កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​វីរុស​ថ្មីជា​លើក​ដំបូង​​ក្រោយ​ស្ងប់​ស្ងាត់​រយៈ​ពេល​ជាង​១​ខែ​មក​ហើយ

កូរ៉ូណាវីរុស | ព័ត៌មានជាតិ
លោក សូរ្យ ជ័យឧត្ដម | ២១ ឧសភា ២០២០ | ម៉ោង ៩:០៦ ល្ងាច
VOD

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)


កម្ពុជាបានប្រកាសរកឃើញករណីថ្មីនៃការឆ្លងវីរុសកូរ៉ូណានៅថ្ងៃព្រហស្បតិ៍នេះ លើបុរសកម្ពុជាម្នាក់ដែលបានវិលត្រឡប់ពីក្រៅប្រទេស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល ក្រសួងសុខាភិបាល បានរៀបរាប់ថា បុរសកម្ពុជាម្នាក់ វ័យ ២៦ឆ្នាំ ត្រូវបានរកឃើញ«វិជ្ជមាន»វីរុសកូរ៉ូណា ឬកូវីដ១៩ ជាអ្នកដំណើរវិញត្រឡប់ពីប្រទេសហ្វីលីពីន ដោយបន្តជើងយន្តហោះពីកូរ៉េខាងត្បូង មុននឹងមកដល់កម្ពុជា កាលពីរាត្រីថ្ងៃទី២០ ខែឧសភា ម្សិលមិញនេះ។

ក្រសួងបញ្ជាក់ថា បុរសកម្ពុជាដែលមានទីលំនៅនៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពតរូបនេះ ត្រូវបានបញ្ជូនទៅដាក់ឱ្យស្ថិតក្រោមការព្យាបាលដាច់ដោយឡែកនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតហើយ។

ក្រៅពីបុរសកម្ពុជារូបនេះ ក្រសួងសុខាភិបាល បញ្ជាក់ថា មានអ្នកដំណើរសរុប ៦៣នាក់នៅលើជើងហោះហើរនោះ ក្នុងនោះមានពលរដ្ឋកម្ពុជា ៣៤នាក់ កូរ៉េខាងត្បូង ២៣នាក់ ជនជាតិប៊ែលហ្សិក ១នាក់ ជនជាតិចិនតៃវ៉ាន់ ១នាក់ ជនជាតិហូឡង់ ១នាក់ និងជនជាតិជប៉ុន ៣នាក់។

ក្រសួង​បញ្ជាក់​ថា អ្នក​ដំណើរ​ទាំងអស់​ ត្រូវ​បាន​ដាក់​ឱ្យ​រង់ចាំ​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​ពេល​ហោះ​ហើរ​មក​ដល់​នៅ​ថ្ងៃ​ម្សិល​មិញ​នេះ ដើម្បី​រង់ចាំ​ការ​ពិនិត្យ​សុខភាព និង​យក​វត្ថុ​សំណាក​នៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ។

បន្ទាប់ពីរកឃើញបុរសកម្ពុជាម្នាក់មានផ្ទុកវីរុស ក្រសួងអះអាងថា បានបញ្ជូនអ្នកដំណើរដទៃទៀតទៅរក្សាទុកដាច់ដោយឡែកនៅឯសណ្ឋាគារមួយស្ថិតក្នុងរាជធានីភ្នំពេញហើយនៅថ្ងៃនេះ។

អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងបន្ថែមថា ជើងហោះហើរនោះ បានចាកចេញពីប្រទេសកម្ពុជាវិលត្រឡប់ទៅកូរ៉េខាងត្បូងវិញហើយកាលពីថ្ងៃម្សិលមិញ។

នេះជាលើកដំបូងហើយដែលកម្ពុជាបានប្រកាសរកឃើញករណីឆ្លងថ្មី បន្ទាប់ពីរកពុំឃើញករណីឆ្លងថ្មីអស់រយៈពេល ៣៩ថ្ងៃមកហើយនោះ គិតចាប់តាំងពីថ្ងៃទី១២ ខែមេសា ជាថ្ងៃដែលកម្ពុជាបានប្រកាសរកឃើញករណីឆ្លងចុងក្រោយលើបុរសសញ្ជាតិកាណាដាដើមកំណើតចិនអាយុ ៥០ឆ្នាំ និងនារីជនជាតិវៀតណាមអាយុ ២៤ឆ្នាំ នៅរាជធានីភ្នំពេញ។

នៅ​មុន​ការ​រក​ឃើញ​ករណី​ឆ្លង​ថ្មី​នៅ​ថ្ងៃ​នេះ កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​សរុប ១២២​នាក់​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​ចុង​ខែ​មករា ប៉ុន្តែ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា ពួកគេ​បានជា​សះ​ស្បើយ​អស់​​ហើយ​នៅ​ត្រឹម​ថ្ងៃ​ទី​១៥ ខែ​ឧសភា​សប្ដាហ៍​មុន៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment