កម្មករ​​ជិត​១​ពាន់​នាក់​​នៅ​​ខណ្ឌ​​ពោធិ៍​​សែន​ជ័យ​តវ៉ា​ ករណី​​ថៅ​កែ​​បើក​ប្រាក់​​ឈ្នួល​​មិន​​គ្រប់​ និង​​យឺត​យ៉ាវ​​

ការងារ | ព័ត៌មានជាតិ
ព័ត៌មានជាតិ |២៦ ឧសភា ២០២០ | ម៉ោង ៤:២១ ល្ងាច
VOD

កម្មករ-កម្មការិនីរោងចក្រ ឃែន​ធើ​រេន (Canteran Apparel​) និង​រោង​ចក្រ ​ខ្វ​លី​ធី តេ​ក្ស​ស្ទីល (Quality Textiles​) ជា​រោងចក្រដែល​មាន​ម្ចាស់​តែមួយ ធ្វើការតវ៉ាជាថ្មី ករណីថៅកែបើកខែមិនគ្រប់ និងយឺតយ៉ាវ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

កម្មករ-កម្មការិនីរោងចក្រ ឃែន​ធើ​រេន (Canteran Apparel​) និង​រោង​ចក្រ ​ខ្វ​លី​ធី តេ​ក្ស​ស្ទីល (Quality Textiles​) ជា​រោងចក្រដែល​មាន​ម្ចាស់​តែមួយ ធ្វើការតវ៉ាជាថ្មី ករណីថៅកែបើកខែមិនគ្រប់ និងយឺតយ៉ាវ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។ (ហ៊ី ឆាយ)


កម្មករ​-កម្មការិនី​ជិត ១ពាន់​នាក់ ​បម្រើការ​ងារ​នៅរោងចក្រ​ចំនួន ២កន្លែង ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បាន​ផ្ទុះ​ការ​តវ៉ា​ជាថ្មី បន្ទាប់ពី​ថៅកែ​បើកប្រាក់​ឈ្នួល​ឱ្យ​ពួក​គេ​តែ​ចន្លោះ​ពី១២ ទៅ៣០ដុល្លារ ហើយ​ការ​បើក​ឱ្យ​នោះ​គឺ​មានការ​យឺតយ៉ាវ។

កាលពី​ខែមីនា កម្មករ​ជិត ១ពាន់​នាក់​នៅរោងចក្រ ឃែន​ធើ​រេន (Canteran Apparel​) និង​រោង​ចក្រ ​ខ្វ​លី​ធី តេ​ក្ស​ស្ទីល (Quality Textiles​) ជា​រោងចក្រដែល​មាន​ម្ចាស់​តែមួយ បាន​នាំគ្នា​តវ៉ា​ម្តង​រួចមក​ហើយ ពាក់ព័ន្ធ​ករណី​ថៅកែ​បើកប្រាក់​ឈ្នួល​ឱ្យពួក​គេ​មិន​គ្រប់ និង​មាន​ភាពយឺត​យ៉ាវ​នេះ។

ប្រធាន​សហជីព​ចលនា​កម្មករ​ប្រចាំ​រោង​ចក្រ​ ឃែន​ធើ​រេន​ អ្នកស្រី សាន់ សុ​ផា ប្រាប់​វី​អូ​ឌី​ថា កម្មករ​នៅ​រោងចក្រ ឃែន​ធើ​រេន ប្រមាណ ៣០០នាក់ ក្នុងចំណោម​កម្មករ​សរុប ៩៩៥នាក់​ បាន​ផ្ទុះ​ការ​តវ៉ា​នៅ​ថ្ងៃនេះ។ 

អ្នកស្រី សាន់ សុ​ផា អះអាង​ថា ថៅកែ​នៅ​ជំពាក់ប្រាក់​ឈ្នួល​កម្មករ ១ខែ ពោលគឺ​ប្រាក់ឈ្នួល​សម្រាប់​ពាក់កណ្តាល​ខែមេសា និង​ពាក់កណ្តាល​ខែឧសភា គឺ​ថៅកែ​បើកឱ្យបានតែ ៣០ដុល្លារ​ប៉ុណ្ណោះ។

អ្នកស្រី​បន្ថែម​ថា៖ «កម្មករ​អត់​បាន​អី​ទេ! សុំ​ថៅកែ​បើកប្រាក់​ឈ្នួល​ឱ្យ​ពួក​យើង​ឱ្យគ្រប់​ចំនួន និង​ទៀងទាត់តាម​កាលកំណត់​ទៅ​បាន​ហើយ ព្រោះ​ពួក​យើង​ក៏​ជួប​ការ​លំបាក​ខ្លាំង​ដែរ​លើ​ការ​ចំណាយ​ប្រចាំថ្ងៃ»។

លោក បិ សម្បត្តិ ដែល​អះអាង​ថា ជា​តំណាង​កម្មករ​ប្រចាំ​រោងចក្រ ខ្វ​លី​ធី ប្រាប់​វី​អូ​ឌី​កន្លែង​តវ៉ា​មុខ​រោងចក្រ​ថា នៅ​រោងចក្រ ខ្វ​លី​ធី មានកម្ម​ករ​សរុប​ជាង ១ពាន់​នាក់ ប៉ុន្តែ​ កាលពីមុន ​ថៅកែ​សម្រេច​ព្យួរការងារ​កម្មករ​ប្រហែល ៤០០នាក់ ដោយ​នៅសល់​ប្រហែល​ជាង ៦០០នាក់​ប៉ុណ្ណោះ​ដែល​បាន​នាំគ្នា​តវ៉ា​ទាំងអស់គ្នា​នៅ​ថ្ងៃនេះ ដោយសារ​ថៅកែ​បើកប្រាក់​ឱ្យពួក​គេ​យឺតយ៉ាវ។

តំណាង​កម្មករ​រូប​នេះ​អះអាង​ថា កម្មករ​ដែល​បាន​ព្យួរការងារ​នោះ​គឺ ពួក​គេ​ទទួល​បាន​ប្រាក់ឈ្នួល​តែ ១២ដុល្លារ​ប៉ុណ្ណោះ ខណៈ​ដែល​រដ្ឋាភិបាល​ប្រកាស​ថា ថៅកែ​ត្រូវ​ចេញ ៣០ដុល្លារ​ ករណី​ព្យួរការងារ​កម្មករ។

លោក​បន្ថែម​ថា៖ «អីចឹង ​ខ្ញុំ​សូម​សំ​ណូម​ពរ​ទៅ​ថៅកែ​ក្រុមហ៊ុន ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​ គឺ​សុំ​ឱ្យ​ពួក​គាត់​ជួយ​ដោះស្រាយ​ដល់​បងប្អូន​កម្មករ​របស់​យើង​ឱ្យបាន​ឆាប់ ពីព្រោះ​ពួក​គាត់​ត្រូវការ​ចំណាយ​ប្រចាំថ្ងៃ។ ប្រសិនបើ​ខាង​ក្រុមហ៊ុន​គាត់​បើកប្រាក់​ឈ្នួលមិន​គ្រប់ និង​យឺតយ៉ាវ​អីចឹង តើ​ឱ្យបងប្អូនបាន​ប្រាក់​ពីណា​សម្រាប់​ការងារ​ចំណាយ​ប្រចាំថ្ងៃ»។

កម្មការិនី​ផ្នែក​ដេរ​ម្នាក់ ​អ្នកស្រី សៀង ស្រី​រ៉ា រៀបរាប់​ប្រាប់​វី​អូ​ឌី​កន្លែង​តវ៉ា​ថា ករណី​ថៅកែ​បើកប្រាក់​ឈ្នួល​ឱ្យកម្មករ​យឺតយ៉ាវ និងមិន​គ្រប់​នេះ បាន​ធ្វើឱ្យ​ពួក​គាត់​ជួប​បញ្ហា និង​ការ​លំបាក​ជាច្រើន ដូចជា ​គ្មានលុយសម្រាប់​បង់ថ្លៃ​បន្ទប់​ជួល ​ទឹក​ភ្លើង ចាយ​វាយ​ប្រចំា​ថ្ងៃ និង​គ្មាន​លុយ​បង់​សង​ធនាគារ​ ជាដើម។

កម្មការិនី​វ័យ ២៥ឆ្នាំ​រូប​នេះ និយាយ​ទៀត​ថា ពេល​ដែល​គ្មាន​លុយ​បង់ថ្លៃ​បន្ទប់​ជួល គឺ​ត្រូវ​បាន​ម្ចាស់​បន្ទប់​ជួល​ព្រមាន​ឈប់​ជួល​បន្ទប់​ឱ្យ ហើយ​ថា ដើម្បី​ដោះស្រាយ​ពេល​អត់​លុយ​ចាយ និង​បង់ថ្លៃ​បន្ទប់​ជួល​នោះ​គឺ អ្នកស្រី​ត្រូវឱ្យ​អ្នកផ្ទះ​ផ្ញើលុយ​មក​ឱ្យចាយវិញ។

អ្នកស្រី ស្រីរ៉ា៖ «សួរ​ថា ​កម្មករ​គាត់​មាន​កម្លាំង​ធ្វើ​អត់! ខែ៤ ក៏​មិនបាន​ផ្ញើលុយ​ទៅផ្ទះ។ អ្នកខ្លះ​ត្រូវ​ចំណាយ​កូន​រៀន អ្នកខ្លះ​ត្រូវបង់​ធនាគារ ជំពាក់គេ ចាយវាយ​ប្រចាំថ្ងៃ ត្រូវការ​លុយ​បង់​សង​គេ​វិញ អ្នកខ្លះ​អត់​លុយ​ចាយ ​ត្រូវឱ្យ​អ្នកផ្ទះ​ផ្តល់​លុយ​មក​ឱ្យ​ចាយ​វិញ ចុះបើ​ថៅកែ​ធ្វើបែប​ហ្នឹង​អីចឹង​ សួរ​ថា កម្មករ​គ្នា​មាន​អា​រម្ម​ណ៍​ម៉េច»។

មន្ត្រី​សហព័ន្ធ​សហជីព​កម្មក​រន​ិយោ​ជិត ​លោក ផែន សោភ័ណ្ឌ ដែល​ចុះ​ឃ្លាំមើល​ការ​តវ៉ា​នេះ មានប្រសាសន៍​ថា ករណី​ថៅកែបើកប្រាក់​ឈ្នួល​ឱ្យ​កម្មករ​មិន​គ្រប់ និង​យឺតយ៉ាវ​នេះ គឺជា​រឿង​ខុសច្បាប់។

មន្ត្រី​សហព័ន្ធ​សហជីព​រូប​នេះ ស្នើ​ឱ្យមន្ត្រី​ក្រសួងការងារ​ចុះ​សម្របសម្រួល​ដោះស្រាយ​ជូន​កម្មករ​ឱ្យបាន​ឆាប់ ដើម្បីកុំឱ្យកម្មករ​ជួប​ទុក​្ខលំបាក​បន្ត​ទៀត។

លោក​បន្ថែម​ថា៖ «ប្រកាស​របស់​រដ្ឋាភិបាល ​អ្នក​ដែល​ព្យួរការងារ​ គាត់​ត្រូវ​បាន ៣០ដុល្លារ​ពីថៅកែ និង៤០ដុល្លារ​ត្រូវ​បាន​ពី​រដ្ឋាភិបាល ចុះ​ហេតុ​អី​បាន​ជា​អ្នក​ដែល​ព្យួរការងារ​បានតែ ១២ដុល្លារ។ អីចឹង​ វា​ខុសពី​ផ្លូវច្បាប់​ហើយ។ នៅពេល​នេះ​ ទាំង​អ្នក​នៅ​ធ្វើការ និង​អ្នក​ព្យួរ ​គេ​ទាមទារ​ឱ្យបើកប្រាក់​ឈ្នួល​ឱ្យ​ពួក​គេ​ឱ្យសមស្រប​ទៅតាម​ផ្លូវច្បាប់»។

បើ​តាមកម្ម​ករ រោងចក្រ ឃែន​ធើ​រេន (Canteran Apparel​) និង​រោង​ចក្រ​ ខ្វ​លី​ធី តេ​ក្ស​ស្ទីល (Quality Textiles​) ជា​រោងចក្រ​ផលិត​សម្លៀកបំពាក់​ មាន​ថៅកែ​ជា​ជនជាតិ​ចិន និង​មានកម្ម​ករ​សរុប​ប្រមាណ ២ពាន់​នាក់​៕



រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles