ស្លាកស្នាមថ្មី និងរូបភាពផ្កាយរណបបង្ហាញពីការកាប់បំផ្លាញព្រៃឈើច្រើនទៀតនៅព្រៃឡង់

បទយកការណ៍
Danielle Keeton-Olsen and លោក ហ៊ុន សិរីវឌ្ឍន៍ |០១ ឧសភា ២០២០ | ម៉ោង ៦:៤៨ ល្ងាច
VOD

រថយន្តដឹកឈើដឹកជញ្ជូនឈើនៅក្នុងព្រៃឡង់ខេត្តក្រចេះ កាលពីដើមឆ្នាំ ២០១៩។ (អ៊ូច ឡេង)

រថយន្តដឹកឈើដឹកជញ្ជូនឈើនៅក្នុងព្រៃឡង់ខេត្តក្រចេះ កាលពីដើមឆ្នាំ ២០១៩។ (អ៊ូច ឡេង)


នៅ​ថ្ងៃ​ដែល​សន្តិសុខ​ក្រុមហ៊ុន​ឃាត់ខ្លួន​លោក​កាលពី​ខែមីនា លោក អ៊ូច ឡេង បាន​ដើរ​វង្វេងផ្លូវ​ចាស់ ដែល​លោក​តែងតែ​ធ្វើដំណើរ​ទៅកាន់​ដែនជម្រកសត្វព្រៃ​នៅ​តំបន់​ព្រៃ​ឡង់។

សកម្មជន​ការពារ​ព្រៃឈើ​រូប​នេះ​បាន​និយាយ​ថា ជាទូទៅ​ លោក​ដឹងពី​របៀប​ធ្វើដំណើរ​តាមផ្លូវ​លំ​ដែលគេ​ត្រាយ ដើម្បី​ធ្វើដំណើរ​ទៅកាន់​ព្រំប្រទល់​តំបន់​ការពារ​ព្រៃ​ឡង់ ប៉ុន្តែ​ លោក​មានការ​ភាន់ច្រឡំ​ ដោយសារតែ​ផ្លូវ​ថ្មី​ដែល​ត្រួសត្រាយ​ចូល​ជ្រៅ​បន្ថែម​ទៀត​ទៅ​ក្នុង​តំបន់​ព្រៃ​ក្រាស់។ នេះ​ហើយ​គឺ​មូលហេតុ​ដែល​នាំ​ឱ្យ​លោក ​និង​សកម្មជន​បី​រូប​ផ្សេងទៀត​ បាន​ជួប​ជាមួយ​សន្តិសុខ​ក្រុមហ៊ុន​កាប់​ឈើ​ដោយចៃដន្យ​ ដែល​លោក​និយាយ​ថា ពួក​គេ​កំពុង​ធ្វើ​ផ្លូវ។ សកម្មជន​ព្រៃឈើ​ទាំងបួន​រូប​ ត្រូវ​បាន​ឃាត់ខ្លួន​ជាង​មួយ​សប្តាហ៍។

លោក អ៊ូច ឡេង បាន​និយាយ​ថា ស្លាកស្នាម​ព្រៃ​ឈើ​ថ្មី​ៗបញ្ជាក់​ថា មានសកម្ម​ភាព​កាប់​ឈើ​ថ្មី​នៅ​តំបន់​នេះ។

ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ នៅ​ចម្ងាយ​រាប់​រយ​គីឡូម៉ែត្រ​ពីលើ​ក្បាល​របស់​លោក ផ្កាយរណប​បាន​ផ្តិត​យក​រូបភាព​ដែល​បង្ហាញ​ស្លាកស្នាម​កាប់​ឈើ​យ៉ាង​ជ្រៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ជា​អ្វី​ដែល​អ្នក​ស្រាវ​ជ្រាវសង្ស័យ​ថា ជា​ច្រក​សម្រាប់​ក្រុមហ៊ុន Think Botech ងាយស្រួល​ចូល​ទៅដល់​តំបន់​សម្បូរ​ដោយ​ឈើ​កម្រ​ និង​មានតម្លៃ។

អង្គការ​ឃ្លាំមើល​ព្រៃឈើ​ អះអាង​ថា ពួក​គេ​រក​ឃើញ​សកម្មភាព​កាប់​ឈើ​កើនឡើង​នៅ​ដែន​ជម្រក​ព្រៃ​ឡង់ ជាពិសេស​បន្ទាប់ពី​ក្រុមល្បាត​ព្រៃឈើ​ឯករាជ្យ​នេះ ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់​មិន​ឱ្យ​ចូល​ល្បាត​ព្រៃ​កាលពី​ខែកុម្ភៈ ប៉ុន្តែ​ ក្រុម​មន្ត្រី​បានការ​ពារ​ការ​ហាមឃាត់​របស់​ខ្លួន​លើស​កម្ម​ភាព​ល្បាត​ព្រៃ​ដែល​គ្មាន​ការចុះបញ្ជី​នេះ។ 

លោក អ៊ូច ឡេង ជាស​មា​ជិ​កបណ្តាញ​សហគមន៍​ព្រៃ​ឡង់ (PLCN​) បាន​ប្រាប់ VOD ថា៖ «យើង​កំពុង​ល្បាត​រកមើល​ការ​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ ដែល​ខុសពី​ការល្បាត​របស់​អង្គការ​ផ្សេងទៀត ដែល​គ្រាន់តែ​ដើរចូល​ក្នុង​ព្រៃ និង​មិន​ល្បាត​រកមើល​ក្រុមហ៊ុន​កាប់​ឈើ​នោះ​ទេ»។

ប៉ូលីសប្រដាប់អាវុធតាមដានសង្កេតមើលអ្នកចូលរួមពិធីសូត្រមន្តនៅព្រៃការពារព្រៃឡង់ ឆ្នាំ២០១៩។ (លីកាដូ)

មន្ត្រី​កម្ពុជា​មួយ​រូប​ និង​ជា​ប្រធាន​នៃ​កម្មវិធី​អភិរក្ស​ព្រៃ​ឡង់​ដែល​ឧបត្ថម្ភ​មូល​និធិដោយ​រដ្ឋាភិបាល​អាមេរិក​ ក៏បាន​ទទួលស្គាល់​ផង​ដែរ​ថា បានដឹង​ពី​ការ​កាប់​ឈើ​ដែល​កំពុង​កើតមាន​នៅ​ដែនជម្រកសត្វព្រៃ​ក្នុង​តំបន់​នេះ។

របាយការណ៍​កាលពី​ថ្ងៃទី២១ ខែមេសា របស់​សកម្មជន​ដែល​ចុះ​ធ្វើការងារ​ផ្ទាល់​ ត្រូវ​បាន​ភ្ជាប់នឹង​ភស្តុតាង​នៃ​ការ​កាប់​បំផ្លាញ​ឈើ​ថ្មី​ ដែល​រក​ឃើញ​ដោយ​ផ្កាយរណប​ និង​ត្រូវ​បាន​ចុះផ្សាយ​នៅក្នុង​លិខិត​បើកចំហ​មួយ​ទៅកាន់​ភាគី​ពាក់ព័ន្ធ​ដែល​ធ្វើការងារ​ការពារ​ព្រៃ​ឡង់ ​ពី​លោកស្រី អ៊ី​ដា ថេ​ឡាដ (Ida Theilade​) ជា​អ្នក​វិទ្យាសាស្ត្រ​ផ្នែកការ​ងារ​អភិរក្ស​ និង​ជា​សាស្ត្រា​ចារ្យ​នៅ​សាកល​វិទ្យាល័យ Copenhagen ដែល​បាន​សិក្សា​ពី​តំបន់​ព្រៃ​ឡង់​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍។

លិខិត​របស់​លោកស្រី ថេ​ឡាដ បាន​ធ្វើការ​ប្រៀបធៀប​របាយការណ៍​ស្តី​ពី​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​ពី​ក្រុមល្បាត​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ (PLCN​) ដែល​បង្ហាញ​ពី​គល់ឈើ ឈើហុប​កាប់​រួចហើយ រថយន្ត​ដឹកឈើ ​និង​តំបន់​ដែល​ត្រូវ​បាន​កាប់​រាន​ហើយ​ ទៅ​នឹង​រូបភាព​ផ្កាយរណប​ដែល​ទទួល​បាន​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​រួម​របស់​គណ​កម្មការ​អឺរ៉ុប (European Commission​`s Joint Research Centre​) ។

ទិន្នន័យ ​និង​ផែនទី​បង្ហាញ​ពី​ការ​កាប់​រាន​នា​ពេល​ថ្មី​ៗនៅ​តំបន់​ភាគ​ខាងជើង ​និង​ខាងត្បូង​នៃ​ដែន​ជម្រក​ដែល​មានផ្ទៃ​ដី ៤៣ ០០០០ហិ​កតា និង​ចំណុច​ដៅ​ដែល​បង្ហាញ​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ អំឡុង​ពេល​ដែល​អាជ្ញាធរ​មាន​វត្តមាន​នៅ​តំបន់​ព្រៃ​ការពារ និង​ការរារាំង​មិន​ឱ្យ​ក្រុមសកម្ម​ជន​ព្រៃឈើ​ចូលក្នុង​ព្រៃ។

ជាក់ស្តែង​ កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ពីរ​ថ្ងៃបន្ទាប់​ពី​ក្រុម​មន្ត្រី​ក្រសួងបរិស្ថាន ​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​រារាំង​សកម្មជន​បរិស្ថាន​ និង​ពលរដ្ឋ​រាប់​រយ​នាក់​ផ្សេងទៀត​ មិន​ឱ្យ​ចូល​ទៅកាន់​តំបន់​ការពារ​ព្រៃ​ឡង់ ដើម្បី​រៀបចំ​ពិធី​បំបួស​ដើមឈើ​ប្រចាំឆ្នាំ​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​នោះ អង្គការ​ឃ្លាំមើល​ព្រៃឈើ​សកល (GFW​) បាន​ទទួល​សញ្ញា​ជូនដំណឹង​មុន​ជិត ១២០០០លើក ជា​ការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ​បើ​ធៀប​នឹង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នៅដើម​ឆ្នាំនេះ។

លោកស្រី ថេ​ឡាដ បាន​និយាយ​ថា អង្គការ GFW ដែល​ប្រើប្រាស់​ទិន្នន័យ​ផ្កាយរណប​ដើម្បី​រៀបចំ​តារាង​ស្តី​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ទូទាំង​ពិភពលោក​ បាន​រាយការណ៍​ថា ទទួល​បាន​សញ្ញា​ជូនដំណឹង​មុន​ប្រហែល ១០០០លើក ​ដែល​ជា​សញ្ញា​បង្ហាញ​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ គិតជា​មធ្យម​ក្នុង​មួយ​សប្តាហ៍។

លោកស្រី​បាន​លើកឡើង​ក្នុង​លិខិត​នេះ​ថា៖ «ការបាត់បង់​ព្រៃឈើ​ក្នុង​ល្បឿន​លឿន​បាន​កើតមាន​នៅ​តំបន់​ដែល​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​គ្រោង​ធ្វើពិធី​បំបួស​ដើមឈើ​នេះ។ យើង​បារម្ភ​ថា កម្មវិធី​បំបួស​ដើមឈើ​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ ត្រូវ​បាន​ហាមឃាត់​ដោយសារតែ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​មានការ​កាប់​ឈើ​ជ័រទឹក​ដែល​ត្រូវ​បានការ​ពារ​នៅ​តំបន់​នោះ»។

ចំនុចទីតាំងដែលព្រៃឈើរងការរំខានក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ចងក្រងដោយបណ្តាញសហគមន៍ព្រៃឡង់ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

ឆ្លើយតប​នឹង​ការ​លើកឡើង​នេះ លោក នេត ភក្រ្តា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ បាន​មានប្រសាសន៍​ថា វា​គឺជា​សិទ្ធិ​របស់​អ្នកស្រាវជ្រាវ​ក្នុង​ការ​បញ្ចេញមតិ។

លោក​បានឱ្យ​ដឹង​តាមរយៈ​សារ​ជា​អក្សរ​ថា៖ «ក្រសួងបរិស្ថាន​ធ្វើការងារ​យ៉ាងសកម្ម​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ ដើម្បី​ការពារ​ព្រៃ​ឡង់ រួម​ទាំង​ការល្បាត​រួម​ជាមួយ​សហគមន៍​នៅ​តំបន់​ព្រៃ​ការពារ​ផង​ដែរ»។

លោកស្រី ថេ​ឡាដ បាន​ប្រាប់ VOD ថា រូបភាព​ផ្កាយរណប​បាន​ផ្តិត​យក​រូបភាព​តាំងពី​ដំណាច់ឆ្នាំ​មុន​មកដល់​ខែ​នេះ បាន​បង្ហាញ​ទីតាំង​កាប់​ឈើ​ស្ថិតនៅ​បន្ទាប់​នឹង​ផ្លូវចូល ដែល​បង្ហាញថា មានផ្លូវ​ធំ​ទូលាយ​ភ្ជាប់​ពី​តំបន់​ព្រៃ​ការពារ​ឆ្ពោះទៅ​ក្រុមហ៊ុន Think Biotech ដែល​កាន់កាប់​ដីសម្បទាន​ទំហំ ៣៤ ០០០ហិ​កតា​ និង​មាន​ព្រំប្រទល់​ជាប់​ដែនជម្រកសត្វព្រៃ​នៅ​ខេត្តក្រចេះ​ និង​ស្ទឹងត្រែង។

លោក លូ ជូ ចាង (Lu Chu Chang​) ជានា​យក​ក្រុមហ៊ុន Think Biotech បាន​បដិសេធ​មិន​ឆ្លើយនឹង​សំណួរ​មុន​ពេល​អត្ថបទ​នេះ​ត្រូវ​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី២២ ខែមេសា ប៉ុន្តែ​ លោក​បាន​ប្រាប់ VOD នៅ​ថ្ងៃទី២៣ ថា ក្រុមហ៊ុន​របស់​លោក​មិន​ជាប់ពាក់ព័ន្ធ​នឹង​ការ​កាប់​ឈើ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្បែរ​ដីសម្បទាន​របស់​ក្រុមហ៊ុន​ក្នុង​ខេត្តក្រចេះ ​និង​ស្ទឹងត្រែង​នោះ​ទេ។

លោក លូ ជូ ចាង បាន​បដិសេធ​ថា ក្រុមហ៊ុន​របស់​លោក​មិនបាន​ទិញ​ឈើ​ពី​តំបន់​ព្រៃ​ការពារ ដោយ​លោក​អះអាង​ថា ក្រុមហ៊ុន​នេះ​ប្រើប្រាស់​ឈើ​បាន​មក​ពី​ដីសម្បទាន​របស់​ខ្លួន ហើយ​លោក​ចង់ឱ្យ​អង្គការ​ទាំងនោះ​ឈប់​ស្តី​បន្ទោស​លោក​ចំពោះ​ការ​កាប់​ឈើ ដោយសារ​ថា រដ្ឋាភិបាល​គឺជា​អ្នកទទួល​ខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង់​ការ​កាប់​រាន​ព្រៃ។

លោក​បាន​ប្រាប់​អ្នកកាសែត អំឡុង​បទ​សម្ភាស​នៅ​ការិយាល័យ​របស់​លោក​នៅ​ខេត្តកណ្តាល​ថា៖ «មន្ត្រី​បរិស្ថាន នគរបាល ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​រដ្ឋាភិបាល ​បាន​ពិនិត្យ​មើល​អ្វី​ៗគ្រប់យ៉ាង [លើ​អាជីវកម្ម​របស់ខ្ញុំ​] ប៉ុន្តែ​ ខ្ញុំ​មិនបាន​ធ្វើ [ការ​កាប់​ឈើ​ខុសច្បាប់] ទេ។ ខ្ញុំ​មិន​ធ្វើអ្វី​ខុស​ទេ»។

លោកស្រី ជា សាំង​ធិ​តា ជានា​យក​ម្នាក់ទៀត​នៅ​ក្រុមហ៊ុន Think Biotech និង​លោក ជា ពៅ សុទ្ធតែ​ស្ថិតនៅ​ក្នុង​ក្រុមប្រឹក្សានាយក​នៃ​ក្រុមហ៊ុន​មួយទៀត​ឈ្មោះ Angkor Plywood ជា​ក្រុមហ៊ុន​ឈើហុប​ និង​ផលិត​គ្រឿង​សង្ហា​រឹម។

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន សាយ សំ​អាល់ បាន​អំពាវនាវ​ឱ្យ​មានការ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន​ពីរ​នេះ ជុំវិញ​ការ​កាប់​ឈើ​ខុសច្បាប់​នៅ​តំបន់​ព្រៃ​ឡង់​កាលពី​ខែតុលា​ឆ្នាំមុន នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ប៉ុន្តែ​ លោក ភក្ត្រា មិន​ឆ្លើយនឹង​សំណួរ​របស់ VOD អំពី​ក្រុមហ៊ុន​ទាំងនេះ​ទេ។

លោកស្រី ថេ​ឡាដ ជា​អ្នកស្រាវជ្រាវ​បាន​និយាយ​ថា៖ «វា​គឺជា​ការ​វិវឌ្ឍ​ថ្មី ប៉ុន្តែ​ យ៉ាងណាក៏ដោយ ក្រុមហ៊ុន Think Biotech មានឈ្មោះ​នៅក្នុង​របាយការណ៍​ជាច្រើន​ឆ្នាំ​មក​ហើយ​ថា បាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​កាប់​ឈើ​ខុសច្បាប់»។

លោកស្រី​ក៏បាន​កត់សម្គាល់​ផង​ដែរ​ថា គម្រោង​ព្រៃ​ឡង់​បៃតង (Greening Prey Lang​) ដែល​មាន​រយៈពេល ៥ឆ្នាំ​ ជាមួយ​ទឹកប្រាក់ ២១លាន​ដុល្លារ និង​ឧប​ត្ថ​ម្ភ​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍ​ន៍សហរដ្ឋអាមេរិក​ ហៅ​កាត់​ថា USAID មិនបាន​ចេញ​របាយ​ការ​ណ៍ជា​សាធារណៈ​ស្តី​ពី​សកម្មភាព​កាប់​ឈើ​ដែល​កំពុង​កើនឡើង​នេះ​ទេ។

លោកស្រី ថេ​ឡាដ បាន​សរសេរ​តាម​អ៊ីម៉ែល​ដែល​ចែករំលែក​ដល់​បណ្តា​អ្នកកាសែត​ថា៖ «ក្នុងនាម​ជា​អ្នក​វិទ្យាសាស្ត្រ យើង​បារម្ភ​ថា គម្រោង​ព្រៃ​ឡង់​បៃតង​ដែល​មាន​ទឹកប្រាក់​រាប់​លាន​ដុល្លារ​នេះ ​មិនបាន​តាមដាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ឬក៏​ជ្រើសរើស​មិន​ផ្តល់​ព័ត៌មាន​នេះ​ដល់​សាធារណជន»។

អ្នកស្រាវជ្រាវ​រូប​នេះ​បាន​និយាយ​ថា អ្នកតំណាង​គម្រោង​ព្រៃ​ឡង់​បៃតង​បាន​ទាក់ទង​ទៅ​លោកស្រី ​និង​ស្នើសុំ​ពិភាក្សា​អំពី​ការ​រក​ឃើញ​កាលពី​ចុង​សប្តាហ៍​នេះ។

អាជ្ញាធរខេត្តកំពង់ធំ រារាំងសមាជិកបណ្តាញសហគមន៍ព្រៃឡង់ពីការចូលតំបន់ការពារដើម្បីធ្វើពិធីបំបួសដើមឈើប្រចាំឆ្នាំ នៅថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២០។ (លីកាដូ)

លោក ម៉ាត​ធូ អ៊ែដវើដ​សិន (Mathew Edwardsen​) ប្រធាន​ក្រុម​មួយ​នៃ​គម្រោង​ព្រៃ​ឡង់​បៃតង បាន​ប្រាប់ VOD កាលពី​ថ្ងៃទី២១ ខែមេសា​ថា គម្រោង​របស់​អង្គការ USAID បាន​រក​ឃើញ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ជាពិសេស​ផ្តោត​លើដើម​ជ័រទឹក​នៅក្នុង​ និង​ក្បែរ​ដែនជម្រកសត្វព្រៃ។ គាត់​បាន​និយាយ​ថា ក្រុម​កាន់​គម្រោង​បាន​បង្ហាញ​ការ​រក​ឃើញ​នេះ​ទៅ​រដ្ឋាភិបាល ជំនួស​ឱ្យ​ការ​ចេញផ្សាយ​របាយការណ៍​នេះ​ជា​សាធា​រណៈ ដូចដែល​ក្រុម​អ្នកស្រាវជ្រាវ និង​សកម្មជន​បាន​ធ្វើ។

លោក អ៊ែដវើដ​សិន បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ចង់និយាយ​ថា គម្រោង​នេះ​កំពុងតែ​បង្កើត​របាយការណ៍​សាធារណៈ​ស្តី​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ ​និង​និន្នាការ​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​នោះ​ទេ។ នោះ​មិនមែន​ជា​នីតិវិធី​ដែល​យើង​កំពុង​អនុវត្ត​ទេ។ អ្វី​ដែល​យើង​កំពុង​ព្យាយាម​ធ្វើ គឺ​ការ​កសាង​សមត្ថភាព​របស់​រដ្ឋាភិបាល ​និង​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ»។

លោក​បាន​និយាយ​ថា គម្រោង​នេះ​បាន​ចាប់ផ្តើម​ពិភាក្សា​ជាមួយ​សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ជាង​មួយឆ្នាំ​មក​ហើយ ដើម្បី​សម្រួល​ឱ្យ​មានការ​ល្បាត​រួម​រវាង​ក្រុម​អនុរក្ស​រដ្ឋាភិបាល ជាមួយ​សមាជិក​របស់​បណ្តាញ​សហ​គមន៍​ព្រៃ​ឡង់ និង​សហ​គម​ន៍​ផ្សេង​ៗទៀត​នៅ​តំបន់​ព្រៃ​ឡង់ ដែល​លោក​លើកឡើង​ពី​ដំណើរការ​ដ៏​ពិបាក។

លោក​បាន​បន្ថែម​ថា៖ «ដូច្នេះ​ សំខាន់គឺ [យើង​ចង់​] បង្កើន​ចំនួន​ដើរ​ល្បាត ​និង​បង្កើន​គណនេយ្យ​ភាព​នៃ​ការល្បាត​ ពីព្រោះ​អ្នកមាន​សមាជិក​សហគមន៍ ​និង​អនុរក្ស​ដែល​ចេញ​ល្បាត​ជាមួយគ្នា ហើយ​ថា ការ​នេះ​ធ្វើ​ឱ្យ​គ្រប់គ្នា​មានការ​យល់ស្រប​លើ​អ្វី​ដែល​ពួក​គេ​បានឃើញ​នៅក្នុង​ព្រៃ»។

លោក អៀរ សុខា ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​នៃ​ក្រសួងបរិស្ថាន​ ទទួលស្គាល់​ថា មានការ​កាប់​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​តូច​កំពុង​កើតមាន​នៅ​តំបន់​ព្រៃ​ឡង់ ប៉ុន្តែ​ លោក​បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត។

លោក សុខា បាន​និយាយ​ថា ក្រុម​អនុរក្ស​របស់​រដ្ឋាភិបាល​បាន​ធ្វើការងារ​ជាមួយ​សមាជិក​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​រហូតដល់​ខែកុម្ភៈ ដោយធ្វើ​ការល្បាត​រួមគ្នា និង​រក្សាទុក​សៀវភៅកំណត់​ហេតុ​ដែល​កត់ត្រា​ពី​ករណីកាប់​ឈើ ​និង​បទល្មើស​ព្រៃឈើ​ផ្សេងទៀត។ លោក​បាន​និយាយ​ថា ប៉ុន្តែ ​ក្រសួង​បាន​បញ្ជា​មន្ត្រី​បរិស្ថាន​ឱ្យធ្វើ​ការងារ​តែ​ជាមួយ​សហគមន៍​ណា​ដែល​បាន​ចុះឈ្មោះ​ជាមួយ​ក្រសួងមហាផ្ទៃ​តែប៉ុណ្ណោះ ដែល​ត្រង់​ចំណុច​នេះ បណ្តាញ​សហគមន៍​ព្រៃ​ឡង់​បាន​បដិសេធ​មិន​ធ្វើតាម។

លោក សុខា បាន​ប្រាប់ VOD ថា៖ «យើង​ទទួលស្គាល់​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ [ដើម្បី​ការពារ​ព្រៃឈើ​] ប៉ុន្តែ​ ក្រោយមក យើង​រក​ឃើញថា អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ មិនមែន​ជា​ចេតនា​លះបង់​ផ្ទាល់ខ្លួន​នោះ​ទេ»។

លោក​បាន​និយាយ​ថា៖ «ពួក​គេ​គឺជា​អង្គការ​នយោបាយ​ដែល​មានការ​ចាត់តាំង ហើយ​ពួក​គេ​មិន​ស្តាប់​យើង​ទេ។ យើង​ធ្វើការងារ​ជាមួយ​ពួក​គេ ហើយ [កត់សម្គាល់​ឃើញ] នៅពេល​ពួក​គេ​ល្បាត នៅពេល​ពួក​គេ​ទទួល​បាន​លុយ​ពី​អ្នក​កាប់​ឈើ​ខុសច្បាប់ ពួក​គេ​នឹង​ស្ងាត់មាត់ ប៉ុន្តែ​ប្រសិនបើ​ពួក​គេ​មិន​ទទួល​បាន​លុយ​ទេ នោះ​ពួក​គេ​នឹង​សុំ​ឱ្យ​យើង​ជួយ [ចាប់] ហើយ​បន្ទាប់មក​ វាយប្រហារ​យើង​វិញ»។ លោក​បន្ថែម​ថា បណ្តាញ​សហគមន៍​ព្រៃ​ឡង់​បាន​ចោទប្រកាន់​ក្រុម​អនុរក្ស​ពី​បទ​ពុករលួយ។

លោក ឯក សុវណ្ណា ជា​អ្នកសម្របសម្រួល​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ប្រចាំ​ខេត្តក្រចេះ​ បាន​បដិសេធ​ថា ការចោទប្រកាន់​របស់​មន្ត្រី​រដ្ឋាភិបាល​ហើយ​បាន​បង្វែរ​ការចោទប្រកាន់​ថា ទទួលសំណូក​នេះ​ទៅលើ​ក្រុម​អាជ្ញាធរ​វិញ។

លោក សុវណ្ណា បាន​និយាយ​ថា៖ «រាល់ពេល​ល្បាត យើង​បាន​ល្បាត​ជាមួយ​ក្រុម​អនុរក្ស ដូច្នេះ​ប្រសិនបើ​លោក [សុខា] ចោទប្រកាន់​យើង​បែបនេះ វា​ប្រៀប​ដូចជា​គាត់​ចោទប្រកាន់​មន្ត្រី​របស់​គាត់​យ៉ាង​ដូច្នេះ​ដែរ។ ខ្ញុំ​គិតថា វា​គ្រាន់តែ​ជា​លេស​ដោះសា​រស​ម្រាប់​មន្ត្រី​របស់​គាត់ ពីព្រោះ​គ្រប់គ្នា​នៅ​ទីនេះ​ដឹងពី​អ្វី​ដែល​ខ្លួន​ត្រូវ​ធ្វើ»។

លោក សុវណ្ណា បាន​និយាយ​ថា លោក​មានការ​បារម្ភ​ច្រើន​អំពី​ព្រៃឈើ​ ដោយសារតែ​ការល្បាត​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ត្រូវ​បាន​ហាមឃាត់ ដោយ​កត់សម្គាល់​ថា លោក​សង្កេតឃើញ​ត្រាក់ទ័រ​ដែលគេ​ប្រើ​ដើម្បី​ដឹកឈើ​ចេញចូល​ក្នុង​ព្រៃ​ស្ទើរ​រាល់ថ្ងៃ។ 

ចំណុចទីតាំងបង្ហាញពីព្រៃឈើនៅដែនជម្រកសត្វព្រៃ«ព្រៃឡង់​» ដែលថតដោយផ្កាយរណប​ដែល​ទទួល​បាន​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​រួម​របស់​គណ​កម្មការ​អឺរ៉ុប (European Commission​`s Joint Research Centre​)។ (ផ្ដល់ឱ្យ)

បន្ទាប់ពី​ពួក​គាត់​ត្រូវ​បាន​ឃុំខ្លួន​កាលពី​ខែមុន ខណៈ​ពេល​ល្បាត​នៅ​ព្រៃ​ឡង់ សមាជិក​ពីរ​រូប​នៃ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ លោក អ៊ូច ឡេង ដែល​ជា​ប្រធាន​អង្គការ Cambodia Human Rights Task Force និង​សកម្មជន​ទី៤ដែល​តាម​ ចោទ​ថា ត្រូវ​បាន​វាយដំ​ដោយក្រុម​សន្តិសុខ​របស់​ក្រុមហ៊ុន Think Biotech ត្រូវ​បាន​ប្រគល់​ឱ្យ​អាជ្ញាធរ​ និង​បន្ទាប់មក ​ត្រូវ​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត ប៉ុន្តែ​ ការចោទប្រកាន់​មក​លើ​ពួក​គាត់​ពី​បទ​លួចបំផ្លិច​បំផ្លាញ ​និង​ការ​ចូល​ដោយ​គ្មាន​ការអនុញ្ញាត​ ត្រូវ​បាន​ទម្លាក់​ចោល​វិញ។

លោក ភក្ត្រា ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ បាន​ប្រាប់ VOD នៅពេល​នោះ​ថា បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​រៀបចំ​កម្មវិធី​ប្រចាំឆ្នាំ​ប្រឆាំង​ការ​កាប់​ឈើ​ខុសច្បាប់ ពីព្រោះ​ពួក​គេ​ព្យាយាម​ចូល «តំបន់​ស្នូល» ក្នុង​ព្រៃ​ ទី​ដែល​មានតែ​មន្ត្រី​អភិរក្ស​ធម្មជាតិ​ ឬអ្នកស្រាវជ្រាវ​ដែល​មាន​លិខិតអនុញ្ញាត​ប៉ុណ្ណោះ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល នេះ​បើ​តាមច្បាប់​ស្តី​ពី​តំបន់​ការពារ។

ទោះបី​យ៉ាងណា លោកស្រី ថេ​ឡាដ ជា​អ្នក​វិទ្យាសាស្ត្រ​ផ្នែកការ​ងារ​អភិរក្ស​ បាន​និយាយ​ថា ព្រៃ​ឡង់​មិនដែល​ត្រូវ​បាន​កំណត់​ច្បាស់លាស់ ហើយ​លោកស្រី​ធ្លាប់​ព្រមាន​អំពី​ការ​លំបាក​ក្នុង​ការកំណត់​តំបន់​ព្រៃ​នេះ។

លោកស្រី​បាន​និយាយ​ថា៖ «អ្វី​ដែល​ពិសេស​បំផុត​ចំពោះ​ព្រៃ​ឡង់ ​គឺ​យើង​មា​នប​ណ្តុំ​នៃ​ប្រភេទ​ព្រៃ​ឈើ​ខុស​ៗគ្នា​ចំនួន​ប្រាំពីរ​ប្រភេទ»។ លោកស្រី​បាន​ពណ៌នា​ថា ជា​ស្រទាប់​ព្រៃ​បៃតង​គ្រប់​រដូវ​កាល ​និង​ព្រៃ​ដែល​ជ្រុះ​ស្លឹក​នៅ​រដូវរងា ​ដែល​ក្រុម​អ្នកស្រាវជ្រាវ​បាន​កត់ត្រា​កាលពី​ឆ្នាំ២០០៧។

លោកស្រី​បាន​និយាយ​បន្ត​ថា ក្រុម​អ្នក​វិទ្យាសាស្ត្រ​ និង​ជីវសាស្ត្រ​ បាន​ផ្តល់​ជា​មតិថា តំបន់​ដូចជា​ព្រៃ​ឡង់​គួរ​ត្រូវ​បានការ​ពារ​ជា​តំបន់​ធម្មជាតិ ដោយ​កត់សម្គាល់​ថា បណ្តាញ​សហគមន៍​ព្រៃ​ឡង់​បាន​ធ្វើការ​ល្បាត​ព្រៃ​ទូលំទូលាយ​រួចហើយ ហើយ​ថា វា​ស្រប​ទៅ​នឹង​កា​រប្រ​តិបត្តិ​ការការពារ​ព្រៃ និង​ការប្រើ​ប្រាស់​ផលិតផល​ព្រៃឈើ​ធម្មជាតិ​ និង​បែប​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិច​គួយ។

លោកស្រី​បាន​បន្ថែម​ថា អ្វី​ដែល​សំខាន់​បំផុត៖ «គឺ​មិន​ត្រូវ​បែងចែក​ ឬបំបែក​ព្រៃ​ឡង់​ទៅជា​តំបន់​អភិរក្ស​ជា​លក្ខណៈ​សហគមន៍​ដាច់ដោយឡែក​ និង​ជា​តំបន់​ព្រៃតូច​ផ្សេងទៀត​នោះ​ទេ»។

លោក សរ ម៉ូ​រី នាយក​កម្មវិធី​ស្រាវជ្រាវ​ និង​តស៊ូ​មតិ​នៅ​អង្គការ​បណ្តាញ​យុវជន​កម្ពុជា ​បាន​និយាយ​ថា អង្គការ​របស់​លោក​នៅតែ​គាំទ្រ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ប៉ុន្តែ​ បណ្តាញ​ទាំងពីរ​នេះ​បានសម្រេច​ចិត្ត​ឈប់​ចុះ​ល្បាត​ផ្ទាល់​ក្នុង​ព្រៃ ហើយ​ផ្ទុយទៅវិញ​ បាន​ប្តូរ​មក​ជា​ការ​ឃ្លាំមើល​ព្រៃ​តាម​រូបភាព​ផ្កាយរណប​វិញ។

លោក សរ ម៉ូ​រី បាន​ប្រាប់ VOD កាលពី​ខែមីនា​ថា ក្រសួង​បាន​ប្រាប់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ឱ្យ​ចុះបញ្ជី​ជា​តំបន់​ការពារ​ព្រៃ​បែប​សហ​គម​ន៍​តូច​ៗ (CPA​) មួយ​រយៈ​មក​ហើយ ប៉ុន្តែ​ អង្គការ​នេះ​មិន​ចង់ឱ្យ​គេ​រឹតត្បិត​មក​ល្បាត​ព្រៃ​ត្រឹម​មួយ​ផ្នែក​តូច ដូចដែល​ធ្លាប់​កើតមាន​លើ​ពលរដ្ឋ​ដែល​ជាស​មា​ជិ​ក CPA នោះ​ទេ។

លោក ម៉ូរី បាន​និយាយថា៖ «​ក្រសួង​បរិស្ថាន​ព្យាយាម​បង្កើត​យន្តការ​ជាច្រើន​។ ​ពួកគេ​ព្យាយាម​បញ្ចុះបញ្ចូល​សហគមន៍​ឱ្យ​ចុះបញ្ជី​ ប៉ុន្តែ​ ពួកគេ​មិន​បា​នគិត​ដិតដល់​អំពី​ប្រសិទ្ធភាព​នៃការ​ការពារព្រៃឈើទេ​»៕


អ្នកប្រែនិងកែសម្រួលពី អត្ថបទដើម​ជាភាសាអង់គ្លេសពីគេហទំព័រ​ VOD English


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។


What Next?

Related Articles

2 Responses to "ស្លាកស្នាមថ្មី និងរូបភាពផ្កាយរណបបង្ហាញពីការកាប់បំផ្លាញព្រៃឈើច្រើនទៀតនៅព្រៃឡង់"

  1. Anonymous says:

    >>>> you better believing it<<<< every one should understand what the new high tech can do . whatever HUN SEN and his leadership doing they knew it. we knew most of the money from that deforest was benefit to HUN SEN his family and his high ranging officers. not even that the land grape from people was also corrupted by this leadership. after all this country belonging to mafia dictatorship. we knew in this dictatorship if HUN SEN did not let his high ragging officers made those kind of corruption this regime already gone long time ago. over all this tiny nation full of corruption just waiting to exploding at any moment. sooner or later the time if nothing change this nation will gone by itself. GOD bless Cambodia and it's people

  2. Anonymous says:

    Wanted to know this case must ask so socheat’