សហព័ន្ធ​ខ្មែរ​ក្រោម​សុំ​អន្តរាគមន៍​ពី​សហរដ្ឋ​អាមេរិក ដើម្បី​ជំរុញ​វៀតណាម​ឱ្យ​​ផ្ដល់​ដី​ទៅ​ពលរដ្ឋ​ខ្មែរ​ក្រោម​វិញ

ដោយ យន់ សាមៀន
2020-05-19
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​ខ្មែរ​ក្រោម​ប្រឈម​មុខ​ជាមួយ​នគរបាល​វៀតណាម ស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​កៀងលឿង ខេត្ត​ក្រមួន​ស នៅ​ថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ២០២០។

ក្រុម​ខ្មែរ​ក្រោម​ប្រឈម​មុខ​ជាមួយ​នគរបាល​វៀតណាម ស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​កៀងលឿង ខេត្ត​ក្រមួន​ស នៅ​ថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ២០២០។

 រូប៖ សមាគម​ខ្មែរ​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍


ពលរដ្ឋ​ខ្មែរ​ក្រោម​ជា​ជន​រងគ្រោះ​នៃ​ការ​បង្ខំ​បណ្ដេញ​ចេញ​ពី​ដី​ស្រែ​ចម្ការ ប្រមាណ បី​ពាន់​ហិកតារ ពី​សំណាក់​អាជ្ញាធរ​វៀតណាម កាល​ពី​ដើម​ខែ​ឧសភា​នេះ បាន​ដាក់​លិខិត​តវ៉ា ទៅ​នាយក​រដ្ឋមន្ត្រី​វៀតណាម ស្នើសុំ​ឲ្យ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គេ​ជា​បន្ទាន់ ដើម្បី​ពួក​គេ​អាច​ធ្វើ​ស្រែ​ចម្ការ​ដើម្បី​ចិញ្ចឹម​ជីវិត។ សំណើ​នេះ ធ្វើ​ឡើង​ស្រប​ពេល សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ក៏​បាន​ស្នើសុំ​ក្រសួង​ការ​បរទេស​អាមេរិក ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដីធ្លី ដែល​វៀតណាម​បាន​រឹប​អូស ជូន​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ជា​ជន​ជាតិ​ដើម​កំណើត​វិញ។

តំណាង​ពលរដ្ឋ​ខ្មែរ​ក្រោម បាន​ដាក់​ញាតិ​ទៅ​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ឲ្យ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី ដើម្បី​ផ្ដល់​ដី​ស្រែ ចម្ការ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​វិញ ឲ្យ​បាន​ឆាប់​រហ័ស​ទី​បំផុត ពី​ព្រោះ​ពលរដ្ឋ​ខ្មែរ​ក្រោម អាច​រស់រាន​មាន​ជីវិត គឺ​អាស្រ័យ​ដី​ស្រែ។ តំណាង​ពលរដ្ឋ​ខ្មែរ​ក្រោម លោក ទៀន ស៊ីម បញ្ជាក់​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី១០ ឧសភា​ថា លោក​តំណាង​ឲ្យ​ពលរដ្ឋ​មក​ពី ១៤៥គ្រួសារ មាន​ពលរដ្ឋ​ប្រមាណ ៨០០នាក់ ជា​ជន​រង​គ្រោះ​នៃ​ការ​បង្ខំ​បណ្ដេញ​ដោយ​ប្រើប្រាស់​អំពើ​ហិង្សា ពី​សំណាក់​អាជ្ញាធរ​វៀតណាម កាល​ពី​ដើម​ខែ​ឧសភា​នេះ។

លោក ទៀន ស៊ីម បាន​សរសេរ​ក្នុង​ញាតិ​នោះ​ថា ពលរដ្ឋ​ខ្មែរ​ក្រោម បាន​ចូល​ទៅ​កាប់​ឆ្ការ​ដី ដែល​វៀតណាម​រឹបអូស​នោះ តាំង​ពី​ឆ្នាំ១៩៨២ ជា​ដី​ដូន​តា​របស់​ខ្មែរ​ក្រោម ធ្លាប់​ធ្វើ​ស្រែ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ក្រោម​បាន ផ្អាក​ធ្វើ​ស្រែ​ដោយសារ​តែ​ដី​នោះ ត្រូវ​ទឹក​លិច រយៈ​ពេល​បី​ឆ្នាំ​ជាប់ៗ គ្នា។ លោក​បន្ត​ថា ពេល​ទឹក​ស្រក ពលរដ្ឋ​ខ្មែរ​ក្រោម បាន​ប្រើប្រាស់​ដី​នោះ រហូត​ដល់​កាល​ពី​ដើម​ខែ​ឧសភា​នេះ ទើប​វៀតណាម​ប្រើប្រាស់ កម្លាំង​ប្រដាប់​អាវុធ ទៅ​រឹប​អូស​យក​ដី​ពី​ពលរដ្ឋ​ខ្មែរ​ក្រោម​តែ​ម្តង។ កាល​ពី​ថ្ងៃ​ទី៥ ខែ​ឧសភា​ អាជ្ញាធរ​វៀតណាម​​រួមមាន៖ ​ប៉ូលិស​ ទាហាន​ដែល​ប្រដាប់​ដោយ​អាវុធ​​ជាច្រើន​នាក់​បាន​ចុះ​ទៅ​ហាម​ឃាត់ និង​រឹប​អូស​យក​ដី​ពលរដ្ឋ ដែល​ស្ថិត​ក្នុង​ភូមិ​ប៉ប្រក់ ​​ខេត្ត​ក្រមួន​ស ដែល​វៀតណាម​បាន​ប្ដូរ​ឈ្មោះ​មក​ជា​ខេត្ត ​កៀង ញ៉ាង (Kien Giang)។ ប៉ុន្តែ​ពលរដ្ឋ​បាន​ជំទាស់​ រហូត​អាជ្ញាធរ វៀតណាម​បង្ក​អំពើ​ហិង្សា​ បណ្ដាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាង ១០នាក់ រង​បួស​ធ្ងន់​និង​ស្រាល។

តំណាង​ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​ទៀត សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ប្រាប់​អាស៊ី​សេរី ឲ្យ​ដឹង​ថា ប្រសិន​បើ​ពលរដ្ឋ​ខ្មែរ​ក្រោម បាត់បង់​ដី​ស្រែ​ចម្ការ ពួក​គេ​នឹង​បង្ខំ​ចិត្ត​ដើរ​ស៊ី​ឈ្នួល​ឲ្យ​ការងារ​ឲ្យ​គេ​ដើម្បី​ចិញ្ចឹម៖ «ក្នុង​គ្រួសារ​ខ្ញុំ​មាន​កូន​ដល់ ៦នាក់ ហើយ​មាន​ដី​តែ​មួយ​ហិកតារ។ យើង​រស់​ម្ដេច​កើត យើង​ជា​ជន​ជាតិ​ខ្មែរ យើង​រក​ស៊ី​តែ​ប៉ុណ្ណឹង​ហើយ អត់​មាន​ជួញដូរ​អី​ទេ»

លោក​បន្ត​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​នឹង​បន្ត​ស្វែងរក កិច្ច​អន្តរាគមន៍​ពី​មជ្ឈដ្ឋាន​ផ្សេងៗ ដើម្បី​ទទួល​បាន​ដី​មក​វិញ។ លោក​ថា ពលរដ្ឋ​ខ្មែរ​ក្រោម នឹង​នាំ​គ្នា​ទៅ​ធ្វើ​ស្រែ លើ​ដី​ដែល​វៀតណាម អាច​រឹបអូស​ជា​ថ្មី​ទៀត ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​វៀតណាម៖ «យើង​ចង់​ទាមទារ​ឲ្យ​បាន ប៉ុន្តែ​យើង​មិន​ដឹង​ថា យើង​បាន​ក៏​អត់ខ្លួន​ខ្ញុំ ខ្ញុំ​ប្ដូរ​ផ្ដាច់ ខ្ញុំ​បូជា​ជីវិត»

ស្រប​ពេល​ដែល​ខ្មែរ​ក្រោម​នៅ​វៀតណាម កំពុង​ស្វែង​រក​អន្តរាគមន៍​ពី​រដ្ឋាភិបាល​វៀតណាម ឲ្យ​ដោះស្រាយ​​បញ្ហា​ដីធ្លី​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ក៏បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ការ​បរទេស​អាមេរិក ឲ្យ​ជំរុញ​វៀតណាម​ឱ្យ​ផ្ដល់​ដី​ទៅ​ខ្មែរ​ក្រោម​វិញ។ ក្នុង​លិខិត​ទៅ​មន្ត្រី​ផ្នែក​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ នៃ​ការិយាល័យ​កិច្ចការ​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិច អ្នកស្រី សេនត្រា ឌូផុយ (Sandra Dupuy) កាល​ពី​ថ្ងៃ​ទី១១ ឧសភា បញ្ជាក់​ថា សហព័ន្ធ​ស្នើសុំ​ជំនួយ ពី​សហរដ្ឋ​អាមេរិក ជុំវិញ​ការ​រំលោភ​សិទ្ធិមនុស្ស លើ​ពលរដ្ឋ​ខ្មែរ​ក្រោម។ លិខិត​ស្នើ​ឲ្យ​អាមេរិក និង​ប្រទេស​ម្ចាស់​ជំនួយ​ផ្សេង​ទៀត ត្រូវ​ជួយ​គាប​សង្កត់​អាជ្ញាធរ​កុម្មុយនិស្ត​វៀតណាម ដើម្បី​ផ្ដល់​ដី​ខ្មែរ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​វិញ។

មន្ត្រី​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ប្រាប់​អាស៊ី​សេរី​ថា សហព័ន្ធ​ខ្មែរ​ក្រោម ក៏​គ្រោង​នឹង​ធ្វើ​លិខិត​សុំ​អន្តរាគមន៍​ទៅ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស ឲ្យ​អន្តរាគមន៍​ករណី​រំលោភ​យក​ដី​ធ្លី​ពលរដ្ឋ​ខ្មែរ​ក្រោម​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​នេះ។ ព្រះអង្គ​មាន​ថេរ​ដីកា​បន្ត​ថា ខ្មែរ​ក្រោម​រស់រាន​មាន​ជីវិត អាស្រ័យ​ទៅ​លើ​ដី​ស្រែ​ចម្ការ ដូច្នោះ​ការណ៍ ដែល​អាជ្ញាធរ​វៀតណាម​រឹបអូស​ដី​ស្រែ​ពី​ពួក​គេ គឺ​ស្មើ​នឹង​សម្លាប់​ពួក​គេ​ដូច្នោះ៖ «ពលរដ្ឋ​ខ្មែរ​ក្រោម ភាគ​ច្រើន​រស់​អាស្រ័យ​លើ​ដី​ស្រែ​ចម្ការ។ ប្រសិន​បើ​អាជ្ញាធរ​យួន​មិន​សង​ដី​ធ្លី​ទេ ពលរដ្ឋ​ខ្មែរ​ក្រោម​នឹង​ជួប​ទុក្ខ​លំបាក»

ព្រះភិក្ខុ សឺង យ៉ឹងរតនា បារម្ភ​ថា ការរំលោភ​យក​ដី​ខ្មែរ​ក្រោម​នេះ ជា​យុទ្ធសាស្ត្រ របស់​វៀតណាម ដើម្បី​បន្ត​ឈ្លានពាន យក​ដី​ពី​ពលរដ្ឋ​ខ្មែរ​ក្រោម ពី​ព្រោះ​វៀតណាម កាល​ពី​ឆ្នាំ១៩៧៥ ធ្លាប់​យក​ដី​ពី​ពលរដ្ឋ​ខ្មែរ​ក្រោម នៅ​ខេត្ត​ម៉ាត់​ជ្រូក។ កាល​ពី​នោះ វៀតណាម បោក​ប្រាស​ឲ្យ​ខ្មែរ​ក្រោម​បោះ​បង់​ដីធ្លី ទៅ​រស់​នៅ​កន្លែង​ផ្សេង ដោយ​អាជ្ញាធរ​វៀតណាម​កុហក​ថា ទាហាន​ខ្មែរក្រហម អាច​ចូល​ដល់​តំបន់​ដែល​ខ្មែរ​ក្រោម រស់នៅ ប៉ុន្តែ​ក្រោយ​ពេល​ចប់​សង្គ្រាម វៀតណាម​បាន​យក​ដីខ្មែរក្រោម​ ទៅ​ចែក​ឲ្យ​ពលរដ្ឋ​វៀតណាម​ទាំង​អស់។

ព្រះភិក្ខុ សឺង យ៉ឹងរតនា ចៅ​អធិការ​វត្ត​ខេមររង្សី នៅ​ទីក្រុង​សាន់ហូស្សេ រដ្ឋ​កាលីហ្វ័រញ៉ា (California)មាន​ថេរ​ដីកា​បន្ត​ទៀត​ថា ទោះ​បី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ស្នើ​សុំ​ឲ្យ​មាន​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​ក៏​ដោយ ប៉ុន្តែ​ក្តី​សង្ឃឹម​ថា វៀតណាម​នឹង​ដោះ​ស្រាយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម គឺ​មាន​តិចតួច​បំផុត៖ «សហព័ន្ធ​ខ្មែរ​ក្រោម អត់​សង្ឃឹម​ថា អាជ្ញាធរ​យួន​នឹង​ដោះ​ស្រាយ​ដោយ​យុត្តិធម៌ ឬ​សង​សំណង​ដល់​ខ្មែរ​ក្រោម​សមរម្យ​ទេ»

ព្រះអង្គ​បន្ត​ថា កន្លង​មក​យ៉ាង​ហោច​ណាស់​ក៏​មាន ពលរដ្ឋ​ខ្មែរ​ក្រោម ត្រូវ​វៀតណាម​ជាប់​ដាក់​ពន្ធនាគារ ដោយសារ​តែ​ហ៊ាន​តវ៉ា​រឿង​ជម្លោះ​ដីធ្លី។ ទាក់ទង​ទៅ​នឹង​ការ​រំលោភ​ដីធ្លី​ពលរដ្ឋ​ខ្មែរ​ក្រោម​នេះ មន្ត្រី​ជាន់​ខ្ពស់​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា ដោយសារ​តែ​រដ្ឋាភិបាល​កុម្មុយនិស្ត វៀតណាម​ជា​អ្នក​គ្រប់គ្រង​ដី​ទាំង​ស្រុង នៅ​ក្នុង​ប្រទេស​នេះ​ហើយ ទើបបាន​បណ្ដាល​ឲ្យ​មាន​វិបត្តិ​ដីធ្លី កើត​ឡើង​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ប្រទេស។ អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កត់​សំគាល់​ថា រដ្ឋាភិបាល​វៀតណាម តែង​តែ​ប្រើប្រាស់ អំណាច​ជា​ម្ចាស់​កម្មសិទ្ធិ​ដី​នេះ ដើម្បី​ដាក់​ការ​ត្រួតត្រា​ទៅ​លើ​ដីធ្លី​របស់​សហគមន៍។

មន្រ្តី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​រស់​នៅ​ទឹក​ដី​កម្ពុជាក្រោម ​ចំនួន ២១ខេត្ត​ មាន​ជាង ៨លាន​នាក់។ ពលរដ្ឋ​ខ្មែរ​ក្រោម ភាគ​ច្រើន​ជា​កសិករ ដែល​ពឹង​ផ្អែក​លើ​ដីស្រែ​ចម្ការ ដើម្បី​ចិញ្ចឹម​ជីវិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment