អ្នក​ខ្ចី​​លុយ​​ធនាគារ​​មួយ​ចំនួន​ប្រកាស​​លក់​​ទ្រព្យ​​សង​បំណុល​​

កូរ៉ូណាវីរុស | ព័ត៌មានជាតិ | សេដ្ឋកិច្ច
លោក វណ្ណ វិចារ | ២២ ឧសភា ២០២០ | ម៉ោង ៧:០២ ល្ងាច
VOD

ពលរដ្ឋរស់នៅតំបន់មួយក្បែរច្រាំងទន្លេទល់មុខតំបន់កោះពេជ្រ។ រូបភាព៖ ពេជ្រ ចំរុង

ពលរដ្ឋរស់នៅតំបន់មួយក្បែរច្រាំងទន្លេទល់មុខតំបន់កោះពេជ្រ។ រូបភាព៖ ពេជ្រ ចំរុង


អ្នកខ្ចី​លុយ​ធនាគារ​មួយចំនួន​អះអាង​ថា ពេលនេះ​ពួក​គាត់​មិន​មាន​ជម្រើស​អ្វី​ក្រៅពី​បង្ខំចិត្ត​លក់​ទ្រព្យសម្បត្តិ​មានផ្ទះ និង​ដី ក្នុង​តម្លៃ​ទាប​ ដើម្បី​ដោះស្រាយ​សងបំណុល​នោះ​ទេ ដោយសារ​លក្ខខណ្ឌ​ធនាគារជាតិ​ដាក់ចេញ​នោះ ​មិន​អាច​ជួយ​ពួក​គាត់​បាន។

អ្នកស្រី សាត ផា ជា​ពលរដ្ឋ​រស់នៅ​សង្កាត់​ឫស្សី​កែវ ខ័ណ្ឌ​ឫស្សី​កែវ​ រាជធានី​ភ្នំពេញ បានប្រាប់ថា អ្នកស្រីបាន​ខ្ចីប្រាក់​ចំនួន ៧ពាន់​ដុល្លារ​ ពី​គ្រឹះស្ថានហិរញ្ញវត្ថុមួយ កាលពី​ខែកុម្ភៈ ឆ្នាំ២០២០ ដែល​មាន​រយៈពេល​ខ្ចី ៥២ខែ។

អ្នកស្រី សាត ផា បាន​ថត​វីដេអូ​សកម្មភាព​មន្ត្រី​ឥណទាន​​ដែល​ចុះ​ទារ​លុយ​គាត់​កាលពី​ថ្ងៃទី១៨ ខែឧសភា។

វីដេអូ​រយៈពេល​ជាង ៤នាទី ​ដែល​អ្នកស្រី​បាន​បង្ហាញ​ឱ្យ​វី​អូ​ឌី​មើល​នោះ បាន​ថត​ជាប់​សកម្មភាព​មន្ត្រី​ឥណទាន​ភេទប្រុស​បី​នាក់ ចុះទៅ​ទារ​លុយ​អ្នកស្រី​ដល់​ផ្ទះ។ បុរស​ម្នាក់​ក្នុងចំណោម​បី​នាក់​នោះ បាន​បង្គាប់​ឱ្យ​អ្នកស្រី ​សាត ​ផា យក​កាតគ្រី​ម៉ូតូ​ទៅ​បញ្ចាំ​ និង​រក​ខ្ចី​ប្រាក់ពីស្ថាប័ន​ហិរញ្ញវត្ថុ​ផ្សេង យក​លុយ​មក​សងស្ថាប័ន​ខ្លួន។

យ៉ាងណាក្ដី​ អ្នកស្រី សាត ​ផា សុំ​មិន​បង្ហាញ​វីដេអូ​នោះ​ជា​សាធារណៈ​ឡើយ ដោយ​អ្នកស្រី​គិតថា ខ្លួន​ជា​អ្នក​ខុស ​ព្រោះ​គ្មាន​លុយ​សង​គេ ប៉ុន្តែ​ គាត់​គ្រាន់តែ​សុំ​ពន្យារពេល​បង់​ប៉ុណ្ណោះ​ ដោយ​មិន​មាន​ចេតនា​ផ្សេង​នោះទេ។ 

អ្នកស្រី រៀបរាប់​ថា គាត់​ខ្វះ​លុយ​បង់​ឱ្យ​ធនាគារ​តាំងពី​ខែមេសា​មក​ម៉្លេះ ព្រោះតែ​វិបត្តិ​កូ​វីដ១៩។

អ្នកស្រី​ សាត ផា៖ «កូន​ខ្ញុំ​អស់​ការងារ​ធ្វើ ក្រុម​គ្រួសារ​ខ្ញុំ​បែកបាក់​គ្នា​អីចឹង​ [លែងលះ​ប្ដី​] ខ្ញុំ​ក៏​អត់អី​ធ្វើ ពេញ​មួយ​ខែ​ហ្នឹង​ធនា​គារ​គេ​រករឿង​ខ្ញុំ គេ​ហៅ​ខ្ញុំ​ទៅ ខ្ញុំ​ទៅដល់​ប្រាប់​គេ​ថា ​ខ្ញុំ​សូម​អង្វរ​ រយៈពេល៥ ឬ៦ខែ​ហ្នឹង កុំ​ឱ្យ​ខ្ញុំ​បង់​ដើម​បង់​ការ​អី។ គាត់​ [បុគ្គលិក​ធនាគារ​] នៅ​បង្ខំ​ឱ្យ​ខ្ញុំ​បង់​ការប្រាក់១ខែ១រយ​ជាង។ មុនៗ មាន​ប្ដី​អីចឹង​ គេ​ឱ្យ​ខ្លះទៅ កូន​ឱ្យ​ខ្លះទៅ បង់​គេ​អត់​ដែល​ខាន​ទេ ខ្ចីគេ​ចូល​ប្រាំ​ឆ្នាំ​ហើយ​ ទើប​មក​មាន​កូ​វីដ១៩ហ្នឹង ​ខ្ញុំ​ខាន​បង់ ២ខែ​ហើយ។»

អ្នកស្រី​បន្ត​ថា ខ្លួន​កំពុងតែ​ទាល់ច្រក​ ដោយសារតែ​មន្ត្រី​ឥណទាន​នៃ​ធនាគារ​នេះ​ទារប្រាក់​ព្រឹកល្ងាច ប៉ុន្តែ ​ខ្លួន​គ្មាន​លទ្ធភាព​សង។

អ្នកស្រី​ សាត ផា៖ «គាត់​ [ខាងធនា​គារ​] ឱ្យ​ខ្ញុំ​រក​ខ្ចី​លុយ ៦រយ​ដុល្លារ​បង់​ការប្រាក់​អីចឹង ​លុយ​ជំពាក់​ហ្នឹង​ឡើង ៧ពាន់ ៦រយ​ដុល្លារ រៀបចំឡើង​វិញ​ហ្នឹង ​ឱ្យ​ខ្ញុំ​ខ្ចី​ឡើងវិញ​ហ្នឹង ​គេ​ឱ្យ​ខ្ចី​គុណលើ​គុណ ​[ផ្គួប​] អីចឹង​ មិន​វ័ណ្ឌក​ខ្ញុំ​ដដែល! ខ្ញុំ​សុំ​គាត់​ប្រាំ​ខែ​ហ្នឹង ខ្ញុំ​អត់មាន​ការងារ​ធ្វើ​ គាត់​ឱ្យ​ខ្ញុំ​ខ្ចី​លុយ ៦រយ​ហ្នឹង​ យក​សង​ការ ៥ខែ​ឱ្យ​ដាច់ សល់៨០គាត់​យក​ឱ្យ​ខ្ញុំ ខ្ញុំ​ថា ​លោកគ្រូ​អើយ​គ្រូ បើ​ខ្ញុំ​ខ្ចី​លោកគ្រូ​ឯង​អីចឹងដ​ដែល ​ខ្ញុំ​សុំ​ធ្វើ​អី បើ​កំពុងតែ​ពិបាក ​ហើយ​ពិបាក​ជាន់លើ​ពិបាក»។

ទន្ទឹម​នឹង​នេះ ពលរដ្ឋ​នៅ​ខេត្តកំពង់ធំ លោក ហ៊ុន ឌី​ម៉ូ ក៏បាន​ជួប​វិបត្តិ​បំណុល​នៅពេល​មាន​កូ​វីដ១៩ដែរ។

កាលពី​ឆ្នាំ២០១៩ លោ​ក ឌី​ម៉ូ បាន​ខ្ចីប្រាក់​ពីធនាគារ​មួយ ចំនួន ១៣០០០ដុល្លារ យក​មក​ធ្វើចំការ​ស្វាយចន្ទី​ និង​ប្រមូល​ទិញ​គ្រាប់ស្វាយ​ចន្ទី​យក​ទៅ​លក់​ឱ្យ​ចុងភៅ មង្គលការ ប៉ុន្តែ​ ពេល​ដែល​កើតមាន​កូ​វីដ១៩ មង្គលការ​ក៏​លែង​មាន បុណ្យទាន​ក៏​ខ្សត់ ​មុខរបរ​នេះ​ក៏​ត្រូវ​គាំងដំណើរ។ លោក​ប្រកាស​លក់​ដីចំការ​ដើម្បី​យក​លុយ​សង​ដើម​ធនាគារ ព្រោះតែ​មិន​អាច​ទ្រាំ​នឹង​ការ​ទារប្រាក់​ព្រឹកល្ងាច​ពី​បុគ្គលិក​ធនាគារ​បាន។

លោក ហ៊ុន ឌី​ម៉ូ៖ «ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ជួយគិត​គូរ​វិស័យ​កសិកម្ម​ផង មិនមែន​វិស័យ​ហ្នឹង​មិន​ប៉ះ​ទេ គឺ​ប៉ះ នៅ​កំពង់ធំ​នេះ​មាន​មនុស្ស​ច្រើន​ដែល​មិន​អាច​មានលទ្ធភាព​សង​ទៅ​ធនាគារ។ ជាក់ស្តែង​ដូច​ខ្ញុំ​ជាដើម​ហ្នឹង សុខចិត្ត​លក់​ចន្ទី​មូល [មិនទាន់​បក​] យក​លុយ​សង​គេ ហើយ​ប្រកាស​លក់​ដី​ទៀត។ យើង​មិន​ចង់ឱ្យ​គេ​មក​ទារ​ដដែល​ៗទេ យើង​ដឹង​ថា ស​ម័យ​កូ​វីដហើយ ​តែ​មនុស្ស​មាន​កិត្តិយស​ដែរ ឱ្យ​តែ​សង​គេ​បាន​ យើង​ចេះតែ​ធ្វើ​ហើយ តែ​អត់មាន​អ្នកទិញ​ទៀត ​សុំ​ឱ្យ​រាជរដ្ឋាភិបាល​ជួយ​ ធ្វើ​ម៉េច​ឱ្យ​បង់​តែ​ការ​សិន​ក៏បាន​ដែរ​ ទម្រាំ​ចប់​កូ​វីដ។»

មិនមែន​តែ​ពលរដ្ឋ​ពីរ​នាក់​នេះ​ទេ ដែល​មិន​មានលទ្ធភាព​សង​ប្រាក់​ទៅ​ស្ថាប័ន​ហិរញ្ញវត្ថុ ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ផ្សេងទៀត​សុទ្ធ​តែជួបប្រទះ​បញ្ហា​នេះ​ដូចគ្នា។

គិត​ត្រឹម​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ អតិថិជន​ចំនួន ១៥៥ ៨១២នាក់ ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ១៩ បាន​ស្នើសុំ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ធ្វើការ​រៀបចំ​ឥណទាន (កម្ចី) ឡើងវិញ។ ក្នុង​នោះ​ អតិ​ថិជន​ចំនួន ១៣៥ ៨២៩នាក់ (ជិត ៩០ភាគរយ​) ទទួល​បានការ​អនុម័ត​រៀបចំ​ឥណទាន​ឡើងវិញ ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប ៥៨៣ ៧០០ ៨៥១ដុល្លា​រអាមេរិក។

ដោយឡែក​ អតិថិជន​ជិត ២ម៉ឺន​នាក់​ (ជាង ១០ភាគរយ​) មិនបាន​ទទួលការ​រៀបចំ​ឥណទាន​ឡើងវិញ ដោយសារ​គាត់​មិន​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់។ នេះ​បើ​តាម​ការ​បញ្ជាក់​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា។

អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា លោក កាំង តុង​ងី ថ្លែង​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នឹង​នៅតែ​ទទួលពាក្យ​ស្នើសុំ​រៀបចំ​ឥណទាន​ឡើងវិញ​នេះ ​រហូតដល់​ដំណាច់​ឆ្នាំ២០២០។ លោក​ថា មានតែ​អតិថិជន​ដែល​ស្នើ​ទៅកាន់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ ដែល​អាច​ទទួល​បាន​សេវា​រៀបចំ​ឥណទាន​ឡើងវិញ​។

វី​អូ​ឌី​បាន​ទាក់ទងទៅកាន់​ប្រធាន​ចាត់ការ​ទូទៅ​នៃ​សមាគម​ធនាគារ​នៅ​កម្ពុជា លោក ហេង កូយ ដើម្បី​សាកសួរ​ព័ត៌មាន​ពីអ​តិថិ​ជន​ធនាគារ​ដែល​រៀបចំ​ឥណទាន​ឡើងវិញ។

លោក​ ហេង ​កូយ ​ប្រាប់​វី​អូ​ឌី​ថា ខ្លួន​នឹង​ព្យាយាម​ឆ្លើយ​សំណួរ​ និង​ផ្ដល់​តួលេខ​ឱ្យ​អ្នកសារព័ត៌មាន ប៉ុន្តែ​ មកដល់​ម៉ោងជាង ៥ល្ងាច ​ថ្ងៃទី២២ ខែឧសភា​នេះ​ មិនទាន់​មាន​ចម្លើយ​នៅឡើយ។

លោក ហេង កូយ៖ «ខ្ញុំ​ និង​ក្រុមការងារ​នឹង​រៀប​ចម្លើយ​ផ្ញើ​ជូន​បង​វិញ​ឱ្យ​បាន​ឆាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន។»

នាយករង​អង្គការ​លី​កាដ​ូ លោក អំ សំអាត ថ្លែងប្រាប់​វី​អូ​ឌីកា​លពី​សប្ដាហ៍​មុន​ថា លោក​ស្នើ​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ត្រូវ​ផ្ដល់​ព័ត៌មាន​ទូលំទូលាយ​ពី​សំណើសុំ​សម្រួល​របៀប​សង​ប្រាក់​ឱ្យ​បាន​ទូលំទូលាយ​ជូន​ពលរដ្ឋ។ លោក​សម្ដែង​ក្ដី​បារម្ភ​ថា ពលរដ្ឋ​អាច​នឹង​ពិបាក​ទ្រាំ​ចំពោះ​សម្ពាធ​ពីសំណាក់​បុគ្គលិក​គ្រឹះស្ថាន​ទាំងនោះ​ នៅពេល​ពួក​គេ​មិន​មានលទ្ធភាព​សង​ប្រាក់។

លោក អំ សំអាត៖ «បើសិនជា​គាត់ [ពលរដ្ឋ​] គ្មាន​លទ្ធភាព​សង ហើយ​មាន​មន្ត្រី​ឥណទាន​ចុះឡើង​ផ្ទះ​គាត់​ញឹកញាប់​ទៀត​នោះ គាត់​អាច​នឹង​រត់ចោល​ផ្ទះ ឬធ្វើ​ចំណាកស្រុក​ដែល​មាន​ហានិភ័យ​ខ្ពស់។ មួយទៀត បើ​ដាក់​សម្ពាធ​ខ្លាំង ទំនងជា​គាត់ [ពលរដ្ឋ​] អាច​បង្ខំចិត្ត​លក់​ផ្ទះ​លក់​ដី​សង​ទៅទៀត អាហ្នឹង​ជា​បញ្ហា។»

សង្គម​ស៊ីវិល​ចំនួន ១៣៥អង្គភាព និង​សហគមន៍ កាលពី​ខែមេសា​កន្លងទៅ បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល និង​ធនាគារជាតិ ឱ្យ​បញ្ជា​ទៅកាន់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ (MFIs​) ឱ្យ​ពន្យារ​រាល់​ការ​សង​ប្រាក់កម្ចី និង​ការប្រាក់​យ៉ាងហោចណាស់ ៣ខែ និង​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជា​ទ្រព្យ​បញ្ចាំ​ដល់​កូនបំណុល​វិញ ដើម្បី​ចៀសវាង​ការ​គំរាមកំហែង​ដល់​សិទ្ធិ​កាន់កាប់​ដីធ្លី និង​អាច​នាំ​ឱ្យ​មានការ​រំលោភសិទ្ធិ​មនុស្ស។ ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល​មិន​ឆ្លើយតប ខណៈ​ដែល​តំណាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ រិះគន់​ថា ជា​សំណើ​ខ្វះ​វិជ្ជាជីវៈ​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​វិស័យ​ហិរញ្ញវត្ថុ ដោយ​អះអាង​ថា គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នឹង​ប្រកាន់​ជំហរ​ទន់ភ្លន់​ជាមួយ​អតិថិជន​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles