កសិករ​​​ដាំ​បន្លែ​​​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង​​​​​​​​​​​​​​​កំពុង​ត្រូវ​ប៉ាន់​នឹង​​របរ​​ដាំដុះ​​លក់​បាន​ប្រាក់​ច្រើន​អំឡុង​វិបត្តិ​ជំងឺ​កូវិត​១៩

ដោយ ហេង រស្មី
2020-05-28
RFA

កសិករ​កំពុង​ប្រមូល​ផ្លែឥឡឹក​ក្នុង​ចម្ការ នៅ​ភូមិ​ដួងមា ឃុំ​ព្រែក​នរិន្ទ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី២២ ខែឧសភា ឆ្នាំ២០២០។

កសិករ​កំពុង​ប្រមូល​ផ្លែឥឡឹក​ក្នុង​ចម្ការ នៅ​ភូមិ​ដួងមា ឃុំ​ព្រែក​នរិន្ទ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី២២ ខែឧសភា ឆ្នាំ២០២០។

 រូប៖ កសិករ


​ប្រជាកសិករ​​ជា​ច្រើន​គ្រួសារ​​ដែល​ប្រកប​របរ​ដាំ​​បន្លែ​​លក់​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង​ កំពុង​ត្រូវ​ប៉ាន់​នឹង​របរ​ដាំ​​ដុះ​​ ​អំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវិដ​១៩​។ ក្រុម​កសិករ​ទាំង​នោះ​​ ឱ្យ​ដឹង​​ថា​ សព្វ​ថ្ងៃ​​​​​តម្លៃ​​​កសិផល​​មាន​ហាងឆេង​​​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ ​ទ្វេ​ដង​ ​​​ធ្វើ​ឱ្យ​ពួកគាត់​មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​មិន​បាច់​ធ្វើ​ចំណាក​ស្រុក​​​​ឡើយ​។

តើ​ប្រជាកសិករ​ទាំង​នោះ​​និយម​ដាំ​ដុះ​បន្លែ​អ្វី​ខ្លះ​​​​លក់​លើ​ទីផ្សារ​​បាន​ជា​មាន​​តម្លៃ​​​ខ្ពស់​បែប​នេះ​?​

​ប្រជាកសិករ​នៅ​ស្រុក​ឯកភ្នំ​ លើក​ឡើង​ស្រដៀង​គ្នា​ថា ​​​ចាប់​តាំង​ពី​​មាន​ការ​រាតត្បាត​ជំងឺ​កូវិដ១៩​​ មក ​តម្លៃ​​កសិផល​​របស់​ពួកគេ​​​​​មាន​​ហាងឆេង​​ប្រសើរ​ឡើង​ជា​បន្ត​បន្ទាប់​​ ហើយ​​សំបូរ​ឈ្មួញ​ចូល​ទិញ​​បន្លែ​ដល់​​ចម្ការ​ទៀត​ផង​។

​អ្នក​ដាំ​បន្លែ​នៅ​ភូមិ​ដួង​មា ឃុំ​ ព្រែក​នរិន្ទ ស្រុក​ឯកភ្នំ លោក ធឹម វីរៈ ​ថ្លែង​ថា ​​ចាប់​តាំង​តែ​លោក​ដាំដំណាំ​មក​ទើប​តែ​ឆ្នាំ​នេះ​​​ទេ​ ដែល​​​លក់​បន្លែ​បាន​ថ្លៃ​បំផុត និង​ងាយ​ស្រួល​រក​ទីផ្សារ​លក់​​​​។ ​កសិករ​វ័យ​៤០ឆ្នាំ​​រូប​នេះ រៀបរាប់​ថា ​​​​ដំណាំ​​​​ដែល​លោក​ដាំដុះ​នោះ​ជា​ប្រភេទ​បន្លែ រួម​មាន​ ​ពោត ត្រសក់ ​ត្រប់ និង​ឪឡឹក​​យក​ផ្លែ​ធ្វើ​សម្ល​ នៅ​លើ​ផ្ទះ​ដី​​ប្រមាណ ​៣ហិកតារ ​ដោយ​​ចំណាយ​អស់​ដើម​ទុន​​​ជាង​ ៣ពាន់​(៣.០០០) ដុល្លារ​អាមេរិក​។ លោក​បន្ថែម​​ថា ​បន្លែ​មួយ​ចំនួន​​​ប្រមូល​ផល​​រួច​​ហើយ​ កាល​ពី​​ចុង​ខែ​មេសា​ និង​មួយ​ចំនួន​ទៀត ​​កំពុង​ប្រមូល​ផល។​​ លោក​​បន្ត​​ថា ​បន្លែ​ឆ្នាំ​នេះ​មាន​ឈ្មួញ​​ចូល​ទៅ​ទិញ​ដល់​ចម្ការ​មិន​សូវ​សូញសាញតម្លៃ​ដូច​ឆ្នាំ​មុន​ៗ​​ ទេ ​គឺ​ឱ្យ​តែ​មាន​បន្លែ​​លក់​​ឈ្មួញ​​ប្រមូល​ទិញ​​យក​ទាំង​អស់។ លោក​​ថា ​បន្លែ​​គ្រប់​មុខ​លក់​បាន​ថ្លៃ​ចាប់​ពី​ខែ​មីនា​មក​​ ​ហើយ​តម្លៃ​​​ចេះ​តែ​​ហក់​ឡើង​​ជា​បន្ត​បន្ទាប់​ ដោយ​ចាប់​​ពី​តម្លៃ​​ ៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​​ឡើង​​​ដល់​​​ ១ពាន់​ ៨០០​រៀល​ (១.៨០០) ក្នុង​មួយ​គីឡូក្រាម៖ «បើ​សិន​ជា​តម្លៃ​ដូច​សព្វ​​ថ្ងៃ​នេះ​ខ្ញុំ​ជឿ​ថា​កសិករ​នៅ​ប្រទេស​យើង​ នៅ​​ស្រុក​ខ្ញុំ​​​គឺ​ពីរ​បី​ឆ្នាំ​ទៀត ប្រាកដ​ជា​មាន​ជីវភាព​ធូរធារ​ច្រើន​បាទ ព្រោះ​​អី​នៅ​ភូមិ​ខ្ញុំ​ឃុំ​ខ្ញុំ​នេះ​ភាគ​ច្រើន​ចូល​ចិត្ត​ដ​បន្លែ​ឆ្លង​កាត់​ហ្នឹង​​ធ្វើ​ចង់​គ្រប់​គ្នា​បណ្ដោយ​។ ព្រោះ​មាន​អី​ពឹង​មាន​តែ​ផ្នែក​កសិកម្ម​​ធ្វើ​បន្លែ​ហ្នឹង​ឯង​ បើ​មាន​ការ​ធ្លាក់​តម្លៃ​ទៀត​កសិកម្ម​យើង​ខ្ញុំ​ មិន​ធ្វើ​យ៉ាង​ម៉េច​ទេ​»

លោក​បន្ត​ថា ​​បន្លែ​លក់​បាន​ថ្លៃ​បំផុត​ក្រោយ​ពេល​ចូល​ឆ្មាំ​ហើយ​​​រហូត​ដល់​ដើម​ខែ​ឧសភា​ ដោយ​ត្រសក់​​តម្លៃ​​ជិត ​២ពាន់​រៀល​ (២.០០០) ក្នុង​មួយ​គីឡូក្រាម ដែល​​ខុស​ពី​មិន​ទាន់​មាន​ជំងឺ​កូវិដ​១៩​ តម្លៃ​​ចន្លោះ​ពី​ ២៥០​ទៅ​ ៦០០​រៀល​​ក្នុង​មួយ​គីឡូក្រាម​ ហើយ​ពេល​ខ្លះ​​ឈ្មួញ​មិន​ទិញ​ ក៏​មាន​ដែរ។​ លោក​ថា ​បន្លែ​​ទាំង​អស់​​​នេះ​ ​លោក​​ដឹក​យក​ទៅ​លក់​​​នៅ​ផ្សារ​បាត់ដំបង​ដោយ​ខ្លួន​ឯង​ ​​គឺ​មិន​បាន​លក់​ឱ្យ​ឈ្មួញ​នៅ​ក្នុង​ចំការ​នោះ​ទេ ដើម្បី​ឱ្យ​បាន​កម្រៃ​​ច្រើន​បន្ថែម​ទៀត។ លោក​បញ្ជាក់​ទៀត​​ថា ​គិត​ត្រឹម​ថ្ងៃ​ទី​២៧​ឧសភា​លោក​លក់​បន្លែ​​បាន​ប្រាក់​​ជាង​ ៧ពាន់​ដុល្លារ​ (៧.០០០)​ អាមេរិក​ហើយ ពោល​គឺ​ បាន​ប្រាក់​ច្រើន​ជាង​ឆ្នាំ​មុន​​​ជិត ៣​ដង ដែល​លក់​បាន​ប្រាក់​ប្រមាណ​ ៣ពាន់​ដុល្លារ (៣.០០០) ​ប៉ុណ្ណោះ៖ «អ្នក​ដែល​ដាំ​ហ្នឹង​ គឺ​ដាំ​វិល​ជុំ​បណ្ដោយ​។ អស់​ពី​ដំណាំ​មួយ​ចូល​ដំណាំ​មួយ​ ទៅ​តាម​រដូវ​កាល​មេឃ​អីចឹង​។ ឥឡូវ​ដូច​ជា​ ឪឡឹក​របស់​ខ្ញុំ​ហ្នឹង​អស់​ផល​ហើយ។ ឥឡូវ​ខ្ញុំ​ចាប់​ផ្ដើម​ដាំ​ដូច​​ជា​បន្លែ​ម្រះ​បន្ថែម​ទៀត​។ ពីដើម​មក ខ្ញុំ​លក់​ឱ្យ​ឈ្មួញ​កណ្ដាល​ តែ​ឥឡូវ​នេះ​ខ្ញុំ​លក់​​ផ្ទាល់​ខ្លួន​ឯង​ ប៉ុន្តែ​កសិករ​​ភាគ​ច្រើន​មិន​ទាន់​បាន​ទៅ​លក់​ខ្លួន​ឯង​ទេ ខ្វះ​ខាត​ឧបករណ៍​ដឹក​ជញ្ជូន»

​​កសិករ​​​នៅ​ភូមិ​ដួង​មា​ម្នាក់​ទៀត​ លោក គឹម កាន ឱ្យ​ដឹង​ថា អំឡុង​​មាន​វិបត្តិ​ជំងឺ​កូវិដ១៩​នេះ​ លោក​ដាំ​​ឪឡឹក​​សម្ល​​ ពោត​ និង​ត្រប់​ នៅ​លើ​ផ្ទៃ​ដី​ជាង​២ហិកតារ​​ ហើយ​ចំណាយ​អស់​ដើម​ទុន​​ជិត ​៣ពាន់​(៣.០០០) ដុល្លារ​ ក្នុង​នោះ​​​ប្រាក់​​ជាង​ពាក់​កណ្ដាល​លោក​ខ្ចី​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​​និង​មួយ​ចំនួន​ទៀត​ជា​ប្រាក់​​​ផ្ទាល់​ខ្លួន។ ​លោក​បន្ត​ថា ​​​ឆ្នាំ​នេះ​លោក​លក់​បន្លែ​បាន​ប្រាក់​ច្រើន​ជាង​ឆ្នាំ​មុន​ទ្វេ​ដង​ ​ដោយសារ​តែ​តម្លៃ​កសិផល​លក់​បាន​ថ្លៃ​។ លោក​ថា ​ចាប់​ពី​ខែ​មេសា​មក​យ៉ាង​ហោច​ណាស់​លោក​បេះ​បន្លែ​លក់​បាន​ប្រាក់​​ប្រមាណ​​ ១លាន​រៀល​ (១.០០០.០០០)​​ ក្នុង​មួយ​ថ្ងៃ​ដែរ ​ហើយ​​ផាត់​ថ្លៃ​ឈ្នួល​កម្មករ​​ និង​​ថ្លៃ​ចាយ​វាយ​​នៅ​សល់​ប្រាក់​ប្រមាណ ​១៥០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ៖ «ម្នាក់​រក​បាន​អីចឹង​មាន​​អី​ម្នាក់​អរ​ណាស់​ អ្នក​ខ្លះ​ថា​មិន​ដែល​ជួប​មាន​តម្លៃ​ខ្ពស់​បែប​នេះ​​ទេ​។ ​ចាប់​ពី​មាន​ជំងឺ​កូវិដ​មក​អ្នក​ទិញ​មក​ទិញ​ដល់​ចម្ការ​​បង​ អត់​ពិបាក​ទៅ​រក​ទីផ្សារ​ខ្លួន​ឯង​ទេ​ ដណ្ដើម​គ្នា​ទិញ​ ព្រោះ​វា​ដាច់​បន្លែ​។​ យើង​យក​ទៅ​លក់​ខ្លួន​ឯង​ក៏​បាន​ដែរ​ ពេល​យើង​គ្មាន​ពេល​ទំនេរ​អីចឹង​យើង​លក់​កន្លែង​ចំការ​បេះ​​ហើយ​ច្រក​ថង់​ឱ្យ​គេ​ ហើយ​គេ​យក​ឡាន​មក​​យក​ខ្លួន​ឯង​ទៅ​។ ឥឡូវ​ដាំ​តែ​បន្លែ​លក់​បាន​ថ្លៃ​​​ហ្នឹង​ធូរធារ​មែនទែន​តែ​ម្ដង​​​»

​លោក​បន្ថែម​ថា នៅ​តំបន់​​ពួកគាត់​ដាំ​ដុះ​មាន​កសិករ​​ប្រមាណ​ ៦០​គ្រួសារ​ និង​មាន​ផ្ទៃ​ដី​ប្រមាណ​ ១២០​ហិកតារ។ ​​ក្រុម​កសិករ​ទាំង​នេះ​ដាំ​បន្លែ​​នៅ​លើ​ដី​ស្រែ​ជាប់​មាត់​អូរ​​​នៅ​ប៉ែក​ខាងក្រោម​ដង​​សង្កែ​​ស្ថិត​ក្នុង​ភូមិ​ដួង​មា ​ឃុំ​ព្រែក​នរិន្ទ ចម្ងាយ​ប្រហែល ​២០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​បាត់ដំបង។​​​​​ កសិករ​ទាំង​នេះ ​ត្អូញត្អែរ​​ថា ​​សព្វ​ថ្ងៃ​នេះ​ពួកគេ​លំបាក​រឿង​បញ្ហា​ទឹក​ស្រោចស្រព​ផល​ដំណាំ ដែល​ចំណាយ​អស់​ថវិកា​ច្រើន​ ដើម្បី​ទាញ​យក​ទឹក​ពី​ស្ទឹង​សង្កែ​បូម​​បញ្ចូល​​ទៅ​ក្នុង​អូរ​​​តំបន់​ដែល​ពួកគាត់​ដាំ​ដុះ​មាន​ចម្ងាយ​ជាង ​១គីឡូម៉ែត្រ​។ ​អ្នក​ភូមិ​អំពាវនាវ​​ឱ្យ​រដ្ឋាភិបាល​ជួយ​ធ្វើ​​ប្រឡាយ​ទឹក​​មួយ​ខ្សែ​ជូន​ដល់​ពួកគាត់​ ដើម្បី​ដាំដុះ​ទៅ​ថ្ងៃ​ក្រោយ​​អស់​ដើម​ទុន​តិច​។

​ទាក់​ទង​នឹង​បញ្ហា​នេះ​ អភិបាល​ស្រុក​ឯកភ្នំ លោក ម៉ិល សុផល​ ប្រាប់​អាស៊ី​សេរី​ថា ​អាជ្ញាធរ​ខេត្ត​បាត់ដំបង​​គម្រោង​ធ្វើ​ប្រឡាយ​ទឹក​​ចម្ងាយ​ ៩​គីឡូម៉ែត្រ​​ចេញ​ពី​ភូមិ​បឹង​ឆ្ដោរ​ឆ្ពោះ​ទៅ​​ភូមិ​ដួង​មានៅ​តំបន់​ដែល​​ប្រជា​ពលរដ្ឋ​ដាំ​​បន្លែ​នោះ​រួច​ហើយ​។​ លោក​បញ្ជាក់​ថា ​គម្រោង​នេះ​ចំណាយ​អស់​ប្រមាណ​ ៤០០​លាន​រៀល​ ជា​ថវិកា​របស់​រដ្ឋាភិបាល​​ និង​​ចាប់​ផ្ដើម​​អនុវត្ត​បណ្ដើរៗ​ហើយ​៖ «ហើយ​ក្នុង​គំនិត​ហ្នឹង​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​​ថា​ខ្ញុំ​នឹង​ធ្វើ​ឱ្យ​បាន​ នៅ​តំបន់​ហ្នឹង​ឱ្យ​មាន​ពណ៌បៃតង​​ទាំង​ប្រាំង​ទាំង​វស្សា​។នេះ​ជា​គោលការណ៍​ខ្ញុំ​នៅ​ពេល​ដែល​ទ្វារ​ទឹក​​សាលា​តា​អន​​ធ្វើ​ហើយ​។​យើង​យក​២​ឃុំ​​ខាង​លិច​ស្ទឹង​សិន​ បី​ឃុំ​ខាង​កើត​ស្ទឹង​យើង​​មាន​២​ឃុំ​​ជា​ដី​​កសិកម្ម​ច្រើន​ រីឯ​មួយ​​ឃុំ​ទៀត​ដូច​ឃុំ​សំរោង​ក្នុង​​មិន​សូវ​មាន​កសិកម្ម​ទេ​»

​​លោក​បន្ត​​ថា កសិករ​នៅ​​​ឃុំ​ព្រែក​ហ្លួង​ និង​ ឃុំ​ព្រែក​នរិន្ទ​នៅ​ជាប់​ដង​សង្កែ​ប៉ែក​ខាង​ក្រោម នៃស្រុក​ឯកភ្នំ​ ​ប្រមាណ ​១៦០​គ្រួសារ ​​និយម​ដាំដុះ​បន្លែ​លក់​​យក​ប្រាក់​ដោះស្រាយ​ជីវភាព។

​​ថ្មី​ៗ​នេះ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ប្រកាស​​​ថា វិបត្តិ​ជំងឺ​កូវិដ​១៩​ ជា​ឱកាស​ល្អ​ដល់​​កសិករ​ខ្មែរ​​ ​ដាំដុះ​លក់​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​មុន​។​ លោក​​ក៏​ជំរុញ​ឱ្យ​​​ប្រជាពលរដ្ឋ​​ពង្រីក​ការ​ដាំ​ដុះ​​​ឱ្យ​បាន​ច្រើន ដើម្បី​​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​​​។​​​

​ទោះ​ជា​យ៉ាង​ណា ​ប្រធាន​សម្ព័ន្ធ​​សមាគម​កសិករ​កម្ពុជា​ លោក ថេង សាវឿន មាន​ប្រសាសន៍​ថា ​​បន្លែ​ឡើង​ថ្លៃ​នេះ​ ពុំ​មែន​​បណ្ដាល​មក​ពី​​​ជំងឺ​កូវិដ​១៩ ​​តែ​មួយ​មុខ​នោះ​ទេ​ គឺ​ដោយសារ​​​​​ប្រទេស​​ថៃ​ និង​វៀតណាម​បិទ​ច្រក​ទ្វារ​ព្រំដែន​ជាប់​កម្ពុជា​​​ ទើប​ធ្វើ​​​ឱ្យ​​ឈ្មួញ​នៅ​​ប្រទេស​​ទាំង​នោះ​​មិន​អាច​នាំ​​បន្លែ​​​​ចូល​មក​លក់​នៅ​​កម្ពុជា​បាន​ច្រើន​​​ដូច​ពេល​មុន។ ​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ ក៏​អំពាវនាវ​​​ដល់​រដ្ឋាភិបាល​​ឱ្យ​ទប់​ស្កាត់​​ការ​នាំ​ចូល​បន្លែ​ពី​ក្រៅ​ប្រទេស​​បន្ត​ទៀត ដើម្បី​ជួយ​​ឱ្យ​កសិករ​ក្នុង​ស្រុក​​ដាំដុះ​លក់​កសិផល​បាន​ប្រាក់​ចំណូល​ច្រើន​ដូច​សព្វ​ថ្ងៃ​​​៕​​​​​​​​​​​​​​​​​​​​​​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles