អ្នកវិភាគ​មើល​ឃើញ​ថា មេ​ដឹក​នាំ​អាស៊ាន​បរាជ័យ​លើ​ការ​រួម​គ្នា​ស្ដារ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ឡើង​វិញ

ដោយ ទីន ហ្សាការីយ៉ា
2020-05-27
RFA

អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៧។

អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo: RFA


រយៈ​ពេល​ជិត​ពីរ​ខែ​មក​នេះ មេ​ដឹក​នាំ​អាស៊ាន​មិន​បាន​អនុវត្ត​សេចក្ដីថ្លែងការណ៍​រួម ដែល ប្ដេជ្ញា​រួម​គ្នា​ស្ដារ​សេដ្ឋកិច្ច ពាណិជ្ជកម្ម  ដើម្បី​ប្រយុទ្ធ​នឹង​ផល​ប៉ះ​ពាល់​សេដ្ឋកិច្ច ដោយសារ​តែ​ជំងឺ​កូវីដ១៩ នោះ​ទេ។ ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ថា មេ​ដឹក​នាំ​អាស៊ាន​នៅ​ក្នុង​ពេល​នេះ​មិន​សហការ​គ្នា​ដូច​សហគមន៍​អឺរ៉ុប ដើម្បី​ដោះ​ស្រាយ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​រួម​គ្នា​ឡើយ។ ប្រទេស​អាស៊ាន​គិត​តែ​ពី​ផល​ប្រយោជន៍​រៀងៗ ខ្លួន មិន​មែន​ជា​សហគមន៍​តែ​មួយ​វាសនា​តែ​មួយ​ដូច​ការ​អះអាង​របស់​ខ្លួន​នោះ​ឡើយ។

ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ថា សមាគម​អាស៊ី​អាគ្នេយ៍ ឬ​អាស៊ាន​ហាក់​បរាជ័យ​លើ​ការ​ប្ដេជ្ញា​រួម​គ្នា​ថា នឹង​ស្ដារ​សេដ្ឋកិច្ច​រួម​គ្នា​ឡើង​វិញ ដើម្បី​ប្រយុទ្ធ​នឹង​ផល​ប៉ះពាល់​ពី​ជំងឺ​​កូវីដ១៩ រាតត្បាត ដែល​បញ្ហា​នេះ នឹង​នាំ​ឲ្យ​ប្រទេស​មួយ​ចំនួន​អាច​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ស្បៀង ដោយសារ​ប៉ះ​ពាល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត សេង សារី មានប្រសាសន៍ថា អាស៊ាន​ហាក់​ដូច​ជា​សហគមន៍​មួយ​បង្ហាញ​ពិភព​លោក​ឲ្យ​មើល​ឃើញ​ថា ជា​តំបន់​មួយ​រួបរួម​គ្នា ក៏​ប៉ុន្តែ​បញ្ហា​ជាក់​ស្ដែង​អាស៊ាន​មិនបាន​រួបរួម​គ្នា​ឡើយ។ លោក​បញ្ជាក់​ថា នៅ​ក្នុង​កំឡុង​ពេល​ប៉ះ​ពាល់​ដោយ​សារ​ជំងឺ​កូវីដ១៩ បើ​ទោះ​ជា​មេ​ដឹក​នាំ​អាស៊ាន​បាន បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៦ តាម​វីឌីអូ​ខុនហ្វឺរិន (Video Conference) ដើម្បី​រក​វិធី​ទប់ទល់​នឹង​ផល​ប៉ះ​ពាល់​រួម​គ្នា​ក្ដី តែ​ជាក់​ស្ដែង​មក​ទល់​ពេល​នេះ អាស៊ាន​មិន​អាច​សម្រេច​គោលដៅ​ដែល​បាន​ដាក់​ចេញ​របស់​ខ្លួន​នោះ​នៅ​ឡើយ។ លោក​បន្ថែម​ថា អាស៊ាន​មិន​ត្រឹម​តែ​មិន​រក​វិធី​ជួយ​គ្នា ឬ​រួម​គ្នា​ស្ដារ​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាស៊ាន​ថែម​ទាំង ប្រកួត​ប្រជែង​គ្នា ឬ​គិត​តែ​ពី​ប្រយោជន៍​រៀងៗ ខ្លួន​ទៀត​ផង៖ «»

លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៦ កាល​ពី​ថ្ងៃ​ទី១៤ ខែមេសា ដែល​ដឹក​នាំ​ដោយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នោះ សមាជិក​អាស៊ាន​ទាំង​អស់ បាន​ចេញ​សេចក្ដីថ្លែងការណ៍​អនុម័ត​កិច្ច​ព្រមព្រៀង​រួម​គ្នា​មួយ មាន ៨ចំណុច ដើម្បី​ទប់ទល់​នឹង​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩ នៅ​ថ្នាក់​តំបន់។ ក្នុង​ចំណោម​កិច្ច​ព្រមព្រៀង​ទំាង ៨ចំណុច ដែល​និយាយ​ពី​ការ​ដាក់​វិធានការ​រួម​ទប់ទល់​នឹង​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ​នោះ មាន ៣ចំណុច ដែល​សមាជិក​អាស៊ាន​ទាំង១០ បាន​ឯកភាព​គ្នា គឺ​ផ្ដោត​លើ​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់ និង​ក្រៅ​តំបន់ ដើម្បី​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច និង​សន្តិសុខ​ស្បៀង។

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៦ នោះ នាយករដ្ឋមន្ត្រី​មន្ត្រី​សិង្ហ​បុរី​លោក លី សៀនឡុង (Lee Hsien Loon) ដែល​ជា​ប្រទេស​លេចធ្លោ​ផ្នែក​សេដ្ឋកិច្ច​ជាង​គេ​នៅ​ក្នុង​តំបន់​នោះ​លើក​ឡើងថា ដើម្បី​កសាង​ភាព​ធន់​សម្រាប់​វិបត្តិ​សេដ្ឋកិច្ច​នា​ពេល​អនាគត បណ្តា​ប្រទេស​ក្នុង​តំបន់​គួរ​តែ​មាន​លក្ខណៈ​វិនិច្ឆ័យ​រួម ស្តីពី​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ និង​ពាណិជ្ជកម្ម។ លោក​បាន​រំលឹក​ថា មេ​ដឹក​នាំ​អាស៊ាន​ទាំង​អស់ ត្រូវ​បង្កើន​ទំនុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អាស៊ាន និង​អឺរ៉ុប គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ ដែល​បណ្ដា​ប្រទេស​អាស៊ាន ត្រូវ​តែ​រក្សា​ពាណិជ្ជកម្ម​ទាំង​នៅ​ក្នុង​តំបន់ ទាំង​ដៃគូ​ពាណិជ្ជកម្ម​នៅ​ក្រៅ​តំបន់ ពិសេស​សហភាព​អឺរ៉ុប ដែល​ជា​ប្រភព​ទីផ្សារ​ដ៏​ធំ​របស់​អាស៊ាន។

រីឯ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ស្នើ​ឲ្យ​សមាជិក​អាស៊ាន​ទាំង១០ និង​អាស៊ាន​បូក​បី មាន​ជប៉ុន កូរ៉េ​ខាង​ត្បូង និង​ចិន ត្រូវ​រួម​គ្នា​រក​យន្តការ​ដោះ​ស្រាយ​វិបត្តិ​សេដ្ឋកិច្ច និង​បើក​លំហ​សេដ្ឋកិច្ច​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​ដែន​ទាំង​ផ្លូវ អាកាស និង​ផ្លូវ​គោក៖ «»

ទោះ​បី​ជា​មេ​ដឹក​នាំ​អាស៊ាន​បាន​ព្រមព្រៀង​និង​ប្ដេជ្ញា​ពី​ការ​ស្ដារ​សេដ្ឋកិច្ច​រួម​គ្នា​ឡើង​វិញ​បែប​នេះក្ដី ក៏​បណ្ឌិត សេង សារី មើល​ឃើញ​ថា មក​ទល់​ពេល​នេះ អ្វី​ដែល​អាស៊ាន​អាច​ធ្វើ​បាន​នោះ គឺ​ការ​ជញ្ជូន​ព័ត៌មាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​អំពី ការ​រាតត្បាត​ជំងឺ​កូវីដ១៩ នៅ​ក្នុង​តំបន់ និង​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​ទៅ​ប្រទេស​មួយ​ទៀត ដូចជា ការ​ដឹក​នាំ​ពី​ថៃ​ចូល​កម្ពុជា ការ​ដឹក​ទំនិញ​ពី​វៀតណាម​ចូល​មក​កម្ពុជា និង​ការ​ដឹក​នាំ​ទំនិញ​ពី​កម្ពុជា​ចូល​ទៅ​ប្រទេស​ទាំង​នេះ​វិញ​ជា​ដើម។

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ដែល​មាន​ប្រជាពលរដ្ឋ​ជាង ៦០០លាន​នាក់ បាន​ឯកភាព​គ្នា​កាល​ពី​ឆ្នាំ២០០៧ មក ដោយ​ផ្ដោត​លើ​សសរស្ដម្ភ​ចំនួន​បី រួម​មាន សហគមន៍​សន្តិសុខ-​នយោបាយ សហគមន៍​សេដ្ឋកិច្ច និង​សហគមន៍​វប្បធម៌-​សង្គម ដែល​សហគមន៍​ទាំង​បី​នេះ មាន​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក។ យ៉ាងណាក៏ដោយ  មាន​តែ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ទេ ដែល​កន្លង​មក ​ត្រូវ​បាន​អ្នក​ជំនាញ​ខាង​កិច្ចការ​អន្តរជាតិ​មើល​ឃើញ​ថា អាស៊ាន​សហការ​គ្នា​បាន​ល្អ​នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់​នោះ។ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ អនុញ្ញាត​ឲ្យ​មាន​លំហូរ​ទំនិញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេរី​ រួម​ទាំង សេវាកម្ម ការ​វិនិយោគ និង​លំហូរ​កម្លាំង​ពលកម្ម​ជា​ដើម។

ប៉ុន្តែ​នៅ​ក្នុង​គ្រា​ដែល​ជំងឺ​កូវីដ១៩ ធូរ​ស្រាល​នៅ​ឡើយ​នេះ ប្រទេស​នៅ​ក្នុង​តំបន់​មិន​ទាន់​បាន​បើក​ច្រក​ព្រំដែន​វិញ​នៅ​ឡើយ ដូចជា កម្ពុជា ថៃ និង​កម្ពុជា វៀតណាម​ជាដើម។ ការ​បិទ​ច្រក​ព្រំដែន​នេះ ធ្វើ​ឲ្យ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ទន់​ខ្សោយ​ដូច​កម្ពុជា ឡាវ និង​ភូមា រង​ផល​ប៉ះ​ពាល់​ជាង​គេ។ ប្រទេស​ទាំង​បី ក៏​មាន​ពលករ​ចំណាកស្រុក​របស់​ខ្លួន​ជា​ច្រើន​លាន​នាក់​នៅ​ក្នុង​ប្រទេស​ថៃ ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ក្នុង​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ។

កាល​ពី​ថ្ងៃ​ទី២៥ ឧសភា ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​ និង​ជា​​តំណាង​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ លោក ឌិន ពុទ្ធី ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ឧសភា​ថា ពួក​គាត់​នឹង​ជាង ១.៥០០នាក់ ព្រមាន​ធ្វើ​បាតុកម្ម​បើ​សិន​ជា​អាជ្ញាធរ​កម្ពុជា​និង​ថៃ​នៅតែ​បិទ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ ពីព្រោះ​ការ​បិទ​ច្រក​ជាង ២ខែ​មក​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ពួក​គាត់​ធ្ងន់ធ្ងរ។ លោក​ថា ខណៈ ច្រក​ព្រំដែន​បិទ​មិន​ឱ្យ​អាជីវករ និង​ពលករ​ខ្មែរ​ឆ្លង​ចូល​ទៅ​ថៃ​រកស៊ី តែ​បែរ​ជា​មាន​ការ​អនុញ្ញាត​ឱ្យ​ឡាន​ទំនិញ​របស់​ថៃ​ចូល​មក​កម្ពុជា​បាន​ដោយសេរី ហើយ​ឡាន​ដឹក​ទំនិញ​របស់​កម្ពុជា​ចូល​ទៅ​ថៃ​វិញ អាជ្ញា​ថៃ​រឹតត្បិត៖ «»

អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក បណ្ឌិត មាស នី មានប្រសាសន៍ថា ការ​ទាមទារ​ឲ្យ​បើក​ច្រក​ព្រំដែន​វិញ ជា​រឿង​លំបាក ហើយបើ​ខាង​កម្ពុជា​បើក​ច្រក​វិញ ភាគី​ខាង​ថៃ​មិន​បើក​ក៏​នៅ​តែ​ជា​បញ្ហា ព្រោះ​ភាគី​ទាំង​អស់​គិត​ពី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩។ លោក បណ្ឌិត មាស នី បន្ថែម​ថា ប្រទេស​នៅ​ក្នុង​តំបន់​ដែល​ប៉ះពាល់​សេដ្ឋកិច្ច​ខ្លាំង​ជាង​គេ​នោះ គឺ​កម្ពុជា៖ «»

ទីភ្នាក់ងារ​វាយតម្លៃ​ចំណាត់ថ្នាក់​ឥណទាន​ពិភពលោក Moody’s Investors Services របស់​សហរដ្ឋ​អាមេរិក​បាន វាយ​តម្លៃ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ០,៣% នៅ​ឆ្នំា២០២០ ដោយសារ​តែ​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ១៩ និង ដោយសារ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​របស់​ចិន សហភាព​អឺរ៉ុប និង​អាមេរិក។ ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប និង​អាមេរិក​ក៏​ប៉ះពាល់​ខ្លាំង​ដែរ​ដល់​តម្រូវ​ការ​ទំនិញ ឬ​ការ​បញ្ជា​ទិញ​ទំនិញ​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​អឺរ៉ុប និង​អាមេរិក ដែល​បញ្ហា​នេះ​បង្ក​ហានិភ័យ​ខ្ពស់​ដល់​សេដ្ឋកិច្ច​កម្ពុជា៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles