ក្រសួង​រ៉ែ និង​ថាមពល​ប្រកាស​កាត់បន្ថយ​តម្លៃ​អគ្គិសនី​សម្រាប់​វិស័យ​៤

ដោយ ម៉ៅ សុធានី
2020-05-22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ថ្លែង​ក្នុង​វេទិកា​អភិបាលកិច្ច​លើ​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ថ្លែង​ក្នុង​វេទិកា​អភិបាលកិច្ច​លើ​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។

Photo: RFA


ក្រសួង​រ៉ែ និង​ថាមពល ប្រកាស​ពី​គម្រោង​កាត់បន្ថយ​តម្លៃ​អគ្គិសនី​សម្រាប់​វិស័យ​៤ សំខាន់ៗ រយៈពេល​ ៥ខែ ដែល​នឹង​ចាប់​ផ្តើម​ពី​ខែ​មិថុនា រហូត​ដល់​ខែ​តុលា ឆ្នាំ​២០២០ ដើម្បី​ជំរុញ​ឱ្យ​បន្ត​សេវា​ផលិតកម្ម ក្នុងអំឡុងពេល​រាតត្បាត​សកល​នៃ​ជំងឺ​កូវីដ​១៩ (Covid-19)។

មន្ត្រី​សង្គម​ស៊ីវិលស្វាគមន៍​ចំពោះ​វិធានការ​ទាំងនេះ ប៉ុន្តែ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​គិតគូរ ដោះស្រាយ​បញ្ហា​ទឹក​ភ្លើង ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ឱ្យ​ដឹង​ថា វិស័យ​៤​សំខាន់ៗ ដែល​នឹង​ទទួល​បាន​ការកាត់បន្ថយ​តម្លៃ​អគ្គិសនី ២៥% រួមមាន​វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និង​វិស័យ​សេវាកម្ម។

លោក ស៊ុយ សែម ប្រកាស​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា វិធានការ​កាត់បន្ថយ​តម្លៃ​អគ្គិសនី​រយៈពេល​ ៥​ខែ​នេះ គឺជា​ការ​លើកទឹកចិត្ត និង​ផ្ដល់​លទ្ធភាព​ដល់​វិស័យ​ទាំងនេះ​ដែល​រង​ផល​ប៉ះពាល់​ផ្សេងៗ អាច​បន្ត​ប្រតិបត្តិការ​អាជីវកម្ម និង​សកម្មភាព​ផលិតកម្ម​របស់​ខ្លួន ក្នុងអំឡុងពេល​មាន​វិបត្តិ​កូវីដ១៩​នេះ។

សេចក្ដី​ប្រកាស​ដដែល​បញ្ជាក់​ថា ការកាត់បន្ថយ​តម្លៃ​អគ្គិសនី ២៥%​នេះ គឺ​សម្រាប់​ពេល​ ៥​ខែ ចាប់​ពី​ខែ​មិថុនា ដល់​ខែ​តុលា ហើយ​តម្លៃ​ចុះ​នេះ គឺ​ផ្អែក​ទៅ​លើ​បរិមាណ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ជា​មធ្យម ក្នុង​រយៈពេល​ ៣​ខែចុងក្រោយ ចាប់ពី​ខែ​មករា ដល់​ខែ​មីនា ឆ្នាំ​២០២០​នេះ។

អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ជុំវិញ​រឿង​នេះ ពី​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ បានទេ ដោយ​លោក​លើក​ទូរស័ព្ទ​ហើយ ចុច​ផ្ដាច់​ទៅវិញ ដោយ​ប្រាប់​ថា រវល់​។ ប៉ុន្តែ​លោក​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​សាទរ​ចំណាត់ការ​នេះ ពីព្រោះ GMAC ធ្លាប់​ស្នើសុំ​រឿង​នេះ​កន្លងមក​។ លោក ខេន លូ បន្ត​ថា វិធានការ​នេះ​នឹង​ជួយ​ដល់​រោងចក្រ​ដែល​ផ្អាក​ដំណើរការ ហើយក៏​កាត់បន្ថយ​បន្ទុក​របស់​រោងចក្រ​ផ្សេង​ទៀត។

ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​វិញ ក៏​ស្វាគមន៍​វិធានការ​ទាំងនេះ ប៉ុន្តែ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​គិតគូរ ដោះស្រាយ​បញ្ហា​ទឹក​ភ្លើង ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ផង​ដែរ ដូចជា​កម្មករ​និង​កសិករ​ជាដើម។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​សម្រេច​បញ្ចុះ​តម្លៃ​អគ្គិសនី​ដល់​សហគ្រាស​តូច​ធំ គឺជា​រឿង​ល្អ ពីព្រោះ​តម្លៃ​អគ្គិសនី​នេះ គឺ​វា​ថ្លៃ​ជាង​ប្រទេសជិតខាង​ទៅ​ហើយ ដូច្នេះ ការ​បន្ធូរបន្ថយ​តម្លៃ​នេះ គឺ​ជួយ​បាន​ច្រើន​ដល់​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​៖ «ក្រុមហ៊ុន​កន្លងមក ក៏បាន​ស្នើ​ដល់​រដ្ឋាភិបាល​ដែរ​ឱ្យ​ចុះ​តម្លៃ​អគ្គិសនី​នេះ​។ ខ្ញុំ​គិត​ថា ការ​ចុះ​តម្លៃ​ នា​ពេល​នេះ ពិតជា​បាន​ចូលរួម​ចំណែក​ឱ្យ​ក្រុមហ៊ុន អាច​ដំណើរ​បាន​។ ប៉ុន្តែ​បើ​ចុះ​រយៈពេល​យូរ ជាជាង​តែ​ ៥​ខែ នោះ​វា​អាច​ទាក់ទាញ​អ្នក​វិយោគ​ទុន​រយៈពេល​វែង»។

ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​វិញ ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា លោក ថេង សាវឿន បង្ហាញ​ជំហរ​គាំទ្រ​ចំពោះ​ការកាត់បន្ថយ​តម្លៃ​អគ្គិសនី​នេះ។ ក៏ប៉ុន្តែ​លោក​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល គិតគូរ​ដោះស្រាយ ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​បាន​បាត់បង់​ការងារ​និង​ប្រាក់ចំណូល​ប្រចាំថ្ងៃ ដោយសារ​ការ​រាតត្បាត​សកល​នៃ​ជំងឺ​កូវីដ​១៩​នេះ​៖ «ខ្ញុំ​គិត​ថា នេះ​ជា​យុទ្ធសាស្ត្រ​មួយ របស់​រដ្ឋាភិបាល​ក្នុង​ការ​គាំទ្រ​លើ​វិស័យ​ឧស្សាហកម្ម និង​ផលិតកម្ម ដើម្បី​ធានា​វិស័យ​ទាំងនេះ អាច​ដំណើរការ​បាន​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ការ​គាំទ្រ​នេះ គឺ​ចំពោះ​អ្នក​ដែល​មាន​លទ្ធភាព​ធនធាន​ខ្លះ រួច​ទៅ​ហើយ ដូចនេះ​ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល គួរតែ​បន្ថូរបន្ថយ​ជួយ​សម្រាល​ដល់​អ្នក​ក្រីក្រ​ផង»។

ស្ថិតិ​ក្រសួង​ការងារ​ឱ្យ​ដឹង​ថា រហូតមក​ដល់​ពេលនេះ មាន​កម្មករជាង ១​សែន ១​ម៉ឺន​នាក់ ត្រូវ​បាន​រោងចក្រ​សុំ​ព្យួរ​ការងារ មាន​សរុប​ទាំងអស់ ជាង ​៣៣០​រោងចក្រ ប៉ុន្តែ​រោងចក្រ​ជាង ​១០០ បាន​ដំណើរការ​ឡើងវិញ​។ ដូច្នេះ មាន​រោងចក្រ​ចំនួន ​២៣៧ កំពុង​ព្យួរ​កិច្ចសន្យាការងារ​កម្មករ​ជា​ស្ថាពរ​។ ចំណែក​រោច​ចក្រ ចំនួន​ ២០ បិទ​ជា​ផ្លូវការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ក្រសួង​រ៉ែ និង​ថាមពល​ប្រកាស​កាត់បន្ថយ​តម្លៃ​អគ្គិសនី​សម្រាប់​វិស័យ​៤"

  1. Anonymous says:

    Where are money 700 million of sale the sand??? this government still not get the justice for the nation’ they are veitcong dogs hanoi’