លោក ហេង សួរ៖ នៅពេលនេះរោងចក្រកំពុងព្យួរការងារមាន២៣៧ ប៉ះពាល់ដល់កម្មករជាង១១ម៉ឺននាក់

កម្ពុជា
20/05/2020 – 07:57
ដោយ៖ វណ្ណ សុគន្ធា
RFI

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ © Internet

គិតមកដល់ពេលនេះ រោងចក្រដែលកំពុងព្យួរការងារមានចំនួន២៣៧រោងចក្រដែលបានប៉ះពាល់ដល់កម្មករ កម្មការិនីខ្មែរជាង១១ម៉ឺននាក់។​ នេះបើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារដែលបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃពុធនេះ។ ចំពោះកម្មករ កម្មការិនីដែលត្រូវព្យួរ​ការងារ គឺរដ្ឋាភិបាលកម្ពុជាបានផ្តល់ទឹកប្រាក់ឧបត្ថម្ភចំនួន៤០ដុល្លារ ខណៈថៅកែរោងចក្រផ្តល់៣០ដុល្លារក្នុងមួយខែៗ។

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានអះអាងឱ្យដឹងថា គិតមកដល់ពេលនេះ រោងចក្រសរុបដែល​បាន និង កំពុងព្យួរការងារនៅទូទាំងប្រទេសកម្ពុជាមានចំនួនជាង៣៣០រោងចក្រ។ ក្នុងនោះ រោងចក្រជាង១០០បានបញ្ចប់នូវការព្យួរការងារ ហើយបន្តចង្វាក់ផលិតកម្មរបស់ខ្លួនឡើងវិញ។ ដូច្នេះហើយ នៅពេលនេះ នៅសល់រោងចក្រចំនួន២៣៧រោងចក្រកំពុងព្យួរការងារដែលប៉ះពាល់ដល់កម្មករ កម្មការិនីចំនួនជាង១១ម៉ឺននាក់។  ចំណែក រោងចក្រដែលបានបិទទ្វារតាមនីតិវិធីត្រឹមត្រូវវិញ គឺមានចំនួនជាង២០​រោងចក្រ ខណៈជាង៣០រោងចក្រទៀតកំពុងដំណើរការទ្វារផងដែរ។ ប៉ុន្តែ លោក ហេង សួរ បានគូសបញ្ជាក់ថា រោងចក្រទាំងជាង៣០នេះមិនទាន់បានបំពេញតាមនីតីវីធីត្រឹមត្រូវក្នុងការស្នើសុំបិទទ្វារនៅឡើយទេ។

មូលហេតុចម្បងនៃការបិទទ្វារ និងព្យួរការងារជាបន្តបន្ទាប់ពីសំណាក់រោងចក្រនៅកម្ពុជានេះ គឺដោយសារតែក្រុមហ៊ុនបញ្ជាទិញធំៗនៅអឺរ៉ុប ក៏ដូចជានៅអាមេរិកជាដើមបានពន្យារការទូទាត់សងប្រាក់បញ្ជាទិញទំនិញ និង មិនទាន់បានបញ្ជាទិញទំនិញជាថ្មីពីកម្ពុជា ព្រោះតែវិបត្តិជំងឺកូវីដ-១៩។ ប្រឈមមុខនឹងបញ្ហានេះ រោងចក្រកាត់ដេរមួយចំនួនបានបែរមកពង្រីកការផលិតម៉ាស និងសម្ភាៈពេទ្យ ដើម្បីបម្រើតម្រូវការនៅក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា។

ក្រសួងការងារកម្ពុជាបានស្វាគមន៍ និងចាត់ទុកការពង្រីកការផលិតម៉ាសនិងសម្ភារៈពេទ្យនេះ ថាជារឿងវិជ្ជមាន។ វិជ្ជមាន ព្រោះវាអាចនឹងជួយរក្សាការងារដល់កម្មករ កម្មការិនីខ្មែរបានជិត១០ម៉ឺនកន្លែង។ ក្រសួងការងារបានគូសបញ្ជាក់ឱ្យដឹងដែរថា ក្រសួងពាក់ព័ន្ធទាំងអស់កំពុងរង់ចាំជួយដល់រោងចក្រទាំងអស់នោះ។ ជាក់ស្តែង ក្រសួងការងារតែម្តងកំពុងជួយស្វែងរកក្រុមហ៊ុនបញ្ជាទិញនៅក្រៅប្រទេសសម្រាប់រោងចក្រដែលបែរមកពង្រីកការផលិតម៉ាស និងសម្ភារៈពេទ្យ។

ដោយឡែក ចំពោះកម្មករ កម្មការិនីដែលអស់ការងារធ្វើដោយសារតែរោងចក្រព្យួរការងារវិញ គឺរដ្ឋាភិបាលកម្ពុជាផ្តល់ដល់ពួកគេចំនួន៤០ដុល្លារ រីឯចៅកែរោងចក្រផ្តល់៣០ដុល្លារ សរុប៧០ដុល្លារក្នុងមួយខែ។ លោកហេង សួរ បានអះអាងថា មកដល់ពេលនេះ កម្មករ កម្មការិនីប្រមាណ៥ម៉ឺន៦ពាន់នាក់កំពុងស្ថិតក្នុងបញ្ជីដែលត្រូវផ្តល់ប្រាក់ឧបត្ថម្ភ។ បើតាមលោក ហេង សួរ ដដែល ប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលនឹងផ្តល់ដល់ពួកគេនៅក្នុងសប្តាហ៍នេះតាមរយៈធនាគារវីង។ ធនាគារវីង ដែលនឹងផ្តល់លេខកូដបើកប្រាក់ឧបត្ថម្ភដល់កម្មករ កម្មការិនីតាមរយៈលេខទូរស័ព្ទរបស់ពួកគេនីមួយៗ៕

What Next?

Recent Articles

One Response to "លោក ហេង សួរ៖ នៅពេលនេះរោងចក្រកំពុងព្យួរការងារមាន២៣៧ ប៉ះពាល់ដល់កម្មករជាង១១ម៉ឺននាក់"

  1. Anonymous says:

    more to come Mr just wait if your SAMACH crazy it will be over

Leave a Reply

Submit Comment