កម្ពុជា​នាំចូល​ជំងឺ​កូវីដ-១៩ មួយ​ករណី​ថ្មី​ក្រោយ​ស្ងប់ស្ងាត់​ជាង ១​ខែ

ដោយ មួង ណារ៉េត
2020-05-22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​បច្ចុប្បន្ន​នៃ​ជំងឺ​កូវីដ-១៩ នៅ​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ២០២០។

វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​បច្ចុប្បន្ន​នៃ​ជំងឺ​កូវីដ-១៩ នៅ​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ២០២០។

 រូប៖ Screenshot


កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូវីដ-១៩ មួយ​ករណី​ថ្មី​ទៀត ​ក្រោយ​ស្ងប់ស្ងាត់​ជាង ១ ខែ។ តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួងសុខាភិបាល កាលពី​យប់​ថ្ងៃ​ទី ២១ ខែ ឧសភា ឱ្យ​ដឹង​ថា ករណី​រក​ឃើញ​ថ្មី​នេះ គឺជា​ករណី​ទី ១២៣ ដែល​កើត​លើ​បុរស​ជនជាតិ​ខ្មែរ អាយុ ២៦ ឆ្នាំ ធ្វើដំណើរ​តាម​យន្តហោះ ពី​ប្រទេស​ហ្វីលីពីន បន្ត​ជើង​ហោះហើរ​ពី​ប្រទេស​កូរ៉េខាងត្បូង ។ បុរស​នេះ មាន​ស្រុកកំណើត​នៅ ឃុំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ខេត្ត​កំពត។

គាត់​ធ្វើដំណើរ​រួមគ្នា​ជាមួយ​អ្នកដំណើរ​ចម្រុះ​ជាតិ​សាសន៍ សរុប ៦៣ នាក់​។ ជនជាតិ​ខ្មែរ​មាន ៣៤ នាក់ ជនជាតិ​កូរ៉េ ២៣ នាក់ និង​ជនជាតិ​ដទៃ​ទៀត មាន​ជប៉ុន តៃវ៉ាន់ បែលហ្ស៊ិក និង​ហុល្លង់។

សេចក្តី​ជូនដំណឹង​ដដែល​បញ្ជាក់​ថា បុរស​ខ្មែរ​ម្នាក់​នេះ និង​អ្នកដំណើរ​ទាំងនោះ មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​ម៉ោង ១០ យប់ ថ្ងៃទី២០ ខែ​ឧសភា។ វត្ថុ​សំណាក​វិភាគ បង្ហាញ​ថា មានតែ​បុរស​ខ្មែរ​ម្នាក់​នេះ​ប៉ុណ្ណោះ មាន​ផ្ទុក​ជំងឺ​កូវីដ-១៩។ បុរស​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត។ ចំណែក​អ្នកដំណើរ ៦២​នាក់​ផ្សេងទៀត​នោះ ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​ពី​គេ ចំនួន ១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយ​នៅ​ភ្នំពេញ។

ករណី​នាំ​ចូល​ថ្មី​នេះ កើតឡើង​គាប់​ជួន​គ្នា​នឹង​ថ្ងៃ​ដែល​របប​ក្រុងភ្នំពេញ ប្រកាស​បើក​ជើង​មេឃ ឱ្យ​ជន​បរទេស​ពី​ប្រទេស​ទាំងឡាយ ដែល​ធ្លាប់​ជាប់​បម្រាម​កម្ពុជា អាច​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​មក​កម្ពុជា​វិញ​បាន ចាប់ពី​ថ្ងៃទី​២០ ខែ​ឧសភា​តទៅ។

កន្លងមក ភាគច្រើន​នៃ​ករណី​ជំងឺ​កូវីដ​-១៩ នៅ​កម្ពុជា គឺ​នាំចូល​ពី​ប្រទេស​ក្រៅ រួម​ទាំង​ករណី​ដំបូង​គេ ដែល​នាំចូល​មកពី​ទីក្រុង​វូហាន ប្រទេស​ចិន​ផង។ ប៉ុន្តែ របប​ក្រុងភ្នំពេញ មិនដែល​បិទ​ជើង​យន្តហោះ​ពី​ប្រទេស​ចិន​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment