ពលរដ្ឋ​ខ្មែរ​ជាប់​នៅ​ប្រទេស​ម៉ាឡេស៊ី​ប្រតិកម្ម​ចំពោះ​ស្ថានទូត​ខ្មែរ​ថា ចេញ​ប្រកាស​ឲ្យ​ពួកគាត់​ផ្ដល់​ព័ត៌មាន តែ​មិន​ប្រញាប់​ចាត់វិធានការ​បញ្ជូន

ដោយ ខែ សុណង
2020-05-21
RFA

ពលរដ្ឋ​ខ្មែរ​ជាប់​នៅ​ម៉ាឡេស៊ី​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩

ពលរដ្ឋ​ខ្មែរ​ជាប់​នៅ​ម៉ាឡេស៊ី​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩

 រូប៖ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ម៉ាឡេស៊ី


ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ជាប់​គាំង​នៅ​ប្រទេស​ម៉ាឡេស៊ី​ថា ស្ថានទូត​ខ្មែរ មិន​ព្រម​ប្រញាប់​ចាត់​វិធានការ​បញ្ជូន​ពួកគាត់​ទៅ​ស្រុក​ខ្មែរ​ឡើយ គឺ​បាន​តែ​ប្រកាស។ ប្រតិកម្ម​នេះ បន្ទាប់​ពី​ស្ថាន​ឯក​អគ្គ​រាជ​ទូត​ខ្មែរ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី គ្រោង​រៀបចំ​ការ​ធ្វើដំណើរ​ឲ្យ​ពលរដ្ឋ​ចំនួន ១៤៣​នាក់ ដែល​លោក ហ៊ុន សែន ប្រកាស​ផ្អាក​មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញ​ពី​វាល​យន្តហោះ​ម៉ាឡេស៊ី កាល​ពី​ដើម​ខែ​មេសា ឲ្យ​បាន​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ។

ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ជាប់​គាំង​នៅ​ប្រទេស​ម៉ាឡេស៊ី អះអាង​ថា ពួកគាត់​មិន​យល់​ពី​នីតិវិធី​របស់​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ដែល​ប្រកាស​ជា​លើក​ទី២​ឲ្យ​ពួកគាត់​ផ្ដល់​ព័ត៌មាន​ទៅ​ស្ថានទូត តែ​មិន​បាន​ចាត់វិធានការ​បន្ត​នៅ​ពេល​ពលរដ្ឋ​ដាក់​ឯកសារ​រួចរាល់​ហើយ​នោះ។

និស្សិត​ខ្មែរ​រៀន​នៅ​ប្រទេស​ម៉ាឡេស៊ី លោក ស្លេះ សពព្រី ថ្លែង​ថា ពួកគាត់​ត្រូវ​បាន​មន្ត្រី​ស្ថានទូត​ទាក់ទង​នឹង​បាន​បញ្ចូល​ជា​ក្រុម​ទំនាក់ទំនង​តាម​ទូរស័ព្ទ រួច​ពួកគាត់​បាន​ដាក់​ឯកសារ​នានា តាម​ការ​ស្នើសុំ​របស់​ស្ថានទូត​ប្រមាណ​ជាង​២​សប្ដាហ៍​មក​ហើយ។ លោក​ថា នៅ​សល់​តែ​ឯកសារ​បញ្ជាក់​សុខភាព​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ-១៩ ពី​មន្ទីរពេទ្យ​ម៉ាឡេស៊ី​ប៉ុណ្ណោះ​ដែល​មន្ត្រី​ស្ថានទូត​ថា​មិន​ទាន់​ឲ្យ​ធ្វើ។ លោក​ចោទ​ជា​សំណួរ​ថា ចុះ​ហេតុអ្វី​ពេល​នេះ​បាន​ជា ស្ថានទូត​នៅ​តែ​បន្ត​ប្រកាស​ឲ្យ​ពលរដ្ឋ​ផ្ដល់​ព័ត៌មាន ហើយ​មិន​ព្រម​ចាត់វិធានការ​បញ្ជូន​ពួកគាត់​ដែល​បាន​ដាក់​ឯកសារ​រួច​ហើយ​នោះ​តែ​ម្ដង​ទៅ?៖ «ចាំ​ឲ្យ​ប្រជាពលរដ្ឋ​ទាក់ទង​វា​ពិបាក​ដែរ ព្រោះ​ថា​អ្នក​ខ្លះ​គាត់​អត់​មាន​ហ្វេសប៊ុក​អត់​មាន​អី​ទេ គាត់​អត់​ដឹង​រឿង​ទេ ហើយ​ជួនកាល​គាត់​អត់​ដឹង​ព័ត៌មាន។ បើ​សិន​ជា​ចង់​ជួយ​ប្រជាពលរដ្ឋ​មែន ទាក់ទង​ទៅ​អ្នក​ចង់​ទៅ​ប្រមាណ​ថ្ងៃ​មុន​ដែល​មាន​ឈ្មោះ​ហ្នឹង ឬ​ក៏​ចាំ​គេ​ទាក់ទង​មក​ក៏​បាន​ដែរ បើ​គេ​អត់​ទាក់ទង​ទៅ បើ​បាន​ប៉ុណ្ណា​ទៅ​ប៉ុណ្ណឹង។ ចាំ​ទាំង​អស់​គ្នា អ្នក​ខ្លះ​អត់​លុយ​គេ​ឈប់​ទៅ​ពិបាក​ពេក អ្នក​ខ្លះ​គេ​ទៅ​ខ្មែរ​តាម​ផ្លូវ​ក្រោម​បាត់​ហើយ សល់​តែ​ប្រមាណ ៤០ ៥០នាក់​ហ្នឹង ដែល​គាត់​ច្បាស់លាស់​ចង់​ទៅ ហើយ​ព័ត៌មាន​ឲ្យ​អស់​ហើយ ចុះ​គាត់​មិន​ជួយ​ទៅបើ​ចាំ​ទាំងអស់​អ៊ីចឹង ៤០នាក់​ហ្នឹង អត់​បាន​ទៅ​ដដែល កន្លែង​ហ្នឹង​ខ្ញុំ​គិត​ថា​ប្រហែល​មិន​បាន​ទៅ​ទៀត​បើ​សិន​ថា​ចាំ​គេ​ទាំង​អស់។ ខ្ញុំ​អស់​ក្រឡា​ហើយ»

ចំណែក​ពលករ​ម្នាក់​ទៀត លោកស្រី ស៊ាង សំអូន ត្អូញត្អែរ​ថា លោកស្រី​ក៏​បាន​ដាក់​ឯកសារ​ជូន​ទៅ​ស្ថានទូត​អស់​ហើយ​ដែរ ប៉ុន្តែ​ជា​ច្រើន​សប្ដាហ៍​ហើយ​ពុំ​ទាន់​មាន​ដំណោះស្រាយ​សោះ។ លោកស្រី​ស្នើ​ឲ្យ​ស្ថានទូត​ឆាប់​បញ្ជូន​ពួកគាត់​ចេញ​ឲ្យ​បាន​ឆាប់ ទោះ​តាម​វិធី​ណា​ក៏​ដោយ​ដើម្បី​ឲ្យ​រួច​ផុត​លំបាក​នៅ​ពេល​នេះ៖ «ពិបាក​ចិត្ត​ដូច​ចង់​មនុស្ស​ឆ្កួត ពិបាក​មែនទែន​ហ្មង​អត់​ដឹង​មាន​ពាក្យ​អី​និយាយថ្លៃ​ផ្ទះ​ក៏​គ្មាន លុយ​ហូប​ក៏​គ្មាន ធនាគារ​ខ្ញុំ​លើស​គេ ៤ខែ​ហើយ គេ​តេ​មក​រហូត។ ខ្ញុំ​បង់​រំលស់​ផ្ទះ​គេ​នៅ​ខ្មែរ។ មក​ស្រុក​គេ​ធ្វើការ​បាន​តែ ៣ថ្ងៃ​ទេ គេ​បិទ​ហាង លុយ​ស្មើ​ដើម​ស្មើ​ការ។ បើ​ផ្លូវ​លើ​មិន​បាន​ចេញ​បើ​បញ្ជូន​តាម​ថៃ​ក៏​ខ្ញុំ​ទៅ​ដែរ។ ថ្លៃ​ផ្ទះ​ជួល​គេ ១ខែ ជាង ១រយ​ដុល្លារ ថ្ងៃ​ទី២៦ ៣ខែ​ហើយ។ សំណូមពរ​ឲ្យ​ក្រុមហ៊ុន​លក់​សំបុត្រ​យន្តហោះ​វេរ​លុយ​ឲ្យ​ពួក​ខ្ញុំ​វិញ ៣នាក់​ប្ដី​និង​កូន​ជិត ១ពាន់​ដុល្លារ យក​លុយ​ហ្នឹង​ធ្វើ​សោហ៊ុយ​ទៅ​តាម​ផ្លូវ​ក្រោម​វិញ។ ឥឡូវ​លុយ​មួយ​រៀល​ក៏​គ្មាន​ក្នុង​ខ្លួន​ដែរ។

ប្រតិកម្ម​របស់​ពលរដ្ឋ​នេះ​បន្ទាប់​ពី​ពួកគេ​បាន​ឃើញ ស្ថានឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​២១ ឧសភា បាន​ប្រកាស​ជា​លើក​ទី២ ឲ្យ​ពលរដ្ឋ​ចំនួន ១៤៣​នាក់ ដែល​ជាប់​គាំង​​នៅ​ប្រទេស​ម៉ាឡេស៊ី ប្រញាប់​ទាក់ទង​និង​ផ្ដល់​ព័ត៌មាន​ទៅ​ស្ថានទូត ព្រោះ​ស្ថានទូត​កំពុង​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ដើម្បី​បញ្ជូន​ពលរដ្ឋ​ទាំង​នេះ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ។ ឯ​សេចក្ដី​ប្រកាស​លើក​ទី១ ក៏​បាន​ជូន​ដំណឹង​ដូច​គ្នា​កាល​ពី​ថ្ងៃ​ទី១ ខែ​ឧសភា ដែល​ជំរុញ​ឲ្យ​ពួកគាត់​ឆាប់​ផ្ដល់​ព័ត៌មាន​ទៅ​ស្ថានទូត​ឲ្យ​បាន​មុខ​ថ្ងៃ​ទី៧ ឧសភា។ សេចក្ដី​ជូនដំណឹង​ទាំង​ពីរ​លើក​នេះ ប្រកាស​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី២៧ ខែ​មេសា បាន​ផ្លាស់ប្ដូរ​ចិត្ត អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ជាង​ពីរ​រយ​នាក់ (២០០​នាក់) ដែល​ក្នុង​នោះ​ក៏​មាន​អ្នកទោស​ចំនួន ៧៣នាក់​ផង ដែរ​អាច​វិលត្រឡប់​មកកាន់​មាតុប្រទេស​វិញ​បាន ប៉ុន្តែ​តម្រូវ​ឱ្យ​ខាង​អាជ្ញាធរ​ម៉ាឡេស៊ី​ធ្វើតេស្ត​សុខភាព រក​ជំងឺ​កូវីដ-១៩ ជា​មុន​សិន។

ជុំវិញ​រឿង​នេះ អាស៊ី​សេរី​មិន​អាច​ទាក់ទង​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី លោក ចឺយ វិចិត្ត ដើម្បី​ឆ្លើយតប​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២១ ឧសភា។ ចំណែក​លេខ​ទូរស័ព្ទ​សម្រាប់​កិច្ចការ​ពលករ កិច្ចការ​កុងស៊ុល និង​និស្សិត ដែល​ដាក់​សម្រាប់​ទំនាក់ទំនង​លើ​សេចក្ដី​ជូនដំណឹង​របស់​ស្ថានទូត ក៏​មិន​មាន​អ្នកទទួល​ដែរ។

ប្រធាន​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា ប្រាប់​អាស៊ី​សេរី​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​មាន​កិច្ច​សហការ​ជាមួយ​រដ្ឋាភិបាល​ម៉ាឡេស៊ី ដើម្បី​ជា​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​បញ្ជូន​ពលរដ្ឋ​នេះ ព្រោះ​ថា​បញ្ហា​នេះ​មិនមែន​ជា​កំហុស​របស់​ពលរដ្ឋ​ឡើយ។ លោក​ថា មាន​ចំណុច​មួយ​ចំនួន​ដែល​ស្ថានទូត​គួរ​បញ្ជាក់​ឲ្យ​ពលរដ្ឋ​បាន​ដឹង​ច្បាស់លាស់ ដូចជា​កាល​បរិច្ឆេទ​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ ពេលវេលា​ឲ្យ​ពួកគាត់​ពិនិត្យ​សុខភាព​បញ្ជាក់​ជំងឺ​កូវីដ១៩ ថ្លៃ​ចំណាយ​ពិនិត្យ​សុខភាព និង​ទីកន្លែង​ឬ​នីតិវិធី​នៃ​ការ​ពិនិត្យ​សុខភាព​ជា​ដើម៖ តាមពិត​ពួកគាត់​ហ្នឹង​អត់​មាន​កំហុស​ទេ គាត់​បាន​ទិញ​សំបុត្រ​យន្តហោះ​រួច​ហើយ វីសា​របស់​ពួក​គាត់​មាន​សុពលភាព​ចេញ​ពី​ម៉ាឡេស៊ី​បាន​ដោយ​សុវត្ថិភាព ប៉ុន្តែ​រដ្ឋ​យើង​ទេ​ដែលប្រកាស​មិន​ឲ្យ​គាត់​ត្រឡប់​មក​វិញ។ រដ្ឋ​ត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ចំណាយ​លើ​សំបុត្រ​យន្តហោះ ទៅ​លើ​ថ្លៃ​វីសា​ផ្សេងៗ​របស់​ពួកគាត់​ហ្នឹង បើ​សិន​ជា​មិន​ឃាត់​យន្តហោះ​គាត់​ទេ​ម្លេះ​១​រយ​នាក់​ជាង​ហ្នឹង​មក​ដល់​ស្រុក​ខ្មែរ​បាត់​ហើយ ចំណាយ​ទិញ​សំបុត្រ​យន្តហោះ​គាត់​ចំណាយ​ខ្លួន​ឯង​បាត់​ហើយ។ ខ្ញុំ​គិតថា បើ​សិន​ជា​រដ្ឋ​ទទួល​ខុស​ត្រូវ​ពិត​ប្រាកដ ត្រូវ​ពិចារណា​លើ​បន្ទុក​អស់​ហ្នឹង។ បើសិនជា​រដ្ឋ​មិន​ចង់​ចេញ​លុយ​ថ្លៃ​សំបុត្រ​យន្តហោះ​ឲ្យ​គាត់​វិញ​ទេ គួរ​តែ​ចរចា​ជាមួយ​ក្រុមហ៊ុនAir line ឲ្យ​ទុក​សុពលភាព​នៃ​សំបុត្រ​យន្តហោះ​របស់​គាត់​ទៅ មាន​រឿង​ប្រឡោះ​មួយ​ចំនួន​ដែល​ត្រូវ​ធ្វើ ដើម្បី​ធានា​ថា​ពលរដ្ឋ​គាត់ត្រឡប់​មក​វិញ​ដោយ​សុវត្ថិភាព»

កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា ពលរដ្ឋ និង​និស្សិត រួម​ទាំង​អ្នក​ដំណើរ​ផ្សេង​ទៀត ជាង​១​រយ​នាក់ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ផ្អាក​ជើង​យន្តហោះ​ពី​ប្រទេស​ម៉ាឡេស៊ី​ភ្លាមៗ ដើម្បី​ទប់ស្កាត់ និង​ការពារ​ជំងឺ​ឆ្លង​កូវីដ-១៩ ខណៈ​អ្នក​ធ្វើ​ដំណើរ​ទាំង​នោះ​កំពុង​ត្រៀម​ឡើង​យន្តហោះ​ទៅ​ហើយ។ ការ​ផ្អាក​នេះ​បាន​ធ្វើ​ឲ្យ​ពួកគេ​ស្រែក​ទ្រហោ​យំ ព្រោះ​បាន​ចំណាយ​លុយ​ទិញ​សំបុត្រ​យន្តហោះ បូករួម​ទាំង​ថ្លៃ​ធ្វើដំណើរ​ពី​កន្លែង​ស្នាក់​ក្នុង​តំបន់​ឆ្ងាយៗ ទៅ​វាល​យន្តហោះ​ជាដើម។

ការ​ពន្យារ​ពេលនេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំងនេះ​ជួប​ការ​លំបាក​ខ្លាំង ដូចជា​អ្នកខ្លះ​គ្មាន​កន្លែង​ស្នាក់នៅ គ្មាន​ថវិកា​ទិញ​អាហារ​ហូបចុក អ្នកខ្លះ​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ និង​មាន​ការ​អះអាង​ថា មាន​អ្នកខ្លះ​រហូត​ធ្លាក់ខ្លួន​សុំ​ទាន​ទៀត​ផង៕

ពលរដ្ឋ​ខ្មែរ​ជាប់​នៅ​ម៉ាឡេស៊ី​ដោយសារ​​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ រូប៖ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ម៉ាឡេស៊ី

ពលរដ្ឋ​ខ្មែរ​ជាប់​នៅ​ម៉ាឡេស៊ី​ដោយសារ​​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ រូប៖ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ម៉ាឡេស៊ី រូប៖ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ម៉ាឡេស៊ី


ពលរដ្ឋ​ខ្មែរ​ជាប់​នៅ​ម៉ាឡេស៊ី​ដោយសារ​​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ រូប៖ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ម៉ាឡេស៊ី

ពលរដ្ឋ​ខ្មែរ​ជាប់​នៅ​ម៉ាឡេស៊ី​ដោយសារ​​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ រូប៖ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ម៉ាឡេស៊ី


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment