អ្នក​ឃ្លាំ​មើល​​បារម្ភ​​ពី​​ហានិភ័យ​​ដល់​​ការ​​វិនិយោគ ក្រោយ​ EU​ ដាក់​​កម្ពុជា​​ក្នុង​បញ្ជី​​លាង​លុយ​កខ្វក់​​

ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ | សេដ្ឋកិច្ច | អំពើពុករលួយ
លោក ញឹម សុខន | ០៨ ឧសភា ២០២០ | ម៉ោង ៥:៤៩ ល្ងាច
VOD

សំណង់អគារធំៗនៅក្នុងម្ដុំវិមានឯករាជ្យ ក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន/ ៣០ មីនា ២០២០)

សំណង់អគារធំៗនៅក្នុងម្ដុំវិមានឯករាជ្យ ក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន/ ៣០ មីនា ២០២០)


អ្នកឃ្លាំមើល​មួយចំនួន​បង្ហាញ​ការ​ព្រួយបារម្ភ​ថា ការផ្ទេរ​ប្រាក់​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា ​អាច​នឹង​ជួប​ការ​លំបាក ​ឬហានិភ័យ ហើយ​ប៉ះពាល់​ដល់​ការ​វិនិយោគ ​និង​សេដ្ឋកិច្ច​ជាតិ​ថែម​មួយ​កម្រិត​ទៀត បើ​កម្ពុជា​ត្រូវ​សភា​នៃ​សហភាព​អឺរ៉ុប​ដា​ក់បញ្ចូលក្នុង​បញ្ជីខ្មៅ​នៃ​ការ​លាងលុយកខ្វក់​មែន​នោះ។

តាម​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃទី៧ ខែឧស​ភា​នេះ គណៈកម្មាធិការ​អឺរ៉ុប បាន​ស្នើ​សភា​របស់​ខ្លួន​ដាក់​ប្រទេស​កម្ពុជាក្នុង​បញ្ជី​ជាមួយ​បណ្ដា​ប្រទេស ១១ផ្សេងទៀត ដែល​រង​ការ​ចោទ​ថា លាងលុយកខ្វក់ និង​លុយ​បម្រើ​ឱ្យ​ក្រុម​ភេរ​វក​ម្ម។

គណៈកម្មាធិការ​អឺរ៉ុប​ អះអាង​ថា ការ​ស្នើសុំ​នេះ​ដោយសារ​ប្រទេស​ទាំងនោះ «បាន​បរាជ័យ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​លាងលុយកខ្វក់ និង​ហិរញ្ញប្បទាន​ភេរ​វក​ម្ម បង្ក​ការ​គំរាមកំហែង​ខ្លាំង​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ខ្លួន»

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី និយាយ​ថា ដំណឹង​នេះ ជា​ហានិភ័យ​សម្រាប់​ការ​ទាក់ទាញ​អ្នក​វិនិយោគ និង​ការលូតលាស់​សេដ្ឋកិច្ច ។ 

លោក​ថា៖ «ប្រទេស​មួយ​ដែល​មាន​ហានិភ័យ​លាង​លុយ​ហ្នឹង​ខ្ពស់ ​ក្រុម​ហ៊ុន​ធំៗ​ដែលគេ​រកស៊ី​ច្បាស់លាស់​នឹងមិន​ហ៊ាន​វិនិយោគទុន ​នឹង​មិនមក​ទេ ​អ៊ីចឹង​ធ្វើឱ្យលំហូរ​សេដ្ឋកិច្ច​ខ្សោយ ​ហើយ​ធ្វើឱ្យការលូតលាស់​សេដ្ឋ​កិ​ច្ច​យឺត​យ៉ាវ»។ 

លោក ប៉ិច ពិសី និយាយ​ទៀត​ថា បើ​កម្ពុជា​ជាប់​ក្នុង​បញ្ជីខ្មៅ​នៃ​ការ​លាង​លុយ​ពិតមែន ប្រព័ន្ធ​ផ្ទេរ​លុយ​ពី​កម្ពុជា​ទៅក្រៅ​ប្រទេស និង​ពីក្រៅ​ប្រទេស​មកវិញ​ ត្រូវ​បាន​ត្រួតពិនិត្យ​យ៉ាង​រឹត​ត្បិតនៃប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ។

លោក​ថា៖ «ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​ គេ​មាន​ជំហាន​នៃ​ការ​ទទួល​លុយ​ហ្នឹង​ច្បាស់លាស់។ អ៊ីចឹង​ប្រហែលជា​មាន​ឧប​សគ្គសម្រាប់​វិនិយោគិន ក្នុង​ការ​វេរ​លុយ​ចេញចូល​ស្រុក​យើង»។

បើ​តាម​លោក ប៉ិច ពិសី ដំណឹង​នេះ នឹងជា​បន្ទុក​បន្ថែម ខណៈ​កម្ពុជា​កំពុង​ជួប​វិបត្តិ​កូ​វីដ១៩ និង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ២០ភាគរយ ​របស់​សហភាព​អឺរ៉ុប។

អ្នកឯកទេស​នយោបាយ​ផ្នែក​ទំនាក់ទំនង​កិច្ចការ​បរទេស​ លោក ឯម សុវណ្ណ​រ៉ា និយាយ​ដែរ​ថា បើ​កម្ពុជា​មិន​អាច​ដកខ្លួន​ចេញពី​បញ្ជីខ្មៅ​របស់​សហភាពអឺរ៉ុប​នេះ​បានទេ ប្រព័ន្ធ​តាមដាន​វា​នឹង​រាលដាល​ដល់​ឥស្សរជន​នយោបាយ​មួយចំនួន អ្នកជំនួញ​ក្នុង​ប្រទេស និង​មុខមាត់​កម្ពុជា​លើឆាកអន្តរជាតិ ។

លោក​ថា៖ «វា​ជា​យន្តការ​មួយ​អាច​ប្រឈម​នឹង​តម្លៃ​ស្មើមុខស្មើមាត់​ជារ​ដ្ឋ​អធិបតេយ្យ​ វា​មាន​លក្ខណៈ​បាត់បង់​ពុំ​ស្មើភាព​គ្នា​ច្រើនណាស់ ហើយ​ការ​ទាក់ទាញ​វិនិយោគិន​ហ្នឹង​ខាតបង់​មែនទែន កម្ពុជា​គួរតែ​រៀបចំ​យន្តការ ឬក៏​ចំណាត់ការ​បែប​ណា ដើម្បី​បញ្ចៀស​បញ្ហា​ហ្នឹង​ទើប​ល្អ»។

កាលពី​ខែកុម្ភៈ ​ឆ្នាំ២០១៩ កម្ពុជាត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​ប្រផេះ​សារជាថ្មី ដោយក្រុម​ការងារ​ប្រតិបត្តិ​ការ​ហិរញ្ញប្បទាន​អន្តរជាតិ (Financial Action Task Force – FATF​) ។

អ្នកនាំពាក្យ និង​ជា​អគ្គលេខាធិការ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក មាស សុខ​សេន​សាន សុំ​មិន​ប្រតិកម្ម​ទៅ​នឹង​សំណើ​របស់​សហភាព​អឺរ៉ុប​នេះ​ទេ ដោយ​បង្វែរឱ្យទៅ​សួរ​ខាង​ធនាគារជាតិនៃកម្ពុជា​វិញ តែ​វី​អូ​ឌីមិន​អាច​រក​ការ​អត្ថា​ធិប្បាយ​បាន​ ដោយអគ្គ​នាយិកា​នៃ​ធនាគារជាតិ​ លោកស្រី ជា សិរី មិន​លើក​ទូរសព្ទ។

ប៉ុន្តែ​ រដ្ឋ​លេខា​ក្រសួងមហាផ្ទៃ​ លោក ងឺ ចន្ទ្រ័​ផល អះអាង​ថា មិន​ភ្ញាក់ផ្អើល​ទៅ​វិធានការ​របស់​សហភាព​អឺរ៉ុប​នេះ​ទេ ដោយ​លោក​ចាត់ទុកថា វិធានការ​របស់​សហភាព​អឺរ៉ុប វា​មិន​ឆ្លុះបញ្ចាំង​ពី​ការ​ខំប្រឹង​ប្រែង​របស់​កម្ពុជា ។

មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​អះអាង​ទៀត​ថា វិធានការ​របស់​សហភាព​អឺរ៉ុប នឹង​មិន​ប៉ះពាល់​ដល់​កម្ពុជា ដោយ​ថា ​ដរាបណា​កម្ពុជាបន្ត​អនុវត្ត​តាម​អនុសាសន៍របស់​ហិរញ្ញប្បទាន​អន្តរជាតិ ដែល​បាន​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ប្រផេះ ​(FATF​) នោះ។

លោក​ថា៖ «កម្ពុជា​យើង! យើង​អនុវត្ត​ទៅតាម​គោលការណ៍​ដែល​យើង​មាន​ក្នុង​ឋានៈ​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អន្តរជាតិ យើង​នៅតែ​បន្ត​ធ្វើការ​ធម្មតា ខ្ញុំ​ថា ​ដូចជា​មិន​មានអី​គួរឱ្យ​ភ្ញាក់ផ្អើល​ទេ​អាហ្នឹង»។

វិធានការ​ថ្មីនេះ សហភាព​អឺរ៉ុប​នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ខែតុលា​ខាងមុខនេះ ដោយសារ​បញ្ហា​ដែល​បណ្ដាលមកពី​ការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​នា​ពេល​បច្ចុប្បន្ន​នេះ។

បើ​តាម​សហភាព​អឺរ៉ុប នៅពេល​សំណើ​នេះ​ត្រូវ​បាន​អនុម័ត ធនាគារ ក្រុមហ៊ុន​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​សវនា​កម្ម​ផ្សេង​ៗ នឹង​ជាប់​កាតព្វកិច្ច​ដែល​តម្រូវ​ឱ្យ​ពិនិត្យមើល​ឱ្យ​បាន​ខ្លាំង​ថែមទៀត ទៅលើ​អតិថិជន​របស់​ពួក​គេ ដែល​មាន​ទំនាក់ទំនង​នឹង​បណ្ដា​ប្រទេស​ស្ថិត​ក្នុង​សំណើ​នេះ។ ក្រុមហ៊ុន​នានា​នៅ​តាម​បណ្ដា​ប្រទេស​ស្ថិត​ក្នុង​បញ្ជី​នេះ ក៏​នឹង​ត្រូវ​ហាមឃាត់​ទទួលយក​មូលនិធិ​ពី​សហភាព​អឺរ៉ុប​ផង​ដែរ។

ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​គណៈកម្មាធិការ​សហភាព​អឺរ៉ុប​ ក៏បាន​បញ្ជាក់​ពី​គោលការណ៍​ចំនួន ៦ រួមមាន​ទាំង​ការបង្កើត​ក្រុមការងារ​ត្រួតពិនិត្យ​លើ​ដំណើរការ​ធនាគារ ក្រុមការងារ​ត្រួតពិនិត្យ​ដោយ​ផ្អែកលើ​ខ្លឹមសារ​ច្បាប់​របស់​អឺរ៉ុប និង ច្បាប់អន្តរជាតិ​ ជាដើម។

ប្រទេស​ដែល​ជាប់​ក្នុង​បញ្ជីខ្មៅ​របស់​សហភាព​អឺរ៉ុប​រួចហើយ​នោះ មានដូចជា​ អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ អ៊ីរ៉ង់ ប៉ាគីស្ថាន ស៊ីរី យេ​ម៉ែ​ន កូរ៉េខាងជើង អ៊ូហ្គាន់ដា វ៉ានូ​ទូ ដែនដី​ទ្រីនីដាត និង​តូ​បា​ហ្កូ។ សំណើ​វិធានការ​នេះ នឹង​ចូលជាធរមាន​នៅ​ខែតុលា​ខាងមុខ។ ចំណែក​ស្ថាប័ន​ត្រួតពិនិត្យ​ថ្មី នឹង​ត្រូវ EU រៀបចំឡើង​នៅ​ឆ្នាំ២០២៣​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment