ក្រសួង​យុត្តិធម៌​មិន​ទាន់​​សរុប​លទ្ធផល​ដោះ​ស្រាយ​បញ្ហា​កក​ស្ទះ​សំណុំ​រឿង​ទេ ក្នុង​ពេល​មួយ​សប្ដាហ៍​មក​នេះ

ដោយ សេក បណ្ឌិត
2020-05-26
RFA

លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ថ្លែង​ក្នុងពិធី​ចូល​កាន់​ដំណែង កាល​ពី​ថ្ងៃទី១ មេសា ឆ្នាំ​២០២០។

លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ថ្លែង​ក្នុងពិធី​ចូល​កាន់​ដំណែង កាល​ពី​ថ្ងៃទី១ មេសា ឆ្នាំ​២០២០។

 រូប​ហ្វេសប៊ុក លោក ស ខេង


ក្រសួង​យុត្តិធម៌​មិន​ទាន់​បូក​សរុប​លទ្ធផល​នៃ​ការ​ដោះស្រាយ​បញ្ហា​កក​ស្ទះ​សំណុំ​រឿង​នៅ​តាម​សាលាដំបូង​រាជធានី​ខេត្ត​នៅ​ឡើយ​ទេ ក្រោយ​អនុវត្ត​យុទ្ធនាការ​បាន​មួយ​សប្ដាហ៍​មក​នេះ។ មន្ត្រី​សិទ្ធិ​​មនុស្ស​រំពឹង​ថា យុទ្ធនាការ​នេះ​អាច​នឹង​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង​បាន​ខ្លះ ប៉ុន្តែ​ក៏​បារម្ភ​ថា យុទ្ធនាការ​នេះ​អាច​មាន​​ផល​អវិជ្ជមាន​ខ្លះ​ដែរ។

រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ឱ្យ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី២៦ ឧសភា​ថា សាលាដំបូង​រាជធានី​-ខេត្ត​កំពុង​អនុវត្ត​តាម​យុទ្ធនាការ​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង ដាក់​ចេញ​ដោយ​ក្រសួង​យុត្តិធម៌។ លោក​ថា ក្រសួង​នឹង​បូក​សរុប​លទ្ធផល​នៃ​យុទ្ធនាការ​នេះ​នៅ​ពេល​​ក្រោយ អាច​ក្នុង​រយៈពេល ១ខែ​ម្តង ៣ខែ​ម្ដង ឬក៏ ៦ខែ​ម្ដង។ លោក​​បញ្ជាក់​ថា យុទ្ធនាការ​នេះ​​ផ្ដោត​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ទូទៅ មិន​មាន​ការ​ញែក​ករណី​ណាមួយ​ដោយ​ឡែក​នោះ​ទេ ហើយ​យុទ្ធនាការ​នេះ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ដែល​មាន​ជា​ធរមាន៖«ក្នុង​រយៈពេល​មួយ​សប្ដាហ៍​នេះ គឺ​សាលា​ដំបូង​គ្រប់​​​រាជធានី​ខេត្ត​កំពុង​តែ​អនុវត្ត​ទៅ​តាម​​វិធានការ​ដែល​បាន​​ដាក់​ចេញ​នៅ​ក្នុង​យុទ្ធនាការ​នេះ​ហើយ អ៊ីចឹង​លទ្ធផល​នឹង​ត្រូវ​ធ្វើ​ការ​បូក​សរុប អាច​រយៈពេល ១ខែ​ម្ដង ១ឆមាស​ម្ដង ឬ​មួយ​ត្រី​មាស​ម្ដង​តាម​ក្រោយ»

ក្រសួង​យុត្តិធម៌​បាន​ចាប់​ផ្ដើម​អនុវត្ត​​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំ​រឿង​នៅ​តាម​សាលាដំបូង​រាជធានី​-ខេត្ត ចាប់​ពី​ថ្ងៃ​ទី១៨ ឧសភា តទៅ ដោយ​គ្រោង​ប្រើ​រយៈ​ពេល​ពី ៦ខែ​ដល់ ៩ខែ។ ការ​ដាក់​ចេញ​នូវ​យុទ្ធនាការ​ថ្មី​​នេះ គឺ​បន្ទាប់​ពី​ក្រសួង​ពិនិត្យ​​ឃើញ​ថា សំណុំ​រឿង​បាន​កើន​ឡើង​ជា​គំហុក​នៅ​តាម​សាលាដំបូង​រាជធានី-ខេត្ត រហូត​ដល់​ជិត ៤ម៉ឺន​សំណុំ​​រឿង។ ជិត ៤ម៉ឺន​សំណុំ​រឿង​នេះ គឺ​មិន​ទាន់​រាប់​បញ្ចូល​សំណុំ​រឿង​ដែល​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​សាលាឧទ្ធរណ៍​ និង​តុលាការ​កំពូល​នៅ​ឡើយ​ទេ។

រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​អះអាង​ថា យុទ្ធនាការ​នេះ​​មិន​ប៉ះពាល់​ដល់​ឯករាជ្យ​របស់​ស្ថាប័ន​តុលាការ​នោះ​ទេ ព្រោះ​ចៅក្រម​នៅ​តែ​សម្រេច​សេចក្តី​តាម​ឆន្ទានុសិទ្ធិ​​របស់​ខ្លួន​ ហើយ​ក្រសួង​គ្រាន់​តែ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម និង​គាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​តុលាការ​ប៉ុណ្ណោះ។

នាយក​​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មិន​ទាន់​ហ៊ាន​វាយ​តម្លៃ​ពី​ប្រសិទ្ធភាព​យុទ្ធនាការ​នេះ​ទេ ក៏​ប៉ុន្តែ​លោក​ថា មេធាវី​អង្គការ​លីកាដូ​បាន​ទទួល​លិខិត​អញ្ជើញ​ពី​តុលាការ​ឱ្យ​ចូលរួម​ការពារ​​កូន​ក្ដី​ជា​បន្ត​បន្ទាប់ ច្រើន​ជាង​ពេល​មុន។ លោក​ថា នេះ​ជា​ចំណុច​វិជ្ជមាន​ ព្រោះ​សំណុំ​រឿង​ខ្លះ​បាន​អូស​បន្លាយ​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។ ទោះ​ជា​យ៉ាង​ណា លោក​ក៏​បារម្ភ​អំពី​យុត្តិធម៌​សម្រាប់​ភាគី​ពាក់ព័ន្ធ​ផង​ដែរ ព្រោះ​ការ​ប្រើ​ពេល​ខ្លី ដើម្បី​​ដំណើរ​ការ​រឿង​ក្តី​ច្រើន​​ អាច​នឹង​ធ្វើ​ឱ្យ​ការ​ស៊ើបអង្កេត និង​ការ​ជំនុំ​ជម្រះ​ធ្វើ​ឡើង​ដោយ​មិន​គ្រប់​ជ្រុង​ជ្រោយ៖«បើ​ធ្វើ​ទៅតាម​វិជ្ជាជីវៈ តាម​ក្រម​សីលធម៌ ឬក៏​តាម​ច្បាប់ អា​ហ្នឹង​វា​ជា​ការ​​មួយ​ល្អ​ហើយ ប៉ុន្តែ​គ្រាន់​​ថា យើង​នៅ​តែ​​មាន​ការ​បារម្ភ​ថា បើ​រយៈ​ពេល​ខ្លី ហើយ​ដំណើរ​ការ​រឿង​ច្រើន អា​ហ្នឹង​វា​អាច​នឹង​មិន​គ្រប់​ជ្រុង​ជ្រោយ»

ទោះជាយ៉ាងណា ក្រសួង​យុត្តិធម៌​អះអាង​ថា យុទ្ធនាការ​ថ្មី​នេះ ​មាន​គោល​បំណង​ពន្លឿន​ការ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ លើក​កម្ពស់​គុណភាព​របស់​ស្ថាប័ន​តុលាការ និង​រួម​ចំណែក​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។ ក្រសួង​​រំពឹង​ថា តាម​រយៈ​យុទ្ធនាការ​ថ្មី​នេះ សំណុំ​រឿង​ដែល​កកស្ទះ​ចន្លោះ​ពី ៥០% ទៅ ៧០% អាច​នឹង​ត្រូវ​ដោះស្រាយ​បាន។

ស្រប​ពេល​នៃ​ការ​អនុវត្ត​យុទ្ធនាការ​នេះ សកម្មជន​គណបក្ស​ប្រឆាំង​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ ​និង​រួម​គំនិត​ក្បត់ជាតិ​នោះ ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទាំងនេះ​ជា​បន្ទាន់។

សមាជិក​ប្រតិបត្តិ​ស្រុក​ព្រៃនប់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រត់​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស កញ្ញា សៅ ឧសភា ថ្លែង​ថា ការ​ដោះលែង និង​ទម្លាក់​ចោល​បទ​ចោទ​លើ​មន្ត្រី​បក្ស​ប្រឆាំង​ជាង ១រយ​នាក់ ព្រម​ទាំង​អ្នក​ទោស​មនសិការ​ដទៃ​ទៀត ក៏​អាច​ជួយ​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំ​​រឿង​បាន​មួយ​ផ្នែក​ដែរ។ កញ្ញា​សង្កត់​ធ្ងន់​ថា បើ​ចង់​ស្តារ​ទំនុក​ចិត្ត​របស់​ពលរដ្ឋ​លើ​ប្រព័ន្ធ​យុត្តិធម៌ លុះត្រាតែ​អាជ្ញាធរ​បញ្ឈប់​ទង្វើ​ចាប់​ចង និង​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​លើ​អ្នក​ដែល​ហ៊ាន​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល​ត​ទៅ​ទៀត៖«ដូច​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​អត់​មាន​ទោស​ពៃរ៍​​អ្វី​ដែល​ត្រូវ​ចាប់​ពួកគាត់​ដាក់​គុក​ទេ ហើយ​ក៏​មាន​អ្នក​ទោស​មួយ​ចំនួន​ទៀត យើង​អាច​បន្ធូរ​បន្ថយ​ទោស​គាត់ ដោះលែង​គាត់​មក​វិញ​មក អា​ហ្នឹង​វា​កាន់​តែ​ធ្វើ​ឱ្យ​សំណុំ​រឿង​វា​លែង​កក​ស្ទះ​ហើយ។ មួយ​ទៀត សម្រាប់​ពួក​ខ្ញុំ អ្នក​ដែល​មាន​ដីកា​ទាំងអស់ មិន​ថា​តែ​អ្នក​ក្នុង​ស្រុក ឬ​អ្នក​ក្រៅ​ស្រុក​ទេ គឺ​យើង​ទម្លាក់​ការ​ចោទ​ប្រកាន់​ហ្នឹង​ចោល​ទាំង​អស់ អា​ហ្នឹង​សំណុំ​រឿង​ហ្នឹង​វា​កាត់​បន្ថយ​ការ​កកស្ទះ​មួយ​ចំនួន​ហើយ»

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ជឿ​ថា យុទ្ធនាការ​របស់​ក្រសួង​យុត្តិធម៌ ​អាច​ត្រឹម​​ជួយ​ដោះ​ស្រាយ​បញ្ហា​កកស្ទះ​សំណុំ​រឿង​នៅ​តាម​តុលាការ​ជាន់​ទាប​ប៉ុណ្ណោះ ប៉ុន្តែ​កម្ពុជា​ត្រូវ​ការ​កំណែទម្រង់​ច្បាស់លាស់​រយៈពេល​វែង​ ដើម្បី​ឱ្យ​ស្ថាប័ន​តុលាការ​មាន​ឯករាជ្យ​ពិត​ប្រាកដ និង​ទទួល​បាន​ទំនុក​ចិត្ត​ពី​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles