ស្ថានទូត​ខ្មែរ​នៅ​ម៉ាឡេស៊ី ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ពលករ​លើ​ទូក​នេសាទ

ដោយ វ៉ែន សុមេធ
2020-04-06
អាស៊ីសេរី

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រូប​ពលករ​លើ​ទូក​នេសាទ​ម្នាក់ គឺ​លោក ជា វណ្ណៈ កាល​នៅ​ស្រុក​ខ្មែរ។

រូប​ពលករ​លើ​ទូក​នេសាទ​ម្នាក់ គឺ​លោក ជា វណ្ណៈ កាល​នៅ​ស្រុក​ខ្មែរ។

 photo provided


ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ពលករ​លើ​ទូក​នេសាទ​ជាង ១០នាក់ ដែល​ថា ស្ថានទូត​មិន​ឆ្លើយ​តប ចំពោះ​សំណើ​សុំ​ជួយ​បញ្ជូន​ពួកគេ​មក​ស្រុក​វិញ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត ចុះ​ថ្ងៃ​ទី៦ ខែ​មេសា ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី២៨ ខែ​មីនា​ ស្ថានទូត​បាន​ទទួល​ទូរស័ព្ទ​របស់​បុរស​ម្នាក់​ឈ្មោះ​ ជា ​វណ្ណៈ​ ដែល​ជា​ពលករ​ម្នាក់​ក្នុង​ចំណោម​ពលករ​១២ ​ដែល​ធ្វើការ​ខុសច្បាប់​នៅ​លើ​ទូក​នេសាទ​ក្នុង​រដ្ឋ​ស្លាង៉រ (Selangor)។ ពលករ​រូប​នេះ ស្នើសុំ​ឲ្យ​ស្ថានទូត​ជួយ​សម្រប​សម្រួល​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​កម្ពុជា​វិញ ​ព្រោះ​គ្មាន​ការងារ​ធ្វើ ប៉ុន្តែ​ស្ថានទូត​ បាន​ណែ​នាំ​ឲ្យ​ពួក​គេ​ស្នាក់នៅ​មួយ​កន្លែង​សិន​ តាម​បទ​បញ្ជា​រឹត​បន្តឹង​ការ​ធ្វើដំណើរ​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​ និង​រង់ចាំ​ការ​ជូន​ដំណឹង​ពី​ស្ថានទូត។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល បន្ត​ថា ស្ថានទូត​ ក៏បាន​ស្នើសុំ​ឲ្យ​ពលករ​ ផ្ដល់​លេខ​របស់​ថៅកែ​ទូក និង​ថត​លិខិត​ឆ្លងដែន​របស់​ពួកគេ​ ប៉ុន្តែ​ពួកគេ ​មិនបាន​សហការ​នោះ​ទេ និង​បាន​ផ្ដល់​ព័ត៌មាន​ដល់​វិទ្យុ​អាស៊ី​សេរី​ថា ស្ថានទូត​មិនបាន​ឆ្លើយតប​ចំពោះ​សំណើ​របស់​ពួកគេ​ទៅវិញ។ ស្ថានទូត​ចាត់​ទុក​ថា ទង្វើ​នេះ​កាន់តែ​បង្ក​ការ​ស្មុគស្មាញ​ដល់​ស្ថានទូត​ក្នុង​ការ​ស្វែងរក​មធ្យោបាយ ដើម្បី​ជួយ​សម្រប​សម្រួល​ដល់​ពួក​គេ​ថែម​ទៀត។

ការឆ្លើយ​តប​របស់​ស្ថានទូត​នេះ ​បន្ទាប់ពី​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​លើ​ទូក​នេសាទ​ចំនួន ១២នាក់​ រាយការណ៍​អះអាង​ប្រាប់​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី៤ ខែ​មេសា​ថា ពួក​គេ​បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​មន្ត្រី​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ ដើម្បី​ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​បញ្ជូន​ពួកគេ​មក​កម្ពុជា​វិញ ​ប៉ុន្តែ​មន្ត្រី​ទាំង​នោះ ​ពុំ​ទទួល​ទូរស័ព្ទ​របស់​ពួកគេ​នោះ​ឡើយ។ កាល​ពី​ថ្ងៃ​ទី២៨ ខែ​មីនា និង​ថ្ងៃ​ទី៤ ខែ​មេសា អាស៊ី​សេរី ក៏​បាន​ព្យាយាម​ទាក់ទង​លេខ​ទូរស័ព្ទ​បី​ខ្សែ ​សម្រាប់​កិច្ចការ​កុងស៊ុល ​និង​កិច្ចការ​ពលករ​ របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ប៉ុន្តែ​ពុំ​មាន​អ្នកទទួល​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក្ដី ស្ថានទូត​ក៏​បាន​ជូន​ដំណឹង​ថា ​ស្ថានទូត​កំពុង​សហការ​ជាមួយ​ថៅកែ​ទូក​នេសាទ​ជា​ច្រើន​ទៀត​ ដើម្បី​សម្រប​សម្រួល​ឲ្យ​ពលករ​ទូក​នេសាទ​រាប់​រយ​នាក់​ឲ្យ​បាន​វិលត្រឡប់​ទៅ​កម្ពុជា​វិញ ​ដែល​ពួក​គេ​កំពុង​សហការ​យ៉ាង​ល្អ​ជាមួយ​ស្ថានទូត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles