មេ​ប៉ូលិស​ព្រមាន​ស្នងការ​ទាំង​អស់ ឲ្យ​ឈប់​ដាក់​បារ៉ាស់ និង​បញ្ឈប់​ការ​ឃាត់​ម្ចាស់​យាន​យន្ត ដែល​មិន​ល្មើស​ច្បាប់​ចរាចរណ៍​មក​សួរ​នាំ

ដោយ ខែ សុណង
2020-05-26
RFA

លោក នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ

លោក នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ

 រូប៖ ហ្វេសប៊ុក លោក នេត សាវឿន


អគ្គ​ស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បាន​ព្រមាន​ដាក់​វិន័យ​ស្នងការ​រាជធានី​ខេត្ត​ទាំង​អស់ បើ​បន្ត​អនុវត្ត​ច្បាប់​​ចរាចរណ៍​ លើស​គោលការណ៍​​ ត​ទៅ​ទៀត ដូច​ជា​ករណី​ដាក់​បារ៉ាស់ ឃាត់​ម្ចាស់​យានយន្ត​ សួរ​នាំ​ឯកសារ​យានយន្ត​ ជាដើម។

អ្នក​នាំ​ពាក្យ​​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ប្រាប់​អាស៊ី​សេរី​ថា បទ​បញ្ជា​​របស់​លោក នេត សាវឿន គឺ​​ជា​ការ​កែ​ទម្រង់​ ព្រោះ​​​គោលការណ៍​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ គឺ​នគរបាល​​មិន​យក​ច្បាប់​ទាំងអស់​​នៃ​អនុក្រឹត្យ​ថ្មី (លេខ​៣៩) មក​អនុវត្ត​ភ្លាម​ទេ ដោយ​ច្បិច​យក​ចំណុច​ខ្លះ​មក​អនុវត្ត​​សិន។

លោក ឆាយ គឹមខឿន ប្រាប់​ថា ប្រហែល​​កង​កម្លាំង​​ខ្លះ ស្ដាប់​គោលការណ៍​មិន​ទាន់​ច្បាស់ ​ទើប​មាន​ករណី​ ប៉ូលិស​ចរាចរណ៍​​ឃាត់​​ម្ចាស់​យាន​យន្ត​ មិន​បាន​ប្រព្រឹត្តិ​បទ​ល្មើស​​មក​សួរ​នាំ ឬ​អាច​​មាន​ករណី​ដាក់​​​បារ៉ាស់​កាត់​ផ្លូវ​ ដើម្បី​ឃាត់​យានយន្ត​​។ ករណី​បែប​នេះ បណ្ដាល​ឲ្យ​មាន​ការ​ថ្នាំងថ្នាក់​ជាមួយ​ពលរដ្ឋ​។ អគ្គ​ស្នងការ​រង​រូប​នេះ​បញ្ជាក់​ថា បើ​​មាន​ករណី​ប៉ូលិស​ដាក់​បារ៉ាស់ ឬ​ឃាត់​​យានយន្ត​ដែល​មិន​ប្រព្រឹត្តិ​បទ​ល្មើស​ចរាចរណ៍​ជាក់ស្ដែង​មក​សួរ​នាំ ពលរដ្ឋ​​អាច​ប្ដឹង ឬ​រាយការណ៍ទៅ​លេខ​ទូរស័ព្ទ​១១៧៖ «បាន​ន័យ​ថា យើង​អត់​ដាក់​បារ៉ាស់​ត្រួត​ពិនិត្យ​បែប​រដ្ឋបាល​ទេ។ ត្រួត​ពិនិត្យ​បែប​រដ្ឋបាល បាន​ន័យ​ថា គ្រប់​យានយន្ត​ហៅ​ទាំងអស់។ តែ​នេះ យើង​​កែ​សម្រួល​គោលការណ៍​ថ្មី​បន្ថែម​ទៀត ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ពលរដ្ឋ ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ»

នៅក្នុងសារសំឡេង​បែក​ធ្លាយ​មួយ​ដែល​គេ​ស្គាល់​ថា ជា​សំឡេង​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ​និយាយ​ថា ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ​ខ្លះ ថ្នាំងថ្នាក់​ចំពោះ​នគរបាល​ចរាចរណ៍​មួយ​ចំនួន ដែល​បាន​ដាក់​បារ៉ាស់ ​ឃាត់​រថយន្ត​ធ្វើដំណើរ​តាម​ផ្លូវ ក្រោម​ហេតុ​ផល​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​​ផ្លូវគោក បើ​ទោះ​បី​ជា​ម្ចាស់​រថយន្ត​នោះ បើកបរ​ធម្មតា ដោយ​អនុវត្ត​តាមច្បាប់​ត្រឹមត្រូវ​ក៏​ដោយ។​ លោក នេត សាវឿន ថា នេះ​ជា​ការ​ព្រមាន​​លើក​​ចុង​ក្រោយ ក្នុង​ករណី​នៅ​តែ​មាន​​កើត​ឡើង​បែប​នេះ​ទៀត ស្នងការ​រាជធានី​ខេត្ត​ផ្ទាល់ នឹង​ត្រូវ​រង​ពិន័យ​តាម​ច្បាប់។

​បទល្មើស​​ចរាចរណ៍​ចំនួន ​​១៦​ប៉ុណ្ណោះ នៃ​អនុក្រឹត្យ​ថ្មី​ ដែល​ត្រូវ​បាន​​នគរបាល​យក​មក​អនុវត្ត​ការ​ផាក​ពិន័យ។ ក្នុង​នោះ ​សម្រាប់​​ម៉ូតូ មាន​៧​បទ​ល្មើស​ ឯ​​រថយន្ត​ ​៩​​បទ​ល្មើស។ បទល្មើស​ម៉ូតូ​ គឺ​មិន​ពាក់មួក​សុវត្ថិភាព​ ស្រវឹង​ មិន​គោរព​ភ្លើង និង​ស្លាក​សញ្ញា​ ល្មើស​ការ​បត់ ការ​​វ៉ា​ជែង​ ដឹក​លើសចំណុះ​​ គ្មាន​ស្លាក​លេខ និង​ប្រើប្រាស់​ទូរស័ព្ទ​ដោយ​គ្មាន​កាស​។

ចំណែក​បទល្មើស​រថ​យន្ត​ ទាំង​ ៩​បទល្មើស​ រួម​មាន​ បទល្មើស​ល្បឿន​ ស្រវឹង​ គ្មាន​ប័ណ្ណ​បើកបរ​ មិន​គោរព​ភ្លើង​សញ្ញា ល្មើស​ក្នុង​ការ​បទ និង​វ៉ា​ជែង​ មិន​ពាក់​ខ្សែ​ក្រវាត់​ការ​ពារ​សុវត្ថិភាព​ ដឹក​លើស​ចំណុះ​​គ្មាន​ស្លាក​លេខ ​និង​និយាយ​ទូរស័ព្ទ​ដោយ​គ្មាន​ឧក​រណ៍​ភ្ជាប់​សំឡេង​។

នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក លោក គង់ រតនៈ​ យល់​​​ថា​​ ការ​ផាក​ពិន័យ ​ដែល​​មិន​បាន​គិត​គូរ​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​បើក​បរ​ បណ្ដាល​ឲ្យ​ផ្លូវ​កក​ស្ទះ ដោយ​សារ ​ការ​ផាក​ពិន័យ​​​នោះ​។ លោក សង្កេត​ឃើញ​ថា​​ រយៈ​ពេល​២​សប្ដាហ៍​ដំបូង នគរបាល​ចរាចរណ៍​ហាក់​បាន​តាំង​ចិត្ត​ខ្លាំង ក្នុង​​រឹត​បន្តឹង​ច្បាប់​ ប៉ុន្តែ​​មួយ​សប្ដាហ៍​ចុងក្រោយ​នេះ​ ពិសេស​នៅ​​​ក្រុង​ភ្នំពេញ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​បាន​​ថយ​ចុះ​វិញ​ ដោយ​នៅ​តាម​កន្លែង​គោលដៅ​ខ្លះ ដាក់​តែ​សាជី​ នៅ​លើ​ផ្លូវ​ចោល គ្មាន​នគរបាល​ប្រចាំ​ការ។ លោក បន្តថា ចំណែក​ ការ​ចូលរួម​គោរព​ច្បាប់​របស់​ពលរដ្ឋ​វិញ ក៏​ដូច​គ្នា ដោយ​២​សប្ដាហ៍​ដំបូង​ មាន​ការ​កែប្រែ​ខ្លះ​។ ​តែ​១​សប្ដាហ៍​​ចុង​ក្រោយ ការ​អនុវត្ត​នៅ​តែ​ឆ្គាំឆ្គង។ តាម​ផ្លូវ​ ដែល​គ្មាន​សមត្ថកិច្ច​ឈរ​ជើង​ប្រចាំ​ការ ពលរដ្ឋ​នៅ​តែ​មិន​ចូលរួម​អនុវត្ត​ច្បាប់។

អ្នក​​ជំនាញ​សុវត្ថិភាព​​ចរាចរណ៍​ផ្លូវ​គោក​រូប​នេះ​ ឲ្យ​ដឹង​​ថា​ ពលរដ្ឋ​នៅ​តែ​រអ៊ូរទាំ ​ចំពោះ​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​ ប៉ុន្តែ​ពួកគេ​​​មិន​​ហ៊ាន​បញ្ចេញ​មតិ​ជា​សាធារណៈ​ឡើង​ ព្រោះ​ឃើញ​​​អ្នក​បញ្ចេញ​មតិ​ច្រើន​នាក់​ ត្រូវ​ប៉ូលិស​ចាប់​ យក​ទៅ​ព្រមាន៖ «យើង​ត្រូវ​ជំរុញ​ឲ្យ​មាន​ការ​អប់រំ​ផ្សព្វផ្សាយ​​ហ្នឹង​ឲ្យ​បាន​​ពេញលេញ ហើយ​សមត្ថកិច្ច​ហ្នឹង ជំរុញ​ឲ្យ​ពួកគាត់​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ឲ្យ​បាន​ទៀត​ទាត់ ព្រោះ​ថា​ ជួនកាល គាត់​ដាក់​មួយ​ថ្ងៃ​អ៊ីចឹង​ទៅ គាត់​រើ​ទៅ​ដាក់​កន្លែង​ផ្សេង ឬ​ក៏​រើ​ទៅ​កន្លែង​ផ្សេង​មួយ​ទៀត អា​នេះ ហាក់​ដូចជា​វិធានការ​នៃ​ការ​វែក​ចក​ទេ យើង​អត់​អាច​ធ្វើ​បាន​(ជោគជ័យ​)ទេ។ បើ​សម្រាប់​ខ្ញុំ ​ខ្ញុំ​យល់​ថា បើ​សិន​ជា​យើង​ចង់​កែប្រែ​ឥរិយាបថ​របស់​អ្នក​បើក​បរ​មួយ​ចំនួន​ ដែល​លោក អត់​ទាន់​គោរព​ច្បាប់​ហ្នឹង យើង​យ៉ាង​ហោច​ណាស់ គឺ​យើង​ដាក់​ឲ្យ​ជាប់ យើង​ពិសោធន៍​មើល​ដំណាក់​កាល​រយៈ​ពេល​៣​ខែ​ដំបូង យើង​ដាក់​ (ប៉ុស្តិ៍)​ រាល់​ថ្ងៃ យើង​ឲ្យ​សមត្ថកិច្ច​ គាត់​ត្រួត​ពិនិត្យ​រាល់​ថ្ងៃ​អ៊ីចឹង​ទៅ»។

រយៈ​ពេល ​២៥​ថ្ងៃ​ដំបូង​ នៃ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​គឺ​នគរបាល​​ផាក​ពិន័យ​យានយន្ត បាន​ជាង​​ ៣​ម៉ឺន​ ៦​ពាន់​ (៣៦.៧៩៩)គ្រឿង ក្នុង​នោះ​ម៉ូតូ ជាង​២ម៉ឺន ៦​ពាន់ (២៦.៧៨២)គ្រឿង និង​រថយន្ត​ ជាង​១ម៉ឺន​ (១០.០១៧)គ្រឿង។ របាយការណ៍​ប៉ូលិស​បង្ហាញ​ថា ភាគច្រើន​នៃ​បទ​ល្មើស​​ចរាចរណ៍​ គឺ​​គ្មាន​មួក​សុវត្ថិភាព ល្មើស​ល្បឿន មិន​ពាក់​ខ្សែ​ក្រវាត់​ការពារ​សុវត្ថិភាព និង​ស្រវឹង ជាដើម។

ប៉ូលិស ក៏​អះអាង​ថា គ្រោះថ្នាក់​ចរាចរណ៍ ​ចំនួន​អ្នក​ស្លាប់ និង​អ្នក​រង​របួស ​​ត្រូវ​​បាន​កាត់​បន្ថយ​ច្រើន​ដែរ ក្នុង​រយៈ​ពេល​អនុវត្ត​ការ​រឹត​បន្តឹង​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​នេះ។ ប៉ុន្តែ​ ពលរដ្ឋ​ និង​អ្នក​រត់​រ៉ឺម៉ក​ខ្លះ​ ប្រាប់​ថា ពួកគាត់​ភ័យ​​ព្រួយ​ គ្មាន​ប្រាក់​​សម្រាប់​បង់​ពិន័យ ដល់​ថ្នាក់​លែង​សូវ​ហ៊ាន​​ចេញ​​ទៅ​ប្រកប​មុខ​​របរ​ទៅ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles