ប្រធាន​​សមាគម​​ពង្រឹង​​សេដ្ឋកិច្ច​​ក្រៅ​​ប្រព័ន្ធ​ហៅ​ការ​​ដាក់​​ពង្រាយ​​កម្លាំង​​សមត្ថកិច្ច​​ថា​​ជា​​រូប​ភាព​​គំរាម​​កំហែង​​

ព័ត៌មានជាតិ | សិទ្ធិមនុស្ស | សេរីភាពប្រមូលផ្តុំ
កញ្ញា ខាន់ លក្ខិណា | ២៧ ឧសភា ២០២០ | ម៉ោង ៤:៤៧ ល្ងាច
VOD

មន្ត្រីមានសមត្ថកិច្ចដែលចុះត្រួតពិនិត្យនៅម្ដុំច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត អំឡុងខែឧសភា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

មន្ត្រីមានសមត្ថកិច្ចដែលចុះត្រួតពិនិត្យនៅម្ដុំច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត អំឡុងខែឧសភា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)


ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​ប្រចាំ​នៅ​ខេត្ត​បន្ទាយមាន​ជ័យ អះអាង​ថា សមត្ថកិច្ច​បាន​ដាក់កម្លាំង​ពង្រាយ​ជាច្រើន​កន្លែង រួម​ទាំង​នៅ​ជិត​ផ្ទះ​របស់​គាត់ បន្ទាប់ពី​លោក​បាន​ស្នើសុំ​ធ្វើបាតុកម្ម​ដោយសន្តិវិធី​នៅ​ចំណុច​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្រុង​ប៉ោយប៉ែត​នៅដើម​ខែមិថុនា​ខាងមុខនេះ។

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា សមត្ថកិច្ច​បាន​ដាក់​កម្លាំង​ពង្រាយ​នៅ​ក្រុង​ប៉ោយប៉ែត និង​នៅ​ជិត​ផ្ទះ​របស់​គាត់​ប្រហែល ២៥នាក់ ហើយក៏​មាន​អ្នក​ជិះ​ម៉ូតូ​កាត់មុខ​ផ្ទះ​របស់​គាត់​ចុះឡើង​ផង​ដែរ។

លោក​បន្ត​ថា សមត្ថកិច្ច​ដាក់​កម្លាំង​ពង្រាយ​នៅ​ក្រុង​ប៉ោយប៉ែត និង​ជិត​ផ្ទះ​របស់​គាត់ ធ្វើឡើង​ស្រប​ពេល​ដែល​លោក​បាន​ដាក់​សំ​ណើ​សុំ​ធ្វើបាតុកម្ម​ដោយសន្តិវិធី​រយៈពេល ៧ថ្ងៃ ពោល​គឺ​ចាប់ពី​ថ្ងៃទី១ រហូតដល់​ថ្ងៃទី៧ ខែមិថុនា​ខាងមុខនេះ។

លោក ឌិន ពុទ្ធី ចាត់ទុក​ការ​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ចនៅ​ក្រុង​ប៉ោយប៉ែត និង​ជិត​ផ្ទះ​របស់​គាត់​នោះថា ជា​ការ​គំរាមកំហែង។

លោក ឌិត ពុទ្ធី ប្រាប់​ថា៖ «ការ​ដាក់​កម្លាំង​នេះ ជា​ការ​គំរាមកំហែង ពាក់ព័ន្ធ​នឹង​សតិអារម្មណ៍ ក៏ដូចជា​ស្មារតី​យើង ហើយ​ដូចជាតាមមើល​ គេ​មក​ឃ្លាំមើល​ខ្លាច​យើង ខ្លាច​យើង​ប្រមូលផ្ដុំ​សមាជិក​អីហ្នឹង មក​ជូន​ហូរហែអីហ្នឹង។ ព្រឹកមិញ​ សមាជិក​មក​ផ្ទះ​ខ្ញុំ​ដែរ ប៉ុន្តែ មិន​ហ៊ាន​ចូល ព្រោះ​កម្លាំង​សមត្ថកិច្ច​ច្រើនពេក»។

ស្នងការ​ខេត្ត​បន្ទាយមានជ័យ លោក អាត់ ខែម បដិសេធ​ចំពោះ​ករណីនេះ ដោយ​ថា ការ​ពង្រាយ​កម្លាំង​សមត្ថកិច្ច​នៅ​ក្រុង​ប៉ោយប៉ែត​នោះ លោក​ថា ដើម្បី​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​តែប៉ុណ្ណោះ។

លោក អាត់ ខែម ថា៖ «មិនដឹង​ដាក់​ទៅ​គាត់​ មានប្រយោជន៍​អី! ព្រោះ​គាត់​បាន​សុំច្បាប់​ធ្វើបាតុកម្ម ហើយ​ខេត្ត​បាន​ចេញ​សេចក្តី​ជូនដំណឹង​ទៅ​គាត់​ហើយ​ថា មិន​មានការ​អនុញ្ញាត​តែ​ប៉ុណ្ណឹង​តើ! មិន​មាន​អ្នកណា​ដាក់​កម្លាំង​ទៅផ្ទះ​គាត់​ធ្វើ​អីទេ។ គាត់​ថ្នាក់​អី​បាន​គេ​ទៅ​ការពារ​គាត់​ហ្នឹង​?»

សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​ កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បាន​ដាក់​លិខិត​ទៅ​អភិបាលខេត្ត​បន្ទាយមានជ័យ ដើម្បី​សុំ​ធ្វើបាតុកម្ម​ដោយសន្តិវិធី​នៅត្រង់​ចំណុច​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្រុង​ប៉ោយប៉ែត​ ចាប់​ថ្ងៃទី១ រហូតដល់​ថ្ងៃទី៧ ខែមិថុនា ខាងមុខនេះ ដែល​មាន​អាជីវករ អ្នកលក់​ដូរ​ទំនិញនៅក្នុង​ផ្សារ​រុង​ក្លឿ កម្មករ​អូ​សរទេះ អ្នក​រត់​ម៉ូតូឌុប តាក់ស៊ី ម៉ូតូ​កង់​បី និង​អ្នក​ប្រកបរបរ​ក្រៅ​ប្រព័ន្ធ​ចំនួន ១៥០០នាក់​ចូលរួម។

សមាគម​ឱ្យ​ដឹង​ថា ការ​ធ្វើបាតុកម្ម​នោះ ក្នុង​គោលបំណង​សុំ​ឱ្យ​អាជ្ញាធរ​បើក​ច្រកព្រំដែន ដើរ​ថ្មើរជើង រទេះ ទោចក្រយាន​យន្ត និង​រថយន្ត អាច​ឆ្លងកាត់​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​-ខ្ល​ងលឹ​ក ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​លក់ដូរ​នៅ​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​បាន​វិញ ប៉ុន្តែ ប្រសិន​អាជ្ញាធរ​ថៃ​មិនព្រម​បើក ពួក​គេ​ស្នើ​ទៅ​អាជ្ញាធរ​កម្ពុជា​បិទ​ច្រកព្រំដែន​ប៉ោយប៉ែត ដោយ​កុំឱ្យ​រថយន្ត​ថៃ​ចូលម​កកម្ពុជា។

ប៉ុន្តែ នៅ​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ អភិបាលខេត្ត​បន្ទាយមានជ័យ​ចេញ​បដិសេធ ដោយ​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ធ្វើបាតុកម្ម​ឡើយ ដោយ​ខេត្ត​លើក​ហេតុផល​ថា បច្ចុប្បន្ន រដ្ឋាភិបាល​កំពុង​មាន​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩។

ក្រោយពី​អភិបាលខេត្ត​បន្ទាយមានជ័យ​មិន​អនុញ្ញាត​ឱ្យធ្វើ​បាតុកម្ម​នោះ លោក ឌិន ពុទ្ធី បាន​ចេញ​សេចក្ដីប្រកាស​មួយដោយ​មិន​ចូលរួម​ធ្វើបាតុកម្ម​នៅ​ថ្ងៃទី១ រហូតដល់​ថ្ងៃទី៧ ខែមិថុនា​វិញ។

លោក ឌិន ពុទ្ធី បានឱ្យ​ដឹង​បន្ថែម​ថា លោក​សម្រេចចិត្ត​បែបនេះ បន្ទាប់ពី​អាជ្ញាធរ​មិន​អនុញ្ញាត ប៉ុន្តែ លោក​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​នៅតែ​ធ្វើ​នោះ វា​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ។

លោក ឌិន ពុទ្ធី ប្រាប់​ថា៖ «ខ្ញុំ​ប្ដូរ​ចិត្ត​ដោយសារខ្ញុំ​ដាក់​លិខិត​ជូនដំណឹង​ទៅ​សាលាខេត្ត ហើយ​ខេត្ត​ចេញ​លិខិត​បដិសេធ​លិខិត​របស់ខ្ញុំ។ មើលទៅ​គេ​បដិសេធ​ហើយ យើង​អត់​ចូលរួម​ទេ។ ទី២ មូលហេតុ​ដែល​ខ្ញុំ​មិន​ចូលរួម មិនមែន​បាតុកម្ម​រំសាយ​ទេ មានន័យថា ​ខ្ញុំ​អត់​ចូលរួម ខាង​សមាគម​អត់​ចូលរួម ប៉ុន្តែ ប្រជាពលរដ្ឋ​គាត់​នៅតែ​ធ្វើបាតុកម្ម​ដដែល»។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ស៊ឹង សែន​ករុណា ជំរុញ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ជាជាង​ការ​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច ដោយ​លោក​ចាត់ទុក​ការ​ដាក់​កម្លាំង​ថា ជា​ការ​គំរាមកំហែង​ពលរដ្ឋ​មិន​ធ្វើ​ឱ្យ​តវ៉ា។

លោក ស៊ឹង សែនករុ​ណា ប្រាប់​ថា៖ «ខ្ញុំ​យល់ថា ជា​បញ្ហា ​ពួក​គាត់​មាន​គោលបំណង​ទាមទារ​ដោះស្រាយ​បញ្ហា​វិបត្តិសេដ្ឋកិច្ច ឬជីវភាព​គ្រួសារ​ដែល​កំពុង​ប្រឈម​ដោយសារតែ​មិនបាន​ប្រកបរបរ​ចិញ្ចឹមជីវិត ប៉ុន្តែ​ បញ្ហា​ទាំងអស់​នេះ ខ្ញុំ​យល់ថា ​អាជ្ញាធរ​មាន​ស​មត្ថ​កិច្ច​ពាក់ព័ន្ធ​ទាំងអស់​គួរតែ​ធ្វើការ​សម្រង់​ស្ថិតិ​ទៅលើ​បញ្ហា​ដែល​ពួក​គាត់កំពុង​ប្រឈម​ទាំងអស់​ហ្នឹង ដើម្បី​រក​ដំណោះស្រាយ​ជូន​គាត់​»។

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​ លោក ឌិន ពុទ្ធី ធ្លាប់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ចុងឆ្នាំ២០១៦ បន្ទាប់ពី​មានការ​ចោទប្រកាន់​ថា លោក​បើករថយន្ត​បុក​មន្រ្តី​អន្តោប្រវេសន៍​ច្រក​ព្រំដែនអន្តរជាតិ​ប៉ោយប៉ែត​ម្នាក់។ ប៉ុន្តែ នៅ​ខែមករា ឆ្នាំ២០១៧ តុលាការ​បានសម្រេច​ដោះលែង​លោក​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​វិញ ក្រោយពី​មានការ​រិះគន់​លើ​ចំណាត់ការ​នោះ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles