ស្ត្រី​​អ្នក​មាន​​ជម្លោះ​ដី​ធ្លី​​ម្នាក់​​ស្លាប់​​ក្នុង​​ពន្ធ​នា​គារ​​ខេត្ត​រតន​គិរី​ ក្រុម​​គ្រួសារ​​សង្ស័យ​​ថា​​ជា​​ឃាត​កម្ម​​

តុលាការ និងច្បាប់ | បញ្ហា​វិវាទដីធ្លី | ព័ត៌មានជាតិ
លោក ញឹម សុខន |២២ ឧសភា ២០២០ | ម៉ោង ៤:៣៤ ល្ងាច
VOD

ស្ត្រីឈ្មោះ បិន យៀង អាយុ ៥៥ឆ្នាំ បានស្លាប់ក្រោយពេលបញ្ជូនពីពន្ធនាគារទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ថ្ងៃទី២១ ខែឧសភា ឆ្នា២០២០។ (FN)

ស្ត្រីឈ្មោះ បិន យៀង អាយុ ៥៥ឆ្នាំ បានស្លាប់ក្រោយពេលបញ្ជូនពីពន្ធនាគារទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ថ្ងៃទី២១ ខែឧសភា ឆ្នា២០២០។ (FN)


ក្រុម​គ្រួសារ​សព​សកម្មជន​ដីធ្លី​ អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បើក​ការស៊ើបអង្កេត​ដ៏​ជាក់លាក់​មួយ ដោយ​សង្ស័យ​ថា សាច់ញាតិ​ពួក​គេ​ដែល​ស្លាប់​ក្នុង​ពន្ធនាគារ​ក្នុង​ខេត្តរតនគិរី​ អាច​ជា​ឃាតកម្ម ព្រោះ​វា​បាន​កើតឡើង​ក្រោយ​មានការ​គំរាម​ទារប្រាក់​ជា​ថ្នូរ​នឹង​ការដោះលែង ​មិនបាន​សម្រេច។

អ្នកស្រី ហេង សេង​ហុង អះអាង​ថា ប្អូនថ្លៃ​គាត់​ឈ្មោះ បិន យៀង អាយុ ៥៥ឆ្នាំ រស់នៅ​ភូមិ​អុល ឃុំ​ប៉ាតាង ស្រុក​លំផាត់ ខេត្តរតនគិរី ត្រូវ​មន្ត្រី​បរិស្ថាន​ចាប់ខ្លួន កាលពី​ខែកុម្ភៈ ដោយចោទ​ថា ទន្រ្ទាន​ដី​រដ្ឋ។

ស្រ្តី​អាយុ ៥៦ឆ្នាំ​រូប​នេះ អះអាង​ទៀត​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ អាជ្ញាធរ​ទូរសព្ទ​ឱ្យទៅ​យក​សព ដោយ​អះអាងថា ​ស្ត្រីជា​ប្អូនថ្លៃ​របស់អ្នកស្រី ស្លាប់​ដោយ​ជំងឺ​ទឹកនោមផ្អែម។

អ្នកស្រី សេង​ហុង អះអាង​ថា ពេល​ពិនិត្យ​សព​មុន​ដាក់​ចូលក្នុង​មឈូស សព​មានស្នាម​ជាំ​ច្រើន​កន្លែង​ ដែល​គាត់​ដាក់​ការសង្ស័យ​ថា ​អាច​មាន​គេ​ធ្វើបាប។

អ្នកស្រី​ថា៖ «ជាំ​កន្លែង ក ស្មា កំភួនជើង ភ្លៅ។ ជាំ​ហ្នឹងអត់​ធំ​ទេ ប៉ុន២ ទៅ ៣ធ្នាប់ ព្រោះអី​មនុស្ស​ហ្នឹង​ប្រហែលជា​គេ​ធ្វើ​បាប បាន​វា​ងាប់»។

អ្នកស្រី ហេង សេង​ហុង ដាក់​ការសង្ស័យ​ថា ការ​ស្លាប់​របស់​ប្អូនថ្លៃ​អាច​ជា​ការធ្វើបាប ព្រោះថា ការ​ស្លាប់​បាន​កើតឡើង​ដូច​នឹងការគំរាមពីបុរស​ម្នាក់​ឈ្មោះ ថាត គំរាម​តាម​ទូរសព្ទ​ក្រោយ​ទារ​លុយ ១៥០០ដុល្លារ​បន្ថែម មិនបាន​សម្រេច ជា​ថ្នូរ​នឹងការ​ជួយ​រត់ការ​ដោះលែង។

អ្នកស្រី​ថា៖ «អា​អ្នក​យក​លុយ​ពី​កូន​វា ៣ ទៅ ៤ពាន់​ហ្នឹង វា​កំញើញ​ក្មួយ​ខ្ញុំ​ថា ​ហ្អែង​ចាំ​មើល ៤ ទៅ ៥ថ្ងៃ​ទៀត ​ហ្អែង​ដឹង​ហើយ ​សព​ម៉ែ​ហ្អែង​ឮមេក្រូ​ហើយ វា​កំញើញ​យើង​អ៊ីចឹង អា​អ្នកយកលុយ​យើង​ហ្នឹង»។

លោក ស្រ៊ុ​ន ហ៊ុល ដែល​អះអាង​ថា ត្រូវជា​ក្មួយ​អ្នកស្រី សេង​ហុង បាន​អះអាង​ថា ខ្លួន​បាន​យក​ប្លង់ដី​ទៅ​បញ្ចាំ​បាន​លុយ ៣៥០០ដុល្លារ​ ពឹង​បុរស​ម្នាក់​នៅ​ភូមិ​ជិត​គ្នា​ឈ្មោះ ថាត ឱ្យ​ជួយ​រត់ការ ដោយ​បុរស​ឈ្មោះ ថាត នោះ អះអាង​ថា ​គេ​ធ្វើការ​ជាមួយ​អ្នកធំ​នៅ​ភ្នំពេញ អាច​ជួយ​ឱ្យម្តាយ​ខ្លួន​ចេញពី​ពន្ធនាគារ​បាន ។

លោក​ថា៖ «គេ​ថា តុលាការ​ចៅក្រម​អី​ គេ​យល់ព្រម​អស់ហើយ​ អា​អូន​ឯង​ត្រៀម​លុយ ៣៥០០ដុល្លារ​មក ​ម៉ែ​អូន​ឯង​ចេញ​ហើយ។ លុយ​ហ្នឹង​ខ្ញុំ​ឱ្យអស់​ហើយ ឱ្យតាំងពី​កន្លះ​ខែមុន។»

លោក ស្រ៊ុ​ន ហ៊ុល អះអាង​ថា នៅពេល​ខ្លួន​ទូរសព្ទ​សួរបុរស​នោះ​ថា ​ហេតុអ្វី​ទទួល​លុយ​ហើយ​ម្តាយ​ខ្លួន​មិនទាន់​ត្រូវ​បាន​គេ​ដោះលែង​ពី​ពន្ធនាគារ លោក​ថា បុរស​ធានា​រត់ការ​នោះ​ទារ​លុយ ១៥០០បន្ថែម​ទៀត តែ​លោក​ឈប់​ផ្ដល់ឱ្យតាមការទារសុំ ដោយ​ដឹង​ថា​ បុរស​នោះ​បោក​ខ្លួន ហើយក៏​រត់​ទៅ​ពឹង​មេធាវី​ឱ្យ​ជួយការ​ពារ​ក្តី​វិញ ។

លោក ស៊ុ្រន ហ៊ុល អះអាង​ថា អ្នកធានា​រត់ការ​ថា​ ឈ្មោះ ថា​ត នោះ​បាន​គំរាម​ថា ​ឱ្យចាំ​ស្តាប់​មេក្រូ​បុណ្យនៅ​ប៉ុន្មាន​ថ្ងៃ​ទៀត។

លោក​ថា៖ «មុន​ដំបូង​គេ​បោក​ខ្ញុំ​ដែរ គេ​បោក​មួយ​វគ្គ​ហើយ និយាយទៅ​ គេ​យក​លុយ​ខ្ញុំ ៣៥០០ដុល្លារ គេ​អត់​ធ្វើការ​ឱ្យម៉ែ​ខ្ញុំ​អ៊ីចឹង»។

VOD មិន​អាច​ទាក់ទង​បុរស​ឈ្មោះ ថាត ដែល​រង​ការចោទប្រកាន់ និង​ប្រធាន​ពន្ធនាគារ​ខេត្តរតនគិរី​បានទេ គិត​ត្រឹម​ម៉ោង​ផ្សាុយនេះ។

ប៉ុន្តែ ​អ្នកនាំពាក្យ​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ លោក នុត សវនា អះអាង​ថា ​ក្រសួង​នឹង​បើក​ការស៊ើបអង្កេត​ករណីនេះ ​បើ​មាន​ពាក្យ​បណ្តឹង​ពី​គ្រួសារ​សព។

លោក​ថា៖ «យើង​ធ្វើជា​ផ្លូវការ​បាន​ សូម​ដាក់​គោរព​ជូន​មកស​ម្ដេច​ក្រឡាហោម​មក ហើយ​ដាក់​ព័ត៌មាន​ឱ្យច្បាស់​មក​ថា ​មាន​ករណី​វាយដំ​ ឬក៏​ជំរិត​ទារប្រាក់​ពី​ឈ្មោះ​អី​ ធ្វើ​នៅ​ថ្ងៃណា​អី​ ឱ្យ​ភ្ជាប់​ជាមួយ​មក។ សម្ដេចលោក​ពិនិត្យមើល​ សម្ដេចប្រគល់​ភារកិច្ច​ឱ្យជំនាញ​មួយ​ណា គេ​ធ្វើតាម​ហ្នឹង​ទៀត»។

មន្ត្រី​សម្រ​បសម្រួល​សមា​គម​អាដ​ហុក​ការពារ​សិទ្ធិមនុស្ស​ប្រចាំ​ខេត្តរតនគិរី​ លោក ឌិន ខន្នី ស្នើ​ឱ្យ​មានការ​ស៊ើបអង្កេត​ករណីនេះ​ ដោយមាន​តំណាង UN និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​ផង លោក​ថា​ ជា​ជម្រើស​ល្អ​មួយ​ជំរុញ​តម្លាភាព​សង្គម។

លោក​ថា៖ «បើ​មិន​អាច​ធ្វើ​រឿង​ហ្នឹង​បាន ​វា​ធ្វើឱ្យប្រជាពលរដ្ឋ​ដាក់មន្ទិល​ទៅលើ​មន្ត្រី​ពន្ធនាគារ។ផ្ទុយទៅវិញ​ មួយទៀត​ វា​ធ្វើឱ្យមានការ​គំរាមកំហែង​ទៅដល់​សកម្មជន​ដី​ធ្លី​ផ្សេង​ៗទៀត គាត់​មានការ​ភ័យខ្លាច គាត់​មិន​ហ៊ាន​ការពារ​ដី​របស់​ខ្លួន មិន​ហ៊ាន​ គាត់​មិន​ហ៊ាន​ការពារ​ទ្រព្យសម្បត្តិ​សាធារណ​ៈអី​ជាដើម ព្រោះ​បើ​ជាប់​ទៅ ​វា​មាន​គំរូបែបហ្នឹង»។

ទោះជាយ៉ាងណា កាលពី​ខែសីហា លោកនាយក​រដ្ឋ​មន្ត្រីបា​នស្នើ​ព្រះមហាក្សត្រ​ដក​តំណែង លោក សេង សុវណ្ណារ៉ា ពី​អនុរដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ ក្រោយពី​រក​ឃើញថា មាន​ពាក់ព័ន្ធ​ជម្លោះដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ និង​ការ​កាន់កាប់​ដី​ក្នុង​តំបន់​អភិរក្ស​នៅក្នុង​ខេត្តមណ្ឌលគិរី។

ការ​ដក​តំណែង​លោក សេង សុវណ្ណារ៉ា នេះ ធ្វើ​ឡើងក្រោយ​អតីតមន្ត្រី​ជាន់ខ្ពស់​នៅ​ក្រ​សួង​យុត្តិធម៌​នេះ ​មាន​ជម្លោះដីធ្លី​ជាមួយ​ជនជាតិ​ដើម​ភាគតិច ៥៥គ្រួសារ នៅក្នុង​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី លើ​ទំហំដី ៤៧២ហិ​កតា។ 

មន្ត្រី​រូប​នេះ​ក៏​រង​ការចោទប្រកាន់​ថា កាន់កាប់​ដី​ក្នុង​តំបន់​អភិរក្ស​ភ្នំ​ព្រិច​ ខេត្តមណ្ឌលគិរី ​ជិត ១០០០ហិ​កតា តាំងពី​ខែមករា ​ឆ្នាំ២០១៩ ហើយ​ត្រូវ​ដកហូត​វិញ​នៅដើម​ខែសីហា​នេះ ប៉ុន្តែ​ មិន​មាន​ចំណាត់​ផ្លូវច្បាប់​នៅ​តុលាការ​នោះ​ទេ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles