ស្ត្រី​កម្មករ​រោងចក្រ JACKA SHOES ដែល​ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ​មិន​សុខ​ចិត្ត និង​ទាមទារ​ចូល​ធ្វើ​ការ​វិញ

ដោយ សុជីវី
2020-05-21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកស្រី ឈន សម្ផស្ស ជា​តំណាង​សហជីព​កម្មករ​រោងចក្រ​ដេរ​ស្បែក​ជើង ចាកាស៊ូ (JACKA SHOES)។

អ្នកស្រី ឈន សម្ផស្ស ជា​តំណាង​សហជីព​កម្មករ​រោងចក្រ​ដេរ​ស្បែក​ជើង ចាកាស៊ូ (JACKA SHOES)។

 រូប៖ អ្នកស្រី ឈន សម្ផស្ស


ស្ត្រី​ជា​តំណាង​សហជីព​កម្មករ​រោងចក្រ​ដេរ​ស្បែក​ជើង​ ចាកាស៊ូ​ (JACKA SHOES) ម្នាក់​​ដែល​​ត្រូវ​ថៅកែ​រោងចក្រ​បញ្ឈប់​ការងារ​បន្ទាប់​ពី​​ចូលរួម​សកម្មភាព​ជាមួយ​សហជីព​ កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព​ធ្ងន់ធ្ងរ។ ស្ត្រី​រូប​នេះ​​​​​​​នៅ​តែ​​​ប្រកាន់​ជំហរ​​មិន​ព្រម​ឈប់​ពី​ការងារ​និង​កំពុង​ស្វះស្វែង​ការ​អន្តរាគមន៍​ពី​អ្នក​ពាក់ព័ន្ធ​នានា​ដើម្បី​អាច​បាន​ចូល​ធ្វើ​ការ​វិញ។

ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​មនុស្ស​រាប់​រយ​នាក់​ធ្វើ​ការងារ​ជា​កម្មករ​រោង​ចក្រ ​លោក​ស្រី ឈន សម្ផស្ស ក្លាហាន​ហ៊ាន​ឈរ​ឈ្មោះ​ជា​តំណាង​សហជីព​នៅ​ក្នុង​រោង​ចក្រ​​មួយ​ក្នុង​ខេត្ត​កំពង់ស្ពឺ ត្បិត​រៀន​ត្រឹម​ថ្នាក់​ទី៦ ក្ដី។ លោក​ស្រី​យល់​ថា លុះ​ត្រា​តែ​រោង​ចក្រ​នេះ​មាន​តំណាង​សហជីព​ឯករាជ្យ​មួយ​ទើប​មិន​អាច​ធ្វើ​ថៅកែ​បញ្ឈប់​កម្មករ​តាម​អំពើ​ចិត្ត​និង​ជំរុញ​ទៅ​ថៅកែ​រោង​ចក្រ​ឲ្យ​គោរព​ច្បាប់​ការងារ។ ប៉ុន្តែ​ការ​ជួយ​ការពារ​កម្មករ​មិនបាន​ប៉ុន្មាន​ផង លោក​ស្រី ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ​ដោយ​មិន​បាន​បញ្ជាក់​ពី​ហេតុ​ផល​អ្វី​ទាំង​អស់​ដោយ​គ្រាន់​តែ​និយាយ​ថា រោងចក្រ​អស់​និស្ស័យ​នឹង​លោក​ស្រី​ហើយ។

លោក​ស្រី ឈន សម្ផស្ស ប្រាប់​អាស៊ី​សេរី​ដឹង​ថា​​ លោកស្រី​បាន​ធ្វើ​ការងារ​នៅ​រោងចក្រ​ដេរ​ស្បែក​ជើង ចាកា ស៊ូ (JACKA SHOES) បាន​ជិត ៦ឆ្នាំ ដោយ​ចាប់​ផ្ដើម​ដំបូង​ពី​កម្មករ​ដេរ​ស្បែក​រហូត​ក្លាយ​ជា​ជំនួយ​ការ​មេការ​ជនជាតិ​ចិន ដែល​ជា​ប្រធាន​ផ្នែក​គ្រប់គ្រង​ផ្នែក​ដេរ។ និយាយ​ដោយ​សំនៀង​រដឺន​​មួយៗ លោកស្រី​ឲ្យ​ដឹង​ទៀត​ថា​ លោក​ស្រី​ទើប​តែ​បាន​ឈរ​ឈ្មោះ​​ជា​តំណាង​សហជីព​កាល​ពី​អំឡុង​ខែ​មីនា​​​ក្នុង​ពេល​ដែល​រោងចក្រ​ជួប​បញ្ហា​ជំងឺ​កូវីដ-១៩ ហើយ​​ថៅកែ​​​រោង​ចក្រ​បាន​បញ្ឈប់​កម្មករ​ស្ទើរ​រាល់​ថ្ងៃ​ដោយ​មិន​បាន​ទូទាត់​សំណង​សមរម្យ​ជូន​ដល់​កម្មករ៖ «ខ្ញុំ​សុំ​ចូល​ធ្វើ​ការ​វិញ​អត់​ឲ្យ​ចុះ​បើ​អ្នក​ដទៃ​មាន​ឈ្មោះ​រំលាយ​គេ​ចូល​បាន​ហើយ​ខ្ញុំ​ម៉ិច​​ក៏​អត់​បាន​ចូល​ជា​សហជីព​ឬ​ចូល​តវ៉ា​​ជាមួយ​គេ​គេ​ត្រូវ​តែ​មិន​ចង់​ទុក​ឲ្យ​ពួក​ខ្ញុំ​នៅ​ទេ​ខ្ញុំ​ដឹង​ចរិត​រោងចក្រ​ហ្នឹង​ច្បាស់​ណាស់»

លោកស្រី​ថា​ ក្នុង​ពេល​ធ្វើជា​​តំណាង​សហជីព​លោក​ស្រី​បាន​ចូលរួម​​ទាមទារ​​ឲ្យ​ថៅកែ​ផ្ដល់​ប្រាក់​ឈ្នួល​ឲ្យ​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ​​ជូន​ដល់​កម្មករ​ដែល​ត្រូវ​​បញ្ឈប់​ពី​ការងារ​។​​ ប៉ុន្តែ​នៅ​ទីបំផុត​​រដ្ឋបាល​​រោងចក្រ​បាន​ហៅ​លោកស្រី ឈន សម្ផស្ស ទៅ​បញ្ឈប់​ពី​ការងារ​ដោយ​មិន​បាន​​បញ្ជាក់​ពី​មូលហេតុ​ជាក់​លាក់​​នោះ​ទេ​​​​និង​ផ្ដល់​ប្រាក់​សំណង​ប្រមាណ ៤០០​ដុល្លារ​​​នៅ​​​​ដើម​ខែ​ឧសភា​នេះ ប៉ុន្តែ​អ្នក​ស្រី​មិន​ព្រម​ទទួល​ប្រាក់ និង​​​បាន​ប្ដឹង​ជំទាស់​ទៅ​មន្ទីរ​ការងារ​ខេត្ត​កំពង់ស្ពឺ​​ឲ្យ​ជួយ​រក​យុត្តិធម៌​។ អនុប្រធាន​សហជីព​ស្មារតី​កម្មករ​ខ្មែរ​​រូប​នេះ​​បន្ត​ថា​ ​ជា​លទ្ធផល​មន្ទីរ​ការងារ​ក៏​សម្រេច​ដូច​គ្នា​ទៅ​ថៅកែ​រោងចក្រ​ដូច្នេះ​លោកស្រី​គ្រោង​​​ដាក់​ពាក្យ​ប្ដឹង​​ទៅ​ក្រសួង​ការងារ​បន្ត​ទៀត៖ «ខ្ញុំ​លើក​ដៃ​សំពះ​​​គេ​ខ្ញុំ​ពូ​​​ខ្ញុំ​សុំ​តែ​ភាព​យុត្តិធម៌​ដល់​រូប​ពួក​ខ្ញុំ​ខ្ញុំ​អត់​ទាមទារ​អី​ខ្ញុំ​តែ​ចូល​​ធ្វើ​ការ​វិញ​​ទេ​​ហើយ​គាត់​ថា​ ណឹង​ហើយ​ពូ​សរសេរ​ក្រដាស​ឲ្យ​​គាត់​ថា​ ពូ​អត់​ដឹង​ថា​​​គេ​ទទួល​យក​ក្មួយ​ឯង​យក​ធ្វើ​ការ​ ឬ​អត់​ទេ ខ្ញុំ​ថា ខ្ញុំ​ធ្វើ​ការ​យូរ​ហើយ​ខ្ញុំ​អត់​ដែល​លឺ​​រោងចក្រ​រំលាយ​ជាមួយ​ខ្ញុំ​ទេ​​​ព្រោះ​រដ្ឋបាល​គេ​និយាយ​ថា​ រោងចក្រ​អស់​និស្ស័យ​​ជាមួយ​សម្ផស្ស​ឯង​​​​ចឹង​មាន​តែ​គាត់​ចង់​ធ្វើ​បាប​ខ្ញុំ​​​គាត់​រើសអើង​សហជីព​ខ្ញុំ»

លោកស្រី ឈន សម្ផស្ស ជា​កូន​ចៅ​អ្នក​ធ្វើ​ស្រែ​ចម្ការ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ លោកស្រី​បាន​រៀបការ​រួច​ហើយ​តែ​​មិន​ទាន់​មាន​កូន​ទេ ​ខណៈ​រោង​ចក្រ​បញ្ឈប់​ពី​ការងារ​នាង ក៏​កំពុងតែ​ជំពាក់​ប្រាក់​ធនាគារ​មួយ​ជិត ១ម៉ឺន​ដុល្លារ ដោយ​នាង​បាន​ខ្ចី​លុយ​ដើម្បី​ធ្វើ​ផ្ទះ។ លោក​ស្រី​ព្រួយ​បារម្ភ​ថា នឹង​ប្រឈម​បញ្ហា​គ្មាន​លុយ​បង់​ធនាគារ​​ខណៈ​ស្វាមី​កំពុង​មាន​ជំងឺ និង​កំពុង​សម្រាក​ព្យាបាល​នៅ​ផ្ទះ​មិន​ទាន់​អាច​ចេញ​រក​ប្រាក់​បាន៖ «ខ្ញុំ​ រាល់​ថ្ងៃ​​ធ្វើ​ការ​តែ​រោងចក្រ​ហ្នឹង​​ខ្ញុំ​អត់មាន​ធ្វើ​អី​ទេ​ ​បើ​ប្ដី​ខ្ញុំ​ក៏​អ៊ីចឹង ខ្ញុំ​រំពឹង​តែ​រោងចក្រ​ហ្នឹង​ដល់​ជួប​រឿង​អ៊ីចឹង​ទៅ ខ្ញុំ​ចង់​ងងឹត​មុខ​​ខ្ញុំ​និយាយ​មែន​​ ខ្ញុំ​​ទើប​​ដាច់​ចិត្ត​ថា​​ ខ្ចី​​ ដល់​ពេល​ដាច់​ចិត្ត​ថា​ ខ្ចី​អ៊ីចឹង​ប៉ា​ដោយ​ទាំង​ម៉ែ​ទាំង​អី​ថា​ អឺបង់​ទើប​បាន​បួន​ខែ»

លោកស្រី ឈន សម្ផស្ស ជា​កម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មករ​ប្រមាណ ២០០​នាក់ ដែល​ត្រូវ​ថៅកែ​រោងចក្រ ចាកា ស៊ូ ព្យួរ​ការងារ​និង​បញ្ឈប់​ពី​ការងារ​នៅ​ពេល​រយៈ​ចុង​ក្រោយ​នេះ។

ទាក់ទង​បញ្ហា​នេះ​ អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​រដ្ឋបាល​រោងចក្រ ចាកា ស៊ូ លោកស្រី ភូ ម៉ី ជាច្រើន​ថ្ងៃ​ប៉ុន្តែ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​គ្មាន​អ្នក​ទទួល។ អាស៊ី​សេរី​ក៏បាន​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ករណី​នេះ​ ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ និង​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​កំពង់ស្ពឺ​ លោក ចឹក បុរិន ប៉ុន្តែ ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី២១ ខែ​ឧសភា។

ប្រធាន​រដ្ឋបាល​សហព័ន្ធ​សហជីព​ស្មារតី​កម្មករ​ខ្មែរ​ លោក​ ថោង សឿន ឲ្យ​ដឹង​ថា នៅ​ក្នុង​រោង​ចក្រ​មាន​កម្មករ​ចំនួន​១០​នាក់​បាន​ឈរ​ជា​តំណាង​សហជីព​នៅ​ក្នុង​រោង​ចក្រ ហើយ​ក្នុង​នោះ​តំណាង​សហជីព​៩នាក់​ត្រូវ​ថៅកែ​ព្យួរ​ការងារ​ដោយ​ឡែក​ចំពោះ​លោកស្រី​ ឈន​ សម្ផស្ស គឺ​ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ​តែ​ម្ដង​។​ លោក​ហៅ​ទង្វើ​បែប​នេះ​របស់​ថៅកែ​រោងចក្រ គឺ​ជា​ការរំលោភ​ច្បាប់​ការងារ។ មន្ត្រី​សហជីព​រូប​នេះ​​ឲ្យ​ដឹង​ទៀត​ថា ពេល​នេះ​សហព័ន្ធ​សហជីព​របស់​លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ក្រសួង​ការងារ និង​ទៅ​ក្រុមហ៊ុន​បញ្ជា​ទិញ​​ឲ្យ​ជួយ​អន្តរាគមន៍៖ «ខ្ញុំ​បាន​ទំនាក់ទំនង​ជាមួយ​អង្គការ​មួយ​ទៀត​ដែល​​ទាក់ទង​ខាង​ផ្នែក​បញ្ជា​ទិញ​​​ បាន​ឲ្យ​ស្លាក​ស្បែក​ជើង​បញ្ជូន​ទៅ​គាត់ ដើម្បី​ឲ្យ​គាត់​ស្រាវជ្រាវ​មើល​តើ​​ស្បែក​ជើង​ហ្នឹង​ផលិត​ដោយ​ក្រុមហ៊ុន​បញ្ជាទិញ​មួយ​ណា​ដើម្បី​ឲ្យ​ក្រុមហ៊ុន​អនុវត្តន៍​តាម​ផ្លូវ​ច្បាប់​បង្ខំ​​ទៅ​​រោងចក្រ​ទទួល​យក​គាត់​ចូល​ធ្វើ​ការ​វិញ»

យោង​តាម​ច្បាប់​ការងារ​ចែង​មិន​បាន​ហាម​ឃាត់​កម្មករ​ធ្វើ​ជា​តំណាង​សហជីព​នៅ​ក្នុង​រោងចក្រ​នោះ​ទេ​។​ ច្បាប់​ការងារ​ចែង​ថា ការ​បញ្ឈប់​កម្មករ​ភាគី​ថៅកែ​ត្រូវ​ផ្ដល់​ទៅ​ឲ្យ​កម្មករ​នូវ​ប្រាក់បំណាច់​បណ្ដេញ​ចេញ​ពី​ការងារ​និង​ត្រូវ​ជូន​ដំណឹង​ជា​ផ្លូវ​ការ​យ៉ាង​ហោច​ណាស់​មុន​មួយ​ខែ។ ប៉ុន្តែ​ករណី​លោក​ស្រី ឈន សម្ផស្ស ដែល​ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ គឺ​ភាគី​ថៅកែ​មិន​បាន​ជូន​ដំណឹង​លោកស្រី​ទេ គឺ​ហៅ​ទៅ​បញ្ឈប់​តែ​ម្ដង​ដោយ​គ្រាន់​តែ​ប្រាប់​ថា រោងចក្រ​នេះ​អស់​និស្ស័យ​នឹង​នាង​ហើយ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន សង្កេត​ឃើញ​ថា ថៅកែ​រោង​ចក្រ​មួយ​ចំនួន​​​តែង​បញ្ឈប់​កម្មករ​ពី​ការងារ​នៅ​ពេល​ដឹង​ថា​មាន​កម្មករ​រូប​ណា​ចូលរួម​សកម្មភាព​ជាមួយ​សហជីព​ដោយ​​​​​មិន​ចង់​ឲ្យ​មាន​សហជីព​នៅ​ក្នុង​រោង​ចក្រ​ទេ​ ត្បិត​ថៅកែ​ដឹង​ថា​នៅ​ពេល​រោងចក្រ​មាន​សហជីព​​គឺ​គេ​ពិបាក​កេងប្រវ័ញ្ច​កម្មករ៖ «មិន​ចង់​ឲ្យ​មាន​សហជីព​នៅ​ក្នុង​រោងចក្រ​របស់​គេ​ហើយ​តែ​បញ្ឈប់​មេដឹកនាំ​សហជីព​ជា​បន្តបន្ទាប់​ ចំណុច​ហ្នឹង​​ជា​ចំណុច​រសើប​​​ហើយ​ក្រសួង​ក៏​មិន​មាន​វិធានការ​ជាក់លាក់​ជុំវិញ​បញ្ហា​ទាំង​អស់​ហ្នឹង​ដែរ»

លោកស្រី​ ឈន​ សម្ផស្ស ​ស្នើ​ទៅ​សហជីព និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ឃ្លាំ​មើល​ករណី​នាង​ផង​ដើម្បី​កុំ​ឲ្យ​ថៅកែ​បន្ត​បញ្ឈប់​​កម្មករ​តាម​ទំនើង​ចិត្ត​បន្ត​ទៀត។ ស្ត្រី​កម្មករ​រូប​នេះ​ស្នើ​ទៅ​ភាគី​ថៅកែ​រោងចក្រ​​អនុញ្ញាត​ឲ្យ​នាង​ចូល​ធ្វើ​ការងារ​ឡើង​វិញ ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ ជួយ​ការពារ​សិទ្ធិ​កម្មករ​នៅ​​ក្នុង​រោងចក្រ​បន្ត និង​មាន​លទ្ធភាព​សង​ប្រាក់​ធនាគារ៖ «ចង់​ឲ្យ​ជួយ​ដោះស្រាយ​ឲ្យ​ឆាប់​បាន​ចូល​ធ្វើ​ការ​ព្រោះ​អី​រាល់​ថ្ងៃ​ខ្ញុំ​ពិបាក​ដោះស្រាយ​ខ្ញុំ​ឲ្យ​លឿនៗ ក្រែង​ថ្ងៃ​ទី២៧ ខែ​ឧសភា​ ខ្ញុំ​បាន​លុយ​បង់​ធនាគារ»

កាល​ពី​ខែ​មីនា ខណៈ​វិស័យ​កាត់​ដេរ​កំពុង​ខ្វះ​វត្ថុធាតុ​ដើម​បម្រើ​សង្វាក់​ផលិត​កម្ម ជួប​បញ្ហា​ទីផ្សារ​ព្រោះ​បញ្ហា​ជំងឺ​កូវីដ-១៩ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវ​នាវ​ទៅ​​ថៅកែ​​រោងចក្រ​មិន​ត្រូវ​ឆ្លៀត ឱកាស​លុប​កិច្ច​សន្យា​ការងារ​កម្មករ​នោះ​ទេ។ ​ប៉ុន្តែ​ថៅកែ​រោង​ចក្រ​មួយ​ចំនួន​នៅតែ​បន្ត​បញ្ឈប់​កម្មករ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ឲ្យ​ដឹង​ថា ក្នុង​ចំណោម​រោង​ប្រមាណ២០០ ដែល​ត្រូវ​ព្យួរ និង​បិទ​មាន​កម្មករ​ប្រមាណ ២០ម៉ឺន​នាក់ ដែល​ត្រូវ​ប្រឈម​នឹង​ការ​បាត់​បង់​ការងារ​លោក​ព្រួយ​បារម្ភ​ថា នៅ​ខែ​មិថុនា​ខាង​មុខ បើ​គ្មាន​ការ​បញ្ជា​ទិញ​ទេ នឹង​មាន​កម្មករ​ច្រើន​ជាង​នេះ​ត្រូវ​បាន​បាត់បង់​ការងារ​ ហើយ​ពេល​នេះ​នឹង​ធ្វើ​ឲ្យ​ថៅកែ​រោង​ចក្រ​មួយ​ចំនួន​យក​លេស​បញ្ឈប់​កម្មករ​ជា​បន្ត​ទៀត ដោយ​មិន​បាន​ផ្ដល់​សំណង​ត្រឹមត្រូវ​ច្បាប់​ការងារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment