ពលរដ្ឋ​បារម្ភ​ខ្លាច​គ្រឹះស្ថាន​ឥណទាន​រឹប​អូស​ទ្រព្យ​បញ្ចាំ​ជាង​បារម្ភ​អំពី​វីរុស​កូរ៉ូណា

សេដ្ឋកិច្ច
16 ឧសភា 2020
ផន បុប្ផា | ខាន់ សុគុំមនោ
វីអូអេខ្មែរ

លោក ហ៊ី សុខុម (ពាក់ម៉ាស់) វ័យ៥០ឆ្នាំ ប្រកបរបររត់រ៉ឺម៉កកង់បី រស់នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាលជាមួយក្រុមគ្រួសារ។ លោកថា លោកកំពុងតែជួបការលំបាកក្នុងការរកប្រាក់សងទៅធនាគារដោយសារការរីរាលដាលនៃជំងឺកូវីដ១៩។ (ផន បុប្ផា/VOA ) Photo: VOA Khmerចែករំលែក


ស្រុកកៀនស្វាយ ខេត្តកណ្តាល — មុន​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ ​គ្រួសារ​របស់​លោក​ ហ៊ី សុខុម​ ប្រកប​របរ​រក​ស៊ី​ប្រចាំ​ថ្ងៃ​ជា​ធម្មតា​ដូច​គ្រួសារ​ផ្សេងៗ​ទៀត​ជា​ច្រើន​នៅ​កម្ពុជា​។​ រាល់​ព្រឹក​លោក​ជូន​ប្រពន្ធ​ និង​កូន​របស់​លោក​ ទៅ​លក់​ស៊ុប​គុយទាវ​នៅ​សាលា​រៀន​មួយ​នៅ​ក្នុង​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល។​

រួច​លោក​បន្ត​ដំណើរ​ជា​មួយ​រ៉ឺម៉ក​កង់បី​ដែល​លោក​ប្រើ​សម្រាប់​ដឹក​ភ្ញៀវ ​រក​ប្រាក់​ប្រចាំ​ថ្ងៃ​ជួយ​ជីវភាព​ក្រុម​គ្រួសារ។​

ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ដើម្បី​ទប់ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩ ​រដ្ឋាភិបាល​បាន​សម្រេច​បិទ​សាលា​រដ្ឋ​ និង​ឯកជន​នៅ​ទូទាំង​ប្រទេស​ កាល​ពី​ពាក់​កណ្តាល​ខែ​មីនា ​ដែល​ធ្វើ​ឲ្យ​ប្រពន្ធ​និង​កូនស្រី​របស់​លោក​មិន​អាច​រក​ប្រាក់​កម្រៃ​បាន។​

ប្រាក់​ចំណូល​ផ្សេង​ទៀត​បាន​មក​ពី​កូន​ប្រុស​ពីរ​នាក់​ទៀត​របស់​លោក ​ដែល​ធ្វើ​ការ​នៅ​កាស៊ីណូ​ក្នុង​ក្រុង​បាវិត​ខេត្ត​ស្វាយ​រៀង។ ​ ប៉ុន្តែ​ប្រាក់​ចំណូល​នេះ​ក៏​ត្រូវ​បាន​កាត់​ផ្តាច់​ផង​ដែរ​ បន្ទាប់​ពី​រដ្ឋាភិបាល​បញ្ជា​ឲ្យ​បិទ​កាស៊ីណូ។​

ឥឡូវ​បន្ទុក​រក​ប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ​ដែល​មាន​ប្រាំ​នាក់​ជា​មនុស្ស​ពេញវ័យ​ និង​ទារក​ម្នាក់​ត្រូវ​ធ្លាក់​ទៅ​លើ​លោក​ សុខុម ​តែម្នាក់។ ​ប៉ុន្តែ​មុខ​របរ​រត់​រ៉ឺម៉ក​កង់​បី​របស់​លោក​ក៏​ជួប​នឹង​ការ​លំបាក​ផង​ដែរ​ ដោយសារ​តែ​ចំនួន​អ្នក​ធ្វើ​ដំណើរ​ និង​អ្នក​ទេសចរ​មាន​ការ​ធ្លាក់​ចុះ​ជា​កំហុក។​


ពលរដ្ឋ៖ «កូវីដអត់ខ្លាចទេ ខ្លាចធនាគារ»​


គ្រួសារ​នេះ​ត្រូវ​បង់​លុយ​ធនាគារ​ និង​មីក្រូ​ហិរញ្ញ​វត្ថុ​ដែល​ពួក​គេ​ខ្ចី​ កាល​ពី​ពេល​កន្លង​ទៅ​ គិត​ជា​ទឹក​ប្រាក់​ប្រហែល​ ១៨០០០​ ដុល្លារ​ដើម្បី​សង់​ផ្ទះ​ ទិញ​រ៉ឺម៉ក​កង់បី​ថ្មី​និង​ឲ្យ​ប្រាក់​ខ្លះ​ទៅ​កូន​ប្រុស​ទាំង​ពីរ​ ដែល​ត្រូវ​ទៅ​ធ្វើ​ការ​នៅ​ទីក្រុង​បាវិត​កាល​ពី​ជាង​ប្រាំ​មួយ​ខែ​មុន។​

បន្ទុក​បង់​លុយ​ធនាគារ ​៤០០ ​ដុល្លារ​ក្នុង​មួយ​ខែ​ជា​អម្រែក​លើ​ស្មា​របស់​លោក​ សុខុម។

កូន​ប្រុស​ម្នាក់​របស់​លោក​បាន​ចាប់​ផ្តើម​ការងារ​ជា​សន្តិសុខ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​ ប៉ុន្តែ​ការងារ​នេះ​អាច​ផ្តល់​ចំណូល​តិចតួច​ប៉ុណ្ណោះ។​

ពី​មុន​លោក​ សុខុម ​ធ្លាប់​រក​បាន​ប្រហែល ​២០ ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។​ ឥឡូវ​នេះ​លោក​រក​បាន​ពី​ ៥​ ដុល្លារ​ទៅ ​៧ ​ដុល្លារ​កន្លះ​ក្នុង​មួយ​ថ្ងៃ។​

អ្នកស្រី​ កើត​ មុំ​ ដែល​ជា​ប្រពន្ធ​របស់​លោក​ សុខុម ​ប្រាប់​វីអូអេ​ថា៖ ​«បាន​៤​ទៅ​៥​ម៉ឺន។ ​ខ្ញុំ​ចំណាយ​ក្នុង​ផ្ទះ​ទិញ​ម្ហូប​ទិញ​អង្ករ​ទិញ​គ្រឿង​គ្រៅ។ ​លុយ​ ប្តី​ខ្ញុំ​រក​បាន​មក​សន្សំ​ទុក​ក្នុង​ហោប៉ៅ​ទុក​បង់ ​[ធនាគារ]​ អី​អ៊ីចឹង»។

អ្នកស្រី​បន្ត​ថា៖ ​«ពិបាក​អត់​លុយ​បង់​ឲ្យ​ធនាគារ។ ​អត់​លុយ​ចំណាយ​ទិញ​ម្ហូប​អាហារ។ ​កង់​បី​ជួន​កាល​រក​បាន​មួយ​ម៉ឺន​ពីរ​ម៉ឺន​បី​ម៉ឺន​ ទិញ​តែ​ម្ហូប​មិន​គ្រាន់​ផង»។​

អ្នកស្រី ​កើត ​មុំ​ និយាយ​ថា​ កាល​ពី​មុន​ក្រុម​គ្រួសារ​អ្នកស្រី​មិន​ដែល​បង់​លុយ​ធនាគារ​យឺត​ពេល​នោះ​ទេ។​

ធនាគារ​អេប៊ីអេ​ ដែល​ពួកគេ​បាន​ទទួល​ប្រាក់​កម្ចី​ នៅ​តែ​បន្ត​ឱ្យ​ពួក​គេ​បង់​រំលស់​ប្រចាំ​ខែ។​ អ្នកស្រី​ដែល​ជា​ម្តាយ ​មាន​អាយុ​ ៤៨​ ឆ្នាំ​រូប​នេះ ​មាន​ការ​ព្រួយ​បារម្ភ​ថា​ គ្រួសារ​ខ្លួន​មិន​អាច​មាន​លទ្ធភាព​ទប់ទល់​នឹង​ការ​សង​ធនាគារ​និង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ទេ។​

អ្នកស្រី កើត មុំ វ័យ៤៧ឆ្នាំ ជាប្រពន្ធរបស់លោក ហ៊ី សុខុម មិនអាចប្រកបរបរលក់ស៊ុបនៅសាលារៀនជ័យវរ្ម័នទីប្រាំពីរដើម្បីជួយឧបត្ថម្ភគ្រួសារបានទៀតទេ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។ (ផន បុប្ផា/VOA )
អ្នកស្រី កើត មុំ វ័យ៤៧ឆ្នាំ ជាប្រពន្ធរបស់លោក ហ៊ី សុខុម មិនអាចប្រកបរបរលក់ស៊ុបនៅសាលារៀនជ័យវរ្ម័នទីប្រាំពីរដើម្បីជួយឧបត្ថម្ភគ្រួសារបានទៀតទេ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។ (ផន បុប្ផា/VOA )

អ្នក​ស្រី​មាន​ប្រសាសន៍​ថា៖​ «ចង់​ឲ្យ​គេ​សម្រួល​ពីរ​បី​ខែ​អ៊ីចឹង​ទៅ​ ហើយ​ចាំ​គេ​គិត​ធម្មតា​វិញ»។​

ធនាគារ​អេប៊ីអេ​ ដែល​ជា​ធនាគារ​ធំ​ជាង​គេ​មួយ​នៅ​កម្ពុជា ​ប្រាប់​វីអូអេ​ខ្មែរ​ថា​ ធនាគារ​នេះ​មិន​អាច​ប្រាប់​វីអូអេ​អំពី​ដំណោះ​ស្រាយ​ជាក់លាក់​នោះ​ទេ​ ដោយសារ​ដំណោះ​ស្រាយ​អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ​នៃ​ការ​សង​ប្រាក់​កម្ចី​របស់​អតិថិជន​ម្នាក់ៗ។​

ធនាគារ​អេប៊ីអេ​នេះ​ ប្រាប់​វីអូអេ​តាម​សារ​អេឡិចត្រូនិក​ថា​ មុន​ផ្តល់​ការ​ពន្យាររ​ពេល​ក្នុង​ការ​ទូទាត់​ប្រាក់​កម្ចី​មន្ត្រី​ឥណទាន​របស់​ធនាគារ​នេះ​ ត្រូវ​«ស៊ើប​អង្កេត​ស្ថានភាព​ប្រាក់​ចំណូល​របស់​អតិថិជន​ខ្លួន​ជា​មុន​សិន»។​

ដូច​ក្រុម​គ្រួសារ​របស់​លោក ​សុខុម ​ដែរ​ពលរដ្ឋ​រាប់​សែន​គ្រួសារ​ទៀត​ដែល​ជំពាក់​បំណុល​ធនាគារ​ ឬ​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​បាន​បាត់បង់​ប្រាក់​ចំណូល​របស់​គេ។ ​ពួក​គេ​អាច​រក​ប្រាក់​បាន​តិចតួច​ប៉ុណ្ណោះ​ ដើម្បី​ចិញ្ចឹម​គ្រួសារ​ និង​សង​ប្រាក់​កម្ចី​វិញ។​

ការណ៍​នេះ​បាន​ជំរុញ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ចំនួន ​១៣៥​ ចេញ​សេចក្តី​ថ្លែង​ការណ៍ ​កាល​ពី​ចុង​ខែ​មេសា ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធានាថា ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ទាំងអស់​បញ្ឈប់​រាល់​ការ​ទាមទារ​សង​ប្រាក់​កម្ចី ​និង​ការ​ប្រាក់​យ៉ាង​ហោច​ណាស់ ​រយៈ​ពេល​៣​ខែ។ ​

សង្គម​ស៊ីវិល​ទាំង​នេះ​និយាយ​ថា៖ ​«វិធាន​ការ​ទាំង​នេះគឺ​មាន​ភាព​ចាំបាច់ ​ដើម្បី​ធានា​ថា ​ប្រជា​ពល​រដ្ឋ​អាច​បន្ត​មាន​ជីវភាព​អាច​រស់​នៅ​បាន​ក្នុង​ពេល​មាន​វិបត្តិ​នេះ​ ដោយ​គ្មាន​ហានិភ័យ​ចំពោះ​សុខភាព​ឬ​លំនៅដ្ឋាន​ របស់​អ្នក​ទាំង​នោះ​ ហើយ​អាច​បញ្ចៀស​ពី​កម្ចី​ឥណទាន​មាន​ហានិភ័យ​ ដែល​អាច​នាំ​ឱ្យ​មាន​ករណី​បង្ខំ​ឲ្យ​ធ្វើការ​ដោះ​បំណុល ​ការ​ជួញ​ដូរ​មនុស្ស ​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដទៃ​ទៀត។

​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​និង​សមាគម​ធនាគារ​នៅ​កម្ពុជា ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ ​«ស្ថាប័ន​សង្គម​ស៊ីវិល​បាន​ចេញ​ផ្សាយ​នូវ​របាយ​ការណ៍​អំពី​ផល​ប៉ះពាល់​ដែល​បណ្តាល​មក​ពី​ការ​ រីករាល​ដាល​នៃ​វីរុស​កូវីដ១៩​ ដោយ​មិន​បាន​ឆ្លុះ​បញ្ចាំង​អំពី​ស្ថានភាព​ជាក់ស្តែង​ បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​វិស័យ​ធនាគារ​ និង​ហិរញ្ញ​វត្ថុ​ដែល​ជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច​ជាតិ​ទាំង​មូល»។​

ប៉ុន្តែ​លោក​ Milford Bateman​ អ្នក​ពិគ្រោះ​យោបល់​ឯករាជ្យ​អំពី​គោល​នយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​ស្រុក ​ដែល​បាន​សរសេរ​សៀវភៅ​ជាច្រើន​ស្តីពី​មីក្រូ​ហិរញ្ញ​វត្ថុ​ បាន​បន្ទរ​ការ​វាយ​តម្លៃ​របស់​អង្គការ​សង្គមស៊ីវិល ​ហើយ​បាន​និយាយ​ថា​ ការ​សង​ទាំង​ប្រាក់​ដើម​ និង​ការ​ប្រាក់​គួរតែ​ត្រូវ​បាន​ពន្យាររ​ពេល​ក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​នេះ។​

លោក ​Milford Bateman​ បាន​សរសេរ​នៅ​ក្នុង​សារ​អេឡិចត្រូនិក​មក​កាន់​វីអូអេ​ថា៖​ «ប្រសិន​បើ​អ្នក​ផ្តល់​ពេល​វេលា​អនុគ្រោះ​ ក៏ប៉ុន្តែ​បន្ថែម​ចំនួន​ប្រាក់​មិន​បាន​បង់​រំលស់​ទៅ​លើ​ប្រាក់​ដើម​សរុប​ ដូច​ដែល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​មួយ​ចំនួន​បាន​និយាយ​ថា ពួក​គេ​យល់​ព្រម​ធ្វើ​នោះ ​គឺ​អ្នក​គ្រាន់​តែ​អាច​ពន្យាររ​ពេល​នៃ​ការ​ឈឺ​ចាប់​រហូត​ដល់​ការ​បញ្ចប់​ជំងឺ​កូវីដ១៩​ ហើយ​នៅ​ពេល​នោះ​ប្រាក់​កម្ចី​មីក្រូ​ហិរញ្ញ​វត្ថុ​មាន​ចំនួន​ធំ​ជាង​មុន»។​

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពីស្ថានភាពនៃការរីករាលដាលនៃមេរោគកូរ៉ូណាវីរុស ដែលផ្ទុះឡើងនៅប្រទេសចិន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពីស្ថានភាពនៃការរីករាលដាលនៃមេរោគកូរ៉ូណាវីរុស ដែលផ្ទុះឡើងនៅប្រទេសចិន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​កាលពី​ខែ​មីនា ​បាន​ណែនាំ​ស្ថាប័ន​ឥណទាន​ឲ្យ​ពន្យាររ​ពេល​នៃ​ការ​ទូទាត់​ប្រាក់។ ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​បាន​និយាយ​នៅ​លើ​គេហ​ទំព័រ​របស់​ខ្លួន​ថា ​ខ្លួន​នឹង​វាយ​តម្លៃ​ស្ថានភាព​នេះ​ដោយ​ផ្អែក​លើ​ភាព​ជាក់​ស្តែង​នៃ​ករណី​អតិថិជន​នីមួយៗ។​

រដ្ឋាភិបាល​ក៏​បាន​ប្រកាស​ផង​ដែរ​ថា​ ខ្លួន​នឹង​ជួយ​ដល់​អ្នក​ផ្តល់​ប្រាក់​កម្ចី​នូវ​វិធានការ​ផ្សេងៗ​រួម​ទាំង​ប្រាក់​កម្ចី​រដ្ឋ​រហូត​ដល់ ​៦០០ ​លាន​ដុល្លារ​ ដែល​មាន​ការ​ប្រាក់​ទាប​សម្រាប់​ធនាគារ ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ដើម្បី​ផ្គត់ផ្គង់​ឥណទាន​ដែល​មាន​ការ​ប្រាក់​ទាប។​

អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​លោក​ មាស​ សុខ​សេនសាន ​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​បាន​លើក​លែង​ពន្ធ​ដល់​អាជីវកម្ម​មួយ​ចំនួន​រួច​ហើយ។​

លោក​បាន​មាន​ប្រសាសន៍​ថា​ សហគ្រាស​ធុនតូច​ និង​មធ្យម​ដែល​ចង់​បន្ត​អាជីវកម្ម​របស់​ខ្លួន​ ​នោះ​ពួក​គេ​អាច​ខ្ចី​ប្រាក់​មាន​អត្រា​ការ​ប្រាក់​សមរម្យ ​ដូច្នេះ​ពួក​គេ​អាច​ឆ្លង​កាត់​ព្យុះ​ភ្លៀង​នេះ​បាន។​

«នៅ​ក្នុង​កិច្ចការ​ទាំង​អស់​នេះ ​បា៎ ​(លោកហ៊ុន សែន)​ ត្រៀម​ ៣៥០ ​លាន​ដុល្លារ​ សម្រាប់​បម្រើ​កិច្ចការ​នេះ​ អ៊ីចឹង​អ្នក​នៅ​ក្នុង​ប្រព័ន្ធ​ក្តី​ អ្នក​ដែល​នៅ​ក្រៅ​ប្រព័ន្ធ​អី​ សុទ្ធតែ​អាច​ទទួល​បាន​ផល​ ក្រោយ​ពី​ផែនការ​នេះ​នឹង​ចេញ​រួច​ស្រេច​ទៅ​បាទ»។​

ប៉ុន្តែ​ អង្គការ​សង្គម​ស៊ីវិល​បាន​និយាយ​ថា​ការ​វាយ​តម្លៃ​ករណី​នីមួយ​ក្នុង​ការ​សង​ប្រាក់​នោះ​ គឺ​មិន​អាច​ធ្វើ​លឿន​គ្រប់គ្រាន់​ ដើម្បី​ជួយ​ដល់​អ្នក​ខ្ចី​ទាំង​អស់​នោះ​ទេ ​ព្រោះ​មាន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ដល់​ទៅ​ជាង​ ៨០ ​នៅ​ទូទាំង​ប្រទេស​ និង​អ្នកខ្ចី​រាប់​សែន។

សមាគម​ធនាគារ​នៅ​កម្ពុជា​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​សុំ​ការ​បកស្រាយ​ទេ។​ លោក​ កាំង តុងងី​ អ្នក​នាំពាក្យ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ​បាន​ប្រាប់​វីអូអេ​ថា​ សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​មិន​អាច​ផ្តល់​ការ​ពន្យារ​ពេល​បង់ប្រាក់​ដល់​អតិថិជន​ទាំងអស់​បាន​ទេ​ ប៉ុន្តែ​សមាគម​នេះ​បាន​សិក្សា​និង​បាន​ផ្តល់​ការ​អនុគ្រោះ​លើក​ពេល​ដល់​អតិថិជន​ខ្លះ។​

«ការណ៍​ពិត​ខាង​ MFI​ គេ​បាន​ធ្វើ​រឿង​ហ្នឹង​តាំង​ពីខែ​បី​មក​ តែ​គេ​មិន​អាច​ថា មិន​ឲ្យ​បង់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​នោះ​ទាំង​អស់​គ្នា​ទេ ​គឺ​អាស្រ័យ​ទៅ​លើ​ករណី​ជាក់​ស្តែង។ ​អ៊ីចឹង​ករណី​អតិថិជន​ខ្លះ​ គាត់​មាន​លទ្ធភាព​ខ្លះ​ដែរ​ អ៊ីចឹង​គាត់​នៅ​តែ​អាច​បង់​ខ្លះ​អ៊ីចឹង​ទៅ។​ ករណី​អតិថិជន​ខ្លះ​គាត់នៅ​មាន​លទ្ធភាព​បង់​ធម្មតា»។

លោក​បន្ថែម​ថា៖​ «ដោយ​ឡែក​ករណី​ដែល​មាន​អតិថិជន​ខ្លះ​ ដែល​គាត់​មាន​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ ​គឺ​គាត់​អាច​ស្នើ​សុំ​ទៅ​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ហ្នឹង​ដោយ​បង្ហាញ​ថា​ ផល​ប៉ះពាល់​របស់​គាត់​មាន​កម្រិត​ណា​អ៊ីចឹង​ទៅ ​គឺ​ថា​មាន​ជម្រើស​ដែល​ថា ​គាត់​អាច​អត់បង់​រយៈ​ពេល​បី​ខែ​ឬ​ក៏​ប្រាំមួយ​ខែ​ទៅ​តាម​ការ​ចរចា​ និង​ផ្តោត​ទៅ​លើ​លក្ខខណ្ឌ​ជាក់ស្តែង ​ដែល​គាត់​រង​ផល​ប៉ះពាល់​ប្រាកដ​មែន»។

ទោះ​បីជា​យ៉ាង​ណា​ក៏ដោយ ​លោក​មិន​អាច​ផ្តល់​តួលេខ​ចំនួន​អតិថិជន​ដែល​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​បាន​ផ្តល់​ការ​លើក​ពេល​បង់​ទាំង​ប្រាក់​ដើម​និង​ប្រាក់​ការ​នោះ​ទេ។​

ដោយ​ខ្វះ​ការ​ណែនាំ​ច្បាស់លាស់​ពី​រដ្ឋាភិបាល​ អ្នក​ភូមិ​នៅ​ភូមិ​របស់​លោក​ សុខុម ​ងាក​ទៅ​រក​ហ្វេសប៊ុក​ដើម្បី​តាម​ដាន​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​អំពី​ការ​ជួយ​ដោះស្រាយ​បញ្ហា​ប្រាក់​កម្ចី។​

អ្នកស្រី ប៉ាន់សុភ័ក្ត្រវ័យ៤១ឆ្នាំជាស្ត្រីមេម៉ាយនិងជាអ្នកលក់ផ្លែឈើម្នាក់រស់នៅក្នុងស្រុកកៀនស្វាយខេត្តកណ្តាលជាមួយកូនៗអ្នកស្រី។
អ្នកស្រី ប៉ាន់សុភ័ក្ត្រវ័យ៤១ឆ្នាំជាស្ត្រីមេម៉ាយនិងជាអ្នកលក់ផ្លែឈើម្នាក់រស់នៅក្នុងស្រុកកៀនស្វាយខេត្តកណ្តាលជាមួយកូនៗអ្នកស្រី។

អ្នកស្រី​ ប៉ាន់ សុភ័ក្ត្រ​ អ្នក​ជិត​ខាង​របស់​លោក ​សុខុម ​បាន​ថ្លែង​ថា៖​ «ឲ្យ​តែ​ឃើញ​គាត់​ឡាយ​មក​ពួក​ខ្ញុំ​បើក​ស្តាប់​ ហើយ​ចង់​ដឹង​រឿង​ធនាគារ​ហ្នឹង»។​

អ្នក​ស្រី​ សុភ័ក្រ ​អាយុ​ ៤១​ ឆ្នាំ​ ជា​ស្ត្រី​មេម៉ាយ​ដែល​ចិញ្ចឹម​កូន​ ៣​ នាក់ ​ដោយ​ខ្លួន​ឯង​ បន្ទាប់​ពី​ប្តី​របស់​គាត់​បាន​ទទួល​មរណភាព​កាល​ពី​ ៦​ ខែ​មុន​ បាន​ខ្ចី​ប្រាក់​ប្រហែល​ ៨០០០​ ដុល្លារ​ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​៣​ផ្សេង​គ្នា​ ដើម្បី​ជួស​ជុល​ផ្ទះ​របស់​គាត់។​

ការ​បង់​រំលស់​ប្រចាំ​ខែ​របស់​អ្នក​ស្រី ​គឺ​ប្រហែល ​៤០០ ​ដុល្លារ​ក្នុង​មួយ​ខែ។​

ជា​អ្នក​លក់​ផ្លែ​ឈើ ​និង​គ្រឿង​ម្ជូរ អ្នកស្រី​ពឹង​ពឹង​ផ្អែក​លើ​មនុស្ស​អ្នក​ដើរ​ផ្សារ​ ប៉ុន្តែ​ដោយសារ​ការ​ភ័យ​ខ្លាច​ការ​រីករាល​ដាល​មេរោគ​កូរ៉ូណា ​អ្នកស្រី​មិន​មាន​អតិថិជន​ច្រើន​នោះ​ទេ ​នា​ពេល​ថ្មីៗ​នេះ។​

ដោយសារ​តែ​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល ​អ្នកស្រី​បាន​ស្នើ​សុំ​ឲ្យ​ធនាគារ​ពន្យារ​ពេល​ការ​បង់​រំលស់​ប្រចាំ​ខែ​យ៉ាង​ហោច​ណាស់​រយៈ​ពេល​ត្រឹម​៣​ខែ។ ​ទោះ​ជាយ៉ាង​នេះ​ក្តី​ អ្នកស្រី​ប្រាប់​វីអូអេ​ថា​ ខាង​មីក្រូ​ហិរញ្ញ​វត្ថុ​ផ្តាំ​អ្នក​ស្រី​ថា ​អ្នក​ស្រី​មិន​អាច​ទទួល​បាន​ការ​ពន្យារ​ពេល​ទេ​សូម្បី​តែ​មួយ​ថ្ងៃ។ ​

អ្នកស្រី​និយាយ​ថា​អ្នកស្រី​ចង់ ​«ឲ្យ​បាន​ដឹង​ដំណឹង​ទៅ​ដល់​សម្តេច​[ហ៊ុនសែន]​ឲ្យ​ជួយ។​ និយាយ​រួម​តាម​ស្តាប់​អ្នក​ធនាគារ​ដែល​គាត់​ចុះ​មក​យក​[លុយ]​ហ្នឹង​ គាត់​ក៏​និយាយ​ដែរ​ឲ្យ​តែ​សម្តេច​ឆ្លើយ​តែ​មួយ​ម៉ាត់​ ​គេ​ក៏​ពន្យារ​ពេល​ដែរ»។​

ស្រដៀង​គ្នា​នេះ​ដែរ​អង្គការ​សង្គម​ស៊ីវិល​បាន​ជំរុញ​ឱ្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា ​ក៏​ដូច​ជា​រដ្ឋាភិបាល​ចេញ​សេចក្តី​ណែនាំ​សម្រាប់​វិស័យ​ទូទាំង ​ដោយ​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្អាក​ការ​បង់​ទាំងប្រាក់​ដើម​ និង​ប្រាក់​ការ​រយៈ​ពេល​៣​ខែ។​ ធនាគារ​ផ្សេងៗ​ទាំង​ធនាគារ​ជាតិ​នៃ​កម្ពុជា​ និង​សមាគម​ធនាគារ​នៅ​កម្ពុជា ​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​របស់​វីអូអេ​សុំ​ការ​អត្ថាធិប្បាយ​ទេ។​

អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​ លោក​ មាស ​សុខសេនសាន ​មាន​ប្រសាសន៍​ថា​ វិបត្តិ​នេះ​មិន​កើត​ចំពោះ​តែ​ប្រទេស​កម្ពុជា​នោះ​ទេ។ ​ប៉ុន្តែ​ខណៈ​ពេល​ដែល​ជំងឺ​រាតត្បាត​ជះ​ឥទ្ធិពល​ដល់​អ្នក​ខ្ចី​ប្រាក់​នៅ​ទូទាំង​ពិភព​លោក​ អ្នក​អង្កេត​រឿង​នេះ​មើល​ឃើញ​ថា​ ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​ងាយ​រង​គ្រោះ​បំផុត។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ អង្គការ​សង្គម​ស៊ីវិល​បាន​និយាយ​ថា​ ប្រជាជន​កម្ពុជា​ចំនួន ​២,៦​ លាន​នាក់​ជំពាក់​ប្រាក់​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​ជា​មធ្យម​ជាង​ ៣.៨០០ ​ដុល្លារ។ ​ពួក​គេ​និយាយ​ថា៖​ «នេះ​គឺ​ជា​ចំនួនខ្ចី​ដ៏ច្រើន​បំផុត​នៅ​លើ​ពិភព​លោក»​ បើ​ប្រៀបធៀប​ចំនួន​ខ្ចី​ ​ ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ជា​មធ្យម។​ សេចក្ដី​ថ្លែង​ការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា​ ការ​ជំពាក់​បំណុល​ធ្វើឱ្យ​ជីវភាព​រស់​នៅ​ ​សុខភាព​ និង​សន្តិសុខ​ដីធ្លី​របស់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​ប្រឈម​នឹង​ហានិភ័យ។​

របាយ​ការណ៍​រួមគ្នា​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​គឺ​លីកាដូ ​និង​សមាគម​ធាងត្នោត​បាន​ឲ្យ​ដឹង​ ​ថា​ ចំនួន​ប្រាក់​កម្ចី​នេះ​មាន​ចំនួន​ជាង​ ៨ ​ពាន់​លាន​ដុល្លារ ​គិត​ត្រឹម​ខែ​ធ្នូ​ឆ្នាំ​ ២០១៨ ។​ របាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា ផលិត​ផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់​មាន​ត្រឹម​តែ​ ១.៣៨៤​ ដុល្លារ​ក្នុង​ឆ្នាំ ​២០១៧។​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ព្យាយាម​ម្តង​ហើយ​ម្តង​ទៀត​ ដើម្បី​ការពារ​ប្រជាជន​ពី​ការ​ធ្លាក់​ក្នុង​បំណុល។​

កាល​ពី​ឆ្នាំ​ ២០១៧ ​ រដ្ឋាភិបាល​បាន​ចេញ​ការ​កំណត់​អត្រា​ការ​ប្រាក់ ​១៨​ ភាគ​រយ ​នៅ​មុន​ពេល​បោះ​ឆ្នោត​ឃុំ​សង្កាត់។​ យោង​ទៅ​តាម​លោក ​Bateman​ ការ​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​មិន​ទទួល​បាន​ជោគជ័យ​ទេ ​ពីព្រោះ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​បាន​បង្កើន​ថ្លៃ​សេវា​របស់​ពួក​គេ។​

ក្នុង​ពេល​នោះ​ដែរ ​រដ្ឋាភិបាល​បាន​បើក​យុទ្ធនាការ​តាម​ទូរស័ព្ទ​ ដោយ​ផ្តល់​ការ​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា​មីក្រូ​ហិរញ្ញ​វត្ថុ​ជា​ស្ថាប័ន​ឯកជន​មិនមែន​ជា​ស្ថាប័ន​រដ្ឋ​ទេ។ ​ដូច្នេះ​រដ្ឋាភិបាល​មិន​អាច​អត់​ឱន​បំណុល​ឲ្យ​ពលរដ្ឋ​បាន​ទេ។​

លោក វ៉ន ពៅ ប្រធានសមាគមឯករាជ្យប្រជាធិបតេយ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្នើឲ្យរដ្ឋាភិបាលធ្វើអន្តរាគមន៍ក្នុងវិស័យធនាគារដើម្បីឲ្យពួកគេផ្តល់ពេលដល់អ្នកដែលប្រឈមនឹងបញ្ហាសេដ្ឋកិច្ច។ (ផន បុប្ផា/VOA )
លោក វ៉ន ពៅ ប្រធានសមាគមឯករាជ្យប្រជាធិបតេយ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្នើឲ្យរដ្ឋាភិបាលធ្វើអន្តរាគមន៍ក្នុងវិស័យធនាគារដើម្បីឲ្យពួកគេផ្តល់ពេលដល់អ្នកដែលប្រឈមនឹងបញ្ហាសេដ្ឋកិច្ច។ (ផន បុប្ផា/VOA )

វិបត្តិ​នេះ​បាន​ប៉ះពាល់​ជា​ខ្លាំង​ដល់​វិស័យ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ។​

លោក ​វ៉ន ពៅ​ ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា ​IDEA​ បាន​ឲ្យ​ដឹង​ថា ​វិបត្ដិ​នៃ​វីរុស​កូរ៉ូណា​នេះ​ បង្ក​ការ​គំរាម​កំហែង​ជាក់ស្តែង​ដល់​ជីវភាព​រស់​នៅ​របស់​សមាជិក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប្រមាណ​ ១២.០០០ ​នាក់។​ លោក​បាន​និយាយ​ថា ​យ៉ាង​ហោច​ណាស់​ ៨០​ ភាគ​រយ​នៃ​សមាជិក​របស់​លោក​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ។​ ទោះ​ជា​យ៉ាងណា​ លោក​ថា ​សមាជិក​របស់​សមាគម​ IDEA​ នេះ​តំណាង​ឲ្យ​ អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ ​អ្នក​រត់​ម៉ូតូឌុប​ អ្នក​រត់​ឡាន​តាក់ស៊ី ​និង​អ្នក​លក់ ​១០​ ភាគ​រយ​នៃ​ចំនួន​សរុប​ទូទាំង​ប្រទេស​កម្ពុជា។​

លោក ​វ៉ន ពៅ​ប្រាប់​វីអូអេ​យ៉ាង​ដូច្នេះ​ថា៖​ «ខ្ញុំ​បារម្ភ​ប្រសិន​ជា​កូវីដ១៩​នៅ​អូស​បន្លាយ​ទៀត​គាត់​អាច​នឹង​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ទាក់ទង​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​ពីព្រោះ​ឥឡូវ​យើង​ឃើញ​ថា​គាត់​មាន​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ​បណ្តើៗ​ហើយ។​ អ៊ីចឹង​ប្រសិន​បើ​អូស​បន្លាយ​ត​ទៅ​ទៀត​វា​អាច​ជួប​នឹង​ការ​គាត់​អត់​អាហារ​ទទួល​ទាន​តែ​ម្តងដោយ​សារ​តែ​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​វា​កាន់​តែ​ថយ​ទៅៗ​រហូត​មក​ដល់​ពេល​នេះ»។​

លោក​បន្ថែម​ថា៖​ «ប៉ុន្តែ​បញ្ហា​ចំបង​អា​លុយ​ដែល​គេ​ពន្យារ ​៥០ ​ភាគ​រយ ​ហើយ​ក៏​គាត់​មិន​មាន​លទ្ធភាព​បង់​ទៅ​ធនាគារ ​…​មាន​ន័យ​ថា បញ្ហា​គាត់​ខ្វះ​ខាត​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​ទទួល​ទាន​អាហារ​ប្រចាំ​ថ្ងៃ​ ហើយ​បែរ​ជាសង​ធនាគារ​មួយ​ជាន់​ទៀត ​គឺ​ជា​បញ្ហា​ដែល​ញាំ​ញី​គាត់​នៅ​ក្នុង​សម័យ​កូវីដ១៩​ ខ្លាំង​មែន​ទែន​សម្រាប់​ជីវិត​គាត់»។​

លោក​ ហួត​ អៀងតុង​ ប្រធាន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ហត្ថា​កសិករ​ មាន​ប្រសាសន៍​ថា​ គ្រឹះស្ថាន​របស់​លោក​នឹង​ផ្តល់​ពេល​វេលា​អនុគ្រោះ​ដល់​អ្នក​ដែល​រង​គ្រោះ​បំផុត​ រួម​មាន​អ្នក​ដែល​ធ្វើការ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ និង​វិស័យ​កាត់ដេរ​ផង​ដែរ។​

លោក ​ហួត​ អៀងតុង​ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖​ ​«យើង​នឹង​សិក្សា​មើល​ ប្រសិន​បើ​គាត់​ពិត​ជា​ប៉ះ​ពាល់​ដោយ​ជំងឺ​ហ្នឹង​មែន ​ហើយ​គាត់​ប្រាកដ​ជា​មិន​មាន​លទ្ធភាព​អី​មែន​ អា​ហ្នឹង​យើង​អាច​ធ្វើ​ទៅ​បាន​ដែរ​អ៊ីចឹង​ណា៎»។​

លោក​ ហួត អៀងតុង​ បន្ថែម​ទៀត​ថា​ សម្រាប់​អ្នក​ដែល​ធ្វើការ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ គ្រឹះស្ថាន​របស់​លោក​នឹង​ធ្វើ​ការវាយ​តម្លៃ​អំពី​ស្ថានភាព​ជីវភាព​ជាក់​ស្តែង​របស់​អតិថិជន​នីមួយៗ។​

លោក​មាន​ប្រសាសន៍​ថា៖​ «យើង​ដឹង​ថា​ គាត់​រត់​ [រ៉ឺម៉ក​កង់​បី] ​រាល់​ថ្ងៃ​ ដោយ​សារ​ជំងឺ​ហ្នឹង​ គាត់​អត់​សូវ​មាន​អ្នក​ជិះ ​អ៊ីចឹង​យើង​អាច​ពន្យារ​មួយ​ចំនួន​ណា​នោះ​ ទៅ​តាម​ការ​ជាក់ស្តែង។ ​អ៊ីចឹង​បាន​ថា ត្រូវ​ជួប​ជជែក​គ្នាជា​មួយ​អតិថិជន​ឲ្យបាន​ច្បាស់លាស់ ​មិន​មែន​ថា អូតូម៉ាទិក​ ត្រូវ​តែ​ពន្យារ​ឲ្យគាត់​នោះ​ទេ»។

លោក​ វ៉ន ពៅ ​ប្រធាន​សមាគម​ IDEA ​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​រៀបចំ​ថវិកា​មួយ​ចំនួន​ដែល​សមស្រប​ដើម្បី​ជួយ​ប្រជាជន​ ដែល​ជួប​ការ​លំបាក​ទាំង​នោះ​ ដោយ​ការ​ផ្តល់​ជា​ស្បៀង​អាហារ​ដល់​ពួកគេ​រហូត​ដល់​ស្ថាន​ការណ៍​នេះ​បាន​ប្រសើរ​ឡើង​វិញ។

លោក​ មាស​ សុខសេនសាន​ អគ្គលេខា​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​បាន​ប្រាប់​វីអូអេ​ថា​ ​ក្រសួង​បាន​រៀបចំ​ថវិកា​ចំនួន ​៣៥០ ​លាន​ដុល្លារ​ ដើម្បី​ស្រោចស្រង់​ទាំង​អាជីវកម្ម​ និង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។ ​

លោក​បញ្ជាក់​ថា​ ការ​ចាយ​វាយ​ទៅ​លើ​ថវិកា​នេះ​គឺ​ស្ថិត​លើ​ការ​រៀបចំ​ និង​វាយ​តម្លៃ​របស់​ក្រសួង​សង្គម​កិច្ច​ និង​ក្រសួង​ការងារ​ ដោយ​លោក​មិន​បញ្ជាក់​លម្អិត​អំពី​ការ​ប្រើប្រាស់​ថវិកា​នេះ​ទេ។​

លោក​បាន​និយាយ​ថា​ ថវិកា​នេះ​មាន​គោល​បំណង​ «ធានា​សន្តិសុខ​សណ្តាប់​ធ្នាប់​ និង​ស្ថិរភាព​សង្គម»​និង​ «ជួយ​ឲ្យ​ធុរកិច្ច​ និង​អាជីវកម្ម​អាច​រស់​បាន» ​និង​ «ជា​ពិសេស​ជួយ​រក្សា​ការងារ​ និង​ជំរុញ​សកម្ម​ភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក» ​និង ​«ការ​ត្រៀម​ខ្លួន​ក្រោយ​ពេល​ជំងឺ​នេះ​អន់​ថយ​ទៅ»។​

លោក​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «មួយ​ទៀត​គឺ​រក្សា​លំនឹង​ជីវភាព​ប្រជាជន​ក្នុង​កម្រិត​អប្បបរិមា​មួយ ​និយាយ​ឲ្យ​ចំ​ក្នុង​ន័យ​មួយ ​មិន​ឲ្យ​ប្រជាជន​ដាច់​បាយ​ទេ ​ជា​ពិសេស​សម្រាប់​ប្រជាជន​ក្រីក្រ ​ក្រុម​ជន​ងាយ​រងគ្រោះ។​ អ៊ីចឹង​នៅ​ក្នុង​ហ្នឹង​គឺ​ ៣៥០ ​លានដុល្លារ​ ​យើង​ត្រៀម​សម្រាប់​ពួក​គាត់​ហ្នឹង»។​

លោក ​មាស​ សុខសេនសាន​ បន្ថែម​ថា​ ក្រសួង​នឹង​មាន​ការ​ប្រជុំ​ជា​បន្ត​បន្ទាប់​មួយ​ដើម្បី​កំណត់​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​សម្រាប់​ពេល​ខាង​មុខ។​

ចំពោះ​ពលរដ្ឋ​មួយ​ចំនួន​ វិបត្តិ​នេះ​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ។ ​លក្ខខណ្ឌ​ប្រាក់​កម្ចី​មីក្រូ​ហិរញ្ញ​វត្ថុ​ជា​ច្រើន​តម្រូវ​ឲ្យ​ពលរដ្ឋ​ដែល​ខ្ចី​ដោយ​ដាក់​វត្ថុ​បញ្ចាំ​ ដែល​មាន​ដូច​ជា​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​(ប្លង់ដី)។​ ការណ៍​នេះ​ធ្វើឱ្យ​មនុស្ស​រាប់​សែន​នាក់​ប្រឈម​នឹង​ការ​បាត់បង់​ផ្ទះ​សម្បែង​ និង​ទ្រព្យ​សម្បត្តិ ប្រសិន​បើ​ពួក​គេ​ខកខាន​មិន​អាច​សង​បំណុល​វិញ។ ​ពួក​គេ​មួយ​ចំនួន​ទៀត​អាច​ត្រូវ​បង្ខំ​ចិត្ត​លក់​ដី​ធ្លី​របស់​ពួក​គេ​ដើម្បី​សង​បំណុល។​

លោក​ Bateman​ លើក​ឡើង​ថា៖​ «អតិថិជន​ជា​ច្រើន​បាន​ដាក់​បញ្ចាំ​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​របស់​ពួក​ដើម្បី​ទទួល​បាន​ឥណទាន​ខ្នាត​តូច។ ​ក្នុង​ស្ថាន​ភាព​អាក្រក់​បំផុត​នោះ ​គឺ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​មួយ​ចំនួន​អាច​នឹង​ព្យាយាម​លក់​ដី​នេះ​ ដើម្បី​ទារ​សំណង​កម្ចី​ខ្នាត​តូច​ ហើយ​វា​នឹង​ធ្វើ​ឲ្យ​អតិថិជន​របស់​ពួក​គេ​ស្ថិត​ក្នុង​ស្ថាន​ភាព​យ៉ាប់​យឺន។ ​និយាយ​ទៅ​ការណ៍​ដែល​គ្មាន​ដី​ធ្លីវា​ស្មើ​នឹង​ការណ៍​ដែល​ស្ថិត​នៅ​ក្នុង​ភាព​ក្រីក្រ​ដែល​មិន​អាច​ចេញ​រួច»។​

លោក​ពន្យល់​បន្ថែម​ថា៖​ «គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​មិន​ដែល​បាន​បញ្ជាក់​ថា ​តើ​ពួក​គេ​នឹង​ព្យាយាម​ ឬ​មិន​ព្យាយាម​ រឹបអូស​យក​ដីធ្លី​ និង​ផ្ទះ​របស់​អតិថិជន ​ដែល​មិន​អាច​សង​ប្រាក់​ឥណទាន​ខ្នាតតូច​របស់​ពួក​គេ​នោះទេ»។​

ចំពោះ​អ្នកស្រី​ សុភ័ក្រ​ ដែល​ជា​អ្នក​ជិត​ខាង​របស់​លោក​ សុខុម​ និង​អ្នក​ជិត​ខាង​ផ្សេង​ទៀត​ បញ្ហា​បំណុល​នេះ​គឺ​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​មួយ។​

អ្នកស្រី​ សុភ័ក្រ​ បាន​និយាយ​ថា៖​

«លែង​គិត​ថា​ រឿង​ឆ្លង​មិន​ឆ្លង​ហើយ!​ សំខាន់​ខ្លាច​តែ​គេ​ចុះ​មក​អូស​ដី​អូស​ផ្ទះ​យក​អ៊ីចឹង។ ​យើង​រក​លុយ​អត់​បាន​បង់»។

ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​បញ្ហា​ទាំង​នេះ​កើត​ឡើង ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ បញ្ជាក់​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ពួក​គេ ​ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ និង​ធនាគារ​ជាតិ ​បញ្ជា​ឱ្យ​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​នានា​ ដែល​ធ្វើការ​វិស័យ​នេះ​ប្រគល់​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ទៅ​ម្ចាស់​បំណុល​វិញ។​

សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​របស់ អង្គការ​សង្គម​ស៊ីវិល​ដែល​ ចេញ​ផ្សាយ​ថ្ងៃ​ទី​២៧​ ខែ​មេសា​ បាន​លើក​ឡើង​ថា៖​ «ប្រជា​ពលរដ្ឋ​ទាំងអស់​រួមទាំង​អ្នក​ខ្ចី​ប្រាក់​ពី​មីក្រូ​ហិរញ្ញ​វត្ថុ​ស័ក្តិសម​នឹង​ទទួល​បាន​សិទ្ធិ​កាន់​កាប់​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​របស់​ពួកគេ​ ដោយ​គ្មាន​ការ​រារាំង​តាំង​ពី​ដើម​មក​ ជាពិសេស​នៅ​ក្នុង​ពេល​នេះ​ ​វិធាន​ការ​បន្ទាន់​គួរ​ត្រូវ​បាន​ពិចារណា​យក​មក​អនុវត្ត​ ដើម្បី​ធានា​ថា ​គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​បាន​បង្ខំ​ឱ្យ​លក់​ដី​សម្រាប់​សង​បំណុល​អំឡុង​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​នេះ»។​

ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​ក៏​ពឹង​ផ្អែក​លើ​ប្រាក់​របស់​អ្នក​ដ​ទៃ​ដែរ។​ ឧទាហរណ៍​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ ​(IFC) ​របស់​ធនាគារ​ពិភពលោក​បាន​វិនិយោគ​លើ​ក្រុមហ៊ុន​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​មួយ​ចំនួន​ដូចជា​ធនាគារ​អេស៊ីលីដា​ និង​ក្រុម​ហ៊ុន​គ្រប់គ្រង​ការ​វិនិយោគ ​Triodos Investment Management​ ដែល​មាន​ភាគ​ហ៊ុន​នៅ​ក្នុង​ធនាគារ​អេស៊ីលីដា។​

អ្នក​នាំពាក្យ​របស់​សាជីវកម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ (IFC)​ នេះ​ បាន​សរសេរ​នៅ​ក្នុង​សារ​អេឡិចត្រូនិក​មក​កាន់​វីអូអេ​ថា​ ខ្លួន​កំពុង​ «ពិនិត្យ​មើល​យ៉ាង​ដិត​ដល់​នូវ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ១៩​ នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំងអស់ រួមទាំង​ប្រទេស​កម្ពុជា​ផង​ដែរ»។​

សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ ​(IFC) ​បញ្ជាក់​ទៀត​ថា ​ខ្លួន​បាន​បម្រុង​កញ្ចប់​ទឹក​ប្រាក់​ប្រមាណ​ ៨​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​ដល់​ក្រុមហ៊ុន​ និង​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ដើម្បី​បន្ត​ប្រតិបត្តិ​ការ​របស់​ខ្លួន។

អ្នក​នាំ​ពាក្យ​របស់​ស្ថាប័ន​នេះ​ និយាយ​ថា ​កញ្ចប់​ទឹក​ប្រាក់​នេះ​អាច​ពង្រឹង​ដល់​ដំណើរ​ការ​ស្តារ​សេដ្ឋ​កិច្ច​ឡើង​វិញ​ និង​ជួយ​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​ឲ្យ​ពួក​គាត់​អាច​ឆាប់​មាន​ឱកាស ​ដើម្បី​រក​ប្រាក់​ចំណូល​ទៅតាម​របៀប​របប​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ឡើង​វិញ។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​ផ្ញើរ​មក​វីអូអេ​ ​តាម​សារ​អេឡិចត្រូនិច​ក្រុមហ៊ុន ​Triodos Investment Management​ បាន​ជំរុញ​ឲ្យ​ស្ថាប័ន​នានា ​«ដោះស្រាយ​នីតិវិធី​នៃ​ការ​ប្រមូល​បំណុល​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ និង​ពិចារណា​បន្ថូរបន្ថយ​ពេល​កំណត់​សម្រាប់​ការ​សង​ប្រាក់​វិញ»។​
ប៉ុន្តែ​អ្នក​បើក​បរ​ម៉ូតូ​កង់បី​ លោក​ សោម សារិទ្ធ​ បាន​ថ្លែង​ថា ​លោក​ចង់​ឲ្យ​រដ្ឋាភិបាល​មាន​វិធាន​ការ​ជាមួយ​ធនាគារ​ជាក់​ស្តែង​ជាង​នេះ។

លោក សំ សារិទ្ធ ដែលប្រកបរបររត់រ៉ឺម៉កកង់បី រស់នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាលជាមួយក្រុមគ្រួសារ។ លោកថា លោកកំពុងតែជួបការលំបាកក្នុងការរកប្រាក់សងទៅធនាគារដោយសារការរីរាលដាលនៃជំងឺកូវីដ១៩។ (ផន បុប្ផា/VOA )
លោក សំ សារិទ្ធ ដែលប្រកបរបររត់រ៉ឺម៉កកង់បី រស់នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាលជាមួយក្រុមគ្រួសារ។ លោកថា លោកកំពុងតែជួបការលំបាកក្នុងការរកប្រាក់សងទៅធនាគារដោយសារការរីរាលដាលនៃជំងឺកូវីដ១៩។ (ផន បុប្ផា/VOA )

លោក​ សោម សារិទ្ធ​ ដែល​ជា​អ្នក​ជិត​ខាង​ម្នាក់​ទៀត​របស់​លោក ​សុខុម ​មាន​វ័យ​ ៦០​ ឆ្នាំ​បាន​ខ្ចី​ប្រាក់​ចំនួន​ ១៨.០០០ ​ដុល្លារ​ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​ ដើម្បី​សាងសង់​ផ្ទះ​របស់​គាត់​ និង​ចំណាយ​សម្រាប់​មង្គល​ការ​កូន​ប្រុស​របស់​គាត់។​ ឥឡូវ​គាត់​ត្រូវ​បង់​ប្រាក់​ចំនួន ​៣៨០​ ដុល្លារ​ក្នុង​មួយ​ខែៗ​ និង​ចំនួន ​១០០ ​ដុល្លារ​ទៀត​សម្រាប់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ចំនួន​ពីរ​ផ្សេង​ទៀត។​

មុន​ពេល​មាន​រាតត្បាត​ជំងឺ​កូវីដ១៩​ ​គ្រួសារ​របស់​លោក​ សារិទ្ធ​ មិន​មាន​បញ្ហា​ក្នុង​ការ​សង​ប្រាក់​កម្ចី​របស់​ពួកគេ​ទេ​ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​មាន​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​នេះ​ នៅ​ក្នុង​ប្រទេស​កម្ពុជា គ្រួសារ​របស់​លោក​ជួប​បញ្ហា។​ កូនស្រី​ និង​ប្រពន្ធ​របស់​លោក ​ធ្វើការ​នៅ​ឯ​សាលារៀន​ ហើយ​ដោយសារ​សាលា​រៀន​បាន​បិទទ្វារ​ ក្រុម​គ្រួសារ​របស់​គាត់​មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​ទេ ​ដើម្បី​រក​លុយ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​សង​បំណុល។

លោក​ សុខុម​ បាន​និយាយ​ថា​ គាត់តែង​តែ​បង់​ប្រាក់​កម្ចី​ ទាន់​ពេល​វេលា​រហូត។​

លោក​ថ្លែង​ថា៖​ «ពេល​គេ​មក​សួរ​យើង​ គេ​ដាក់​លុយទម្លាក់​លុយ​មក​ឲ្យ​យើង​ ក៏​គេ​សួរ​ពី​មុខ​របរ​យើង​ ពី​ទ្រព្យ​សម្បត្តិ​យើង​ ​ពី​លទ្ធភាព​យើង​សូម្បី​តែ​កូន​យើង​ធ្វើ​ការ​ក៏​គេ​ចង់​ដឹង​ថា ​កូន​ធ្វើការ​អី​បាន​ប្រាក់​ប៉ុន្មាន​ ​បាន​គេ​ឲ្យ​យើង»។​

លោក​បន្ថែម​ថា៖​ «ហើយ​ដល់​ពេល​មាន​បញ្ហា​ គេ​អត់​បាន​គិត​ថា​ ហក៎​ឥឡូវ​កូន​ប្រពន្ធ​លក់​ដូរ​ហ្នឹង​អត់​មាន​អី​ទាំង​អស់។​ គេ​អត់​បាន​គិត​យើង​វិញ​ទេ។ តែ​អា​ពេល​យើង​ទៅ​ខ្ចី​គេ​គេ​សួរ​យើង​អស់។ ​ដល់​ពេល​យើង​ចាប់​ផ្តើម​មាន​បញ្ហា​ គេ​អត់​បាន​មក​សួរ​យើង​ទេ។​ គេ​ដឹង​តែ​ថា ត្រូវ​តែ​បង់​លុយ។ ​អាហ្នឹង​វា​អយុត្តិធម៌​ចំពោះ​កូន​បំណុល​បន្តិច​ហើយ!»​

ប៉ុន្តែ​ពេល​នេះ​ បើទោះបី​ជា​លោក​ សុខុម​ មាន​ប្រវត្តិ​សង​បំណុល​ទាន់​ពេល​វេលា​បាន​ល្អ​ក៏ដោយ​ ក៏​វា​មិន​អាច​ជួយ​គាត់​នៅ​ក្នុង​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ ដោយ​សារ​ជំងឺកូវីដ១៩​នោះ​ទេ៕​

What Next?

Recent Articles

Leave a Reply

Submit Comment