សហគមន៍​អ្នក​ផលិត​​​ថា អំបិល​ធ្វើ​​បាន​នៅ​ឆ្នាំនេះ អាច​គ្រប់​តម្រូវ​ការ​ក្នុង​ស្រុក

ដោយ សេក បណ្ឌិត
2020-05-23
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោកស្រី កើត ចន្នី និង​ស្វាមី កំពុង​ប្រមូល​ផល​អំបិល​ដើម្បី​យក​ទៅ​ទុក​ក្នុង​ឃ្លាំង ក្នុង​ខេត្ត​កំពត កាល​ពី​​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

លោកស្រី កើត ចន្នី និង​ស្វាមី កំពុង​ប្រមូល​ផល​អំបិល​ដើម្បី​យក​ទៅ​ទុក​ក្នុង​ឃ្លាំង ក្នុង​ខេត្ត​កំពត កាល​ពី​​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

 RFA/Yang Chandara


កម្ពុជា​បាន​ជួប​បញ្ហា​ខ្វះខាត​អំបិល​២ ឆ្នាំ​​ជាប់​គ្នា គឺ​នៅ​ឆ្នាំ២០១៨ និង​២០១៩ ដោយ​សារ​តែ​មាន​​ភ្លៀង​កក់​ខែ​ជា​ប្រចាំ ធ្វើ​ឱ្យ​កសិករ​​ផលិត​អំបិល​បាន​តិច​តួច។ កត្តា​នេះ​ជំរុញ​ឱ្យ​កម្ពុជា​នាំ​ចូល​អំបិល​ពី​ក្រៅ​ប្រទេស គឺ​ពី​ប្រទេស​ចិន និង​ឥណ្ឌា។ ទោះ​ជា​យ៉ាង​ណា នៅ​ឆ្នាំនេះ សហគមន៍​អ្នក​ផលិត​អំបិល​រំពឹង​ថា នឹង​មិន​មាន​ការ​ខ្វះខាត​ទៀត​ទេ ដោយសារ​កសិករ​ផលិត​អំបិល​បាន​ច្រើន ព្រោះ​អាកាស​ធាតុ​​អំណោយ​ផល​ល្អ។

ប្រធាន​​សហគមន៍​អ្នក​​ផលិត​អំបិល​ខេត្ត​កំពត-កែប លោក ប៊ុន បារាំង ឱ្យ​អាស៊ី​សេរី​ដឹង​ថា គិត​ត្រឹម​ពាក់​កណ្ដាល​ខែឧសភា កសិករ​ផលិត​អំបិល​បាន​ប្រមាណ ៨ម៉ឺន​តោន​​ហើយ ហើយ​ពួក​គាត់​កំពុង​ខំ​ប្រឹង​ផលិត​​បន្ថែម​ទៀត ទាន់​មេឃ​ក្តៅ នៅ​ធ្វើ​បាន។ លោក​ជឿ​ថា ​អំបិល​ដែល​ផលិត​បាន​នៅ​ឆ្នាំនេះ នឹង​​គ្រប់គ្រាន់​សម្រាប់​ការ​ប្រើប្រាស់​នៅ​ក្នុង​ស្រុក ដែល​មាន​ប្រមាណ ១០ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ៖«នៅ​ឆ្នាំ២០១៨ និង២០១៩ យើង​ធ្វើ​អត់​បាន​ ដោយសារ​អាកាស​ធាតុ​មិន​​អំណោយ​ផល​អស់​រយៈ​ពេល ២ឆ្នាំ។ វា​ភ្លៀង​ធ្លាក់ ធ្វើ​ឱ្យ​ប្រជាកសិករ​យើង​ផលិត​អត់​បាន។ គ្នា​ខាត​២ ឆ្នាំ តែ​ដល់​ឆ្នាំនេះ វា​អាកាសធាតុ​អំណោយ​ផល​តាំង​ពី​ដើម​ដៃ​មក​ អ៊ីចឹង​ទាំង​គេ​ទាំង​ខ្ញុំ​កំពុង​ផលិត​បាន​ច្រើន។ អ៊ីចឹង​យើង​ឆ្នាំ​នេះ មិន​ខ្វះខាត​ទេ​អំបិល​ គឺ​គ្រប់​គ្រាន់»

លោក ប៊ុន បារាំង ឱ្យ​ដឹង​ថា អំបិល​ផលិត​បាន​នា​ពេល​បច្ចុប្បន្ន​ មាន​តម្លៃ​ទៅ​តាម​ប្រភេទ​របស់​វា។ ក្នុង​នោះ អំបិល​លេខ​១ ​សម្បុរ​ស​ក្បុស​ មាន​តម្លៃ ១៥.០០០​រៀល លេខ២ ស​មធ្យម​ តម្លៃ ១២.០០០​រៀល និង​លេខ៣ ស​រាង​ក្រម៉ៅ តម្លៃ ១១.០០០​រៀល សម្រាប់​អំបិល​មួយ​បាវ​ទម្ងន់ ៥០គីឡូក្រាម។ លោក​ថា តម្លៃ​ប៉ុន​នេះ​ អាច​ឱ្យ​កសិករ​ផលិត​បាន​ មិន​ខាតបង់​នោះ​ទេ៖«ឡើង​ក៏​​មិន​ឡើង​ច្រើន ចុះ​ក៏​​មិន​ចុះ​ច្រើន តម្លៃ​វា​នៅ​នឹង​ ព្រោះ​អំបិល​យើង​ផលិត​នៅ​ក្នុង​ស្រុក​។ យើង​គិត​ទៅ​ វា​មិន​ជា​ខាត​ទេ ឱ្យ​តែ​យើង​បាន​តម្លៃ​ហ្នឹង​ឡើង​ទៅ យើង​អាច​ផលិត​បាន»

ការ​ផលិត​អំបិល​សព្វ​ថ្ងៃ​នេះ នៅ​ធ្វើ​​តាម​លក្ខណៈ​ប្រពៃណី​នៅឡើយ គឺ​កសិករ​បង្ហូរ​ទឹក​សមុទ្រ​បញ្ចូល​ស្រែ ទុក​ឱ្យ​ឡើង​ផ្កាអំបិល រួច​កៀរគរ​ជា​ពំនូក​ ហើយ​រែក​ទៅ​ទុក​នៅ​ក្នុង​ឃ្លាំង​​ក្បែរ​ស្រែ​របស់​ពួកគាត់។ ការ​ផលិត​បែបនេះ ត្រូវ​ការ​កម្លាំង​ពលកម្ម​ច្រើន ធ្វើ​ឱ្យ​ថ្លៃ​ដើម​ផលិត​កាន់​តែ​ខ្ពស់។

លោក ម៉ម ស៊ាប គឺ​ជា​មេភូមិ​បឹង​តា​ព្រាម សង្កាត់​ត្រើយកោះ ក្រុង​កំពត ហើយ​ក៏​ជា​អ្នក​ផលិត​អំបិល​មួយ​រូប​ផង​ដែរ។ លោក​ប្រាប់​អាស៊ី​សេរី​ថា ការ​​ផលិត​អំបិល​បច្ចុប្បន្ន​នេះ​មាន​បញ្ហា​ប្រឈម​ធំ​ជាងគេ រឿង​ខ្វះ​កម្លាំង​ពលកម្ម​ ពីព្រោះ​មនុស្ស​ភាគច្រើន​បាន​ងាក​ទៅ​ធ្វើ​​ការ​រោងចក្រ និង​ការងារ​សំណង់ ជាជាង​នៅ​ធ្វើជា​កម្មករ​ស្រែអំបិល​ដែល​ត្រូវ​ធ្វើ​ការ​ក្រោម​កម្ដៅ​ថ្ងៃ​ក្ដៅ​ខ្លាំង និង​​មាន​ចំណូល​មិន​ទៀង​ទាត់៖«យើង​ខ្វះ​កម្លាំង​ពលកម្ម ព្រោះ​កម្លាំង​ពលកម្ម​ហ្នឹង​ដូច​ដឹង​ស្រាប់​ហើយ សព្វថ្ងៃ​អ្នក​ខ្លះ​គេ​មិន​​សូវ​ធ្វើ​ទេ ព្រោះ​ស្រែអំបិល​ វា​ក្ដៅ។ ធ្វើ​ជា​កម្មករ​ វា​ទៅ​ម្លប់​អ៊ីចឹង​ទៅ ហើយ​ប្រាក់​ខែ​គ្រប់គ្រាន់​អ៊ីចឹង​ទៅ គេ​អាច​ស្រួល​ជាង​ធ្វើ​ស្រែ​អំបិល​ ហើយ​ស្រែអំបិល ខែ​វស្សា​យើង​អត់​មាន​​លុយ​ចិញ្ចឹម​​កម្មករ​ទេ»

លោក ម៉ម ស៊ាប ឱ្យ​ដឹង​ទៀត​ថា លោក​​មាន​​ស្រែអំបិល​ជាង ៨ហិកតារ ប៉ុន្តែ​លោក​ធ្វើ​បាន​​តែ ៣ហិកតារ​ប៉ុណ្ណោះ ដោយ​ដី ៣ហិកតារ​នេះ លោក​ផលិត​អំបិល​បាន​ប្រហែល ១០០​តោន។ លោក​​បញ្ជាក់​ថា លោក​មិន​ចង់​ទុក​ស្រែអំបិល​៥ ហិកតារ​នោះ​ចោល​ទេ ប្រសិន​បើ​មាន​កម្លាំង​ពលកម្ម​គ្រប់​គ្រាន់ ឬ​មាន​បច្ចេកទេស​ទំនើប​​អាច​ឱ្យ​លោក​ធ្វើ​ដី​ទាំង​អស់​នោះ​បាន៖«ប្រទេស​កម្ពុជា​មាន​តែ​ខេត្ត​កំពត​មួយ​ទេ​ដែល​អាច​ផលិត​អំបិល​បាន​។ បើ​យើង​បាត់​បង់​គ្រប់​គ្នា​ទៅ វា​អាច​អំបិល​នាំ​ចូល​ពី​ប្រទេស​ក្រៅ​វិញ។ អំបិល​យើង​អំបិល​ធម្មជាតិ​សុទ្ធ មិន​​មែន​អំបិល​រ៉ែ​ឯ​ណា អ៊ីចឹង​ស្ដាយ​ដែរ ប្រសិន​បើ​បាត់​បង់​ទៅ»

កម្ពុជា​មាន​មណ្ឌល​ផលិត​អំបិល​ចំនួន៧ នៅ​ក្នុង​ខេត្ត​កំពត និង​ខេត្ត​កែប ដែល​មាន​ក្រុម​ផលិត ២០០​ក្រុម ស្រប​ពេល​ដីស្រែ​អំបិល​មាន​ជាង ៤ពាន់​ហិកតារ។ ដី​ស្រែ​អំបិល​នេះ រដ្ឋាភិបាល​ហាម​មិន​ឱ្យ​មាន​ការ​លក់​​ដូរ​ក្នុង​ទិស​ដៅ​យ​ក​ទៅ​ធ្វើ​​អ្វី​ផ្សេង​ ក្រៅ​ពី​កា​រ​ផលិត​អំបិល​នោះ​ទេ។ ការ​ហាម​ឃាត់​នេះ គឺ​ដើម្បី​ថែរក្សា​មុខ​របរ​ផលិត​អំបិល​​​បែប​ប្រពៃណី​របស់​ពលរដ្ឋ​។

ទោះ​ជា​យ៉ាង​ណា ដោយ​សារ​ខ្វះ​កម្លាំង​ពលកម្ម​កសិករ​ខ្លះ​បាន​ទុក​ស្រែ​អំបិល​ចោល​ លែង​ផលិត​ និង​ងាក​ទៅ​ប្រកប​របរ​ផ្សេង​ជំនួស​វិញ។ ម្យ៉ាង​វិញ​ទៀត ដោយ​សារ​តែ​ថ្លៃ​ដើម​ផលិត​ខ្ពស់​ ហើយ​អំបិល​ដែល​ផលិត​បាន​មានតម្លៃ​ទាប​ជា​ច្រើន​ឆ្នាំ​ជាប់​គ្នា​នោះ កសិករ​ខ្នាត​តូច​មួយ​ចំនួន​ក៏​បាន​សម្រេច​ចិត្ត​​​លក់​ស្រែអំបិល​របស់​ខ្លួន​ទៅ​ឱ្យ​កសិករ​ខ្នាត​ធំ​​ជា​បន្ត​បន្ទាប់​ផង​ដែរ។

អាស៊ី​សេរី​បាន​​ព្យាយាម​​ទាក់ទង​អនុរដ្ឋលេខាធិការ​ក្រសួង​​ឧស្សាហកម្ម លោក សុន សេងហួត ជាច្រើន​ដង​តាម​​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី១៩ ឧសភា តែ​លោក​មិន​លើក​ទូរស័ព្ទ។ ក៏​ប៉ុន្តែ​មន្ត្រី​ជំនាញ​រូប​នេះ​ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា ក្រសួង​តែង​បាន​រិះរក​​បច្ចេកទេស​ថ្មីៗ ផ្ដល់​ជូន​កសិករ និង​រក​មធ្យោបាយ​ជួយ​ឱ្យ​ថ្លៃ​ដើម​ផលិត​កាន់​តែ​ទាប​ជាង​មុន៖«យើង​ពង្រឹង​ យើង​ជួយ​បច្ចេកទេស​គាត់ ជួយ​ធ្វើ​ឱ្យ​គាត់​មាន​ការ​សន្សំ​សំចៃ ជួយ​ឱ្យ​ផលិត​កម្ម​ហ្នឹង​មាន​កម្រិត​ខ្ពស់​ ទិន្នផល​គាត់​ខ្ពស់ អា​ហ្នឹង​ថ្លៃ​ដើម​គាត់​ចុះ​ទាប។ អា​ហ្នឹង​គាត់​កើន​តម្លៃ​ហើយ យើង​ជួយ​គាត់​អ៊ីចឹង»

ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ផលិត​​អំបិល​ឱ្យ​បាន​ច្រើន​តាម​តម្រូវ​ការ​វិញ មន្ត្រី​ជំនាញ​រូប​នេះ​ធ្លាប់​បញ្ជាក់​ថា កម្ពុជា​មិន​​ទាន់​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំង​នោះ​បាន​នៅ​ឡើយ​ទេ ព្រោះ​ត្រូវ​ចំណាយ​ដើម​​ទុន​ច្រើន​។

ប្រធាន​គណៈកម្មាធិការនាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​ជា​អ្នក​ជំនាញ​ខាង​កសិកម្ម បណ្ឌិត យ៉ង សាំងកុមារ មាន​​ប្រសាសន៍​​ថា រដ្ឋាភិបាល​គួរ​តែ​មាន​​កញ្ចប់​ថវិកា​ពិសេស​​មួយ​ដើម្បី​លើក​កម្ពស់​ការ​ផលិត​អំបិល ព្រោះ​​អំបិល​ជា​ទំនិញ​យុទ្ធសាស្ត្រ​ផ្នែក​សន្តិសុខ​ស្បៀង និង​​​​វិស័យ​ឧស្សាហកម្ម៖«ឧទាហរណ៍​ដូច​ជា​នៅ​ប្រទេស​ជប៉ុន​អ៊ីចឹង បើ​គេ​នាំ​អង្ករ​ពី​ខ្មែរ ពី​​ថៃ ពី​អ្វី​ទៅ អា​ហ្នឹង​ គេ​ចំណេញ​ជាង ធូរ​ថ្លៃ​ ប៉ុន្តែ​គេ​សុខ​ចិត្ត​អត់​នាំ​ទេ។ អស់​ប៉ុន្មាន​អស់​ទៅ គេ​សុខ​ចិត្ត​គាំទ្រ ដើម្បី​ឱ្យ​កសិករ​គេ​ប៉ុន្មាន​នាក់​ហ្នឹង​នៅ​ធ្វើ​ស្រែ​តទៅទៀត។ ហេតុអ្វី​គេ​ធ្វើ​អ៊ីចឹងព្រោះ​វា​ទាក់ទង​នឹង​រឿង​​សន្តិសុខ​ស្បៀង​ រឿង​ប្រពៃណី រឿង​វប្បធម៌ អ៊ីចឹង​គេ​អត់​ខ្លាច​ចាយ​លុយ​មួយ​ចំណែក​​តូច​ណាមួយ​នៃ​ថវិកា​ជាតិ ដើម្បី​គេ​ទ្រទ្រង់​វិស័យ​ស្រូវ​អង្ករ​របស់​គេ​ទេ។ អ៊ីចឹង​វា​ដូច​គ្នា​ដែរ យើង​សម្រាប់​វិស័យ​ស្រែអំបិល​ហ្នឹង រឿង​អ្វី​យើង​ខ្លាច​ចាយ​លុយ​តិច​តួច​​ ដើម្បី​គាំទ្រ​អ្នក​ធ្វើ​ស្រែអំបិល​ដែល​មាន​មនុស្ស​​​តិច​តួច​ហ្នឹង​ធ្វើ​បន្ត​ទៀត។ វា​ជា​រឿង​មួយ​ទាក់ទង​នឹង​ទស្សនវិស័យ​របស់​អ្នក​ដឹក​នាំ​ទេ»

បណ្ឌិត យ៉ង សាំង កុមារ សង្កត់​ធ្ងន់​ថា ការ​ហាម​ឃាត់​មិន​ឱ្យ​កសិករ​លក់​ស្រែ​អំបិល​មិន​មែន​ជា​ដំណោះ​ស្រាយ​សម​ស្រប​ក្នុង​ការ​ថែរក្សា​មុខ​របរ​ប្រពៃណី​នៃ​ការ​ផលិត​អំបិល​ឡើយ។ លោក​ថា មាន​តែ​អន្តរាគមន៍​របស់​រដ្ឋាភិបាល​លើ​គ្រប់​បញ្ហា​ប្រឈម​របស់​កសិករ​​ទេ ទើប​អាច​ធានា​ថា ពួក​គាត់​នឹង​បន្ត​ផលិត​អំបិល​បាន​យូរ​អង្វែង​តទៅមុខ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment