ដោយ ម៉ៅ សុធានី
2020-05-23
RFA

ទេសភាពកោះកុងមើលពីលើអាកាស។ រូបថតកាលពីឆ្នាំ២០១៩។

Photo courtesy of Mother Nature
ក្រុមយុវជនមាតាធម្មជាតិនឹងធ្វើយុទ្ធនាការមួយនៅដើមខែមិថុនាខាងមុខ ដើម្បីស្នើសុំឱ្យរដ្ឋាភិបាលដាក់បញ្ចូលកោះធំជាងគេនៅកម្ពុជា គឺកោះកុង ឬដែលអ្នកខ្លះនិយមហៅថា កោះកុងក្រៅ ទៅជាតំបន់ការពារធម្មជាតិ។ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានអះអាងថា ក្រសួងកំពុងគិតគូររឿងនេះហើយ។
យុទ្ធនាការថ្មីរបស់ក្រុមយុវជននេះ មានឈ្មោះថា “យុទ្ធនាការជិះកង់ដាក់ញត្តិសង្គ្រោះកោះកុងក្រៅ” ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមិថុនា ខាងមុខ។
សកម្មជនមាតាធម្មជាតិ និងជាអ្នកដឹកនាំយុទ្ធនាការនេះ គឺកញ្ញា រ៉ី រក្សា ប្រាប់អាស៊ីសេរីថា ក្រុមយុវជនដែលមានគ្នា ១៥នាក់ នឹងជិះរថយន្តទៅទីរួមខេត្តកោះកុងនៅថ្ងៃទី០១ មិថុនា រួចចាប់ផ្ដើមជិះកង់ពីទីនោះមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី០២ មិថុនា។ កញ្ញាឱ្យដឹងថា ពេលមកដល់ភ្នំពេញ ក្រុមយុវជននឹងយកញត្តិទៅដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី០៥ មិថុនា ដែលជាថ្ងៃទិវាបរិស្ថានពិភពលោក។ កញ្ញាបញ្ជាក់ថា ខ្លឹមសារនៃញត្តិនោះ គឺស្នើសុំឱ្យប្រមុខរដ្ឋាភិបាលដាក់កោះកុងក្រៅ ជាតំបន់ការពារធម្មជាតិ៖ «ការពិតកោះកុងក្រៅ វាអត់ទាន់បានដល់ជាដំណាក់កាលរងគ្រោះទេ ប៉ុន្តែកោះមួយនេះវាស្រស់ស្អាតប្រៀបដូចជាឋានសួគ៌ ហើយកោះមួយនេះផងដែរ ពោរពេញទៅដោយសក្ដានុពល មានទាំងឆ្នេរសមុទ្រ មានទាំងទឹកធ្លាក់ មានទាំងកូនភ្នំនៅលើហ្នឹង ហើយព្រៃឈើ ហើយនៅមានសត្វព្រៃ។ អ៊ីចឹងជាហេតុផលដែលធ្វើឱ្យពួកយើងរៀបចំយុទ្ធនាការដើម្បីកុំឱ្យកោះមួយនេះត្រូវបានអភិវឌ្ឍ ឬត្រូវបានរងការបំផ្លិចបំផ្លាញដូចតំបន់មួយចំនួននៅកម្ពុជា»។
កោះកុងជាកោះដ៏ធំស្ថិតនៅក្នុងលំហសមុទ្រកម្ពុជា មានទីតាំងក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង និងមានចម្ងាយប្រមាណ៣០ គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។ យោងតាមវីដេអូដែលក្រុមយុវជនមាតាធម្មជាតិធ្លាប់បានបង្ហោះកាលពីពេលកន្លងទៅ កោះកុងគ្របដណ្ដប់ដោយព្រៃឈើក្រាស់ឃ្មឹក អមដោយទឹកជ្រោះជាច្រើនកន្លែង ជាពិសេសកោះនេះ មានឆ្នេរខ្សាច់សក្បុស និងទឹកសមុទ្រពណ៌ខៀវស្រងាត់។ ក្រុមយុវជនដែលធ្លាប់បានទៅដល់ទីនោះ បញ្ជាក់ថា មូលហេតុដែលកោះកុងអាចរក្សាលក្ខណៈធម្មជាតិ របស់ខ្លួនបាន គឺដោយសារតែមិនមានមនុស្សរស់នៅ និងមិនមានការអភិវឌ្ឍពីក្រុមហ៊ុនឯកជន។
សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ កញ្ញា ឡុង គន្ធា អះអាងថា កោះកុងមានទេសភាព និងធនធានធម្មជាតិដ៏សម្បូរបែប លើសកោះរ៉ុង និងកោះរ៉ុងសន្លឹមនៅខេត្តព្រះសីហនុទៅទៀត។ កញ្ញារៀបរាប់ថា នៅក្នុងទឹក មានពពួកសត្វសមុទ្រកម្រ ដូចជាផ្សោតសមុទ្រ ហើយនៅក្នុងព្រៃលើកោះវិញ ក៏មានពពួកសត្វព្រៃរស់នៅដែរ។ កញ្ញាបារម្ភថា បើកោះនេះមិនត្រូវបានដាក់ជាតំបន់ការពារទេ ថ្ងៃណាមួយអាចនឹងមានការចូលទៅបំផ្លិចបំផ្លាញធនធានធម្មជាតិនៅលើកោះនោះ៖ «យើងបារម្ភថា កោះមួយហ្នឹងមានវាសនាទៅជាកោះឯកជន ឬក៏ត្រូវបានបំផ្លាញដោយការកាប់បំផ្លាញព្រៃឈើ ឬក៏ការចាប់សត្វជាដើម ព្រោះកោះមួយនេះវាពោរពេញដោយសក្ដានុពល។ ព្រៃឈើក៏នៅស្ទើរតែទាំងស្រុង ឆ្នេរក៏នៅស្អាត ហើយមួយទៀតសត្វព្រៃក៏នៅមាន។ និយាយរួម កោះមួយហ្នឹងគឺវាល្អមែនទែន ហើយខ្ញុំស្រឡាញ់កោះហ្នឹងខ្លាំង អ៊ីចឹងខ្ញុំចង់ចូលរួមការពារកោះមួយហ្នឹង»។
ជុំវិញរឿងនេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា ការធ្វើយុទ្ធនាការនេះ គឺជាសិទ្ធិរបស់ក្រុមយុវជន ប៉ុន្តែលោកថា ក្រសួងក៏បានដឹងច្បាស់ពីសក្ដានុពលធនធានធម្មជាតិ និងជីវៈចម្រុះនៅតំបន់កោះកុងក្រៅនេះដែរ។ លោកបញ្ជាក់ថា ក្រសួងបរិស្ថានបានសិក្សាស្រាវជ្រាវ ព្រមទាំងរៀបចំឯកសារ និងទិន្នន័យទាក់ទងនឹងតំបន់នេះ ៣ឆ្នាំមកហើយ ដើម្បីដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ៖ «ក្រសួងបរិស្ថានបានរកឃើញថា នៅតំបន់កោះកុងក្រៅនេះ គឺជាជម្រកសត្វសមុទ្រប្រភេទជិតផុតពូជមួយចំនួន ដូចជាសត្វផ្សោតសមុទ្រ ហើយតំបន់នេះ គឺក្រសួងបរិស្ថាននឹងរៀបចំជារបៀងអភិរក្សជីវៈចម្រុះសមុទ្រ ដែលតភ្ជាប់តំបន់ដែនជម្រកសត្វព្រៃពាមក្រសោប ដែនជម្រកសត្វព្រៃតាតៃ និងភ្ជាប់ទៅក្នុងតំបន់អភិរក្សផ្សេងទៀតនៅក្នុងឈូងសមុទ្រថៃ»។
លោក នេត្រ ភក្ត្រា ថ្លែងទៀតថា ក្រសួងកំពុងសិក្សាពីទំហំកោះកុងក្រៅ ដែលត្រូវដាក់បញ្ចូលជាឧទ្យានជាតិសមុទ្រ ក៏ប៉ុន្តែពេលវេលាជាក់លាក់ដែលត្រូវប្រកាសដាក់បញ្ចូលតំបន់នេះជាឧទ្យានជាតិនោះ លោកមិនទាន់អាចបញ្ជាក់បានឡើយ។
អ្នកសម្របសម្រួលអង្គការលីកាដូ (LICADHO) ប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន គាំទ្រចំពោះការដាក់បញ្ចូលកោះកុងជាតំបន់ការពារធម្មជាតិ ព្រោះលោកថា តំបន់នោះសម្បូរដោយធនធានធម្មជាតិ និងមានទេសភាពស្រស់ស្អាត។ ទន្ទឹមនឹងនេះ លោកក៏កោតសរសើរដល់ក្រុមយុវជនដែលមានគំនិត បង្កើតយុទ្ធនាការការពារតំបន់នោះផងដែរ៖ «ខ្ញុំគាំទ្រចំពោះគំនិតរបស់យុវជនដែលមានបំណងនៅក្នុងការស្នើសុំកោះកុងក្រៅហ្នឹង ដាក់ទៅជាតំបន់អភិរក្ស ព្រោះយើងបានឃើញកន្លងមកហើយ កោះដែលស្អាតត្រូវបានអភិវឌ្ឍទៅ ក៏មានការខូចទ្រង់ទ្រាយនៃលក្ខណៈធម្មជាតិ»។
អ្នកដឹកនាំយុទ្ធនាការ កញ្ញា រ៉ី រក្សា ឱ្យដឹងថា នៅពេលជិះកង់ពីខេត្តកោះកុងមកភ្នំពេញ ក្រុមយុវជននឹងពាក់អាវដូចគ្នាដែលមានរូបកោះកុងអមដោយពាក្យថា សង្គ្រោះកោះកុងក្រៅ ហើយដោតទង់ជាតិខ្មែរនៅលើកង់នីមួយៗ។ ក្រៅពីនេះ ក្រុមយុវជននឹងផ្សាយផ្ទាល់យុទ្ធនាការនេះនៅលើទំព័រហ្វេសប៊ុករបស់មាតាធម្មជាតិទៀតផង។ កញ្ញាបញ្ជាក់ថា ក្រុមយុវជនក៏ព្រួយបារម្ភខ្លាចអាជ្ញាធររារាំងយុទ្ធនាការនេះដែរ ប៉ុន្តែពួកគេបានត្រៀមខ្លួនដោះស្រាយបញ្ហាដោយសន្តិវិធីរួចហើយ ព្រោះយុទ្ធនាការនេះមិនមែនជារឿងខុសច្បាប់នោះទេ ផ្ទុយទៅវិញគឺជាការរួមចំណែកយ៉ាងធំធេងក្នុងការការពារបរិស្ថាន៕

ទឹកសមុទ្រថ្លាដូចកញ្ចក់នៅកោះកុង។ រូបថតដោយចលនាមាតាធម្មជាតិ កាលពីឆ្នាំ២០១៩ Photo courtesy of Mother Nature

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សហគមន៍ព្រៃព្រះរកា ខេត្តព្រះវិហារជាង ១ពាន់នាក់គ្រោងប្ដឹងមន្ត្រីបរិស្ថានម្នាក់ទៅតុលាការ ករណីកាងបទល្មើសព្រៃឈើ
- តុលាការខេត្តមណ្ឌលគិរី កោះហៅអ្នកការពារព្រៃឈើ ៣សំណុំរឿង ដែលអាជ្ញាធរប្ដឹង
- ពលរដ្ឋនៅក្រុងប៉ោយប៉ែតប្រតិកម្មនឹងអាជ្ញាធរមិនចាត់វិធានការក្រុមហ៊ុនឯកជនចាក់ដីលុបស្រះបណ្ដាលឲ្យទឹកលិចផ្ទះពួកគាត់
- មន្ត្រីបក្សកាន់អំណាចថា គោលនយោបាយខ្លួនមិនចាប់ពលរដ្ឋណា ការពារព្រៃឈើនោះទេ
- ព្រះសង្ឃ និងយុវជនបង្ហោះវីដេអូនៅតែមានទឹកកខ្វក់បង្ហូរចូលទឹកស្ទឹងសង្កែ
- មន្ទីរបរិស្ថានខេត្តរតនគិរីកំណត់មុខសញ្ញាអ្នកភូមិ ៩នាក់ ប្ដឹងទៅតុលាការ ពីបទដុតបំផ្លាញទីស្នាក់ការមន្ត្រីបរិស្ថាន
- តុលាការកំពូលនឹងប្រកាសសាលដីការឿងក្ដីអតីតយុវជនមាតាធម្មជាតពីរនាក់នៅសប្ដាហ៍ក្រោយ
- សកម្មជនព្រៃឈើអះអាងថា ព្រៃឡង់នៅតែបន្តរងការកាប់បំផ្លាញដដែល
- សកម្មជនការពារព្រៃឈើម្នាក់នៅខេត្តមណ្ឌលគិរីត្រូវបានមន្ត្រីបរិស្ថានគំរាមប្ដឹងដាក់គុក
- ពលរដ្ឋនៅក្រុងប៉ោយប៉ែតចោទក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍របស់ឧកញ៉ា កុក អាន ថា ចាក់ដីលុបស្រះធ្វើឱ្យទឹកលិចផ្ទះជាច្រើនខ្នង