សមាគម​ខ្មែរ​កម្ពុជា​ក្រោម ចែកចាយ​សម្ភារៈ​ការពារ​ដល់​ខ្មែរ​ក្រោម​ ដើម្បី​ការពារ​ជំងឺ Covid-19

ដោយ យន់ សាមៀន
2020-04-06
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ម៉ាស់ និង​អាកុល​របស់​សមាគម​ខ្មែរ​ក្រោម​សម្រាប់​ចែក​ជូន​ពលរដ្ឋ​ខ្មែរ​ក្រោម។

ម៉ាស់ និង​អាកុល​របស់​សមាគម​ខ្មែរ​ក្រោម​សម្រាប់​ចែក​ជូន​ពលរដ្ឋ​ខ្មែរ​ក្រោម។

 រូប៖ លោក សឺន ជុំជួន អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍


តំណាង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ នឹង​ចែក ទឹក​អាល់កុល និង​ម៉ាស់​ការពារ​ដល់​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​បាត់ដំបង ដើម្បី​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ covid-19។ ក្រៅ​តែ​ពី​សម្ភារៈ មន្ត្រី​សមាគម​ក៏​នឹង​ពន្យល់​អប់រំ​ខ្មែរ​ក្រោម អំពី​របៀប​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​នេះ​ដែរ។

អគ្គលេខាធិការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ប្រាប់​អាស៊ី​សេរី​ថា សមាគម​លោក​ជ្រើសរើស​យក​ខេត្ត ខេត្ត​សៀមរាប និង​ខេត្ត​បាត់ដំបង ធ្វើ​យុទ្ធនាការ​ជា​ជំហាន​ដំបូង ដោយសារ​តែ​ខ្មែរ​ក្រោម​ដែល ​រស់នៅ​ខេត្ត​ទាំង​ពីរ​នោះ កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ខាត​ផ្នែក​ជីវភាព បណ្ដាល​មក​ពី​ការ​រាតត្បាត​នៃ​ជំងឺ covid-19។ លោក​ថា សមាគម​លោក​នឹង​ប្រើប្រាស់​ថវិកា​តិច​ជាង​មួយ​ពាន់​ដុល្លារ​សម្រាប់​ទិញ​សម្ភារៈ និង​ម៉ាស់ សម្រាប់​ចែក​រាយ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​នោះ៖ «បាទ​យើង​មាន​ត្រូវ​អាកុល និង​ម៉ាស់​ជា​ដើម ប៉ុន្តែ​មិន​ច្រើន​ទេ ក្នុង​មួយ​ម្នាក់​បាន​មួយ​ដប​ពីរ​ដប និង​ម៉ាស់ មិន​ច្រើន​ទេ»

ពលរដ្ឋ​ខ្មែរ​ក្រោម ជា​ច្រើន​រយ​នាក់​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​បាត់ដំបង កំពុង​ជួប​ប្រទះ​បញ្ហា​ជីវភាព ដោយសារ​តែ​ពួក​គេ​មិន​អាច​ធ្វើ​ការងារ និង​មុខ​របរ​ប្រចាំ​ថ្ងៃ ដើម្បី​រក​ប្រាក់​ចំណូល​សម្រាប់​គ្រួសារ។ កន្លង​មក​ពួក​គេ​ក៏​រង​គ្រោះ​ថ្នាក់​ដោយសារ​តែ ការ​រើសអើង​ពី​សំណាក់ អាជ្ញាធរ​មូលដ្ឋាន បណ្ដាល​ឲ្យ​ពួក​គេ មិន​អាច​មាន​សិទ្ធិ​ទទួល​បាន​ប័ណ្ណ​សំគាល់​ខ្លួន និង​ប្លង់​កម្ម​សិទ្ធិ​ដី​ធ្លី​ជា​ដើម។

លោក សឺន ជុំជួន បន្ត​ទៀត​ថា ទោះ​បី​ខ្មែរ​ក្រោម​ខ្លះ​បាន​ផ្អាក​ការងារ និង​មុខ​របរ​ក៏​ដោយ ប៉ុន្តែ​ខ្មែរ​ក្រោម​ខ្លះ​ទៀត​បន្ត​ធ្វើ​ការងារ និង​ប្រកប​មុខ​របរ​បន្តិចបន្តួច​ដដែល ដោយសារតែ​ពួកគេ​ត្រូវ​ការ​ថវិកា​ចិញ្ចឹម​ជីវិត បណ្ដាល​ឲ្យ​ពួក​គេ​ប្រឈម​មុខ​នឹង​ឆ្លង​ជំងឺ covid-19នេះ។ លោក​ស្នើ​ឲ្យ​ខ្មែរ​ក្រោម ត្រូវ​ចេះ​ប្រុង​ប្រយ័ត្ន​ការពារ​ខ្លួន កុំ​ឲ្យ​ឆ្លង​ជំងឺ​ដ៏​សាហាវ​នេះ៖ «បើ​តាម​ព័ត៌មាន​យើង​ទទួល​បាន​ហ្នឹង​មិន​ទាន់​មាន​ម្ចាស់​ផ្ទះ។ គេ​អនុគ្រោះ​នៅ​ឡើយ​ទេ។ អ៊ីចឹង​ទៅ​បង្ខំ​ចិត្ត គាត់​ទៅ​លក់​ដូរ​ជា​ធម្មតា»

លោក សឺន ជុំជួន មានប្រសាសន៍ថា សមាគម​របស់​លោក គ្មាន​តួលេខ​ខ្មែរ​ក្រោម កំពុង​រស់​នៅ​កម្ពុជា​ពិត​ប្រាកដ​នោះ​ទេ ប៉ុន្តែ​លោក​គិត​ថា ខ្មែរ​ក្រោម​រាប់​ម៉ឺន​នាក់ បាន​មក​រស់​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។ លោក​បន្ថែម​ទៀត​ថា ក្រោយ​បញ្ចប់​ការ​ចែកចាយ​សម្ភារៈ​ការពារ​ជំងឺ covid-19នៅ​ខេត្ត​បាត់ដំបង និង​សៀមរាប​មក សមាគម​លោក​នឹង​បន្ត​ចែក​ជូន​សម្ភារៈ ការពារ​ជំងឺ covid-19នេះ ទៅ​ខេត្ត​ផ្សេង​ទៀត។

លោក សឺន ជុំជួន ក៏​ដោយ​ដឹង​ដែរ​ថា ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​នៅ​ប្រទេស​ថៃ ប្រមាណ​ជាង​ពីរ​រយ​នាក់ ក៏​កំពុង​ជួប​ប្រទះ​បញ្ហា​ជីវភាព​ដែរ ដោយសារ​តែ​ពួក​គេ​មិន​អាច​ស្វែង​រក​ការងារ​ធ្វើ ហើយ​ពួក​គេ​ក៏​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់។ ពលរដ្ឋ​ខ្មែរ​ក្រោម​ជា​ច្រើន​គ្រួសារ បាន​រត់​មក​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ប្រទេស​ថៃ ដោយសារ​តែ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម។

លោក សឺន ជុំជួន អំពាវនាវឲ្យ  សប្បុរសជន អាច​ទាក់ទង​លោក ដើម្បី​ចូល​រួម​បរិច្ចាគ​ជួយ​ដល់​ខ្មែរ​ក្រោម ដែល​កំពុង​ខ្វះ​ខាត​ថវិកា​​ដើម្បី​អាច​ទិញ​សម្ភារៈ​សំខាន់ៗ មួយ​ចំនួន ដើម្បី​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles