កម្ពុជា សារព័ត៌មាន
23/05/2020 – 13:08
ដោយ៖ សឿង ភារៈ
RFI

អង្គការអ្នកកាសែតគ្មានព្រំដែន (RSF) កាលពីថ្ងៃទី២២ ខែឧសភា បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែង ម្ចាស់ស្ថានីយវិទ្យុ និងគេហទំព័ររិទ្ធិសែន ដែលត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីជាង១០ថ្ងៃមុន។ ការចាប់ខ្លួនធ្វើឡើងបន្ទាប់ពីមានម្ចាស់ស្ថានីយវិទ្យុ និងគេហទំព័ររិទ្ធិសែនរូបនេះ ធ្វើសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងជម្លោះដីធ្លី។
លោក សុខ ឧត្តម ដែលជាម្ចាស់ស្ថានីយវិទ្យុ និងគេហទំព័ររិទ្ធិសែន នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីថ្ងៃពុធសប្តាហ៍មុន ដោយចោទប្រកាន់ពី “បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍” ដែលអាចនឹងជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ក្រោយពីលោករាយការណ៍ពីជម្លោះដីធ្លីរវាងសហគមន៍កសិករមូលដ្ឋាន និងមន្ត្រីថ្នាក់ស្រុកដែលមានអំណាច។
ក្រៅពីការអំពាវនាវឲ្យមានការដោះលែង អង្គការអ្នកកាសែតគ្មានព្រំដែន ដែលមានមូលដ្ឋាននៅប្រទេសបារាំងនេះ ក៏បានទាមទារឲ្យអាជ្ញាធរទម្លាក់ចោលការចោទប្រកាន់គ្រប់យ៉ាង និងផ្តល់អាជ្ញាបណ្ណឲ្យស្ថានីយវិទ្យុរបស់លោកផ្សាយឡើងវិញផងដែរ។
លោក Daniel Bastard នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការអ្នកកាសែតគ្មានព្រំដែនបានសង្កត់ធ្ងន់ថាអាជ្ញាធរកម្ពុជាគួរតែបញ្ឈប់ការគាបសង្កត់លើសេរីភាពសារព័ត៌មាន ដើម្បីដាក់បន្ទុកលើកការផ្សព្វផ្សាយរបស់ពួកគេ។
កាលពីដើមសប្តាហ៍នេះ ក្រុមអង្គការ សហគមន៍ចំនួន១៣១ ក៏បានស្នើសុំដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យទម្លាក់ចោលការចោទប្រកាន់ទៅលើលោក សុខ ឧត្តម និងលោក សុវណ្ណ រិទ្ធី ជាអ្នកសារព័ត៌មាន ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញចំពោះអ្នកសារព័ត៌មាន ដោយសារតែការរាយការណ៍ព័ត៌មានរបស់ពួកគាត់។ ក្រុមសង្គមស៊ីវិលក៏បានស្នើសុំដោយទទូចឱ្យរាជរដ្ឋាភិបាល ទម្លាក់ចោលការចោទប្រកាន់ទាំងអស់ចំពោះអ្នកសារព័ត៌មានទាំងនេះ និងសូមឱ្យបញ្ឈប់ការបង្ក្រាបចុងក្រោយនេះទៅលើសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ដែរថា នៅដើមឆ្នាំ២០២០នេះ យ៉ាងតិចណាស់មានអ្នកសារព័ត៌មានជាង១០នាក់ ត្រូវបានកោះហៅ និងសាកសួរដោយសមត្ថកិច្ច ដោយសារការរាយការណ៍ព័ត៌មានរបស់ពួកគាត់៕