រដ្ឋា​ភិបាល​​ចាប់​ផ្តើម​​ដំណើរ​ការ​​ផ្តល់​​ប្រាក់​ឧបត្ថម្ភ​​ដល់​​កម្មករ​​ដែល​​ព្យួរ​ការងារ​​ជាង​៣​ម៉ឺន​​នាក់​​

ការងារ | ព័ត៌មានជាតិ | អភិបាលកិច្ច
លោក ឃុត សុគន្ធ |២៧ ឧសភា ២០២០ | ម៉ោង ៣:៣៨ ល្ងាច
VOD

កម្មករ-កម្មការិនីរោងចក្រ ឃែន​ធើ​រេន (Canteran Apparel​) និង​រោង​ចក្រ ​ខ្វ​លី​ធី តេ​ក្ស​ស្ទីល (Quality Textiles​) ជា​រោងចក្រដែល​មាន​ម្ចាស់​តែមួយ ធ្វើការតវ៉ាជាថ្មី ករណីថៅកែបើកខែមិនគ្រប់ និងយឺតយ៉ាវ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

កម្មករ-កម្មការិនីរោងចក្រ ឃែន​ធើ​រេន (Canteran Apparel​) និង​រោង​ចក្រ ​ខ្វ​លី​ធី តេ​ក្ស​ស្ទីល (Quality Textiles​) ជា​រោងចក្រដែល​មាន​ម្ចាស់​តែមួយ ធ្វើការតវ៉ាជាថ្មី ករណីថៅកែបើកខែមិនគ្រប់ និងយឺតយ៉ាវ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។ (ហ៊ី ឆាយ)


រដ្ឋាភិបាល​បាន​ចាប់ផ្តើម​ដំណើរការ​ផ្តល់​ប្រាក់​ឧប​ត្ថ​ម្ភដល់​កម្មករ​-កម្មការិនី និង​បុគ្គលិក​ក្នុង​វិស័យ​សេវាកម្មដែល​ព្យួរការងារ​ក្នុង​ជុំ​ទី១ ខណៈ​ដែល​កម្មករ​មួយចំនួន​បាន​ត្អូញត្អែរ​ពី​ការ​ខ្វះខាត​លើ​ការ​ចំណាយ ក្រោយ​ពួក​គេ​ត្រូវ​បាន​ព្យួរការងារដោយ​មិន​ទទួល​បាន​ប្រាក់​ឧប​ត្ថ​ម្ភ ៤០ដុល្លារ​ពី​រដ្ឋាភិ​បា​លភ្លាមៗ។

ក្នុង​សេចក្តី​ជូនដំណឹង​ចុះ​ថ្ងៃទី២៦ ខែឧសភា ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រកាស​ផ្តល់​ប្រាក់​ឧប​ត្ថ​ម្ភដល់​កម្មករ​ជាង ៣ម៉ឺន ៣ពាន់​នាក់ (៣៣២១៣​) ដែល​បាន​ព្យួរការងារ​នៅ​រោងចក្រ និង​សហគ្រាស​ចំនួន ១១១ ស្ថិត​ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍។

ក្រសួងការងារ​បញ្ជាក់​ថា ប្រាប់​ឧបត្ថម្ភដែល​ផ្តល់​ឱ្យកម្មករ​នោះ គឺ​ត្រូវ​បើក​តាម​ធនា​គារ​ឯក​ទេសវីង ហើយ​ថា ប្រា​ក់ឧ​បត្ថម្ភនេះ​ត្រូវ​បើកឱ្យជា​ប្រាក់​រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ​នៃ​ការ​ព្យួរ​កិច្ចសន្យា​ការងារ​របស់​កម្មករ​ម្នា​ក់ៗ។

ក្រសួងការងារ​បន្ថែម​ថា ដើម្បី​បើកប្រាក់​ឧប​ត្ថ​ម្ភនេះ​បាន គឺ​កម្មករ​-កម្មការិនី​ត្រូវ​យក​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ទូរសព្ទ​ដៃ​ដែល​ទទួល​បាន​សារ​ពី​ធនាគារ​ឯក​ទេ​សវីង​ ទៅ​បើក​នៅ​ទី​ភ្នាក់​ងារ​វី​ងដែល​នៅ​ជិត​ខ្លួន​បំផុត។

ក្រសួង​លើកឡើង​ថា ក្នុងករណី​កម្មករ​ទទួល​បាន​សារ​ហើយ ប៉ុន្តែ ខកខាន​មិនបាន​ទៅ​បើ​ប្រាក់​ឧប​ត្ថ​ម្ភនេះ​ក្នុងរយៈពេល ១០ថ្ងៃបន្ទាប់​ពី​ទទួល​បាន​សារ គឺ​ខាង​ធនាគារ​នឹង​បង្វិលលុយ​នោះ​ជូន​រដ្ឋាភិបាល​វិញ ហើយ​ថា ប្រសិនបើ​កម្មករ​របស់​សហគ្រាស​ទាំង ១១១នោះ មិន​ទទួល​បាន​សារ​ទូរសព្ទ​ពី​ធនា​គារ​វីង​ទេ គឺ​កម្មករ​ត្រូវ​ទំនាក់ទំនង​ទៅ​រដ្ឋបាល​រោងចក្រ ឬសហគ្រាស​របស់​ខ្លួន​ដើម្បី​សួរ​ព័ត៌មាន​នេះ។

វី​អូ​ឌី​បាន​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លោក ហេង សួរ តាម​ប្រព័ន្ធ Telegram ដែរ ប៉ុន្តែ​ លោក​មិន​ឆ្លើយ​តប។

កាលពី​ម្សិលមិញ លោក ហេង សួរ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន Fresh News ថា ទឹកប្រាក់​ដែល​រាជរដ្ឋាភិបាល​ចំណាយ​បើក​ជូន​កម្មករ​ព្យួរ​ក្នុង​ជុំ​ទី១នេះ មាន​ប្រមាណ​ជាង ៦៨ម៉ឺន​ដុល្លារ (៦៨៤,២៩៥) ដោយ​អនុវត្ត​ចំពោះ​រោងចក្រ​កាត់ដេរ​ចំនួន ៨៣ និង​សណ្ឋាគារ ភោជនីយដ្ឋាន​ចំនួន ២៨។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មានប្រសាសន៍​ថា ការ​ផ្តល់​លុយ​ទៅ​ឱ្យកម្មករ​តាមរយៈ​ធនាគារ​ឯកទេស​វី​ងនោះ គឺជា​ប្រព័ន្ធ​មួយ​ល្អ។

លោក អាត់ ធន់ ឱ្យដឹង​ថា កម្មករ​ដែល​ជាស​មា​ជិក​របស់​សហភាព​ការងារ​កម្ពុជា​មួយចំនួន​ទទួល​សារ និង​បើកលុយ​បាន​ពី​ធនាគារ​ឯក​ទេ​សវីង​បាន​ខ្លះ​ហើយ ប៉ុន្តែ លោក​ថា ដំណើរការ​ផ្តល់​លុយ​ទៅ​ឱ្យកម្មករ​នេះ វា​ហាក់​មាន​ភាព​ស្មុគស្មាញ និង​ជួប​ផល​លំបាក​ខ្លះ​ដែរ​សម្រាប់​កម្មករ​ដែល​ចាប់ផ្តើម​បើក​លើកដំបូង។

លោក អាត់ ធន់ បន្ថែម​ថា៖ «ដោយសារ​វា​ជា​រឿង​ភ្លាម​ៗថ្មី​ៗ អ៊ីចឹង ពេល​គាត់ ​[កម្មករ​] បើក​ហ្នឹង ប្រហែលជា​មិនទាន់​ស៊ាំ​សម្រាប់​គាត់​ទេ។ អ៊ីចឹង វា​មានការ​លំបាក​ខ្លះ ហើយ​ម្យ៉ាងទៀត បើក​នេះ ​វា​ដូចជា​ស្មុគស្មាញ​ដែរ ដូចជា​អ្នក​ព្យួរ ១ខែ ​ត្រូវ​បើក​ពីរ​ដង អ្នក​ព្យួរ ២ខែ ត្រូវ​បើក ៤ដង។ អ៊ីចឹង វា​ពិ​បា​ក វា​ស្មុគស្មាញ​ដែរ។ ខ្ញុំ​គិតថា ក្រសួង​គួរ​ធ្វើ​ព័ត៌មាន​ឱ្យច្បាស់ ហើយ​ប្រសិនបើ​ពួក​គាត់​ត្រូវ​បើក ២ខែ បើកឱ្យ​គាត់ ២ខែ​តែម្តង​ទៅ។ ទាក់​ទងទៅ​គាត់ ផ្តល់​លេខ​កូដ​ឱ្យគាត់​ទៅ ឱ្យគាត់​ទៅ​បើក​តែម្តង​ ចប់​ហើយ»។

កាលពី​ថ្ងៃទី២០ ខែឧសភា លោក ហេង សួរ បាន​ប្រាប់​វិទ្យុ​បារាំង​ថា គិត​ត្រឹម​ថ្ងៃទី២០ ខែឧសភា មាន​រោងចក្រ​ជាង ៣៣០ ទូទាំង​ប្រទេស​ បាន​ព្យួរការងារ​កម្មករ ក្នុង​នោះ​មាន​រោងចក្រ​ជាង ១០០ បាន​បញ្ចប់​ការ​ព្យួរការងារ ហើយ​បន្ត​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន​ឡើងវិញ។

លោក ហេង សួរ បន្ថែម​ថា រហូតមកដល់​ពេលនេះ នៅសល់​រោងចក្រ​ចំនួន ២៣៧ទៀត កំពុង​បន្ត​ព្យួរការងារ ដែល​ប៉ះពាល់​ដល់​កម្មករ​-កម្មការិនី ចំនួន​ជាង ១១ម៉ឺន​នាក់។

លោក ហេង សួរ អះអាង​ថា គិត​ត្រឹម​ថ្ងៃទី២០ ខែឧសភា មានកម្ម​ករ​-កម្មការិនី​ប្រមាណ ៥ម៉ឺន ៦ពាន់​នាក់ កំពុង​ស្ថិត​ក្នុង​បញ្ជី​ដែល​ត្រូវ​ផ្តល់​ប្រាក់ឧបត្ថម្ភ ៤០ដុល្លារ​នោះ​៕



រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles