អង្គការ Human Rights Watch ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដាក់​ចេញ​វិធានការ​បន្ទាន់ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ក្នុង​ពន្ធនាគារ

ដោយ សុជីវី
2020-04-06
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មណ្ឌល​អប់រំ​កែប្រែ​ទី​១ ឬ​ពន្ធនាគារ​ព្រៃស។ រូបថត​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៤។

មណ្ឌល​អប់រំ​កែប្រែ​ទី​១ ឬ​ពន្ធនាគារ​ព្រៃស។ រូបថត​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៤។

 RFA


អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ាយស៍វ៉ច្ឆ (Human Rights Watch) ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដាក់​ចេញ​​វិធានការ​ជា​បន្ទាន់ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ពន្ធនាគារ​ដែល​កំពុង​តែ​មាន​សភាព​ចង្អៀត​ណែន​ខ្លាំង។ មន្ត្រី​រដ្ឋាភិបាល​ថា អាជ្ញាធរ​បាន​គិតគូរ​រឿង​នេះ​ហើយ។

នាយក​រង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ាយស៍វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មាន​ប្រសាសន៍​ក្នុង​សេចក្ដីថ្លែង​ការណ៍​ថ្ងៃ​ទី៦ មេសា​ថា ពន្ធនាគារ​នៅ​កម្ពុជា​ដែល​កំពុង​តែ​ចង្អៀត​ណែន​ខ្លាំង​នោះ គឺ​​ជា​ទីតាំង​ដែល​អាច​នឹង​កើត​មាន​មហន្តរាយ​នៃ​ជំងឺ​កូវីដ-១៩។ លោក​អំពាវនាវ​ដល់​អាជ្ញាធរ​​កម្ពុជា​ឱ្យ​ដោះលែង​អ្នក​ជាប់ឃុំ​ដែល​មាន​ហានិភ័យសុខភាព​ខ្ពស់​ និង​អ្នក​ជាប់​ឃុំក្នុង​បទ​ល្មើស​តូច​តាច ព្រម​ទាំង​ដាក់​ចេញ​នូវ​វិធានការ​នានា​​ជាបន្ទាន់​ដើម្បី​ធានា​ថា អ្នក​ជាប់​ឃុំ​ទាំង​អស់​ទទួល​បាន​ការ​ថែទាំ​សុខភាព​បាន​ដិត​ដល់។

អង្គការ​ Human Rights Watch គូស​បញ្ជាក់​ថា ការ​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ គឺ​ជា​រឿង​ចាំបាច់​ដើម្បី​ការពារ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ ពីព្រោះ​បើ​ជំងឺ​នេះ​ឆ្លង​ចូល​ដល់​ក្នុង​ពន្ធនាគារ នោះ​នឹង​មាន​ផល​​វិបាក​ផ្នែក​សុខភាព​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​ជាប់​ឃុំ មន្ត្រី​ពន្ធនាគារ និង​សាធារណជន​ទូទៅ។ អង្គការ​នេះ​ថា អ្នក​ជាប់ឃុំ​ដែល​គួរ​តែ​ត្រូវ​បាន​ដោះលែង​ រួមមាន​ អ្នក​​ជាប់​ឃុំ​បណ្ដោះ​អាសន្ន​ទាក់ទង​នឹង​បទ​ល្មើស​ស្រាលៗ និង​អ្នក​ទោស​នយោបាយ។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​គួរតែ​ពិចារណា​លើ​ជម្រើស​ផ្សេង​ទៀត​ទាក់ទង​នឹង​ការ​ឃុំ​ខ្លួន​អ្នក​ទោស​ ដោយ​ឈរ​លើ​មូលដ្ឋាន​លក្ខខណ្ឌ​សុខភាព អ្នក​ជាប់​ឃុំ​វ័យ​ចំណាស់ ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ជាប់​ឃុំ​ដែល​​មាន​កូន​តូច​នៅ​ជាមួយ ជាដើម។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន មាលីន អះអាង​ថា ខាង​អាជ្ញាធរ​ពន្ធនាគារ​បាន​ដាក់​ចេញ​នូវ​វិធានការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ពន្ធនាគារ​រួច​ហើយ។ លោក​បន្ថែម​ថា សំណើ​របស់​អង្គការ Human Rights Watch ​ឱ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​នោះ ជា​រឿង​មិន​អាច​ទៅ​រួច​ឡើយ៖ «ខាង​រដ្ឋាភិបាល​បារម្ភ​ជាង Human Rights Watch ទៀត ពាក់ព័ន្ធ​នឹង​ករណី​នេះ​នោះ ហើយ​បើ​យើង​ពិនិត្យ​មើល​លើ​សំណើ​របស់ Human Rights Watch ហ្នឹង ជា​សំណើ​មួយ​ដែល​គួរ​ឱ្យ​អស់​សំណើច ហើយ​គ្មាន​ប្រទេស​ណា​គេ​ធ្វើ​នោះ​ទេ ក្នុង​ការ​ដោះលែង​អ្នក​ជាប់​ឃុំ។ ម្យ៉ាង​វិញ​ទៀត កម្ពុជា​មិន​មាន​អ្នក​ជាប់​ឃុំ​ដោយសារ​រឿង​នយោបាយ​នោះ​ទេ មាន​តែ​អ្នក​នយោបាយ​ជាប់​ឃុំ​ដោយសារ​ប្រព្រឹត្ត​​បទល្មើស​ព្រហ្មទណ្ឌ»

កាល​ពី​ពេល​ថ្មីៗនេះ អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​សម្រេច​ផ្អាក​មិន​ឱ្យ​មាន​ការ​ចូល​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ​ទៀត​ឡើយ។ ​ក្នុង​ករណី​ចាំបាច់ អ្នក​ទៅ​សួរ​សុខទុក្ខ​ត្រូវ​មាន​លិខិត​បញ្ជាក់​សុខភាព និង​ឆ្លង​កាត់​ការ​ពិនិត្យ​កម្តៅ​ជាមុន​សិន ទើប​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​អាគារ​ពន្ធនាគារ។ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក៏​បាន​ណែនាំដល់​ពន្ធនាគារ​ទាំង២៨ ទូទាំង​ប្រទេស ឱ្យ​​រៀប​ចំ​បន្ទប់​ដាច់​ដោយ​ឡែក ដើម្បី​រក្សា​ទុក​អ្នក​ជាប់​ឃុំ​ថ្មី ​ចំនួន​១៤ ថ្ងៃសិន មុន​នឹង​បញ្ជូន​ពូក​គេ​ទៅ​ឃុំ​ជាមួយ​អ្នក​ជាប់ឃុំ​ពីមុន។

ទោះ​ជា​បែប​នេះ​ក្តី ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍វ៉ច្ឆ (Human Rights Watch) មើល​ទាន់​ជឿ​លើ​ការ​អះអាង​នេះ​នៅ​ឡើយ​ទេ ព្រោះ​ខាង​អគ្គនាយកដ្ឋាន​ពន្ធនាគារ​មិន​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​អំពី​នីតិវិធី និង​ការ​រៀប​ចំ​កិច្ច​ការ​ទាំងនេះ។

អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បកស្រាយ​​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សវនាការ ប៉ុន្តែ​ទូរស័ព្ទ​លោក​មិន​អាច​ទាក់ទង​បាន នៅ​ថ្ងៃទី០៦ មេសា ចំណែក​អ្នក​នាំ​ពាក្យ​មួយ​រូប​ទៀត គឺ​លោក សន កែវ មិន​លើក​ទូរស័ព្ទ។

គិត​ត្រឹម​ចុង​ខែ​មីនា ឆ្នាំ២០២០ កម្ពុជា​មាន​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ចំនួនជិត៤ ម៉ឺននាក់ (៣៨.៩៩០) នាក់​ ក្នុង​នោះ​អ្នក​ជាប់​ឃុំ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​មាន​ជាង២ ម៉ឺន​នាក់។ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ជិត ៤ម៉ឺន​នាក់​នោះ ទណ្ឌិត ឬ​អ្នកមាន​​សាលក្រម ឬ​សាលដីកា​ស្ថាពរ មានតែ​ប្រមាណ១ ម៉ឺន​នាក់​ប៉ុណ្ណោះ ក្រៅ​ពី​នេះ​សុទ្ធ​សឹង​តែ​អ្នក​រង់ចាំ​ការ​ជំនុំ​ជម្រះ ហើយនិង​អ្នក​មិន​ទាន់​ទទួល​បាន​សាលក្រម ឬ​សាលដីកា​ស្ថាពរ​ពី​តុលាការ។

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូបឺតសុន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​កាត់​បន្ថយ​ចំនួន​អ្នក​ជាប់ឃុំ​ជាបន្ទាន់ ហើយ​ត្រូវ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ហ្មត់​ចត់​នៅ​ក្នុង​ពន្ធនាគារ ដើម្បី​រក​អ្នក​ជាប់​ឃុំ​ដែល​មាន​ជំងឺ ហើយ​ដាក់​គាត់​នៅ​ដាច់​ដោយ​ឡែក​ពី​គេ។ លោក​បន្ថែម​ថា ម្ចាស់​ជំនួយ​បរទេស​ត្រូវ​តែ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​គោរព​តាម​ការ​ណែនាំ និង​បទដ្ឋាន​សិទ្ធិ​មនុស្ស​ជា​អន្តរជាតិ ពីព្រោះ​​​ការ​ធ្វើ​បែប​នេះ​មិន​ត្រឹម​តែ​អាច​ជួយ​ដល់​អ្នក​ជាប់​ឃុំ​ និង​មន្ត្រី​ពន្ធនាគារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles