវិញ»។

ប្រធានមជ្ឈមណ្ឌលទស្សនវិទ្យាអនុវត្តន៍ និងសីលធម៌កម្ពុជា លោកបណ្ឌិត ប៉ា ច័ន្ទរឿន បង្ហាញការព្រួយបារម្ភថា វិបត្តិសង្គមវានឹងកើតឡើង បើដំណោះស្រាយមិនឆ្លើយតបទៅនឹងទំហំផលប៉ះពាល់ ទោះបីរដ្ឋាភិបាលមានច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នក៏ដោយ ។

លោកថា៖ «ជាការពិត នៅពេលដែលមនុស្សប៉ះពាល់ដល់ឆ្នាំងបាយហើយ មានតែចេញមកតវ៉ា ហើយវាជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់រដ្ឋាភិបាលនៅក្នុងការដោះស្រាយ»។

ក្រសួងការងារឱ្យដឹងកាលពីសប្តាហ៍មុនថា គិតត្រឹមដើមខែមេសានេះ រោងចក្រ ៩១ សម្រេចព្យួរការងារ ធ្វើឱ្យកម្មករជាង ១៦ម៉ឺននាក់បាត់បង់ការងារបណ្តោះអាសន្ន ដោយសារវិបត្តិកូវីដ១៩នេះ។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅ GMAC កាលពីសប្តាហ៍មុន បង្ហាញខ្វះលទ្ធភាពបើកប្រាក់ឈ្នួលឱ្យកម្មករ ៧៥ម៉ឺននាក់ បើអ្នកបញ្ជាទិញនៅតែមិនព្រមទូទាត់តម្លៃពលកម្មឱ្យអ្នកផលិតដែលជាភាគីរោងចក្រតាមកិច្ចព្រមព្រៀងកន្លងមកនោះ។

មន្ត្រីជាន់ខ្ពស់សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា អះអាងថា គិតត្រឹមឆ្នាំ២០១៩ អ្នកជាប់បំណុលមានជាង ២លាននាក់ ក្នុងនោះកូនបំណុលជាកម្មករក្នុងវិស័យកាត់ដេរមានពី១៥ ទៅ២០ភាគរយ។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ធ្លាប់អន្តរាគមន៍ជួយដោះស្រាយបញ្ហាកម្មករដែលជាប់បំណុល ហើយប្រឈមនឹងអត់ការងារធ្វើ ដោយអំពាវនាវទៅម្ចាស់បំណុលមានមីក្រូហិរញ្ញវត្ថុជាដើម ពិចារណាដកការប្រាក់ ឬផ្អាកបង់រំលស់ ដើម្បីចូលរួមដោះស្រាយបញ្ហាដល់ពួកគេ។

ប៉ុន្តែ គិតត្រឹមថ្ងៃចន្ទនេះ ក្រសួងពាក់ព័ន្ធមិនទាន់ប្រកាសឱ្យដឹងថា កម្មករប៉ុន្មានភាគរយនឹងត្រូវបានលើកលែងការប្រាក់ ហើយប៉ុន្មានភាគរយត្រូវបានពន្យារការសងប្រាក់ត្រឡប់វិញនៅឡើយទេ។

បើតាមប្រមុខរដ្ឋាភិបាល កូវីដ១៩ វាបានក្លាយជាវិបត្តិសកល ដែលធ្វើឱ្យប៉ះពាល់ដល់កម្ពុជាផងដែរ ដល់វិស័យឧស្សាហកម្មកាត់ដេរ វិស័យទេសចរណ៍ ដឹកជញ្ជូន សណ្ឋាគារ ផ្ទះសំណាក់ និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "លោក ផៃ ស៊ីផាន ហៅ​ការ​ពន្លឿន​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ថា​​ជា​កម្លាំង​ពង្រឹង​នីតិរដ្ឋ​"

  1. ផៃសុីផានបាននិយាយថាះ ដំណាក់កាលនេះជាដំណាក់កាលរៀបចំឱ្យមានច្បាប់មួយដែលជាកម្លាំងនៃនីតិរដ្។ តែកម្លាំងនៃនីតិរដ្ឌរបស់់់របបនេះ គឺជាកម្លាំងយោធាសម្រាប់មកបង្រ្ការាបសតិនងការតវ៉ារមហាជនតែបុណ្ណោះ!

  2. Anonymous says:

    Pi c phorm know how to licking veitcong mafia dictator’s ass’ that why he can speek what ever he wanted but followed dictator ‘otherwise will be gone’