សកម្មជន គង់ រ៉ៃយ៉ា មិន​រំពឹង​ទទួល​បាន​យុត្តិធម៌​ក្នុង​សំណុំ​រឿង​បោះ​ពុម្ព​អាវ​យឺត​ភ្ជាប់​រូបថត​លោក កែម ឡី

ព័ត៌មានជាតិ | សង្គម | សិទ្ធិមនុស្ស
លោក អ៊ូច សូនី | ២១ ឧសភា ២០២០ | ម៉ោង ៨:០០ ព្រឹក
VOD

យុវជន គង់ រ៉ៃយ៉ា

យុវជន គង់ រ៉ៃយ៉ា ចេញពីសាលាកំពូល ត្រឡប់ទៅកាន់ ពន្ធនាគារព្រៃសវិញ បន្ទាប់ពីសាវនាការ ២៨ តុលា ២០១៩។ (រូបភាព៖ បញ្ញា ឆព័ណ្ណ)


យុវជន​ គង់ រ៉ៃយ៉ា ដែល​ប្រឈម​មុខ​នឹង​ជាប់​ពន្ធនាគារ​ដល់​ទៅ ៤​ឆ្នាំ​ក្រោម​ការ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ពុម្ព​អាវ​យឺត​មាន​រូបថត​អ្នកវិភាគ​ លោក កែម ឡី និង​សម្ដី​របស់​លោក​នោះ​ និយាយ​ថា រូប​គេ​មិន​រំពឹង​ទទួល​បាន​យុត្តិធម៌​នោះ​ឡើយ នៅ​ពេល​សាល​ក្រម​នឹង​ត្រូវ​ប្រកាស​នៅ​ខែ​ក្រោយ​នេះ។

លោក សំ សុខគង់ មេធាវី​ការពារ​ក្ដី​ឱ្យ​លោក គង់ រ៉ៃយ៉ា បាន​ប្រាប់​ថា ចៅក្រម​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ អ្នកស្រី អ៊ុក រ៉េតគន្ធា បាន​បិទ​បញ្ចប់​សវនការ​សំណុំ​រឿង​ចោទ​ប្រកាន់​លោក រ៉ៃយ៉ា នៅ​ថ្ងៃ​ពុធ​នេះ ប៉ុន្តែ សកម្មជន​រូប​នេះ ពុំ​មាន​វត្តមាន​នៅ​តុលាការ​នោះ​ឡើយ។

ក្នុង​សារ​តប​មក​កាន់​វីអូឌី​នៅ​ថ្ងៃ​ពុធ​នេះ លោក រ៉ៃយ៉ា ប្រាប់​ថា លោក​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ហើយ​មិន​អាច​ត្រឡប់​មក​កម្ពុជា​ទាន់​ពេល​សវនាការ​នោះ​ឡើយ ដោយសារ​តែ​ការ​បិទ​ព្រំដែន​ពាក់​ព័ន្ធ​នឹង​វិបត្តិ​កូវីដ១៩។

សកម្មជន​រូប​នេះ​និយាយ​ថា លោក​មិន​មាន​សុទិដ្ឋិនិយម​ចំពោះ​សាល​ក្រម​ដែល​លើក​ពេល​ប្រកាស​នេះ​ទេ។

លោក រ៉ៃយ៉ា និយាយ​ថា​៖ «ខ្ញុំ​គិត​ថា នឹង​មិន​មាន​យុត្តិធម៌​សម្រាប់​ខ្ញុំ​ទេ ព្រោះ​​ករណី​នេះ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នយោបាយ ហើយ​[ការ​បោះ​ពុម្ព​អាវ​យឺត]​មិន​មែន​ល្មើស​នឹង​ច្បាប់​ព្រហ្ម​ទណ្ឌ​ទេ។ ប្រសិន​ស្ថានការណ៍​នយោបាយ​ល្អ​ប្រសើរ សំណុំ​រឿង​ខ្ញុំ​ក៏​អាច​ធូរ​ស្រាល​ផង​ដែរ ប៉ុន្តែ នយោបាយ​នៅ​កម្ពុជា​កាន់​តាន​តឹង សំណុំ​រឿង​ខ្ញុំ​ក៏​តាន​តឹង​ដែរ»

មេធាវី លោក សំ សុខគង់ ប្រាប់​ថា លោក រ៉ៃយ៉ា ត្រូវ​បាម​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៩ មួយ​ថ្ងៃ​មុន​ខួប ៣​ឆ្នាំ​នៃ​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត កែម ឡី ហើយ​ក្រោយ​មក​សកម្មជន​រូប​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍» និង​​​ត្រូវ​បាន​ចោទ​ថា​«បាន​ប្រព្រឹត្ត​បទ​ល្មើស​មជ្ឈិម​ក្រោយ​ពី​ត្រូវ​បាន​កាត់​ទោស​សម្រាប់​បទ​ល្មើស​មជ្ឈិម​»។ បទ​ចោទ​ប្រកាន់​នេះ បាន​កើត​ឡើង​ក្រោយ​ពី​សកម្មជន​រូប​នេះ​បាន​ផ្សព្វផ្សាយ​លក់​អាវ​នៅ​លើ​អនឡាញ ដើម្បី​រំឭក​ខួប​នៃ​ការ​បាញ់​សម្លាប់​លោក កែម ឡី ដែល​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​​ដ៏​លេច​ធ្លោ​។

លោក រ៉ៃយ៉ា ត្រូវ​បាន​កាត់​ទោស​ក្រោម​បទ​ចោទ​ប្រកាន់​ដូច​នេះ​ម្ដង​រួច​មក​ហើយ​នៅ​ក្នុង​សំណុំ​រឿង​ផ្សេង​មួយ​ទៀត​កាល​ពី​ឆ្នាំ​២០១៦ ហើយ​ត្រូវ​បាន​ដាក់​ពន្ធនាគារ ១៨​ខែ ក្រោយ​ពី​អំពាវ​នាវ​ឱ្យ​មាន​«បដិវត្តន៍​ពណ៌»។ ប្រសិន​បើ​​ត្រូវ​បាន​កាត់​ទោស​នៅ​ក្រោម​បទ​ចោទ​ប្រកាន់​ដដែល​នេះ​ជា​ថ្មី​ម្ដង​ទៀត សកម្មជន​រូប​នេះ​នឹង​ប្រឈម​មុខ​នឹង​ទោស​ជាប់​ពន្ធនាគារ​ដល់​ទៅ ៤​ឆ្នាំ ជា​កម្រិត​ខ្ពស់​បំផុត​សម្រាប់​បទ​ល្មើស​ញុះ​ញង់។

នៅ​ពេល​លោក រ៉ៃយ៉ា ត្រូវ​បាន​ដោះ​លែង​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក អ៊ី រិន្ទ បាន​ប្រាប់​វីអូឌី​ថា សកម្មជន​រូប​នេះ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​ប្រទេស​ មិន​អាច​ផ្លាស់​ប្ដូរ​អាសយដ្ឋាន​លុះត្រា​តែ​មាន​ការ​អនុញ្ញាត​ពី​តុលាការ ឬ​ក៏​មិន​អាច​បង្ហោះ​សារ​អ្វី​នៅ​លើ​បណ្ដាញ​សង្គម​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ទៅ​លើ​គាត់​បាន​ឡើយ។

លោក សុខគង់ បាន​ប្រាប់​នៅ​ពេល​នោះ​ថា សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​កូន​ក្ដី​លោក ត្រូវ​បាន​តុលាការ​បដិសេធ​កាល​ពី​មុន ប៉ុន្តែ ក្រោយ​មក​ត្រូវ​បាន​តុលាការ​យល់​ព្រម​ដោយសារ​បញ្ហា​សុខភាព​របស់​គាត់ ហើយ​ដោយសារ​គាត់​ជា​និស្សិត​ ត្រូវ​មើល​ថែ​គ្រួសារ និង​សន្យា​បង្ហាញ​ខ្លួន​នៅ​ពេល​តុលាការ​កោះ​ហៅ។

លោក សុខគង់ ប្រាប់​ថា​៖ «គាត់​សន្យា​នឹង​ចៅក្រម​ថា គាត់​មិន​រត់​គេច​ទេ ហើយ​គាត់​សន្យា​បង្ហាញ​ខ្លួន​គ្រប់​ពេល​ដែល​ចៅក្រម​ចង់​ឱ្យ​គាត់​បង្ហាញ​ខ្លួន​នៅ​តុលាការ»

លោក សុខគង់ ប្រាប់​ថា កាល​បរិច្ឆេទ​ជំនុំ​ជម្រះ​សំណុំ​រឿង​កូន​ក្ដី​របស់​លោក ដំបូង​ឡើយ​គ្រោង​ធ្វើ​ឡើង​នៅ​ខែ​ធ្នូ​កន្លង​មក ប៉ុន្តែ ត្រូវ​បាន​លើក​ពេល​ទៅ​វិញ ដោយសារ​លោក រ៉ៃយ៉ា និង​សាក្សី​អវត្តមាន។ បើ​តាម​លោក សុខគង់ លោក រ៉ៃយ៉ា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នា​ពេល​នោះ​ថា លោក​ឈឺ។

មេធាវី​បាន​និយាយ​ថា លោក រ៉ៃយ៉ា បាន​ចាក​ចេញ​ពី​កម្ពុជា​មិន​យូរ​ទេ​ក្រោយ​ពី​លោក​ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ លោក​មិន​អាច​បញ្ជាក់​ពេល​ជាក់​លាស់​បាន​ឡើយ។

លោក សុខគង់ បន្ថែម​ថា កូន​ក្ដី​របស់​លោក​មិន​មាន​បំណង​ញុះ​ញង់​ពលរដ្ឋ​ជាមួយ​នឹង​អាវ​យឺត​នោះ​ឡើយ ដោយ​ថា វា​ជា​សកម្មភាព​នៃ​ការ​បញ្ចេញ​មតិ​ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់ ហើយ​ក៏​ជា​ឱកាស​ធ្វើ​ការ​រក​ស៊ី​ផង​ដែរ។

មេធាវី​បញ្ជាក់​ថា កូន​ក្ដី​របស់​លោក​គ្រាន់​តែ​ចង់​រំឭក​ការ​ចង​ចាំ​អ្នក​វិភាគ​នយោបាយ​ក្នុង​ផ្លូវ​វិជ្ជា​មាន​ប៉ុណ្ណោះ ហើយ​តុលាការ ឬ​នរណា​ម្នាក់ មិន​អាច​ទៅ​យល់​ន័យ​ដើម​នៃ​ពាក្យ​សម្ដី​លោក កែម ឡី ដែល​បោះ​ពុម្ព​នៅ​លើ​អាវ​យឺត​នោះ​ឡើយ។

រូបថត​លោក កែម ឡី ត្រូវ​បាន​បោះ​ពុម្ព​ស​ខ្មៅ​នៅលើ​អាវ​យឺត​​ផ្នែក​ខាង​មុខ ហើយ​នៅ​ផ្នែក​ខាង​ក្រោយ​មាន​សម្រង់​សម្ដី​លោក​ដែល​សរសេរ​ថា​ «ប្រសិន​បើ​អ្នក​មិន​ធ្វើ​អ្វី​សោះ អ្នក​នឹង​រង​គ្រោះ គ្រាន់​តែ​មិន​ទាន់​ដល់​វេន​អ្នក​ប៉ុណ្ណោះ»។

លោក សុខគង់ និយាយ​ថា ការពិត​នៃ​ករណី​នេះ និង​ការ​ចោទ​ប្រកាន់ មិន​ស៊ី​សង្វាក់​គ្នា​សោះ ដោយសារ​ភស្តុតាង​ផ្អែក​លើ​ខ្លឹមសារ​សម្ដី​របស់​លោក កែម ឡី ដែល​មិន​ដឹង​ថា មាន​ន័យ​អ្វី​ច្បាស់​លាស់​នោះ​ឡើយ។

មេធាវី​ប្រាប់​ថា​៖ «សម្រាប់​ខ្លឹមសារ​នៅ​លើ​អាវ បណ្ឌិត​ កែម ឡី អាច​មាន​ន័យ​អ្វី​ផ្សេង​ខុស​ពី​ហ្នឹង។ អ៊ីចឹង​ហើយ វា​អាច​មាន​ន័យ​វិជ្ជមាន ឬ​អាច​មាន​ន័យ​អហិង្សា»

នៅ​ពេល​សាក​សួរ​ថា តើ​លោក​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ឬ​យ៉ាង​ណា​នោះ លោក រ៉ៃយ៉ា ប្រាប់​ថា៖ «ខ្ញុំ​ត្រូវ​រង់ចាំ​មើល​សិន​ថា តើ​ថៃ និង​កម្ពុជា​បើក​ច្រក​ព្រំដែន​​វិញ​ឬ​យ៉ាងណា ហើយ​ខ្ញុំ​ក៏​ត្រូវ​រង់ចាំ​មើល​​ថា តើ​សាលក្រម​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ រក​ឃើញ​ថា​ ខ្ញុំ​មាន​កំហុស ឬ​ក៏​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​មក​លើ​រូប​ខ្ញុំ»។

សាល​ក្រម​នៃ​សំណុំ​រឿង​នេះ នឹង​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា​ខាង​មុខ៕

អត្ថបទ​នេះ​ត្រូវ​បាន​ប្រែ​សម្រួល​ដោយ លោក វ៉ា សុភានុត ពី​ អត្ថបទ​ដើម​ នៅ​លើ VOD English


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "សកម្មជន គង់ រ៉ៃយ៉ា មិន​រំពឹង​ទទួល​បាន​យុត្តិធម៌​ក្នុង​សំណុំ​រឿង​បោះ​ពុម្ព​អាវ​យឺត​ភ្ជាប់​រូបថត​លោក កែម ឡី"

  1. Anonymous says:

    KEM LEY was a Cambodian HERO every one knew that , look when he past the way million of people was so up set to whom murder Dr KEM LAY. so sad in SAMACH AKEAK SENA MOHA BATHDAY PENCHO >>HUN NAL call HUN SEN next name CHOUP SAMLAP we will never fine who is the killer just the same POL POT regime because this guy was former killer during the killing field.

Leave a Reply

Submit Comment