សហជីព​ថា ក្រសួងការងារ​សន្យា​ទូទាត់​សំណង​ជូន​អតីត​បុគ្គលិក​សណ្ឋាគារ Great Duke មិន​លើស​ពី​សប្ដាហ៍​នេះ​

ការងារ | តុលាការ និងច្បាប់ | ព័ត៌មានជាតិ | អភិបាលកិច្ច
លោក ណាត សុភាព | ២៧ ឧសភា ២០២០ | ម៉ោង ៥:២៣ ល្ងាច
VOD

អតីត​បុគ្គលិក​សណ្ឋាគារ The Great Duke នាំគ្នា​ជិត ១០០នាក់ ​ប្រមូល​ផ្តុំ​តវ៉ា​នៅមុខ​សណ្ឋាគារ ទាមទារ​ឱ្យ​ពន្លឿន​ការទូទាត់ប្រាក់​អតីតភាព​ការងារ​ជូន​ពួក​គេ​ជាង ១៥០នាក់ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។ (ណាត សុភាព)

អតីត​បុគ្គលិក​សណ្ឋាគារ The Great Duke នាំគ្នា​ជិត ១០០នាក់ ​ប្រមូល​ផ្តុំ​តវ៉ា​នៅមុខ​សណ្ឋាគារ ទាមទារ​ឱ្យ​ពន្លឿន​ការទូទាត់ប្រាក់​អតីតភាព​ការងារ​ជូន​ពួក​គេ​ជាង ១៥០នាក់ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។ (ណាត សុភាព)


តំណាង​អតីត​បុគ្គលិក​សណ្ឋាគារ The Great Duke អះអាង​ថា ក្រសួងការងារ​សន្យា​ទូទាត់ប្រាក់​អតីតភាព​ការងារ​ជូន​ពួក​គេ​ជាង ១៥០នាក់ នៅ​ចុង​សប្តាហ៍​នេះ ដើម្បី​បញ្ចប់​ជម្លោះ។

ប្រធាន​សហព័ន្ធ​សហជីពកម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា​ប្រចាំ​នៅ​សណ្ឋាគារ The Great Duke លោក ទូច កុសល ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា កាលពី​ម្សិលមិញ​ មន្ត្រី​ជំនាញ​នៅ​ក្រសួងការងារ​បាន​ហៅ​រូប​គាត់ និង​តំណាង ៤នាក់​ផ្សេងទៀត​ទៅ​សួរនាំ​ពីចំនួន​អតីត​បុគ្គលិក ទំហំ​ទឹកប្រាក់​ដែល​ម្ចាស់​សណ្ឋាគារ​ជំពាក់ និង​ផ្តិត​មេដៃ​យល់ព្រម​ទទួលយក​ប្រាក់​អតីតភាព​ការងារ។

លោក​ថា ក្រោយពី​សួរនាំ​រួច មន្ត្រី​ជំនាញ​សន្យា​ទូទាត់ប្រាក់​អតីតភាព​ការងារ​ជូន​ពួក​គេ ១៥២នាក់ និង​ទឹកប្រាក់​សរុប​ជាង ៣២ម៉ឺន​ដុល្លារ ជូន​ពួក​គេ​យ៉ាង​យូរ​នៅ​ថ្ងៃសុក្រ​ខានស្អែក​នេះ។

លោក ទូច កុសល ប្រាប់​ថា៖ «ម្សិលមិញ ខ្ញុំ​សួរ​បញ្ជាក់​រឿង​ថ្ងៃ​ [ទូទាត់ប្រាក់​អតីតភាព​ការងារ​] គាត់ ​[ភាគី​ក្រសួងការងារ​] ថា អាច​ថ្ងៃ​ព្រហស្បតិ៍​ ឬថ្ងៃសុក្រ ប៉ុន្តែ យ៉ាងណា គាត់​អត់​ឱ្យឆ្លង​សប្តាហ៍​នេះ​បានទេ ការ​ទូទាត់គឺ​ទូទាត់​ទាំងអស់ តាមអ្វី​ដែលគាត់​អះអាង។ គាត់​ថា ប្រហែលជា​មួយថ្ងៃ​ចប់ហើយ ១០០នាក់​ជាង»។

ប្រធាន​សហជីព​រូប​នោះ ប្រាប់​ថា បើ​ចុង​សប្តាហ៍​នេះ ក្រសួងការងារ​នៅតែ​មិន​ទូទាត់ប្រាក់​អតីតភាព​ការងារ​ជូន​ពួក​គេ​ទេ អតីត​បុគ្គលិក​ទាំងនោះ នឹង​បន្ត​ធ្វើបាតុកម្ម​នៅមុខ​សណ្ឋាគារ។

អនុប្រធាន​ផ្នែក​អន្តរាគមន៍ និង​ដោះស្រាយ​បាតុកម្ម​កូដកម្ម​គ្រប់មុខ​សញ្ញា​នៃ​ក្រសួងការងារ លោក អ៊ូ រតនា មានប្រសាសន៍​ថា ក្រុមការងារ​របស់ក្រ​សួង​បាន​កោះហៅលោក ទូច កុសល ដើម្បី​ជជែកគ្នា​នៅ​រសៀល​ម៉ោង ៣កន្លះ​ថ្ងៃនេះ ដើម្បី​បញ្ចប់រឿង The Great Duke យ៉ាង​យូរ​នៅ​ចុង​សប្តាហ៍​នេះ ដោយធ្វើ​តាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល។

លោក អ៊ូ រតនា ប្រាប់​ថា៖ «ខ្ញុំ​បាន​ហៅ​លោក កុសល ឱ្យមក​ជួប​នៅ​កន្លះម៉ោង​ទៀត​ហ្នឹង [ម៉ោង ៣កន្លះ​រសៀល​] ដើម្បី​ដោះស្រាយ​រឿង​ហ្នឹង [The Great Duke​] តាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​នៅ​ចុង​សប្តាហ៍​ហ្នឹង»។

វី​អូ​ឌី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មេធា​វី​របស់​សណ្ឋាគារ The Great Duke លោក លី តៃ​សេង និង​លោក នៅ ពិសិដ្ឋ បានទេ ​នៅ​រសៀល​ថ្ងៃនេះ។ 

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់​ត្រា​ល់​) លោក មឿន តុលា សង្កេតឃើញ​ថា ចាប់ពី​ដើម​សប្តាហ៍​នេះ ក្រសួងការងារបាន​បង្ហាញ​ពី​ជំហរ​ជួយ​ដោះស្រាយ​ជូន​អតីត​បុគ្គលិក​សណ្ឋាគារ The Great Duke។ ផ្ទុយទៅវិញ លោក​ថា បើ​ក្រសួង​មិន​ធ្វើតាម​ការសន្យា ហើយ​នៅ​តែ​ពន្យារ​ពេល​មិន​ដោះស្រាយ​បញ្ចប់រឿង​នៅក្នុង​សប្តាហ៍​នេះ​ទេ នឹង​ធ្វើឱ្យប៉ះពាល់​មុខមាត់​ក្រសួង​ផង​ដែរ។

លោក មឿន តុលា ប្រាប់​ថា៖ «បើសិនជា​អត់មាន​ដំណោះស្រាយ​នៅក្នុង​សប្តាហ៍​ហ្នឹង​ទេ ក្រសួង​ក៏​ធ្លាក់​មុខ​ធ្លាក់​មាត់​ដែរ។ រឿង​នេះ​មិនមែន​ជា​រឿង​ធំ​ទេ រឿង​តូច ជា​រឿង​អនុវត្ត​ផ្លូវច្បាប់ ដែល​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​សម្រេច​ឱ្យនិយោជក​ជា​អ្នក​ទូទាត់​សំ​ណង​ផ្សេង​ៗទៅដល់​បុគ្គលិក​របស់​ខ្លួន ហើយ​ទីពីរ បើសិនជា​មិន​មាន​ដំណោះស្រាយ​ទេ ខ្ញុំ​គិតថា ខាង​ភាគី​សហជីព ឬខាង​ភាគី​កម្មករ​និយោជិត ក៏​ប្រហែលជា​មិន​បញ្ឈប់​ត្រឹមហ្នឹង​ដែរ គាត់​ប្រហែលជា​អាច​បន្ត​ការ​តវ៉ា»។

កាលពី​ថ្ងៃទី២០ ខែកុម្ភៈ​​ឆ្នាំនេះ ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល បាន​ចេញ​សេចក្តី​សម្រេច​តម្រូវ​ឱ្យ​ថៅកែ​សណ្ឋាគារ​ទូទាត់ប្រាក់​សំណង​ចំនួន ៣ចំណុច ទៅតាម​ការ​ទាមទារ​របស់​អតីត​បុគ្គលិក​សណ្ឋាគារ​នេះ ដែល​សេចក្ដីសម្រេច​នេះ មិន​ត្រូវ​បាន​ភាគី​ថៅកែ​អនុវត្ត​តាម​នោះ​ឡើយ​រហូតមកដល់​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។

សណ្ឋាគារ The Great Duke ឬអតីត​សណ្ឋាគារ​អាំង​ទែ​កុង​ទី​ណង់​តាល់ (InterContinental​) បាន​ប្រកាស​បិទ​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន​កាលពី​ថ្ងៃទី៣១ ខែធ្នូ កាលពី​ឆ្នាំមុន បន្ទាប់ពី​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន​អស់​រយៈពេល ២៣ឆ្នាំ។ ការប្រកាស​បិទ​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​សណ្ឋាគារ​នេះ បាន​កើតឡើង​មុន​ប្រទេស​កម្ពុជា​ប្រកាស​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ដំបូង​នៅ​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles