វិភាគ៖ តើ​រដ្ឋ​មាន​តួ​នា​ទី​យ៉ាង​ណា​ខ្លះ​ពេល​ប្រកាស​ដាក់​​ប្រ​ទេស​​ក្នុង​គ្រា​​អា​សន្ន​?​

បទវិភាគ
លោក ហ៊ុន សិរីវឌ្ឍន៍ | ០៦ មេសា ២០២០ | ម៉ោង ៣:០៧ ល្ងាច
VOD

ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ និងពលរដ្ឋដែលធ្វើការនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ស្របពេលដែលកងកម្លាំងប្រដាប់អាវុធនៅឈាមការពារនៅតំបន់នោះ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ រូបភាព៖ ជន ចាន់រ៉ែន

ដងកាំភ្លើង​កងកម្លាំង​រាជរដ្ឋាភិបាល​កម្ពុជា យាម​ការពារ​នៅតំបន់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កាលពី​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ថ្ងៃដែល​លោក សម រង្ស៊ី អតីត​មេបក្សប្រឆាំង​ប្រកាសវិលចូល​ស្រុកខ្មែរ​វិញ​។ ​(រូបភាព៖ ជន ចាន់រ៉ែន)


សេចក្តី​ព្រាង​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សភា​ជាតិ​ហើយ​កាល​ពី​ចុង​សប្ដាហ៍មុន​បន្ទាប់គណៈរដ្ឋមន្ត្រី​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់​នេះ។

នៅព្រឹកថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២០ លោក ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ ដែលបានធ្វើឡើងនៅវិមានសភាជាតិ។ (ជន ចាន់រ៉ែន)

ថ្លែងក្នុង​សន្និសីទ​­សារព័ត៌មាន​នៅ​សភា​ជាតិ​កាល​ពី​ថ្ងៃទី២០ ខែ​មីនា លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ថា៖«សម្រាប់​យើង​ឥឡូវ​នេះ ​យើង​មិន​ទាន់​មា​នច្បាប់​ណា​ដើម្បី​នឹង​ធ្វើការ​ត្រួតត្រា​សភាព​ការ​ណ៍នៅពេល​ដែល​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​នោះ​ទេ។ ដូច្នេះ​ ច្បាប់​មួយ​ត្រូវ​តែ​បង្កើត​ឡើង​ បើ​ទោះ​បី​ជា​ចង់ ឬ​ក៏​មិន​ចង់​ យើង​ត្រូវ​មាន​ឧបករណ៍​ច្បាប់​នៅ​ក្នុង​ដៃ ដើម្បី​ឱ្យ​រដ្ឋ​អនុវត្ត​ទៅ​ដោយ​រលូន»។


មាតិកា


តើ​ក្នុង​ពេល​ដែល​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ រដ្ឋ​ត្រូវ​មាន​ភារកិច្ច​អ្វី​ខ្លះ?

យោង​តាមរដ្ឋធម្មនុញ្ញ​កម្ពុជាមាត្រា ២២ថ្មី ចែង​ថា នៅពេលប្រជាជាតិ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់ ព្រះ​មហាក្សត្រ​ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ ដាក់​ប្រទេស​ជាតិ​ស្ថិត​នៅ​ក្នុង​ភាព​អាសន្ន ក្រោយ​ពី​បាន​មតិ​ឯកភាព​ពី​នាយករដ្ឋមន្ត្រី ប្រធាន​រដ្ឋសភា និង​ប្រធាន​ព្រឹទ្ធសភា។

ការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន

ការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ (State of emergency) គឺ​ជា​ការ​ប្រកាស​របស់​រដ្ឋាភិបាល​ក្នុង​ការ​ត្រៀម​លក្ខណៈ​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាពដែល​គំរាម​កំហែង​ដល់​ប្រទេស​ទាំង​មូល​ ដែល​មាន​ដូច​ជា សង្គ្រាម​ គ្រោះធម្មជាតិ ភាព​វឹកវរស៊ីវិល វិបត្តិ​ហិរញ្ញវត្ថុ ជំងឺ​រាតត្បាត ជាដើម។

លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ

ប្រធាន​រាជ្យ​បណ្ឌិត​សភា​កម្ពុជា​ លោក​បណ្ឌិត​ សុខ ទូច មាន​ប្រសាសន៍​ថា៖ «ខណៈ​ដែល​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ មាន​ន័យ​ថា ​ប្រទេស​កំពុង​តែ​ចលាចល ហើយ​កាល​ណា​ប្រទេស​ចលាចល ​គេ​អាច​ប្រើប្រាស់​កម្លាំង​ ភាសា​អ្នក​លេងគេ​ហៅ​ថា ​ប្រើ​កម្លាំង​បាយ​ លែង​ប្រើប្រាស់​កម្លាំង​ច្បាប់ហើយ។ អ៊ីចឹង ​នៅ​ពេល​គេប្រើប្រាស់​កម្លាំង​ ទៅ​ប្ដឹង​គេ​គឺ​អត់​​ត្រូវ​ទេ។ ទីពីរ​ នៅ​ពេល​គេ​ប្រកាស​ភាព​អាសន្ន ប្រជាជន​ទាំង​អស់​នៅ​ក្នុងប្រទេស​ហ្នឹង​ត្រូវ​តែរក្សា​ទៅ​តាម​អ្វី​ដែល​គេ​មាន​បទ​បញ្ជា​ ឧទាហរណ៍ ​គេ​ប្រកាស​បិទ​ចរាចរណ៍​នៅ​ម៉ោង ​៨​យប់ ដូច​នេះ​បើ​ចេញ​ម៉ោង​ ៨​យប់ ​គេ​បាញ់។ ហើយ​បាញ់មិន​មែន​គេ​ខុស​ទេ មិន​មែន​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទេ អាហ្នឹង​ហើយ​ជា​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​នោះ»។​

ការ​ធានា​របស់​​រដ្ឋ​ក្នុង​ពេល​ដាក់​ប្រទេស​ក្នុងគ្រា​អាសន្ន

សាស្ត្រាចារ​្យផ្នែកការ​ទូត​ និង​កិច្ចការពិភព​លោក​នៃ​សកល​វិទ្យា​ល័យ​ Occidental នៅ​សហរដ្ឋអាមេរិក​ លោក​បណ្ឌិត អៀ សុផល បាន​ឱ្យ​ VOD ដឹងថា​ នៅពេល​ដែល​រដ្ឋ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ក្នុង​ពេល​ពិភព​លោក​មាន​វិបត្តិកូរ៉ូណាដូច​បច្ចុប្បន្ន​ រដ្ឋ​ត្រូវ​បង្កើន​នូវ​ការ​ធ្វើ​តេស្ត​សុខភាព បង្កើន​ការយក​ចិត្ត​ទុក​ដាក់​សុខភាព លុប​បំបាត់​អំពើ​​ពុក​រលួយ និង​ត្រូវ​ធានា​ថា​ គ្មាន​ការ​រំលោភ​បំពាន​ផ្សេងៗ។

លោក​សរសេរថា៖​ «ខ្ញុំ​នឹង​ប្រាប់អ្នក​នូវ​អ្វី​ដែល​រដ្ឋមិន​គួរ​ធ្វើ។ រដ្ឋ​មិនត្រូវ​ប្រើ​ឱកាស​នេះ​ដើម្បី​ចាប់​ខ្លួនអ្នក​រិះគន់ និង​អ្នក​ប្រឆាំង​ថែម​ទៀត​ទេ ដែល​ឆ្លៀត​ធ្វើ​ក្នុង​ឱកាស​ទប់​ស្កាត់​កូវីដ​១៩​ ដើម្បី​ធ្វើ​ការ​រំលោភ​បំពាន​សិទ្ធ​មនុស្សនោះ»។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិ​ត​សភា​កម្ពុជា​ លោក​បណ្ឌិត គិន ភា មាន​ប្រសាសន៍​ថា ​នៅ​ពេល​ដែលប្រទេស​មួយ​ដាក់​ក្នុង​ភាព​អាសន្ន​ មានន័យ​ថា ​សិទ្ធិ​ស៊ីវិល​គឺ​ត្រូវ​បាន​ដក​ហូត ដែល​មាន​ដូច​ជា​សិទ្ធិ​ជួប​ប្រជុំ សិទ្ធិ​និយាយ​ស្ដី សិទ្ធិនយោបាយ​ជា​ដើម ​អាច​នឹង​ត្រូវ​បាន​ដក​ហូត​ក្នុង​រយៈពេល​កំណត់​មួយដោយ​រដ្ឋ។ លោក​បន្ថែម​ថា ​ពលរដ្ឋ​ត្រូវ​ចូល​រួម​អនុវត្តនូវ​វិធានការ​នានា​ដែល​រដ្ឋ​ដាក់​ចេញ ​ដើម្បី​ធានា​នូវ​ស្ថានភាព​នឹង​នរ​របស់​ប្រទេស។

លោក​បន្ថែម​ថា៖ «ជារឿង​មួយ​ដែល​ពលរដ្ឋ​ត្រូវ​អនុវត្ត​ ហើយ​រដ្ឋ​ដែល​មាន​កាតព្វកិច្ច​​ការពារ​សុខុមាល​ភាព​របស់​ប្រជាពលរដ្ឋ សន្ដិសុខ​សណ្ដាប់​ធ្នាប់​សាធារណៈ​របស់​ប្រទេស​ហ្នឹង​ ក៏​ត្រូវ​តែ​អនុវត្ត​នូវ​បទ​បញ្ញត្តិ​ហ្នឹង​ដោយ​ប្រយ័ត្ន​ប្រយែង ​ជៀសវាង​អនុវត្ត​តាម​ទំនើងចិត្ត​ ដែល​នាំ​ទៅ​ដល់​ការ​ប៉ះពាល់​ទៅ​ដល់​ទ្រព្យ​សម្បត្តិ​ឯកជន ឬ​សាធារណៈ ឬ​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ»។

ជា​រួម​ រដ្ឋមាន​សិទ្ធិ​ក្នុង​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ដោយ​ដាក់​ចេញ​វិធាន​ការ​នានា​ដើម្បី​ធានា​នូវ​ស្ថិរភាព​សង្គម និង​អាយុជីវិត​ប្រជាជន តែ​ការ​ដាក់ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ ​រដ្ឋ​ត្រូវធានា​នូវ​​សិទ្ធិ​ជា​មូល​ដ្ឋាន​របស់​មនុស្សមួយ​ចំនួន​ផងដែរ។

យោង​តាម​អត្ថបទ​ស្ដីពីការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន នៃ​វិទ្យាស្ថាន​ក្រុងហ្សឺណែវ​ សម្រាប់​ការ​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ DCAF ​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០0៥​ បាន​លើក​ឡើង​ថា បើទោះ​បី​ដាក់​​ប្រទេស​ក្នុង​គ្រា​អាសន្ន ​តែ​រដ្ឋាភិបាល​ប្រទេស​នោះ​ត្រូវតែ​រក្សា​នីតិ​រដ្ឋ​របស់​ខ្លួន​ដដែល ជាង​នេះ​ទៅ​ទៀត​ សិទ្ធិ​មនុស្ស​មួយ​ចំនួន​ក៏​នឹង​ត្រូវ​អនុវត្តផង​ដែរ ដែល​មាន​ដូច​ជា​សិទ្ធិ​រស់រាន​មាន​ជីវិត គ្មាន​ការ​ធ្វើ​ទារុណកម្ម គ្មាន​ការ​ចាប់​ធ្វើ​ទាសករ សេរីភាព​ពី​ការ​អនុវត្តច្បាប់​តាមមាត់ មាន​សិទ្ធិ​តវ៉ា​តាម​ផ្លូវ​​ច្បាប់ សិទ្ធិ​ក្នុង​ការ​គិត និង​សាសនា ​ជាដើម។

បន្ថែម​ពី​លើ​នេះ ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ​ក៏​បាន​ចែង​ពី​សិទ្ធិ​មនុស្ស​ដែល​ត្រូវ​ទទួល​បាន​ក្នុង​ពេល​ដែល​រដ្ឋ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ផង​ដែរ​ ដែល​មាន​ដូច​ជា​ការ​យក​ចិត្ត​ទុក​ដាក់​បែប​មនុស្ស​ជាតិ​លើ​អ្នក​ដែល​ត្រូវ​បាន​ដក​ហូត​សេរីភាព​របស់​ពួកគេ ហាម​ឃាត់​ការ​ចាប់​មនុស្ស​ជា​ចំណាប់​ខ្មាំង និង​ចាប់​មនុស្ស​ឃុំ​ឃាំង​ដោយ​គ្មាន​មូល​ហេតុ ការពារ​សិទ្ធិ​​របស់​ជនជាតិ​ដើម​ភាគ​តិច ហាម​ឃាត់​ការ​ផ្សព្វផ្សាយ​ពី​សង្គ្រាម ការ​រើស​អើង​ពូជ​សាសន៍ ឬ​សាសនា​ ហើយ​បើ​ទោះបី​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​​ក៏​ដោយ ​ក៏​ការ​ការពារ​ខ្លួន​របស់​មនុស្ស និង​ភាព​ត្រឹម​ត្រូវ​នៃ​ប្រព័ន្ធ​​តុលាការ​ក៏​នឹង​ត្រូវ​បាន​ធានា​ផង​ដែរ។

ការ​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​របស់​រាជាណាចក្រ​ថៃ

ប្រទេស​ថៃ​ជា​ប្រទេស​តែ​មួយ​គត់​នៅ​តំបន់​អាស៊ានដែល​​បាន​ដាក់​ប្រទេស​ខ្លួន​ភាព​អាសន្ន​មុន​គេ កាល​ពី​ថ្ងៃ​ទី២៦ ខែមីនាកន្លង​ទៅ ដែល​វិធាន​ការ​ជា​ដំ​បូង​របស់​ប្រទេស​នោះ​ដំបូង​គេ​គឺ​ផ្ដោត​លើ​ការ​គ្រប់គ្រង​លើ​បណ្ដាញ​សារព័ត៌មាន និងគ្រប់គ្រង​ការ​ជួប​ជុំ​។

អ្នក​ស្រាវ​ជ្រាវ​នៅ​មជ្ឈ​មណ្ឌល​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ នៃ​សាកល​វិទ្យាល័យ Ritsumeikan Asia Pacific លោក សេក សុផល មាន​ប្រសាសន៍​ថា៖ «គេ​គ្រប់គ្រង​ព័ត៌មាន​ជា​ពិសេស​ ដោយ​សារ​តែ​ក្នុង​បណ្ដាញ​សង្គម​មាន​ព័ត៌មាន​ចម្រុះ​ច្រើន​ពេក ហើយ​ព័ត៌មាន​ចម្រុះ​ហ្នឹង​អាច​និយាយ​បាន​ថា ​ព័ត៌មាន​ចម្រុះ​ហ្នឹង​អាច​ធ្វើ​ឱ្យ​ស្ថានភាព​កាន់​តែ​ច្របូក​ច្របល់​ថែម​ទៀត ព្រោះ​មាន​ព័ត៌មាន​មិន​ពិត​ច្រើន​។ ទីពីរ​ មាន​ការ​គ្រប់គ្រង​ការជួប​ជុំ​នៅ​កន្លែង​អាជីវកម្ម​មួយ​ចំនួន​ដូច​ជា​បារ ឬ​ក្លិប​អី ​ដែល​គេ​គិត​ថា ​ជា​កន្លែង​មួយ​ដែល​អាច​ឆ្លង​ជំងឺ​បាន​ គេ​បិទ​កន្លែង​ទាំង​អស់​ហ្នឹង។ អ៊ីចឹង​ហើយ​នៅពេល​ដែល​មាន​គេ​បិទ​អាជីវកម្ម​ទាំង​អស់​ហ្នឹង ​បាន​ធ្វើ​ឱ្យ​អ្នក​ដែល​ទៅ​ធ្វើ​ការ​នៅ​ទីក្រុង​បាងកក​ហ្នឹង​គាត់​ធ្វើ​ដំណើរ​ត្រលប់​ទៅ​ខេត្ត​វិញ​ ដោយ​សារ​កន្លែង​ធ្វើ​ការ​របស់​គាត់​ត្រូវ​បាន​គេ​បិទ​មិន​ឱ្យ​ធ្វើ​អាជីវ​​កម្ម អត់​ដំណើរ​ការ​ គាត់​អត់​ការ​ងារ​ធ្វើ​ គាត់​ក៏​ត្រលប់​មក​ខេត្ត​វិញ​»។

លោក​បន្ថែម​ថា៖ «តែ​ពេល​ហ្នឹង​គេ​អត់​ទាន់​បាន​ដាក់​បម្រាម​គោលចរទេ ព្រោះ​បម្រាម​គោលចរ​ហ្នឹង​គេទើប​ដាក់​នៅ​ថ្ងៃ​២ មីនា​ទេ គឺ​ច្រើន​ថ្ងៃ​ក្រោយ​ពី​ប្រកាស​ភាព​អាសន្ន​ហើយ ​ទើប​បាន​ដាក់​បម្រាម​គោលចរ​ថែ​មមួយ​តង់​ទៀត។ […] នៅ​ក្នុង​ប្រទេសថៃ ​គឺ​គេអនុវត្តអ៊ីចឹង​ តែ​ខ្ញុំ​មិន​ដឹង​ថា​ ស្ថានភាព​ប្រទេស​កម្ពុជា​ គេ​អាច​អនុវត្តរបៀប​ម៉េច អ៊ីចឹង​យើង​មិន​អាចយក​ស្ថានភាព​ប្រទេស​ថៃ​ទៅ​ប្រៀបធៀប​នឹង​ប្រទេស​កម្ពុជា​បាន​ទេ​»។

លោក​ សុផល ​បន្ថែម​ថា​ ស្ថានភាព​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​នៅ​ប្រទេស​ថៃ​ ពុំ​មាន​ភាព​ចលាចល​សង្គម​អ្វី​នោះ​ទេ តែ​ការ​ដាក់​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ដោយ​សារ​ការបាត់បង់​ការងារ​របស់​ប្រជាជន។

លោក​បន្ថែម​ថា៖ «ក៏ប៉ុន្តែ ក្នុងស្ថានភាពបែបនេះ ទោះបីជាអាជីវកម្មបើកក៏មិនសូវមានមនុស្សទៅទិញ ឬប្រើប្រាស់សេវាកម្មដែរ ព្រោះមនុស្សខ្លាចឆ្លង»។

ការ​ការពារ​កុំ​ឱ្យ​ប្រទេស​ធ្លាក់​ក្នុង​របប​ផ្ដាច់​ការ​

មាន​ការ​បារម្ភ​ច្រើន​ពី​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​​ អាច​ធ្វើ​ឱ្យ​មាន​ការ​រំលោភ​អំណាច​រដ្ឋ​ ដែល​នឹង​បង្កើត​ជា​ការ​ដឹក​នាំ​បែប​ផ្ដាច់​ការ​ក្នុងប្រទេសនោះ​នា​ថ្ងៃ​អនាគត។

ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ និងពលរដ្ឋដែលធ្វើការនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ស្របពេលដែលកងកម្លាំងប្រដាប់អាវុធនៅឈាមការពារនៅតំបន់នោះ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ រូបភាព៖ ជន ចាន់រ៉ែន
ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ និងពលរដ្ឋដែលធ្វើការនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ស្របពេលដែលកងកម្លាំងប្រដាប់អាវុធនៅឈាមការពារនៅតំបន់នោះ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ រូបភាព៖ ជន ចាន់រ៉ែន

វិទ្យាស្ថានក្រុងហ្សឺណែវសម្រាប់ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យដោយកងកម្លាំងប្រដាប់អាវុធ DCAF បាន​សរសេរ​ក្នុង​អត្ថបទ​របស់​ខ្លួន​ថា វា​មិន​ខុស​គ្នា​ទេ​រវាង​ការ​ដាក់​ប្រទេស​ក្នុងភាព​អាសន្ន ទៅ​នឹង​របប​ផ្ដាច់​ការ នៅពេល​ដែល​រដ្ឋ​អាច​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ដោយ​មិន​បញ្ចប់​នោះ ដោយ​សារ​តែ​ច្បាប់​មួយ​ចំនួន​នៅពេល​ដែល​ដាក់ប្រទេស​​ក្នុង​ភាព​អាសន្ន​ អាច​ដាក់​ដើម្បី​អនុញ្ញាត​ឱ្យ​ទ័ព​មាន​អំណាចកាន់​តែ​ខ្លាំង​ជា​ងអាជ្ញាធរគ្រប់គ្រង​​នោះ។

ដើម្បី​ការពារ​កុំ​ឱ្យ​រដ្ឋ​ធ្លាក់​ក្នុង​ការ​គ្រប់គ្រង​ផ្ដាច់​ការ​ទៅ​លើ​អំណាច​នីតិ​ប្រតិបត្តិ​ វា​ត្រូវ​ការ​ការ​ចូល​រួម​ពី​សភា តុលាការ សង្គម​ស៊ីវិល និង​អន្តរជាតិ​ ក្នុង​ការ​ឃ្លាំមើល​ពី​សកម្មភាព​របស់​នីតិ​ប្រតិបត្តិ​ក្នុង​ការ​ធ្វើ​ការ។ សភា​មាន​តួនាទី​​ពិនិត្យ​មើល​ទៅ​លើ​ការ​សម្រេច​របស់​អង្គនីតិប្រតិបត្តិ​ ដោយ​ប្រើ​សិទ្ធិ​បោះឆ្នោត​របស់​ខ្លួន មាន​ភារកិច្ច​ក្នុង​ការ​ស៊ើប​អង្កេត​លើ​ការងារ​របស់​រដ្ឋាភិបាល​ក្នុង​ពេលដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ដើម្បី​ធានា​ពី​ច្បាប់ ខណៈ​តុលាការ​ត្រូវ​ធានា​ពី​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិ​ធម៌ លើស​ពី​នេះ ​តុលាការ​ក៏​អាច​ពិនិត្យ​មើល​ពីភាព​ស្រប​ច្បាប់​ពី​វិធាន​ការ​ដែល​រដ្ឋាភិបាល​បានចេញផង​ដែរ។

ក្រៅ​ពី​តួនាទី​នៃ​អំណាច​ទាំង​ ៣​របស់​រដ្ឋ តួនាទី​អន្តរជាតិ​ក៏​សំខាន់​ដែរ​ ដើម្បី​ធានាដល់​ដំណើរ​ការ​នៃ​ការ​ដាក់​ប្រទេស​ក្នុងគ្រា​អាសន្ន។

DCAF​ បាន​សរសេរ​ថា៖ «សហគមន៍អន្តរជាតិចាំបាច់ត្រូវតែមាន ចូលរួមយ៉ាងសកម្ម ដើម្បីធានាថា រដ្ឋាភិបាលគោរពតាមបទដ្ឋានទាំងនេះ។ ជាពិសេសសហគមន៍​អន្តរជាតិ​ត្រូវធ្វើ​ការជាមួយរដ្ឋាភិបាលពាក់ព័ន្ធដើម្បីធានាការ​ឆាប់​ត្រឡប់ទៅភាពប្រក្រតី និងការស្តារឡើងវិញនៃបទបញ្ជារដ្ឋធម្មនុញ្ញដែលធានាសិទ្ធិបាន​យ៉ាង​ពេញលេញនោះ»។

អនុសាសន៍​

ជា​រួម​ ការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ គឺ​ជា​រឿង​មួយ​ដែល​ចាំ​បាច់ក្នុង​ស្ថានភាព​ដែល​វឹកវរ​សង្គម​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ ហើយ​​ការ​ដាក់​ទៀត​សោត​ គឺ​មាន​គោល​បំណង​​ដើម្បី​ធានាស្ថិរភាព សន្ដិសុខ​សង្គម ថែរក្សា​អាយុជីវិត​ប្រជាជន ដែល​ត្រូវ​មាន​វិធាន​ការ​ដាក់ចេញ​ភ្លាម​ៗ​ដើម្បី​ឆ្លើយ​តប​នឹង​សភាព​ការណ៍​​ថ្មីៗ​។

ទោះ​ជា​យ៉ាង​ណា​ ការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ គឺ​បាន​បើក​ដៃ​ឱ្យ​អំណាច​នីតិ​ប្រតិបត្តិ​​អាច​ប្រើប្រាស់​អំណាច​កាន់​តែ​ខ្លាំង ​ដែល​ជា​ការ​បារម្ភ​អាច​ធ្វើ​ឱ្យ​មាន​ការ​គ្រប់គ្រង​បែប​ផ្ដាច់​ការ​ និង​​មិន​អាច​ទាញ​មក​កាន់​សភាព​ដើម​វិញ។ វា​ត្រូវ​ការ​ការ​ចូល​រួម​ពី​សភា តុលាការ និង​អន្តរជាតិ​ ក្នុង​ការ​ពិនិត្យ​ពី​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​កាន់​តែ​ខ្លាំង​​ក្នុងការ​ធានា​ថា គោល​ការណ៍​​សិទ្ធិ​មួយ​ចំនួន​របស់​ពលរដ្ឋ​មិន​ត្រូវ​បាន​គេ​រំលោភ​បំពាន គ្មាន​ការ​រំលោភ​អំណាចរដ្ឋ និង​ធានា​ឱ្យឆាប់​​វិល​ត្រលប់​មក​កាន់​ដំណើរ​ការដើម​​របស់​រដ្ឋ​ឡើង​​វិញ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles