អ្នក​ឃ្លាំ​មើល​​ហៅ​​ការ​​កក​ស្ទះ​​សំណុំ​រឿង​​នៅ​​តុលាការ​​មក​​ពី​ក​ត្តា​​ច្បាប់​ និង​​អំពើ​ពុក​រលួយ​​

តុលាការ និងច្បាប់ | ព័ត៌មានជាតិ | អំពើពុករលួយ
លោក ញឹម សុខន |១៥ ឧសភា ២០២០ | ម៉ោង ៤:៥២ ល្ងាច
VOD

ទិដ្ឋភាពនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ទិដ្ឋភាពនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)


អ្នកឃ្លាំមើល​មួយចំនួន​ហៅ​ការ​កកស្ទះ​សំណុំរឿង​នៅ​តុលាការ ដែល​បណ្តាល​ឱ្យពន្ធនាគារ​ចង្អៀត​ណែន វា​បានបង្កើ​តឡើង​ដោយ​កត្តា​ធំ​ពីរ គឺ​ទិដ្ឋភាព​ច្បាប់​ និង​អំពើពុករលួយ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា ។

ក្រសួង​យុត្តិធម៌ នៅ​សប្តាហ៍​មុន បាន​បង្កើត​គណៈកម្មការ​ថ្មី​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រោមការដឹកនាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថ្មី​គឺ​លោក កើត រិទ្ធ។

នាយករង​អង្គការ​លី​កាដ​ូ​ និង​ជា​អ្នកឃ្លាំមើល​ពន្ធនាគារ លោក អំ សំអាត និយាយ​ថា ការ​កកស្ទះ​សំណុំរឿង រុញ​ឱ្យចង្អៀត​ណែន​ក្នុង​បន្ទប់​ឃុំខ្លួន មក​ពី​ការអនុវត្ត​ច្បាប់​សម្រេច​យក​ការ​ឃុំខ្លួន​បណ្តោះ​អាសន្ន ច្រើនជាង​ដាក់​ជនសង្ស័យ​​នៅ​ក្រៅ​ឃុំ ឬព្យួរទោស។

លោក អំ សំអាត និយាយ​ទៀត​ថា កត្តា​ធំ​មួយទៀត គឺ​កង្វះ​ការ​ផ្សព្វផ្សាយ​អប់រំ​ឱ្យពលរដ្ឋ​យល់ដឹង​ពី​ច្បាប់។

លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ

លោក​ថា៖ «ការអប់រំ​ ការ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​យល់ដឹង​ពី​បញ្ហា​ផ្លូវច្បាប់ ដើម្បី​កាត់បន្ថយ​បទល្មើស អាហ្នឹង​ក៏​ជា​រឿង​ជួយ​កាត់បន្ថយ​នៃ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ដែរ»។

មន្ត្រី​ឃ្លាំមើល​រូប​នេះ កត់សម្គាល់​ទៀត​ថា កត្តា​ចំបង​មួយទៀត ច្បាប់​បាន​ចែងថា បទ​មជ្ឈឹ​ម មន្ត្រី​តុលាការ​អាច​ឃុំខ្លួន​ជនសង្ស័យ​ពី៤ ទៅ ៦ខែ និង​បទឧក្រិដ្ឋ​ អាច​ឃុំខ្លួន​បាន​ពី ៦ទៅ ១៨ខែ បិទ​កា​រស៊ើប​អង្កេត​ ហើយ​ច្បាប់​ទុក​ពេល​ឱ្យ ២ទៅ ៤ខែ​ទៀត​ ទើប​បញ្ជូន​ទៅ​ជម្រះ។

បើ​តាម​លោក អំ សំអាត បញ្ហា​មួយទៀត​ដែល​បង្ក​ឱ្យកក​ស្ទុះ​សំណុំរឿង និង​ឃុំខ្លួន​ជនសង្ស័យ​លើសពេល​កំណត់ដែរ​នោះ គឺ​ការ​ប្តូរ​ចៅ​ក្រោម ឬព្រះរាជអាជ្ញា ធ្វើឱ្យមាន​ការ​ពន្យា​រពេល​នៃ​ការស៊ើបអង្កេត រួម​ទាំង​ភាព​មិន​ប្រក្រតីនៃ​ការ​បញ្ជូន​សំណុំរឿង​ទៅ​ជម្រះ​ជាដើម។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ អះអាង​ទៀត​ថា កត្តា​ចំបង​មួយទៀត ​គឺ​ការ​ធ្វើការ​មិន​ស៊ីសង្វាក់​គ្នា រវាង​មន្ត្រី​តុលាការ និង​មន្ត្រី​ពន្ធនាគារ ដើម្បីឱ្យ​ប្រាកដ​ថា ​ជនជាប់ចោទ​ពេល​ទទួលទោស​ចប់​ ត្រូវតែ​ដោះលែង។

លោក​ថា៖ «តាមផ្លូវ​ច្បាប់​ គាត់​ដឹង​ហើយ ពេល​អ្នកទោស​ចូល​ទៅ​ គាត់​ដឹង​ហើយ​ថា គេ​កាត់ទោស​ប៉ុន្មាន ហើយ​ចប់ ​[អនុវត្ត​ទោស​] ប៉ុន្មាន។ អ៊ីចឹង​ នៅពេល​ជិតដល់​ហ្នឹង​ គាត់​ [មន្ត្រី​ពន្ធនាគារ​] ដឹង​ហើយ​ គាត់​ត្រូវ​រំឭក​ទៅ​ព្រះរាជអាជ្ញា​ថា គាត់​ [អ្នកជាប់ឃុំ​] ជិតដល់​កម្រិត​ទោស​ហើយ​ ដើម្បីឱ្យព្រះរាជអាជ្ញា​ហ្នឹង​គាត់​ចាត់វិធានការ បើ​អត់​សាលក្រម​ទេ​ គាត់​ត្រូវ​ធ្វើ​ម៉េច​ដើម្បី​ដោះលែង​ទាន់ពេល​វេលា»។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី បង្ហាញ​ការយល់ឃើញ​ប្រហាក់​ប្រហែល​ដែរ​ថា បញ្ហា​នេះ​វា​បាន​កើតឡើង​ពីក​ត្តា​ធំ​ពីរ គឺ​ទិដ្ឋភាព​ច្បាប់ និង​ការ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ។

លោក ប៉ិច ពិសី កត់សម្គាល់​ថា ប្រទេស​ប្រជាធិបតេយ្យ​មួយចំនួន​ដែលគេ​អាច​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅ​តុលាការ និង​ទប់ស្កាត់​អំពើពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​បាន ជម្រើស​នៃ​ការ​ឃុំខ្លួន​មាន​តិចតួច​បំផុត។

លោក​ថា៖ «នៅ​ស្រុក​យើង​ពិបាក​បន្តិច ដោយសារតែ​ពុករលួយ​ផង​អី​ផង ភាគច្រើន​ឱ្យតែ​មាន​ដីកា​ចាប់ខ្លួន មានការ​ចោទប្រកាន់ ​គឺ​គេ​ចាប់ខ្លួន​តែម្តង នេះ​ជា​បញ្ហា​មួយ​ដែល​ពិបាក។ អ៊ីចឹង ​យើង​កែសម្រួល​បញ្ហា​ទាំងអស់​ហ្នឹង​ទៅ​ អាច​កែសម្រួល​បាន​ហើយ»។

ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ លោក វន់ ពៅ ដែល​សមត្ថកិច្ច​ចាប់​ដាក់​ពន្ធនាគារ​ត្រពាំងផ្លុង​ ខេត្ត​ត្បូងឃ្មុំ ៤ខែ ២៨ថ្ងៃ ដោយ​ទាមទារ​លក្ខខណ្ឌ​ការងារ​ឱ្យកម្មករ​នោះ បាន​អះអាង​ថា អ្នកជាប់ឃុំ គ្មាន​បងប្អូន​ទៅ​សួរសុខទុក្ខ ឬគ្មាន​លុយ​រត់ការដើម្បី​តតាំាង​ក្តី ត្រូវ​បាន​ឃុំខ្លួន​លើស​ទំហំ​ទោស។

លោក​ថា៖ «កាល​ខ្ញុំ​នៅ​ត្រពាំងផ្លុង​ គាត់​នោះ​ បងប្អូន​អត់​រវល់​ គេ​អត់​កាត់ក្តី​ឱ្យ​គ្នា​ ដល់​អ៊ីចឹង​នៅ​តាមដំណើរ​ទៅ​ វា​ជា​រឿង​មួយ​អយុត្តិធម៌​ ទម្រាំ​កាត់ក្តី​ គាត់​ជាប់ទោស​លើស​អា​ទោស​ដែលគេ​ត្រូវ​កាត់​ទៀត។ […] បើ​អ្នកមាន​លុយ ​មាន​បងប្អូន​ធ្វើការ​ធំ​ក្នុង​រាជការ​ គេ​កាត់​លឿន ​ពិសេស​ពួក​ឧកញ៉ា​អី​ដែល​ពាក់​ព័ន្ធ​គ្រឿង​ញៀ​ន ព្រោះ​សុទ្ធ​ជា​អ្នកមាន​លុយ និង​ខ្សែរយៈ»។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក ជិន ម៉ា​លីន អះអាង​ថា ក្រសួង​បាន​រក​ឃើញ​បញ្ហា​នៃ​ការ​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​នេះ ​ច្រើនជាង​ការ​អះអាង​របស់​សង្គម​ស៊ីវិល ហើយ​ថា នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​ ក្រសួង​នឹង​ធ្វើសន្និសីទ ប្រាប់​លម្អិត​ពី​យុទ្ធនាការ​នេះ។

អ្នកនាំពាក្យ​រូប​នេះ អះអាង​ថា យុទ្ធនាការ​នោះ បញ្ហា​ចំពោះមុខ ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅ​តុលាការ ចំណែក​ផែនការ​កែទម្រង់​វែងឆ្ងាយ​ វា​ត្រូវការ​ពេល។ ប៉ុន្តែ​ថា ​បុគ្គល​ដែល​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ នឹង​មិន​លើកលែង។

ជិន ម៉ាលីន
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ផ្ដល់កិច្ចសម្ភាសន៍ដល់អ្នកកាសែត នៅសាលាយុត្តិធម៌ ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ហេង វិចិត្រ)

លោក​ថា៖ «ជាទូទៅ​ អំពើពុករលួយ​ជា​អំពើ​បំពានច្បាប់​ អ៊ីចឹង​បើ​រក​ឃើញថា ​នរណា​ប្រព្រឹត្ត​អំពើពុករលួយ​ ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់ ​អាហ្នឹង​អត់មាន​រឿង​អី​ត្រូវលើ​កលែង​ទេ»។

យ៉ាងនេះ​ក្តី លោក អំ សំអាត ហៅ​ប្រសិទ្ធភាព​នៃ​ការ​ដោះស្រាយ​បញ្ហា​សង្គម​ប្រកបដោយ​តម្លាភាព​ វា​លុះណាតែ​មានការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ តប​តាម​រដ្ឋធម្មនុញ្ញ ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​អ្នកនយោបាយ ។

បើ​តាម​មន្ត្រី​រូប​នេះ ពន្ធនាគារ​ស្ទើរ​ទូទាំង​ប្រទេស​ស្ថិត​ក្នុង​ស្ថានភាព​ចង្អៀត​ណែន ក្នុង​នោះ​ពន្ធនាគារ​ព្រៃស បាន​ប្រកាស​ឈប់​ទទួល​យក​ជនសង្ស័យ​ឃុំខ្លួន​បណ្តោះអាសន្ន​ចាប់ពី​ខែមករា​មក។

គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) បាន​ចេញ​របាយការណ៍​កាលពី​ឆ្នាំ២០១៩ វាយតម្លៃ​ថា ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា ស្ថិតនៅ​ជិត​បាត​តារាង​ក្នុងចំណោម ១១៣ប្រទេសលើ​ពិភពលោក ពោល​គឺជា​ប្រទេស​មាន​នីតិរដ្ឋ​ទាប។

របាយការណ៍​បញ្ជាក់​ថា​ ចំណាត់ថ្នាក់​យុត្តិធម៌​របស់​កម្ពុជា ​គិត​ក្នុង​ឆ្នាំ២០១៧ និង២០១៨ ជាប់​ចំណាត់ថ្នាក់​ទី ១១២ ក្នុងចំណោម ១១៣ ប្រទេស។

អង្គការ​តម្លាភាព​អន្តរជាតិ កាលពី​ចុងខែ​មករា​ឆ្នាំនេះ បាន​ចេញ​របាយការណ៍​វាយតម្លៃ​ថា កម្ពុជា​មានអំពើ​ពុករលួយ​ខ្លាំង​ជាងគេ បើ​ធៀប​នឹង​ប្រទេស​ទាំង ១០ ដែល​ជាស​មា​ជិ​កអាស៊ាន។ ការ​វាយ​តម្លៃ​នេះ ផ្តោត​លើ​ប្រទេស​ចំនួន ១៨០៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "អ្នក​ឃ្លាំ​មើល​​ហៅ​​ការ​​កក​ស្ទះ​​សំណុំ​រឿង​​នៅ​​តុលាការ​​មក​​ពី​ក​ត្តា​​ច្បាប់​ និង​​អំពើ​ពុក​រលួយ​​"

  1. Anonymous says:

    khmer people and international knew that this veitcong court the worse corruption ‘ and the system of this country are the corruption system from the top to bottom ‘ . this system design by Youn-hanoi since they invade cambodia 1979 and keep watching all level they try to make khmer lost everything ‘

Leave a Reply

Submit Comment