លោក ផៃ ស៊ី​ផាន ថា​រដ្ឋា​ភិបាល​​តែង​តែ​​ជួយ​​ដោះ​ស្រាយ​​បំណុល​​ពល​រដ្ឋ​​

ព័ត៌មានជាតិ | សេដ្ឋកិច្ច | អភិបាលកិច្ច
លោក ណាត សុភាព | ២៦ ឧសភា ២០២០ | ម៉ោង ៥:២២ ល្ងាច
VOD

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)


អ្នកនាំពាក្យ​រដ្ឋាភិបាល​អះអាង​ថា ថ្នាក់ដឹកនាំ​តែងតែ​យកចិត្ត​ទុកដាក់​ប្រើ​គ្រប់​មធ្យោបាយ​ ដើម្បី​ដោះស្រាយ​បញ្ហា​បំណុល​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការ​លំបាក មិន​ដូច​ការចោទប្រកាន់​របស់​គណបក្ស​នយោបាយ​ ឬអង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ទេ។ 

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដរបស់​ខេ​ត្ដ​ព្រះវិហារ» អ្នកនាំពាក្យ​រដ្ឋាភិបាល ​លោក ផៃ ស៊ី​ផាន ថ្លែង​ថា រដ្ឋាភិបាល​មិនដែល​បែរខ្នង​ដាក់​ប្រជាពលរដ្ឋ​នោះ​ទេ។ ផ្ទុយទៅវិញ លោក​ថា រដ្ឋាភិបាល​តែងតែ​ជួយ​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​ដែល​រង​ផល​ប៉ះពាល់​ដល់ជីវភាព​រស់នៅប្រចាំថ្ងៃ គ្រួសារ​ក្រីក្រ និង​គ្រួសារ​ទទួលរង​ប៉ះពាល់​ខ្លាំង​ជាងគេនៅ​អំឡុង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ផង​ដែរ។

លោក ផៃ ស៊ីផាន មានប្រសាសន៍​ថា៖ «ឃើញ​អង្គការ ប្រតិកម្ម​របស់​គណបក្ស​ខ្មោច​មួយចំនួន ឬក៏​គណបក្ស​មួយចំនួន បាន​លើកឡើង​ថា រដ្ឋាភិបាល​គួរតែ​បញ្ចេញ​នូវ​ថវិកា​ចែក​ជូន ​[កូនបំណុល​] អ្នក​ទាំងអស់​ហ្នឹង​កំពុង​ជំពាក់​ធនាគារ ក៏ប៉ុន្តែ​ សូម​ជម្រាប​ជូន​ថា រាជរដ្ឋាភិបាល​អត់​បែ​រខ្នង​ដាក់​ប្រជាជន​ទេ យើង​ដឹង​ហើយ​សព្វថ្ងៃ​ដែល​ប្រជាពលរដ្ឋ​បោះឆ្នោត​គាំទ្រ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន កន្លងមក ភ្លូក​ទឹកភ្លូក​ដី យើង​ក៏បាន​បម្រើផ្តល់​ទៅវិញ​នូវ​អ្វី​ដែល​ជា​សេចក្តី​ត្រូវការ​របស់​មហាជន»។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍​ថា លោកគាំទ្រ​នឹង​វិធានការ​របស់​រដ្ឋាភិបាល​កន្លងមក ដែល​ឱ្យធនាគារ​ជួយ​សម្រួល​ឡើងវិញ​ដល់​កូនបំណុល ឱ្យផ្អាក​បង់​សង​ប្រាក់ដើម និង​ការប្រាក់​សម្រាប់​រយៈពេល​យ៉ាងតិច ៣ខែ។ 

ទោះជា​បែបនេះ​ក្តី លោក វន់ ពៅ ផ្តល់​អនុសាសន៍​ទៅ​រដ្ឋាភិបាល​ជំរុញ​ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ ​អនុវត្ត​វិធានការ​របស់​រដ្ឋាភិបាល​ឱ្យមាន​ប្រសិទ្ធភាព និង​បង្កើត​ក្រុម​អធិការកិច្ចធ្វើការងារ​នេះ​បន្ថែម​ទៀត ទើប​ទទួល​បានផល​វិជ្ជមាន។

លោក​មានប្រសាសន៍​ថា៖ «ខ្ញុំ​គិតថា ​រដ្ឋាភិបាល​គួរតែ​បង្កើត​ក្រុម​អធិការកិច្ច​តាម​អង្កេត​ខ្លួនឯង​ទៅលើ​ធនាគារឯកជន​ទាំងអស់ ថា​តើ​គាត់​បាន​ធ្វើ​ទៅតាម​សេចក្តី​អំពាវនាវ​របស់​ធនាគារជាតិ​បាន​ប៉ុន្មាន​ភាគរយ ឬក៏​អាច​ទទួលយក​បាន មាន​ប្រសិទ្ធភាព ដូច​ការ​អំពាវនាវ​របស់​គាត់​ដែរ​ឬអត់ ហើយ​រដ្ឋាភិបាល​គួរតែ​បង្កើត​គណៈកម្មការ​អធិការកិច្ច​អង្កេត​ខ្លួនឯង​ទៅលើ​បញ្ហា​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ ទើប​ជា​ដំណោះស្រាយ​ល្អ»។

បើ​តាមអង្គការ​លី​កាដ​ូ ពលរដ្ឋ​កម្ពុជា​ជាង ២លាន ៥សែន​នាក់ មាន​ជាប់បំណុល​មីក្រូហិរញ្ញវត្ថុ​ទំហំ​ដល់ទៅ​ជាង ១០ពាន់​លាន​ដុល្លារ។ អង្គការ​លី​កាដ​ូ និង​អង្គការ​ដៃគូ​ជាង ១០០ផ្សេង​ទៀត សម្តែង​ការ​ព្រួយបារម្ភ​ថា បញ្ហា​បំណុល​នេះនឹង​អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​ចំណាកស្រុក​ដោយបង្ខំ​ ប្រឈម​គ្រោះថ្នាក់ ហើយ​អាច​ឈាន​ដល់​វិប​ត្តិ​ផ្សេង​ៗទៀត​ក្នុង​សង្គម​៕


អ្នក​ខ្ចី​​លុយ​​ធនាគារ​​មួយ​ចំនួន​ប្រកាស​​លក់​​ទ្រព្យ​​សង​បំណុល​​

អ្នកខ្ចី​លុយ​ធនាគារ​មួយចំនួន​អះអាង​ថា ពេលនេះ​ពួក​គាត់​មិន​មាន​ជម្រើស​អ្វី​ក្រៅពី​បង្ខំចិត្ត​លក់​ទ្រព្យសម្បត្តិ​មានផ្ទះ និង​ដី ក្នុង​តម្លៃ​ទាប​ ដើម្បី​ដោះស្រាយ​សងបំណុល​នោះ​ទេ ដោយសារ​លក្ខខណ្ឌ​ធនាគារជាតិ​ដាក់ចេញ​នោះ ​មិន​អាច​ជួយ​ពួក​គាត់​បាន។


លី​កាដូ៖ បំណុល​​មីក្រូ​ហិរញ្ញ​វត្ថុ​​ជំរុញ​​ឱ្យ​​អ្នក​ភូមិ​​ទៅ​​ធ្វើ​​ពលករ​​នៅ​​ថៃ​​

របាយការណ៍​សិក្សា​ស្រាវជ្រាវ​ក្នុង​ភូមិ​មួយ​នៅ​ខេត្ត​បន្ទាយមានជ័យ​របស់​អង្គការ​លី​កាដូ រក​ឃើញថា ​កម្ចី​មីក្រូហិរញ្ញវត្ថុ​បាន​បង្ខំ​ឱ្យ​គ្រួសារ​ខ្លះ​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ ដែល​អ្នកស្រាវជ្រាវ​យល់ថា ​ជាផ្នែក​មួយ​នៃ​និន្នាការ​ធ្វើ​ចំណាកស្រុក​ដោយសារ​បំណុល។


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "លោក ផៃ ស៊ី​ផាន ថា​រដ្ឋា​ភិបាល​​តែង​តែ​​ជួយ​​ដោះ​ស្រាយ​​បំណុល​​ពល​រដ្ឋ​​"

  1. Anonymous says:

    Pi c porm is the man who talking like parrot haha’ Don’t ever bark too much because your mouth seem to be so sting ‘