ព្រះសង្ឃ​នៅ​ខេត្តឧត្ដរមានជ័យ​បារម្ភ​ពី​ជនល្មើស​លួច​បាញ់​សត្វ​ក្នុង​ព្រៃ​សហគមន៍​សង្ឃរុក្ខវ័ន្ត

ដោយ ហេង រស្មី
2020-05-17
RFA

Rukhavoan_forest

Rukhavoan_forest (Photo: RFA)


ព្រះសង្ឃ​អ្នក​ថែរក្សា​ព្រៃឈើ​ក្នុង​សហគមន៍​ព្រៃ​សង្ឃ​រុក្ខវ័ន ខេត្ត​ឧត្ដរមានជ័យ ព្រួយបារម្ភ​ខ្លាច​ហិនហោច​សត្វព្រៃ​នៅ​តំបន់​ព្រៃ​ការពារ​នៅពេល​ខាងមុខ​។ ព្រះអង្គ​មាន​ថេរដីកា​ថា ក្រុម​ព្រានព្រៃ​នាំគ្នា​លួច​ចូលទៅ​បរបាញ់ និង​ទាក់​ចាប់​សត្វព្រៃ​នៅក្នុង​ព្រៃ​សហគមន៍ របស់​ព្រះអង្គ​យ៉ាង​អនាធិបតេយ្យ​អំឡុង​ពេល​រាតត្បាត​ជំងឺ​កូវីដ១៩។

ប្រធាន​ព្រៃ​សង្ឃ​រុក្ខវ័ន ខេត្ត​ឧត្ដរមានជ័យ ព្រះតេជព្រះគុណ ប៊ុន សាលួត មាន​ថេរ​ដីកា​នៅ​រសៀល​ថ្ងៃ​ទី​១៥ ឧសភា ថា អំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩​នេះ មាន​ជនខិលខូច​លួច​ចូល​ទៅ​បរបាញ់ និង​ចាប់​សត្វ​ក្នុងព្រៃ​សហគមន៍​របស់​ព្រះអង្គ ដោយ​ប្រើ​កាំភ្លើង​ឆ្នៃ ដាក់​ពង្រាយ​ខ្សែភ្លើង​ឆក់ និង​វាយ​លុប​ចាប់​សត្វ​ស្លាប​ជាដើម​។ ព្រះអង្គ​បញ្ជាក់​ថា សត្វព្រៃ​ដែល​ជនល្មើស​ចាប់ រួម​មាន សត្វ​ទន្សោង ប្រើស ជ្រូកព្រៃ និង​សត្វ​ក្ងោក ជាដើម​។ ព្រះអង្គ​បន្ថែម​ថា កាលពី​ខែ​មេសា​កន្លង​ទៅ ព្រះសង្ឃ​និមន្ត​ល្បាត​ព្រៃ​ប្រទះឃើញ សត្វ​ប្រើស ៥​ក្បាល និង ទន្សោង​២​ក្បាល​ត្រូវ​បាន​ជនល្មើស​បាញ់​ងាប់​ទុក​ចោល​នៅ​ក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខវ័ន៖ «បើ​គេ​ដាក់​អន្ទាក់​ដូច​ពី​ដើម​អត់​សូវ​ភ័យ​ទេ បើ​ថ្ងៃ​ណេះ​រក​មិន​ឃើញ​ស្អែក យើង​រក​អន្ទាក់​ឱ្យ​ទាល់តែ​ឃើញ។ បើ​ប្រភេទ​ឧបករណ៍​ដែល​អាត្មា​និយាយ​ប៉ុន្មាន​នេះ បើ​ល្ងាច​ស្ងាត់​គេ​ដឹង​ថា លោក​មិន​បាន​ចុះ​ល្បាត​ទេ គេ​ចូលមក តែមួយ​យប់​ហ្នឹង តែ​គេ​បាន​សត្វ​ទៅ​វិញ​បាត់​ហើយ ហើយ​គេ​សារ​ឧបករណ៍​ឆក់​យកទៅ​វិញ​បាត់ អីចឹង​យើង​អស់​សត្វ​ទៅ។ អីចឹង​ប្រភេទ​វាយ​លុប​អស់​ច្រើន​ជាង​អីចឹង​បាន​អាត្មា​ព្រួយ​បារម្ភ»។

ព្រះអង្គ​បន្ត​ថា ជនល្មើស​ច្រើន​ធ្វើ​សកម្មភាព​នៅពេល​យប់ និង​ចន្លោះ​ពេលដែល​ព្រះសង្ឃ​មិន​បាន​ចុះ​ល្បាត​ព្រៃ ស្រប​ពេលដែល​សព្វថ្ងៃ​មាន​ព្រះសង្ឃ​ប្រមាណ ១០​អង្គ​ប៉ុណ្ណោះ យាម​ការពារ​ព្រៃឈើ​ក្នុង​សហគមន៍​សង្ឃ​រុក្ខវ័ន។

ទាក់ទង​នឹង​បញ្ហា​នេះ​អភិបាលខេត្ត​ឧត្ដរមានជ័យ លោក ប៉ែន កុសល្យ ប្រាប់​អាស៊ីសេរី​យ៉ាងខ្លី​ថា លោក​មិន​ទាន់​ទទួល​ព័ត៌មាន​អំពី​អ្នក​លួច​បរបាញ់​សត្វព្រៃ​នោះ​នៅឡើយ​ទេ៖ «ដូច​អត់​ទាន់​មាន​របាយការណ៍​ហ្នឹង​ផង​។ ដូច​អត់​ទាន់​មាន​ទេ ដោយ​សារ​មន្ត្រី​បរិស្ថាន​ខ្ញុំ​នៅ​ហ្នឹង​ដែរ​ជាមួយ​ព្រះសង្ឃ ដូច​អត់​ទាន់​មាន​របាយការណ៍​ហ្នឹង​ទេ»។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​នៅ​ខេត្ត​ឧត្ដរមានជ័យ លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ថា អាជ្ញាធរ​គួរតែ​ចាត់វិធានការ​លើ​ជនល្មើស​ឱ្យបាន​ធ្ងន់ធ្ងរ​តាមច្បាប់ និង​ដោយ​ពុំមាន​ការលើកលែង​ឡើយ ពីព្រោះ​ប្រសិនបើ​មិន​ផ្ដន្ទាទោស​ទេ នឹង​ធ្វើឱ្យ​អ្នកដទៃ​មិន​ខ្លាច​ច្បាប់ ហើយ​ចេះតែ​នាំគ្នា​បរបាញ់​សត្វព្រៃ​តាម​អំពើ​ចិត្ត​ទៀត៖ «សុំ​ធ្វើ​ម៉េច​បន្ថែម​កម្លាំង ឬ​ចាត់វិធានការ​ឱ្យ​ច្បាស់លាស់​បន្ថែម​ពី​លើ​បទល្មើស​ហ្នឹង​កុំ​ថា​កើត​ដដែលៗ ហើយ​អ្នកយាម​នៅ​ហ្នឹង តើ​គាត់​គ្រាន់តែ​ទៅ​យាម​ឬ​ទៅ​បង្ក្រាប​បទល្មើស។ អីចឹង​យើង​សុំឱ្យ​គាត់​ពិនិត្យ​ឡើង​វិញ ហើយ​កុំឱ្យ​ដាក់​មនុស្ស​ដែល​គេ​គ្នាច្រើន​អន្សម​ខ្លោច​គ្នា​ដូច​ស្រមោច​អន្សម​ឆៅ​នោះ។ អីចឹង​សុំឱ្យ​ខាង​មន្ត្រី​ដែល​គាត់​ទទួលបន្ទុក​អភិរក្ស​នៅ​តំបន់​ហ្នឹង​សុំឱ្យ​យកចិត្តទុកដាក់ ហើយ​ពិនិត្យ​លើ​សកម្មភាព​មន្ត្រី​របស់​ខ្លួន បើ​មន្ត្រី​ណា​អសកម្ម​ទេ​ចាត់ការ​ផ្នែក​រដ្ឋបាល​អីចឹង​ទៅ»។

ព្រៃ​សង្ឃរុក្ខវ័ន មាន​ផ្ទៃដី​ជាង ៣​ម៉ឺន​ហិកតារ​ស្ថិត​នៅ​ក្នុង​ស្រុក​អន្លង់វែង ចុងកាល់ និង​ស្រុក​សំរោង ក្នុង​ខេត្ត​ឧត្ដរមានជ័យ។ ព្រៃ​នេះ​មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​រស់នៅ ដូចជា​សត្វ​ខ្ទីង ទន្សោង ស្វា ប្រើស និង​សត្វ​ក្ងោក​ជាដើម។ ព្រះតេជព្រះគុណ ប៊ុន សាលួត មាន​ថេរដីកា​ថា អាច​នឹង​ហិនហោច​នៅពេល​ដ៏​ខ្លី​ខាងមុខ​ប្រសិនបើ​អាជ្ញាធរ​មិន​បន្ថែម​កម្លាំង​ជួយ​ការពារ​ព្រៃ​ឱ្យបាន​តឹងរ៉ឹង​ទេនោះ។

ទាក់ទង​នឹង​ការ​បរបាញ់​សត្វព្រៃ​ខុសច្បាប់​នេះដែរ កាលពី​ថ្ងៃទី​១៣ ឧសភា មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី បាន​ប្រទះឃើញ​សត្វ​ទន្សោង ២​ក្បាល​ងាប់ នៅក្នុង​បរិវេណ​ដី​ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ (Lim Royal) ដោយសារតែ​ត្រូវ​គ្រាប់​កាំភ្លើង​របស់​ជនល្មើស ហើយ​មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ​ករណី​នេះ​។ ជាមួយ​គ្នា​នេះ​នៅ​ខេត្ត​កំពត មាន​បុរស​ម្នាក់​លួច​បាញ់​សត្វ​កេងកង​ធំ​មួយ​ក្បាល​ងាប់​នៅ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ប៉ុន្តែ​អាជ្ញាធរ​ពុំ​បាន​ផ្តន្ទាទោស​ជនល្មើស​ឡើយ ដោយ​គ្រាន់តែ​ឱ្យធ្វើ​កិច្ចសន្យា​ឈប់​បាញ់​សត្វព្រៃ​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment