អាជ្ញាធរ​​កូរ៉េ​​ខាងត្បូង​​ឃាត់​ខ្លួន​​ស្ត្រី​​ខ្មែរ​៧​នាក់​​សួរ​រក​​លិខិត​បញ្ជាក់​​សុខភាព​​

ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ
លោក វណ្ណ វិចារ |២៦ ឧសភា ២០២០ | ម៉ោង ៥:៣៩ ល្ងាច
VOD

ស្ត្រីខ្មែរដែលធ្វើដំណើរពីប្រទេស​ហ្សំប៊ី​កាលពី​ថ្ងៃទី២៣ មកដល់​កូរ៉េ​នៅ​ថ្ងៃទី២៤ ខែឧសភា ក្នុងបំណងត្រលប់មកកម្ពុជាវិញ ត្រូវបានអាជ្ញាធរកូរ៉េខាងត្បួងឃាត់ខ្លួននៅព្រលានយន្តហោះ ក្រោយពីឆែកឃើញមិនមានលិខិតបញ្ជាក់សុខភាពថាគ្មានកូវីដ១៩។

ស្ត្រីខ្មែរដែលធ្វើដំណើរពីប្រទេស​ហ្សំប៊ី​កាលពី​ថ្ងៃទី២៣ មកដល់​កូរ៉េ​នៅ​ថ្ងៃទី២៤ ខែឧសភា ក្នុងបំណងត្រលប់មកកម្ពុជាវិញ ត្រូវបានអាជ្ញាធរកូរ៉េខាងត្បួងឃាត់ខ្លួននៅព្រលានយន្តហោះ ក្រោយពីឆែកឃើញមិនមានលិខិតបញ្ជាក់សុខភាពថាគ្មានកូវីដ១៩។


អាជ្ញាធរ​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃទី២៤ ខែឧសភា បាន​ឃាត់ខ្លួន​ស្ត្រី​ខ្មែរ ៧នាក់ ​មិន​ឱ្យ​បន្តដំណើរ​មកកាន់​ប្រទេសកំណើត ដោយសារតែ​មិន​មាន​លិខិតបញ្ជាក់​ថា មិន​មាន​ផ្ទុកមេរោគ​កូ​វីដ១៩។ 

ពលរដ្ឋខ្មែរ​ទាំងនោះ ជា​អ្នកបម្រើ​ការងារ​នៅ​សណ្ឋាគារ​កាស៊ីណូ(ផ្នែកហ្គេម)​ក្នុង​សាធារណរដ្ឋ​ហ្សំប៊ី ស្ថិតនៅ​តំបន់​អាហ្វ្រិក​កណ្ដាល។ ពលរដ្ឋ​ទាំងនោះ​ចំណាយពេល​ជិះ​ជាច្រើន​ម៉ោង ជិះ​យន្តហោះ​ពី​ប្រទេស​ហ្សំប៊ី​មកដល់ទឹក​ដី​កូរ៉េ​ខាងត្បូង ​ក្នុង​គោលដៅត្រលប់​មក​ស្រុកខ្មែរ​វិញ។ ប៉ុន្តែ​ ពួក​គេ​មិន​អាច​ឡើង​យន្តហោះ​បន្តម​កកម្ពុជា​បាន ដោយសារតែ​គ្មាន​ឯកសារ​ពេទ្យ​បញ្ជាក់​ថា ពួក​គេ​មិន​មាន​ផ្ទុក​មេរោគ​កូ​វីដ១៩។ 

យុវនារី​ដែល​ជាប់​នៅ​កូរ៉េ​ទាំងនោះ​ ប្រាប់​វី​អូ​ឌី​ថា​ ពួក​គាត់​មិនបាន​ដឹងពី​លក្ខខណ្ឌ​តម្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​តម្រូវ​ឱ្យ​មាន​ឯកសារ​ពិនិត្យ​សុខភាព​នោះ​ទេ។ ម្យ៉ាងទៀត ​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​ហ្សំប៊ី​មិន​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​ឱ្យ​អ្នកណា​ដែល​មិន​មាន​រោគសញ្ញា ​ឬជាប់ការ​សង្ស័យ​ថា​កើតជំងឺ​នោះ​ឡើយ។ អ្នក​ទាំងនោះ​កំពុង​ស្វែងរក​អន្តរាគមន៍​ពីសំណាក់​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ដើម្បី​បាន​ត្រលប់​មក​ស្រុក​វិញ។

ពលរដ្ឋ​ម្នាក់មាន​ស្រុកកំណើត​នៅ​ខេត្ត​បន្ទាយមានជ័យ កញ្ញា​ កេង ស្រី​មាន រៀបរាប់​ថា ​ពួក​គាត់​បាន​ចេញដំណើរ​ពី​ប្រទេស​ហ្សំប៊ី​កាលពី​ថ្ងៃទី២៣ មកដល់​កូរ៉េ​នៅ​ថ្ងៃទី២៤ ខែឧសភា។ កញ្ញា​បន្ត​ថា មន្ត្រី​អន្តោប្រវេសន៍​កូរ៉េ​បាន​ឃាត់​ពួក​គាត់​ទុក​មិន​ឱ្យ​ឡើង​យន្តហោះ​មក​ខ្មែរ ដោយសារតែ​មិន​មាន​ឯកសារ​បញ្ជាក់​សុខភាព​តេ​ស្តរ​កកូ​វីដ១៩។ កញ្ញា​បន្ថែម​ថា គាត់​កំពុង​បារម្ភ​ពី​សុខភាព​និង​សុវត្ថិភាព​អំឡុង​ពេល​ស្នាក់នៅ​ទីនោះ។

កញ្ញា ស្រី​មាន៖ «រយៈពេលពីរបី​ថ្ងៃ​នៅ​ព្រលា​នហ្នឹង​ ក៏​អត់​សុវត្ថិភាព​ដែរ ខាង​ព្រលា​នគេ​អត់​រវីរវល់​នឹង​ពួក​យើង​អ្វី​ទាំងអស់ ខោអាវ​ពួក​ខ្ញុំ​ទៅដល់​ខ្មែរ​អស់ហើយ អីចឹង​ពួក​ខ្ញុំ​ពិបាក​ហ្មង ​ស្អី​ក៏​អត់មាន ​ស្អី​ក៏​អត់មាន។»

ពលរដ្ឋ​ពី​ខេត្ត​ពោធិ៍​សាត់ កញ្ញា​ សែម ធីតា លើកឡើង​ថា ពួកគេទាំង ៧នាក់ ​បារម្ភ​ពី​សុខភាព ​និង​ខ្វះខាត​លុយកាក់​ទិញ​ចំណីអាហារ​ក្នុង​ពេល​ស្នាក់នៅ​ក្នុង​ប្រទេស​កូរ៉េ។

កញ្ញា​ សែម ធីតា៖ «ក្នុង​ពេល​រង់ចាំ​នេះ ​ស្អី​ក៏​ថ្លៃ​ៗ ដឹង​ស្រាប់ហើយ យើង​មាន​លុយ​ឯណា​សម្រាប់​ចំណាយ រស់នៅ​កណ្ដាលវាល​អីចឹង ​យើង​ខ្លាច​មាន​ជំងឺឆ្លង​ ទោះ​យើង​មិន​ឈឺ ​នៅ​យូរ​អីចឹង​សុខភាព​យើង​នឹង​ខ្សោយ ងើប​គេង ​គេង​ងើប ខ្លាច​មាន​ជំងឺ​ណាមួយ ​យើង​ហោះ​មក​ពី​ឆ្ងាយ​ហត់​ផង​អី​ផង ពួក​ខ្ញុំ​បារម្ភ​ខ្លាច​ឈឺ​ ខ្លាច​អី​ផង​ កាន់តែ​ពិបាក។»

កញ្ញា​បញ្ជាក់​ថា ពួក​គាត់​បាន​ទាក់ទង​ទៅកាន់​ស្ថានទូត​រួចហើយ ដោយ​ភាគី​ស្ថានទូត​សន្យា​ថា​នឹង​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ មិនទាន់​ឃើញ​មាន​បុគ្គលិក​ស្ថានទូត​ទៅ​ជួប​ពួក​គាត់​ឡើយ។

ឆ្លើយតប​នឹង​បញ្ហា​នេះ ឯកអគ្គ​រាជទូត​ខ្មែរ​ប្រចាំ​នៅ​កូរ៉េ លោក ឡុង ឌី​ម៉ង់ ថ្លែងប្រាប់​វី​អូ​ឌី​ថា លោក​បាន​ទទួល​ព័ត៌មាន​ពី​ស្ថានភាព​ពលរដ្ឋខ្មែរ​ទាំង ៧នាក់​នេះ​រួចហើយ។ លោក​ថា ស្ថានទូត​ខ្មែរ​កំពុង​ទាក់ទង​ទៅ​រដ្ឋាភិបាល​កូរ៉េ​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

លោក ឡុង ឌី​ម៉ង់៖ «ឥលូវ​នេះ ​ចំពោះមុខ​ ស្ថានទូត​កំពុង​ព្យាយាមក្នុង​ការសម្របសម្រួ​លបន្ថែមទៀ​ត ជាមួយនឹង​អាជ្ញាធរ​កូរ៉េ​នេះ​ ដើម្បី​សុំ​ការយោគយល់​ សុំ​ជួយមួយ​ក្រុម​នេះ​ទៀត នេះ​មិនទាន់​ដឹង​លទ្ធផល​យ៉ាងណា​ទេ​ នេះ​កំពុង​ខិតខំ​ធ្វើការ​នេះ​ជាប់​រហូត។»

បើ​តាម​លោក ឡុង ឌី​ម៉ង់ កាលពី​ចុង​សប្ដាហ៍​ ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​កូរ៉េ​ ទើបតែ​បាន​អន្តរាគមន៍​លើ​ករណី​ដូចគ្នា​នេះ​ដែរ ចំពោះ​ពលរដ្ឋខ្មែរ​ចំនួន ១៨នាក់​ដែល​មិន​មាន​ឯកសារ​តេ​ស្តរ​កកូ​វីដ១៩។ ក្នុង​នោះ ​អ្នកដំណើរ ១៧នាក់​ ជិះ​យន្ដ​ហោះពី​ប្រទេស​ស្រីលង្កា និងម្នាក់​ធ្វើដំណើរ​ពីជប៉ុន ហើយ​ចុះ​ប្ដូរ​ជើង​យន្ដ​ហោះ​ត្រឹម​ប្រទេស​កូរ៉េ​ខាងត្បូង មុននឹង​បន្តដំណើរ​ទៅ​ប្រទេស​កម្ពុជា។

ការ​ធ្វើដំណើរដោយ​គ្មាន​ឯកសារ​បញ្ជាក់​សុខភាព​ថា​មិន​មានមេ​រោគ​កូ​វីដ១៩នេះ គឺ​ផ្ទុយ​នឹង សេចក្ដីសម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តម្រូវ​ឱ្យ​អ្នក​ដំណើរ​ទាំងអស់ ចាំបាច់​ត្រូវ​មាន​ឯកសារ​ពិនិត្យ​សុខភាព​ ដែល​បញ្ជាក់​ថា គ្មាន​មេរោគ​កូ​វីដ១៩ ដែល​ចេញ​ដោយ​ប្រទេស​សា​ម៉ី​នៅក្នុង​រយៈពេល ៧២ម៉ោង មុន​ដាក់​ជើង​ជាន់​ដីខ្មែរ។ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល​ កាលពី​ថ្ងៃទី២០ ខែឧសភា​កន្លងទៅ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក​ ស៊ឹង ​សែន​ករុណា មានប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​ចាត់វិធានការ​ជួយ​ពលរដ្ឋ​ខ្លួន​ដែល​កំពុង​ត្រូវការ​ជំនួយ​ក្នុង​ពេល​មានការ​រីក​រាលដាល​នៃ​កូ​វីដ១៩នេះ។

លោក ស៊ឹង សែន​ករុណា៖ «មិន​គួរណា​មានការ​បង្អែបង្អង់​បណ្ដោយ​ឱ្យ​ជនជាតិ​យើង​រសាត់អណ្ដែត​ក្នុង​ប្រទេស​គេ​អីចឹង​ទេ គួរតែ​ស្ថានទូត​យើង​ធ្វើ​យ៉ាងណា​អន្តរាគមន៍ដុតដៃដុតជើង​ក្នុងនាម​ជា​អាជ្ញាធរ។ ​រដ្ឋាភិបាល​ត្រូវតែ​ជួយពលរដ្ឋ​ខ្លួនដែល​នៅ​ក្រៅប្រទេស ​ដែល​កំពុង​រងទុក្ខ​ក្នុង​ពេល​កើតមាន​កូ​វីដ១៩នេះ​៕»


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles