ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ថា ជំនួប​រវាង​លោក កឹម សុខ និង​លោក ហ៊ុន សែន ជា​រឿង​វិជ្ជមាន

ដោយ វ៉ែន សុមេធ
2020-05-12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក កឹម សុខា (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ជំនួប​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា នៅ​គេហដ្ឋាន របស់​លោក​ក្នុង​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី១១ ខែ​ឧសភា ឆ្នាំ២០២០។

លោក កឹម សុខា (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ជំនួប​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា នៅ​គេហដ្ឋាន របស់​លោក​ក្នុង​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី១១ ខែ​ឧសភា ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក​លោក កឹម សុខា


ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​គាំទ្រ​ជំនួប​ជិត​មួយ​ម៉ោង​រវាង​មេ​បក្ស​ប្រឆាំង លោក កឹម សុខា និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​សប្ដាហ៍​មុន ដោយ​ចាត់​ទុក​ថា ជា​រឿង​វិជ្ជមាន​សម្រាប់ នយោបាយ​កម្ពុជា។រីឯ​អ្នក​វិភាគ​នយោបាយ យល់ថា កាយវិការ​របស់​តំណាង​ស្ថានទូត​នេះ គឺ​បង្ហាញ​ការ​គាំទ្រ​ឲ្យ​គូ​បដិបក្ខ​នយោបាយ​ទាំង​ពីរ វិល​ទៅ​រក​តុ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែ​ឧសភា លោក​បាន​ទទួល​ជួប​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​នៅ​គេហដ្ឋាន របស់​លោក​ក្នុង​ក្រុង​ភ្នំពេញ ហើយ​ក្នុង​ជំនួប​នោះ ឯក​អគ្គ​រដ្ឋ​ទូត​អាល្លឺម៉ង់ បាន​បង្ហាញ​ការ​សាទរ និង គាំទ្រ ចំពោះ​ជំនួប​រវាង​លោក និង​លោក​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៥ ខែ​ឧសភា កន្លង​ទៅ។ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ចាត់​ទុក​ជំនួប​ដ៏​កម្រ​នេះ ថា ជា​រឿង​វិជ្ជមាន។ លោក កឹម សុខា បន្ត​ថា លោក ក៏​បាន​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​អំពី​សុខ​ទុក្ខ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ ខ្មែរ​ក្នុង​ស្ថានភាព​កូវីដ-១៩ និង​អំពី​ស្ថានភាព​នា​ពេល​អនាគត​ផង​ដែរ។

មេ​បក្ស​ប្រឆាំង​រូប​នេះ បង្ហោះ​សារ​ទៀត​ថា ក្នុង​សប្ដាហ៍​នេះ លោក ក៏​នឹង​ទទួល​ជួប​ឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូត​នៃ​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​សំខាន់ៗ មួយ​ចំនួន​ទៀត ដែល​មាន​ស្ថានទូត​នៅ ភ្នំពេញ​ជា​បន្ត​បន្ទាប់​ដោយ​ផ្ទាល់​នៅ​គេហដ្ឋាន​របស់​លោក។ ចំណែក​ឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូត នៃ​ប្រទេស​ជា​មិត្ត​មួយ​ចំនួន​ទៀត ដែល​មិន​មាន​ទីតាំង​ស្ថានទូត​នៅ​ក្នុង​ទឹក​ដី​កម្ពុជា ក៏​បាន​ផ្ញើ​សារ និង​ទំនាក់ទំនង​តាម​បណ្ដាញ​សង្គម មក​សួរ​សុខ​ទុក្ខ​លោក​ផង​ដែរ។

អ្នក​សិក្សាការ​អភិវឌ្ឍន៍​សង្គម និង​អ្នក​វិភាគ​នយោបាយ បណ្ឌិត សេង សារី យល់ថា កាយវិការ​របស់ តំណាង​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ នេះ​គឺ​ជា​ការ​បង្ហាញ​ការ​គាំទ្រ​ដល់​មេ​បក្ស​ប្រឆាំង និង​គាំទ្រ​ឱ្យ​គួរ​បដិបក្ខ​នយោបាយ​ទាំង​ពីរ​ឱ្យ​វិល​ទៅ​រក​តុ​ចរចា​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​រាំរ៉ៃ​ឡើង​វិញ។ ទោះ​ជា​យ៉ាង​ណា លោក យល់​ថា ប្រសិន​បើ អ្នក​នយោបាយ​ខ្មែរ នៅ​តែ​គ្មាន​ភាព​ស្មោះត្រង់ និង​ឆន្ទៈ ពិត​ប្រាកដ​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​នយោបាយ​នេះ​ទេ គឺ​ការ​ផ្សះផ្សា​នយោបាយ គ្មាន​ស្ថិរភាព​នោះ​ឡើយ៖ «ខ្ញុំ​ជឿ​លើ​ការ​ធ្វើ​នយោបាយ​លក្ខណៈ​វិទ្យាសាស្ត្រ និង​អាជីព ដូច្នេះ​ដំណោះ​ស្រាយ​នយោបាយ ដែល​ប្រើប្រាស់​មនោសញ្ចេតនា ឬ​អារម្មណ៍​ក្នុង​ការ​ដោះ ​ស្រាយ​បញ្ហា គឺ​វា​មិន​មែន​ជា​ដំណោះ​ស្រាយ ដែល​មាន​រយៈ​ពេល​វែង​នោះ​ទេ។នៅ​ពេល​អ្នក​នយោបាយ​សប្បាយ​ចិត្ត​មក​ដោះ​ស្រាយ​នយោបាយ តែ​ពេល​អ្នក​នយោបាយ​មិន​សប្បាយ​ចិត្ត ក៏​បញ្ហា​នយោបាយ​នៅ​ជាប់​គាំង»

កាល​ពី​ថ្ងៃ​ទី៥ ខែឧសភា​កន្លង​ទៅ លោក កឹម សុខា បាន​ជួប​សន្ទនា​រយៈ​ជិត ៥០នាទី ជាមួយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​អំឡុង​ពេល​មេ​បក្ស​ប្រឆាំង​រូប​នេះ ទៅ​ចូលរួម​គោរព វិញ្ញាណក្ខន្ធ​សព​ម្ដាយ​ក្មេក លោក ហ៊ុន សែន។ ភាគី​ទាំង​ពីរ មិន​បាន​បក​ស្រាយ​លម្អិត​ថា មាន​ការ​ជជែក​គ្នា​អ្វី​ខ្លះ​នោះ​ទេ ប៉ុន្តែ​ជំនួយ​របស់​លោក កឹម សុខា គឺ​លោក មុត ចន្ថា បង្ហើប​នៅ​លើ​ហ្វេសប៊ុក របស់​លោក​ថា មេ​ដឹក​នាំ​នយោបាយ​ទាំង​ពីរ បាន​សំណេះសំណាល​គ្នា​អំពី​សុខ​ទុក្ខ និង​ផល​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ។

ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ថា ជំនួប​រវាង​មេ​បក្ស​ប្រឆាំង និង​លោក​នាយក​រដ្ឋមន្ត្រី​កន្លង​ទៅ​នោះ មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ ហើយ​លោក មិន​ដឹង​ថា តំណាង​ស្ថានទូត​បរទេស មើល​ឃើញ​ចំណុច​វិជ្ជមាន​ជ្រុង​ណា​នោះ​ទេ។ លោក ផៃ ស៊ីផាន ចាត់​ទុក​ថា ជំនួប​នោះ គ្រាន់​តែ​ជា​វប្បធម៌​ដ៏​ល្អ​របស់​ខ្មែរ​នៅ​ពេល​មាន​សមាជិក​គ្រួសារ​ណា​ម្នាក់​មាន​ទុក្ខ​គឺ​តែងតែ​ចូល​រួម​រំលែក​ទុក្ខ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ៖ «យើង​ចង់​និយាយ​ថា វិជ្ជមាន​ក្នុង​រឿង​នយោបាយ ហើយ​ខ្ញុំ​មើល​វា​មិន​មែន​ជា​រឿង​នយោបាយ​ទេ រឿង​ឯកឧត្ដម កឹម សុខា គឺ​ជា​រឿង​កាតព្វកិច្ច​របស់​តុលាការ។ អាស្រ័យ​ហេតុ​ដូច្នេះ​ការ​ដោះ​ស្រាយ​ទៅ​តាម​ផ្លូវ​តុលាការ គឺ​ជា​កាតព្វកិច្ច​មួយ ដែល​គ្មាន​អ្នក​ណា​អាច​បញ្ចៀស​បាន​ទេ សូម្បី​តែ​នាយក​រដ្ឋមន្ត្រី។ ចំណុច​ទី៣ យើង​នឹង​ដឹង​ពេល​ចប់​កាតព្វកិច្ច តុលាការ គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​នាយករដ្ឋមន្ត្រី ក្នុង​ការ​ស្នើសុំ​ព្រះមហាក្សត្រ​លើក​លែង​ទោស»

តំណាង​រដ្ឋាភិបាល​នៃ​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ តែងតែ​បណ្ដាក់​គ្នា​ទៅ​ជួប​សួរ​សុខទុក្ខ លោក កឹម សុខា ដល់​ផ្ទះ របស់​លោក​ជា​បន្ត​បន្ទាប់ ចាប់​តាំង​ពី​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០១៩  អនុញ្ញាត​ឱ្យ​លោក​អាច​ធ្វើដំណើរ​ក្នុង​ប្រទេស ប៉ុន្តែ​មិន​ឱ្យ​ចាក​ចេញ​ពី​កម្ពុជា ហើយក៏​មិន​លោក​ធ្វើសកម្មភាព​នយោបាយ​ដែរ។ ក្រៅពី​នេះ តុលា​ការបាន​តម្រូវ​ឱ្យ​លោក​ឆ្លើយតប​នឹង​ការ​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច។

ឯកអគ្គរដ្ឋទូត​ប្រទេស​សេរី​ទាំង​នេះ បាន​ជំរុញ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស ឡើងវិញ តាម​រយៈ​ការ​ទម្លាក់​ចោល​រាល់​បទចោទប្រកាន់​លើ​លោក កឹម សុខា និង​ដោះ​លែង​ជន​ទាំង​ឡាយ​ណា ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត ក្នុង​នោះ​​រួម​មាន​អ្នក​សារ​ព័ត៌មាន​សកម្មជន​សង្គម​ស៊ីវិល ព្រម​ទាំង​អ្នក​គាំទ្រ និង​សមាជិក​គណបក្ស​ប្រឆាំង​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ថា ជំនួប​រវាង​លោក កឹម សុខ និង​លោក ហ៊ុន សែន ជា​រឿង​វិជ្ជមាន"

  1. Anonymous says:

    this is Democracy that what I mean Cambodian need Democracy to survive . please believing me communist they can help you but not people or the country . they help only the man in powers to getting deeper in to their communist policy . please take a look every corrupted leader was always with communist the question is why?? all those corrupted leader keep their people as the slave for him and his families for generation to come just like north KOREA. please be understand the meaning of corrupted that going deeper to dictator just like north KOREA. we can see some of those country at first they started white corruption than come to dictator. we also can tell that country is only dictator or become dictatorship .mostly a dictator came from military commander took powers by force . the dictatorship is coming the same kind of military but the worse is ?? they form their leadership among their own families and the high ragging officers. the country white dictatorship was always very dangerous those nation is under certainty situation . Cambodian will be lucky if the leader change their mind. please be a wear do not trying to support one of them and hurt people at the other side they are also Cambodian speaking the same language . GOD bless Cambodia and it’s people

  2. Anonymous says:

    So funny in this country’ haha’ this trick made people believe the beast regime leaded by veitcong mafia dictator and his groups’. Look back at 1997 ‘ Parish Accord ‘ the international sponsor and help cambodia walking to democracy but the Veitcong mafia dictator and his groups not respected U-N like veitname invaded cambodia 1979 not respected the international ‘ So this is the show(KI_LOURNG ) to make khmer people believe and cheat the world again and again’ . Look at last time when people voting for CNRP and the party become popular made Veitcong mafia dictator and his groups so scare and then they dissolve the party and accused mr So kha without proof of betray country ‘ Now they used the same tac-tic again ‘Who know what in mind of mr So kha ?? he maybe become the dog of veitcong mafia dictator ‘GOD will know and punish the crooks soon’

  3. so socheath says:

    សាលាឧទ្ធរណ៍ នៅរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានសម្រេចច្រានចោលបណ្តឹងមេធាវីរបស់ កឹម សុខា ដែលជំទាស់ចំពោះ សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលទទួលយកភស្តុតាងបន្ថែម ដើម្បីដាក់បន្ទុកលើ កឹម សុខា នេះបើយោងតាមការបញ្ជាក់
    របស់ឯ/ឧ គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ។
    ឯ/ឧ គី តិច បានបញ្ជាក់បន្ថែមថា សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ បានចាត់ទុកថា បណ្តឹងឧទ្ធរណ៍របស់មេធាវី កឹម សុខា ធ្វើឡើងដោយមិនត្រឹមត្រូវតាមច្បាប់ ហើយសភាព្រហ្មទណ្ឌ មិនអាចទទួលយកបានឡើយ។ សាលដីកានេះបានជំនុំជម្រះជាសាធារណ: និងប្រកាសចំពោះមុខមេធាវីគូភាគី ខណៈជនជាប់ចោទ កឹម សុខា អវត្តមាន។ ទោះជាយ៉ាងនេះក្តី សាលាឧទ្ធរណ៍ បានបើកសិទ្ធិឱ្យក្រុមមេធាវីរបស់កឹម សុខា ប្តឹងសារទុក្ខផងដែរ។
    សូមបញ្ជាក់ថា កឹម សុខា ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ក្រោយបែកធ្លាយ
    វីដេអូមួយ ដែលសារភាពថា បានអនុវត្តតាមការណែនាំពីបរទេសដើម្បីធ្វើការផ្លាស់ប្តូរប្រទេស
    កម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។ ក្រោយមក កឹម សុខាត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ដោយមិនអនុញ្ញាតឱ្យជួបអតីតថ្នាក់ដឹកនាំ CNRP មិនឱ្យជួបជនបរទេស រួមទាំងមិនអាចចាកចេញពីព្រំដែនផ្លូវដែលតុលាការបានកំណត់។
    ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែសម្រួលលក្ខខណ្ឌត្រួតពិនិត្យនេះឡើងវិញ ដោយហាមឃាត់សកម្មភាពមួយចំនួនប៉ុណ្ណោះ មានដូចជា៖ មិនឱ្យចេញក្រៅប្រទេស មិនឱ្យធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ចផងដែរ។
    កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស»។ រហូតដល់ពេលនេះ លោកមិនទាន់បានរួចផុតពីការចោទប្រកាន់នៅឡើយទេ ដោយតុលាការកំពុងតែបន្តនីតិវិធីសវនាការ លើសំណុំរឿងរបស់លោកជាបន្តបន្ទាប់ ខណៈត្រូវផ្អាកមួយរយៈសិន រង់ចាំស្ថានភាពជំងឺកូវីដ១៩ បានធូរស្បើយ៕

Leave a Reply

Submit Comment