ពលរដ្ឋ​ក្រីក្រ​ដែល​មាន​ម៉ូតូ​ចាស់ ព្រួយ​បារម្ភ​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ ខណៈ​មិន​មាន​លទ្ធភាព​ទិញ​ម៉ូតូ​ថ្មី

កម្ពុជា
20 ឧសភា 2020
ធីតា វីន
វីអូអេខ្មែរ

លោក គង់​ សារ៉ាយ អ្នកលក់ដូង​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ២០២០។ (ធីតា វីន/VOA) Photo: VOA Khmer


ខេត្តកំពត — ប្រទេស​កម្ពុជា​កាល​ពី​ទស​វត្សរ៍​១៩៨០​និង​១៩៩០​ជាពិសេស​នៅ​តាម​បណ្តា​ខេត្ត ​ប្រជាពល​រដ្ឋ​ខ្មែរ​ដែល​មាន​ជីវភាព​ខ្វះ​ខាត​ប្រើ​កង់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ។​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ប្រជាពល​រដ្ឋ​តែង​តែ​ស្វះ​សែ្វង​រក​មធ្យោបាយ​ដែល​ងាយ​ស្រួល​និង​ឆាប់​រហ័ស​ក្នុង​ការ​ធ្វើ​ដំណើរ​ដើម្បី​ឲ្យ​ការ​ប្រកប​របរ​រក​ស៊ី​របស់​ខ្លួន​កាន់​តែ​ប្រសើរ​ឡើង។

អ្វី​ទាំង​អស់​នេះ​ជំរុញ​ឲ្យ​ប្រជាពល​រដ្ឋ​ខ្លះ​ព្យាយាម​ទិញ​ម៉ូតូ​ចាស់ៗ​កែ​ច្នៃ ​ដែល​មាន​តម្លៃ ​ថោក​បើ​ទោះ​បី​ជា​មិន​ទាន់​មាន​លក្ខណៈ​គ្រប់​គ្រាន់ ​ស្រប​ទៅ​តាម​ស្តង់ដារ​សុវត្ថិភាព​ចរាចរណ៍ ​ក៏​ដោយ។​ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ កាល​ពី​ខែ​មីនា ​ឆ្នាំ​២០២០​ រដ្ឋាភិបាល​បាន​ដំឡើង​ថ្លៃ​ផាក​ពិន័យ​បទ​ល្មើស​ចរាចរណ៍ ​និង​ចាប់​ផ្តើម​ចាត់​វិធាន​ការ​តឹងរ៉ឹងចាប់​តាំង​ពី​ខែ​ឧសភា។​

វិធាន​ការ​នេះ​នាំ​ឲ្យ​ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ ​និង​មិន​អាច​មាន​លទ្ធភាព​ទិញ​ម៉ូតូ​ ដែល​ត្រឹម​ត្រូវ​តាម​លក្ខណៈ​បច្ចេកទេស។ ​ការ​ផាក​ពិន័យ​តាម​អនុក្រឹត្យ​ថ្មី​លេខ​៣៩​នេះ​មាន​ចំនួន​ទឹក​ប្រាក់​យ៉ាង​ច្រើន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ​ពោល​គឺ​ច្រើន​ជាង​មុន​៤​ទៅ​៥​ដង។​ បើ​តាម​អនុក្រឹត្យ​ថ្មី ​អ្នក​បើក​ម៉ូតូ​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន៦​ម៉ឺន​រៀល​ចំពោះ​ការ​បើកបរ​ដោយ​គ្មាន​កញ្ចក់​មើល​ទៅ​ក្រោយ ​និង​គ្មាន​មួក​សុវត្ថិភាព ​ឬ​ពាក់​មួក​មិន​ត្រឹម​ត្រូវ​តាម​ស្តង់​ដារ​ ​ឬ​ពាក់​មួក​ដោយ​មិន​ដាក់​គន្លឹះ​ខ្សែ​សុវត្ថិភាព។​ អ្នក​ល្មើស​ត្រូវ​ពិន័យ​១០​ម៉ឺន​រៀល​សម្រាប់​ការ​មិន​គោរព​ភ្លើង ​និង​ស្លាក​សញ្ញា​ចរាចរណ៍ ​និង​១២​ម៉ឺន​រៀល ​បើ​យាន​ជំនិះ​គ្មាន​ស្លាក​លេខ។​


ចំណែក​អ្នក​បើក​បរ​ដោយ​កុងទ័រ​ល្បឿន​មិន​ដំណើរ​ការ​ត្រូវ​ផាក​ពិន័យ​ចំនួន​៦​ម៉ឺន​រៀល។​បញ្ហា​សម្រាប់​ម៉ូតូ​ចាស់​និង​កែ​ច្នៃ​នៅ​ប្រទេស​កម្ពុជា​គឺ​កុងទ័រ​ល្បឿន​មិន​ដំណើរ​ការ ​និង​មិន​ដាក់​កញ្ចក់​សម្រាប់​មើល​ទៅ​ក្រោយ។​

បើ​ទោះ​ជា​មាន​ការ​ផាក​ពិន័យ​ច្រើន​យ៉ាង​ណា​ក៏​ដោយ​ក៏​មាន​ម៉ូតូ​ឬ​រ៉ឺម៉ក​មួយ​ចំនួន​ដែល​មិន​ទាន់​មាន​លក្ខណៈ​ស្តង់ដារ​បច្ចេកទេស​សុវត្ថិភាព​ចរាចរណ៍​នោះ​នៅ​តែ​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ ​នៅ​ឡើយ។​

ជាក់​ស្តែង​ម៉ូតូ​មួយ​គ្រឿង​ដែល​កំពុង​រត់​នៅ​លើ​ផ្លូវ​គ្រួស​ក្រហម​មួយ ​ក្នុង​ស្រុក​ឈូក ​ខេត្តកំពត​ ពុំ​មាន​ស្លាក​លេខ​ ពុំ​មានកញ្ចក់​ កុង​ទ័រ​មិន​ដំណើរ​ការ ​ក៏​ប៉ុន្តែ​ម្ចាស់​ម៉ូតូ​អះ​អាង​ថា​ម៉ូតូ​មួយ​នេះ​ មាន​សារៈ​សំខាន់​បំផុត​សម្រាប់​ក្រុម​គ្រួសារ​របស់​គាត់​ដែល​មាន​គ្នា​៨​នាក់​ក្នុង​បន្ទុក​គឺ​រូប​គាត់​ ប្រពន្ធ ​ម្តាយ​ចាស់​ជរា​និង​កូន​៥​នាក់។​

លោក សរ រិទ្ធ គឺ​ជា​អ្នកលក់​ប្រហុក​នៅ​ស្រុក​ឈូក ខេត្ត​កំពត ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២០។ (ធីតា វីន/VOA)
លោក សរ រិទ្ធ គឺ​ជា​អ្នកលក់​ប្រហុក​នៅ​ស្រុក​ឈូក ខេត្ត​កំពត ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២០។ (ធីតា វីន/VOA)

ម្ចាស់​ម៉ូតូ​គឺ​លោក ​សរ រិទ្ធ​ អាយុ​៤៧​ឆ្នាំ ​ជា​ប្រជា​ពលរដ្ឋ​រស់​នៅ​ស្រុក​ត្រាំ​កក់​ខេត្ត​តាកែវ។​ លោក​កំពុង​ជិះ​ម៉ូតូ​នេះ​ដឹក​ប្រហុក​លក់។ ​លោក​ឲ្យ​ដឹង​ថា​ ជា​រៀង​រាល់​ថ្ងៃ​ ម៉ូតូ​មួយ​គ្រឿង​នេះ​តែង​តែ​រត់ កាត់​តាម​ភូមិ​ស្រុក​ទី​ប្រជុំ​ជន​មួយ​ចំនួន​នៅ​លើ​ផ្លូវ​ប្រហែល​៨០​គីឡូ​ពី​ខេត្ត​តាកែវ​ទៅ​ដល់​ខេត្ត​កំពត។ លោក​ត្រូវ​ចេញ​ពី​ផ្ទះ​តាំង​ពី​ម៉ោង​៤​ព្រឹក​ រហូត​ដល់​ម៉ោង​៨​យប់​ ​ទើប​លោក​ទៅ​ដល់​ផ្ទះ​វិញ។​

ម៉ូតូ​ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ប្រមាញ់​របស់​មន្រ្តី​ប៉ូលិស​ចរាចរណ៍​នោះ ​លោក ​សររិទ្ធ ​ទិញ​ពី​កន្លែង​លក់​អេត​ចាយ​តម្លៃ​៥០​ដុល្លារ​អាមេរិក។ ​លោក​អះអាង​ថា​បើ​លោក​មាន​លុយ​ក៏​លោក​មិន​ជិះ​ម៉ូតូ​បែប​នេះ​ដែរ។​

លោក​បាន​ថ្លែង​ប្រាប់​VOA​ថា៖ ​«អត់​មាន​លុយ។​ បើ​មាន​លុយ​នរណា​សុខ​ចិត្ត​ជិះ​អ៊ីចឹង? បើ​ចំពោះ​គេ​មាន ​ គេ​ដាក់​គ្រប់​សព្វ​ទាំង​អស់។ ​បើ​ខ្ញុំ​វា​អត់​ ​ទៅ​ដាក់​ឯ​ណា?​ បើ​អត់​ម៉ូតូ​នេះ​ពិបាកមែន​ទែន!​បើ​មួយ​ថ្ងៃ​ ខ្ញុំ​រក​បាន​តែ​១៥.០០០​រៀល​អ៊ីចឹង​ទៅ​…​បាន​អង្ករ​បាន​អី​ហូប​ដោយ​សារ​ម៉ូតូ​នេះ។ ​ច្បាប់​គេ ​គេ​ចាប់​តែ​អ្នក​ខុស​ដូច​ខ្ញុំ​អត់​កញ្ចក់​អ៊ីចឹង។​ ប៉ុន្តែ​យើង ​វា​ក្រ​ពេក!​ម៉ូតូ​យើង​វា​ចាស់​អ៊ីចឹង​ទៀត​….​តែ​មួក​មិន​ដឹង​ពាក់​ម៉េច!​ តែ​ពាក់​គេ​ហៅ​អត់​ឮ​យើង​ចាស់»។​

លោក​បន្ត​ថា ​ចាប់​តាំង​ពី​មាន​ការ​រឹត​បន្តឹង​មក ​ប្រាក់​ចំណូល​របស់​លោក​បាន​មក​ពី​ការ​លក់​ប្រហុក​នេះ​ធ្លាក់​ចុះ ​ដោយ​លោក​ត្រូវ​ជិះ​វាង​ពី​ប៉ូលិស​ដែល​ជា​កន្លែង​អាច​លក់​ប្រហុក​បាន។​

លោក​យល់​ឃើញ​ថា​ ការ​ដំឡើង​ការ​ផាក​ពិន័យ ​និង​ការ​តម្រូវ​ឲ្យ​យាន​ជំនិះ​មាន​លក្ខណៈ​បច្ចេក​ទេស​ត្រឹម​ត្រូវ​នោះ​ធ្វើ​ឲ្យ​អ្នក​មាន​ជីវភាព​ខ្វះ​ខាត ​កាន់​តែ​យ៉ាប់​ថែម​ទៀត។​

លោក​មាន​ប្រសាសន៍​ថា៖​ «គេ​ដាក់​ច្បាប់​ថ្មី​ហ្នឹង​ចំពោះ​ខ្ញុំ​ក្រ​អ៊ីចឹង​វា​តឹង​តែង​ពិបាក​មាំ ​ណាស់។​ ជិះ​គេច​អ៊ីចឹង​ទៅ!​ ប្រុង​តែ​ផ្លូវ​ទៅ​ហ្នឹង​បាន​លក់​…​បាន​ដល់​ភូមិ​ហ្នឹង​អ៊ីចឹង​ទៅ​វា​អត់​បាន​លក់​…​ដល់​ភូមិ​ ហ្នឹង ​ត្រូវ​បក​ក្រោយ​វិញ។ ​វា​អ៊ីចឹង​ ពិបាក​…​វា​ខាត។ ​លក់​ខាត!ដូច​អ៊ីចឹង​ ត្រូវ​លក់​បាន​ ទៅ​ជា​អត់​បាន!​ ត្រូវ​ទៅ​ ឆ្ងាយ​ទៀត។​ហើយ​ អ្នក​កាន់​តែ​អត់​កាន់​តែ​វេទនា!​ហើយ​ បើ​ជិះ​ទៅ​ដូច​ជា​ស៊យ​អ៊ីចឹង​ទៅ​ ប៉ូលិស ​ចាប់​គេ​យក​ម៉ូតូ!​មុខ​របរ​ចប់​ហើយ​បើ​ក្រ​ម្លឹងៗ»។​

បើ​តាម​របាយ​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ចេញ​ផ្សាយ​ក្នុង​ខែ​ឧសភា​នេះ​ បច្ចុប្បន្ន​នេះ​ ប្រជា​ពលរដ្ឋ​កម្ពុជា​ច្រើន​ជាង​២​លាន​៥​សែន​នាក់​ ជាប់​ជំពាក់​កម្ចី​ខ្នាត​តូច​ ដែល​មាន​អត្រា​កម្ចី​ជា​មធ្យម​ ៣.៨០០​ដុល្លារ​ ច្រើន​ជាង​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​ម្នាក់​ក្នុង​មួយ​ឆ្នាំ ​ដែល​មាន​ប្រមាណ​១.៦៨០​ដុល្លារ​អាមេរិក។​

ការ​ផាក​ពិន័យ​ខ្លាំង​នេះ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្លះ​មិន​ហ៊ាន​ជិះ​ម៉ូតូ​ដែល​គ្មាន​ស្លាក​លេខ​ឬ ​គ្មាន​កញ្ចក់​នោះ​ទេ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ខ្លាំង​ដល់​ការ​ប្រកប​របរ​របស់​គាត់ ​ខណៈ​ប្រជា​ពលរដ្ឋ​កំពុង​ប្រឈម​អត់​ការងារ​ធ្វើ​ និង​បាត់​បង់​ចំណូល​ពី​ការងារ​និង​ការ​រក​ស៊ី​ផង​ដែរ។​

លោក​ ឈៀង វុធ ​អាយុ​៤៨​ឆ្នាំ​ រស់​នៅ​ស្រុក​ឈូក ​ខេត្ត​កំពត​ កំពុង​ឈរ​ក្បែរ​ម៉ូតូ​ម៉ាក ​Wave​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​ដែល​ចត​នៅ​ពី​មុខ​ផ្ទះ។ ​លោក​មាន​ប្រសាសន៍​ថា​ ចាប់​តាំងពី​មាន​ការ​រឹត​បន្តឹង​ផ្នែក​ចរាចរណ៍​នេះ​មក​ លោក​មិន​ហ៊ាន​ទៅ​ណា​នោះ​ទេ​ ពី​ព្រោះ​ម៉ូតូ​របស់​លោក​ទិញ​មិន​បាន​បង់​ពន្ធ​តាម​ច្បាប់។​

លោក ឈៀង វុធ ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ឈូក ខេត្ត​កំពត ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២០។ (ធីតា វីន/VOA)
លោក ឈៀង វុធ ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ឈូក ខេត្ត​កំពត ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២០។ (ធីតា វីន/VOA)

ភ្នែក​របស់​លោក ​ឈៀង វុធ​ ឡើង​ក្រហម​ និង​មាន​សំណើម។​ ចម្លើយ​របស់​គាត់​ដាច់ៗ។​ មាត់​របស់​គាត់​រាង​ញ័រ​បន្តិច​ បន្ទាប់​មក​គាត់​ បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ផាក​ពិន័យ​ថ្មី​នេះ។ គាត់​និយាយ​យ៉ាង​ដូច្នេះ​ថា៖

«វេទនា​កាន់​តែ​ងាប់​តែ​ម្តង! ​អា​នេះ​មិន​មែន​សង្កត់​ក​ប្រជាជន​ទេ ​ច្របាច់​ក​ប្រជាជន​ហ្មង!​ចេញ​រក​ស៊ី​អត់​កើត!​ មាន​តែ​ទុក​ចោល ​នៅ​សម្ងំ​ក្នុង​ផ្ទះ! ​ណា​លុយ​ជំពាក់​អង្គការ​ទៀត​…. ​កាន់​តែ​ពិបាក​ទៅ ហើយ​ប្រជាជន ។​វា​ត្រូវ​កើត​អា​កូរ៉ូណា​ហ្នឹង​ទៀត​ចប់!​វា​ពិបាកៗ​ធ្ងន់​ពី​ព្រោះ​ចេញ​ទៅ​ណា​អត់​ រួច​មិន​អ៊ីចឹង?​ យើង​ត្រូវ​ការ​ទិញ​អី​យក​មក​លក់​ដូរ​វា​អត់​កើត។ ​រត់​ម៉ូតូ​ឌុប​អត់​កើត»។​

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​VOA​ បាន​សាក​សួរ​អះអាង​ថា​ តម្លៃ​ផាក​ពិន័យ​ច្រើន​ជាង​ថ្លៃ​ម៉ូតូ​ចាស់​របស់​គាត់​ទៅ​ទៀត។​

នៅ​តាម​បណ្តាយ​ផ្លូវ​នៅ​ម្តុំ​ផ្សារ​ស្ទឹងមានជ័យ ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ម៉ូតូ​មួយ​គ្រឿង​មិន​មាន​ម៉ាក ​គ្មាន​កញ្ចក់ ​គ្មាន​ស្លាក​លេខ​ កែប​ម៉ូតូ​រហែក​រយ៉ៃ ​ហើយ​ខ្សែ​ភ្លើង ​ម៉ាស៊ីន​ម៉ូតូ ​ច្រវាក់​ម៉ូតូ​គ្មាន​អ្វី​បិទ​បាំង​នោះ​ទេ។​

ម៉ូតូ​នេះ​បាន​សណ្តោង​រ៉ឺម៉ក​ដឹក​ដូង​លក់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ​អស់​រយៈ​ពេល​៥​ឆ្នាំ​មក​ហើយ ដោយ​មួយ​ថ្ងៃ​អាច​រក​ប្រាក់​ចំណេញ​ឲ្យ​ម្ចាស់​បាន​១០​ដុល្លារ។​

លោក​ គង់ ​សារ៉ាយ ​អាយុ​៣៦​ឆ្នាំ​ ដែល​ជា​ម្ចាស់​ម៉ូតូ​នេះ​ កំពុង​តែ​បារម្ភ​ចំពោះ​ការ​ផាក​ពិន័យ​ច្រើន។

«រាល់​ថ្ងៃ​ប្រឹង​រក​អ៊ីចឹង។​ បើ​សិន​ពូ​ប៉ូលិស​ចាប់​ផាក​អស់​ច្រើន​អ៊ីចឹង ​មាន​លុយ​ណា​បង់​គាត់?​ មាន​តែ​តាម​ដំណើរ ​បើ​គាត់​ចាប់​ ម៉ូតូ។​ឃើញ​ស្រាប់​ហើយ​ទិញ​មក​៨០​រៀល​[ដុល្លារ]បើ​គាត់​ចាប់​ផាក​១០០​ ឬ ​២០០​[ដុល្លារ]​មាន​លុយ​ឯ​ណា​ទៅ​លស់?​ យើង​ជិះ​ទៅ​តែង​តែ​ជួប​ហើយ ​បើ​គាត់​ចាប់​ពេញ​តែ​ ផ្លូវ​អ៊ីចឹង ​…​ ពី​ព្រោះ​អ្នក​ក្រ​មាន​អី​ទៅ​ទិញ​ មាន​តែ​ទិញ​ម៉ូតូ​អត់​ពន្ធ ​អត់​អី​អ៊ីចឹង​មក​សណ្តោង​រ៉ឺម៉ក»។​

ទិដ្ឋភាព​ទូទៅ​នៃ​ម៉ូតូ​រ៉ឺម៉ក​កំពុង​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ២០២០។ (ធីតា វីន/VOA)
ទិដ្ឋភាព​ទូទៅ​នៃ​ម៉ូតូ​រ៉ឺម៉ក​កំពុង​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ២០២០។ (ធីតា វីន/VOA)

នៅ​សប្តាហ៍​ដំបូង​នៃ​ការ​រឹត​បន្តឹង​ ច្បាប់​ចរាចរណ៍​នោះ​ ​ការ​ប៉ះទង្គិច​ពាក្យ​សម្តី​ និង​ប្រតិកម្ម​ផ្សេងៗ​រវាង​ប្រជា​ពលរដ្ឋ​ និង​ប៉ូលិស​ចរាចរណ៍ ​ជា​ពិសេស​អ្នក​ដែល​មាន​ជីវភាព​ខ្វះ​ខាត​បាន​កើត​ឡើង​។

ជាក់​ស្តែង​ អ្នក​បើកបរ​ម៉ូតូ​ចាស់ៗ​ខ្លះ​បាន​សម្រេច​លក់​ម៉ូតូ​ ដែល​ត្រូវ​បាន​ផាក​ពិន័យ ​ ដោយ​សារ​គ្មាន​ស្លាក​លេខ​ និង​មិន​មាន​កញ្ចក់​ជាដើម។​ ចំណែក​ខ្លះ​ទៀត​ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ពី​ប៉ុស្តិ៍​ប៉ូលិស​ទេ​ នៅ​ពេល​មិន​មាន​លុយ​គ្រប់​គ្រាន់​សម្រាប់​បង់​ការ​ផាក​ពិន័យ។

សារព័ត៌​មាន​ក្នុង​ស្រុក​ធ្លាប់​បាន​ចុះ​ផ្សាយ​កាល​ពី​ដើម​ខែ​ឧសភា​ថា ​បុរស​ម្នាក់​រស់​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ បាន​ដុត​ម៉ូតូ​ចាស់​របស់​ខ្លួន​ចោល​ដែល​គ្មាន​កញ្ចក់​ គ្មាន​ស្លាក​លេខ ​គ្មាន​កុង​ទ័រ ​ក្រោយ​ត្រូវ​ដោយ​ប៉ូលិស​ចរាចរណ៍​ផាក​ពិន័យ​ចំនួន​១២​ម៉ឺន​រៀល​ដោយ​សារ​បើកបរ​អត់​ពាក់​មួក​សុវត្ថិភាព​ និង​អត់​កញ្ចក់​ ហើយ​បុរស​នោះ​មិន​មាន​លុយ​គ្រប់​គ្រាន់​សម្រាប់​ការ​បង់​ប្រាក់​ពិន័យ។​ បើ​តាម​សេចក្តីរាយការណ៍​ ម៉ូតូ​ចាស់​របស់​បុរស​រូប​នោះ​ទិញ​តម្លៃ​២៦​ម៉ឺន​រៀល ​តែ​លោក​ទើប​បាន​ឲ្យ​លុយ​គេ​ចំនួន​៦​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ។​

អគ្គ​ស្នងការ​រង​នគរ​បាល​ជាតិ ​និង​ជា​អ្នក​នាំពាក្យ​ លោក ​ឆាយ​ គឹមខឿន​ មាន​ប្រសាសន៍​ថា ​ម៉ូតូ​ចាស់ៗ​ដែល​មិន​គ្រប់​ទៅ​តាម​លក្ខណៈ​បច្ចេក​ទេស​នោះ ​គួរ​តែ​ឈប់​ប្រើ។​ ហើយ​ជា​បណ្តោះ​អាសន្ន​ក្នុង​រយៈ​ខ្លី​នេះ​ ម្ចាស់​ម៉ូតូ​ចាស់ៗ​ទាំង​នោះ​គួរ​តែ​មាន​ឧបករណ៍​ខ្លះ​បំពាក់​នៅ​លើ​ម៉ូតូ​ដើម្បី​សុវត្ថិភាព។​

លោក​ថ្លែងថា៖​ «ពី​យុទ្ធនា​ការ​ដំបូង​បំផុត ​យើង​ក៏​បាន​លើក​ទឹក​ចិត្ត​គាត់​បើ​សិន​គាត់​អត់​មាន​អី​គ្រប់​ទេ​យ៉ាង​ហោច​គាត់​ត្រូវ​មាន​ចង្កៀង។ ​គាត់​បើក​បរ​ពេល​យប់​អត់​មាន​ចង្កៀង ​គួរ​អនុញ្ញាត​ឲ្យ​ទេ?​ ហើយ​គាត់​អាច​យក​ភាព​ក្រីក្រ​នោះ ​យក​មក​ប្តូរ​ជា​មួយ​អាយុ​ជីវិត​គាត់​ទេ? តែ​បើ​ឥឡូវ​អត់​ទាន់​មាន​អីពាក់​មួក​សិន​ ដើម្បី​ការពារ​ ថែម​កញ្ចក់​មក​ ឬ​ក៏​ដាក់​ស្លាក​សញ្ញា​ពី​ក្រោយ​ ដើម្បី​មាន​ចំណាំង​ផ្លាត។​ អា​នេះ​សុទ្ធ​តែ​វិធី​ការពារ​គាត់។ ​ក៏​ប៉ុន្តែ​យើង​អត់​បាន​លើក​ទឹក​ចិត្ត​ថា​ឲ្យ​បន្ត​ប្រើ​អា​ហ្នឹង​ទៀត​ទេ»។​

លោក​បញ្ជាក់​បន្ថែម​ថា ​ប្រជាពលរដ្ឋ​គួរ​តែ​បារម្ភ​បញ្ហា​សុវត្ថិភាព ​និង​ការ​បាត់បង់​អាយុ​ជីវិត​ ឬ​គ្រោះថ្នាក់​ឲ្យ​បាន​ច្រើន​ជាង​ការ​ភ័យ​ខ្លាច​បាត់​បង់​មុខ​របរ​ចិញ្ចឹម​ជីវិត។​

លោក​បន្ត​ថា៖ ​«យាន​យន្ត​ដែល​គាត់​ផ្គុំ​នេះ​ វា​គ្រោះ​ថ្នាក់​ដល់​ជីវិត​គាត់​ច្រើន​ជាង​យាន​យន្ត​គេ​ដទៃ​ទៀត។​ យើង​ថា ​អាច​មាន​តែ​ម៉ូតូ​មួយ​ហ្នឹង​បម្រើ​ជីវភាព ​អ៊ីចឹង​ត្រូវ​ឲ្យ​ម៉ូតូ​មួយ​ហ្នឹង​រឹង​មាំ​ទៅ ​ដើម្បី​អាយុ ​ជីវិត​គាត់​ហើយ​ការ​គោរព​ច្បាប់​នេះ​ គឺ​ល្អ​បំផុត​សម្រាប់​ពួក​គាត់។​ គាត់​ចៀស​ផុត​ពី​គ្រោះ​ថ្នាក់។​គាត់​គេច​ផុត​ពី​សេចក្តី​ស្លាប់។​ បើ​សិន​ជា​គាត់​មិន​ស្លាប់ ​ក៏​គាត់​ត្រូវ​ពិការ ​ហើយ​បើ​សិន​ជា​ គាត់​ស្លាប់ ​អត់​នរណា​ចិញ្ចឹម​គ្រួសារ? ​អា​នេះ​បន្ទុក​កាន់​តែ​ធ្ងន់​ថែម​ទៀត»។​

ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ លោក​ គង់ ​រតនៈ​ មាន​ប្រសាសន៍​ថា ​យាន​យន្ត​ដែល​ចរាចរណ៍​នៅ​លើ​ផ្លូវ​ថ្នល់​គួរ​តែ​មាន​លក្ខណៈ​ស្រប​ច្បាប់​ និង​មាន​លក្ខណៈ​បច្ចេក​ទេស​គ្រប់​គ្រាន់ ​ដើម្បី​សុវត្ថិភាព​ទាំង​អស់​ គ្នា។​

«បើ​សិន​ជា​គាត់​នៅ​ចរាចរណ៍​ម៉ូតូ​របស់​គាត់​ដែល​មាន​បង្គុំ​ចាប់​ម៉ាស៊ីន អត់​មាន​កុងទ័រ​ អត់​មាន​ល្បឿន​អីហ្នឹង​គាត់​អាច​នឹង​រង​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដោយ​សារ​យាន​យន្ត​របស់​គាត់ ​អត់​គ្រប់​លក្ខណៈ​បច្ចេកទេស​ហើយ​គាត់​អាច​បង្ក​ឲ្យ​អ្នក​ដទៃ​ទៀត ​មាន​គ្រោះ​ថ្នាក់​ជា​មួយ​គាត់​ដែរ។​ អ៊ីចឹង​សម្រាប់​ខ្ញុំ ​ខ្ញុំ​ទទួល​ស្គាល់​នូវ​ផល​លំបាក​សម្រាប់​ប្រជាជន​ដែល​គាត់​ក្រីក្រ ​ក៏​ប៉ុន្តែ​ខ្ញុំ​មិន​លើក​ទឹក​ចិត្ត​ថា​ ឲ្យ​នៅ​បន្ត​នោះ​ទេ»។​

លោក​បន្ថែម​ថាប្រជា​ពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះ​ខាត ​គួរ​តែ​ប្រាប់​ការ​លំបាក​របស់​ខ្លួន​តាម​រយៈ​តំណាង​រាស្រ្ត​ទៅ​រដ្ឋាភិបាល​ក្នុង​ការ​ពិចារណា​រក​ដំណោះ​ស្រាយ។​

«យើង​មាន​តែ​សំណូម​ពរ​ទៅ​រាជ​រដ្ឋាភិបាល​សុំ​កំណត់​ពេល​វេលា​ពិសេស​ណា​មួយ​សម្រាប់​ពួក ​គាត់។​ បើ​សិន​ជា​ពេល​នេះ​គាត់​ជួប​ការ​លំបាក ​យើង​គួរ​តែ​មាន​វិធី​ដោះ​ស្រាយ​របៀប​ម៉េច។​ យើង​ត្រូវ​មាន​ដំណោះ​ស្រាយ​អី​ផ្សេង​មួយ​ទៀត​សម្រាប់​ពួក​គាត់ ​ដើម្បី​ឲ្យ​ពួក​គាត់​រស់​នៅ​បាន។ ​បើ​យើង​ដាក់​ទៅ​ឲ្យ​គ្រប់​គ្នា​ទាំង​អស់​មាន​ប្រសិទ្ធ​ភាព​ក្នុង​ពេល​តែ​មួយ​ហ្នឹង​គឺ​យើង​នឹង​មិន​បាន​លទ្ធផល​ល្អ​ទេ»។​

រហូត​មក​ដល់​ពេល​នេះ ​មិន​ទាន់​មាន​ទិន្ន​ន័យ​ថា​ ​តើ​ម៉ូតូ​មិន​ស្រប​ច្បាប់ ​និង​ម៉ូតូ​មិន​មាន​លក្ខណៈ​បច្ចេក​ទេស​ត្រឹម​ត្រូវ ​ដែល​កើត​ឡើង​ដោយ​ការ​រៀប​បង្គុំ​នើ​ មាន​ប៉ុន្មាន​គ្រឿង​នោះ​ទេ។​

គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ឆ្នាំ​២០១៩​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជិត​២​ពាន់​នាក់​ ដែល​កើន​ឡើង​ជាង​២០០​នាក់ ​ឬ​ស្មើ​នឹង​ជិត​១៣​ភាគ​រយ​ បើ​ធៀប​នឹង​តួលេខ​ឆ្នាំ​២០១៨។​ កាល​ពី​ចុង​ឆ្នាំ​២០១៩ ​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​លោក​ ស ខេង ​លើក​ឡើង​ថា ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​ដែល​លោក​ថា​ និន្នាការ​នេះ​បង្ហាញ​ពី​សញ្ញា​បរាជ័យ​សម្រាប់​យុទ្ធនាការ​នៃ​ការ​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍។​ រដ្ឋាភិបាល​បាន​ប្ដេជ្ញា​កាត់​បន្ថយ​ការ​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ឲ្យ​នៅ​សល់​១.៦០០​នាក់​ត្រឹម​ឆ្នាំ​២០២០៕

What Next?

Recent Articles

One Response to "ពលរដ្ឋ​ក្រីក្រ​ដែល​មាន​ម៉ូតូ​ចាស់ ព្រួយ​បារម្ភ​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ ខណៈ​មិន​មាន​លទ្ធភាព​ទិញ​ម៉ូតូ​ថ្មី"

  1. Anonymous says:

    WOW what happen body ?? I heart Cambodian are so rich why you have to used that old bike ??

Leave a Reply

Submit Comment