មជ្ឈមណ្ឌល STIMSON Center ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​តាម​ដាន​គម្រោង អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​ទន្លេ​មេគង្គ

ដោយ មាន​ ​ឫទ្ធិ
2020-05-28
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រព័ន្ធ​​អនឡាញ​តាមដាន​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់​ទន្លេមេគង្គ​ (Mekong Infrastructure Tracker) របស់មជ្ឈមណ្ឌល STIMSON Center

ប្រព័ន្ធ​​អនឡាញ​តាមដាន​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់​ទន្លេមេគង្គ​ (Mekong Infrastructure Tracker) របស់មជ្ឈមណ្ឌល STIMSON Center

 Stimson Center


មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោលនយោបាយ STIMSON Center ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​អនឡាញ​តាមដាន​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​ទន្លេមេគង្គ​។ ប្រព័ន្ធ​អនឡាញ​នេះ អនុញ្ញាត​ឱ្យ​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ អ្នកធ្វើ​គោល​នយោបាយ សង្គម​ស៊ីវិល រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ ទទួល​បាន​នូវ​ទិន្នន័យ ប្រកប​ដោយ​តម្លាភាព ជុំវិញ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន​នានា ពិសេស​ការ​សាងសង់​ទំនប់​វារីអគ្គិសនី នៅ​តំបន់​ទន្លេ​មេគង្គ។

ជាមួយនឹង​ប្រព័ន្ធ​អន​ឡាញ​ថ្មី​នេះ ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ ឬ​ភាគី​ពាក់ព័ន្ធ អាច​រកបាន​នូវ​និន្នន័យ​ដ៏​សម្បូ​ហ៍​បែប ពាក់ព័ន្ធ​នឹង​ព័ត៌មាន​លម្អិត អំពី​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ នៅតាម​ប្រទេស​នានា​ក្នុង​តំបន់​ទន្លេមេគង្។ ជា​ឧទាហរណ៍ គេ​អាច​ដឹងថា គម្រោង​ទាំងនោះ​ចាប់ផ្តើម​សាងសង់​នៅពេលណា ដោយ​ក្រុមហ៊ុន​ណា វឌ្ឍនភាព​នៃ​ការ​សាងសង់ ទំហំ​ទឹកប្រាក់​គម្រោង ឬ​ឈ្មោះ​ប្រទេស ឬ​អ្នកផ្តល់​មូលនិធិ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ទាំងនោះ​ជាដើម។

ទិន្នន័យ មាននៅ​ក្នុង​ប្រព័ន្ធ​តាមដាន​នេះ ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​វិស័យ​ថាមពល វិស័យ​ដឹកជញ្ជូន ការសាងសង់​ទំនប់​វារីអគ្គិសនី និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ដទៃទៀត ក្នុង​តំបន់​ទន្លេមេគង្គ ដែល​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​ដល់​សង្គម សេដ្ឋកិច្ច និង​ប្រព័ន្ធ​អេកូឡូស៊ី នៅក្នុង​តំបន់​នេះ។

មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោលនយោបាយ​ដើម្បី​លើកកម្ពស់​សន្តិសុខ វិបុលភាព និង​យុត្តិធម៌​អន្តរជាតិ STIMSON Center ថា ការ​បង្កើត​ប្រព័ន្ធ​តាមដាន​អនឡាញ​នេះ​ឡើង គឺ​ក្នុង​គោលដៅ​ដើម្បី​ជួយ​បំពេញ​នូវ​កង្វះខាត​នៃ​ការ​ចងក្រង​ទិន្នន័យ​ជារួម​អំពី​ប្រភេទ និង​វិសាលភាព​នៃ​គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​នា​នៅក្នុង​តំបន់​ទន្លេមេគង្គ ស្រប​ពេលដែល​តំបន់​មួយ​នេះ កំពុង​ជួបប្រទះ​នូវ​ការ​ស្ទុះ​ឡើង​ខ្លាំង នៃ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា​។ ប្រព័ន្ធ​តាមដាន​អន​ឡាញ​ថ្មី​នេះ ទទួលបាន​ការគាំទ្រ​ថវិកា​ពី​ទីភ្នាក់ងារ USAID និង​មូលនិធិ Asia Foundation។

នាយក​មជ្ឈមណ្ឌល STIMSON Center លោក ប្រាយអ៊ិន ហ្វីនឡេយ៍ (Brian Finlay) ថា ឧបករណ៍​ថ្មី​នេះ នឹង​ផ្តល់​ឱ្យ​ក្រុម​អ្នកប្រើប្រាស់ ទទួលបាន​ទិន្នន័យ​ថ្មី​ចុងក្រោយ​បំផុត ដើម្បី​ធ្វើការ​សម្រេចចិត្ត​កាន់តែ​ប្រសើរ​ជាង​មុន ជុំវិញ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា ក្នុង​តំបន់​ទន្លេមេគង្គ​។ លោក​ថា ប្រព័ន្ធ​តាមដាន​នេះ នឹង​បន្ត​កែលម្អ ធ្វើ​បច្ចុប្បន្នភាព ជា​បន្តបន្ទាប់​នាពេល​អនាគត។

រីឯ តំណាង​ទីភ្នាក់ងារ USAID អ្នកស្រី ហ្លូរៀ ស្ទៀលេ (Gloria Steele) មាន​ប្រសាសន៍​ថា ប្រព័ន្ធ​តាមដាន​នេះ បង្កើតឡើង​ទាន់ពេលវេលា ស្រប​ពេលដែល​តំបន់​ទន្លេមេគង្គ កំពុង​ជួបប្រទះ​នូវ​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​ន៍​ចុង​ក្រោយនេះ​។ ក៏ប៉ុន្តែ អ្នកស្រី​ថា គម្រោង​អភិវឌ្ឍន៍​ទាំងនោះ ក៏បាន​ចូលរួមចំណែក បង្កើត​ឱ្យ​មាននូវ ផលប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន និង​សង្គម​ដែរ​។ អ្នកស្រី​ថា ហានិភ័យ​ផ្នែក​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​នៃ​តំបន់​ទន្លេមេគង្គ​សព្វថ្ងៃនេះ រឹតតែ​កើតមាន​កាន់តែ​ខ្ពស់​ឡើង ដោយសារតែ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ ហើយ​ថា ការធ្វើ​សេចក្តីសម្រេចចិត្ត​នៅថ្ងៃនេះ នឹង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន ដែល​ពឹងផ្អែក​អាស្រ័យ​លើ​ទន្លេមេគង្គ ពីមួយ​ជំនាន់​មនុស្ស​ទៅមួយ​ជំនាន់​ទៀត។

អ្នកស្រី​បាន​លើកយក​ពី​ឧទាហរណ៍​មួយ​ដែល​ថា កាលពី​ខែ​មេសា​កន្លង​ទៅ ការសិក្សា​ស្រាវជ្រាវ​ចុងក្រោយ​មួយ​របស់​ក្រុមហ៊ុន​អាមេរិកាំង បាន​រក​ឃើញ​ថា ចិន​បាន​ព្យាយាម​ចាត់ចែង​គ្រប់គ្រង​ធនធានទឹក ដោយបាន​រឹតត្បិត ឬ​រាំងខ្ទប់​ទឹក ពី​ខ្សែទឹក​ខាងលើ​នៃ​ទន្លេមេគង្គ តាមរយៈ​ទំនប់​វរីអគ្គិសនី​របស់ខ្លួន​។ ហេតុការណ៍​នេះ បាន​បង្ក​ឱ្យ​មាន​គ្រោះ​រាំងស្ងួត និង​រីងស្ងួត​នៅ​តាម​ប្រទេស​ខ្សែទឹក​ខាងក្រោម​ទន្លេមេគង្គ មិន​ធ្លាប់មាន​ពីមុន​មក ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាព​មនុស្ស​រាប់លាន​នាក់ ដែល​កំពុង​រស់នៅ​តាម​ប្រទេស​ខ្សែទឹក​ខាង​ក្រោម។

ជុំវិញ​ការដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​តាមដាន​ថ្មី​នេះ នាយក​កម្មវិធី​អាស៊ីអាគ្នេយ៍​នៃ​មជ្ឈមណ្ឌល STIMSON Center លោក ប្រាយអ៊ិន អាយល័រ (Brian Eyler) ថា មជ្ឈមណ្ឌល​របស់​លោក បាន​ចំណាយ​ពេល​ជាង ១៨​ខែ ដើម្បី​អភិវឌ្ឍន៍​ប្រព័ន្ធ​តាមដាន​ថ្មី​នេះ​ឡើង ដែល​លោក​ថា នឹង​នាំមក​នូវ​តម្លាភាព​សម្រាប់​តំបន់​ទន្លេមេគង្គ​។ លោក​ថា ប្រព័ន្ធ​ថ្មី​នេះ ក៏​អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់​ស្នើ​បញ្ចូល​នូវ​ទិន្នន័យ​បន្ថែម​ដែល​ពួកគេ​មាន ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងឡាយណា ដែល​នៅ​ពុំទាន់​មាន ទិន្នន័យ​គ្រប់គ្រាន់ ឬ​មាន​ទិន្នន័យ​មិន​ស៊ីសង្វាក់​គ្នា ក្នុង​គោលដៅ​ដើម្បី​កែលម្អ​ប្រព័ន្ធ​ឱ្យ កាន់តែ​សុក្រឹតភាព​ឡើង​។ លោក​ថា សំណើ​របស់​ពួកគេ​អាចធ្វើ​ឡើង​ដោយ​អនាមិក៖ «បច្ចុប្បន្ន​ប្រព័ន្ធ​តាមដាន​របស់​យើង មាន​ទិន្នន័យ​ចម្បងៗ​ចំនួន​ពីរ​ប្រភេទ​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ។ យើង​មាន​ទិន្នន័យ​អំពី​គម្រោង​សាងសង់​ផលិត​ថាមពល និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ផ្លូវដែក និង​ផ្លូវទឹក​។ យើង​មាន​ទិន្នន័យ​គម្រោង​ផលិត​ថាមពល​អគ្គិសនី​សរុប​ចំនួន ១៧៧០ គម្រោង សម្រាប់​ឱ្យ​អ្នកប្រើប្រាស់​ឆែក​មើល ហើយនឹង​គម្រោង​គម​នា​គម​សរុប​ប្រវែង​ជាង ១៧៥​ពាន់ គីឡូម៉ែត្រ ដែល​រួមមាន​ផ្លូវ​រថភ្លើង​ល្បឿន​លឿន រថភ្លើង​ក្នុង​ក្រុង និង​គម្រោង​កែលម្អ​ដទៃទៀត ដែល​អ្នក​អាច​រកមើល​បាន»។

លោក ប្រាយអ៊ិន អាយល័រ បន្ត​ថា នៅ​ដំណាច់​ខែមិថុនា​ខាង​មុខ​នេះ មជ្ឈមណ្ឌល​នឹង​ដាក់​បញ្ចូល​ទិន្នន័យ​បន្ថែម​ទាក់ទង​នឹង​គម្រោង​អភិវឌ្ឍន៍​ឧស្សាហកម្ម ដូចជា​តំបន់​សេដ្ឋកិច្ច​ពិសេស តំបន់​ឧស្សាហកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​នឹង​តំបន់​នេះ ដូចជា​កំពង់ផែ ស្ថានីយ​រថភ្លើង ព្រលាន​យន្តហោះ ជាដើម​។ នៅ​ចុង​ខែ​កញ្ញា មជ្ឈមណ្ឌល​ក៏​នឹងមាន​បន្ថែម​ទិន្នន័យ ទាក់ទង​ទៅនឹង​គម្រោង​សាងសង់​អាង​ស្តុក​ទឹក និង​បណ្តាញ​ចែកចាយ​ថាមពល​អគ្គិសនី​ជាដើម។ លោក​ថា ទិន្នន័យ​ទាំងនេះ ផ្តល់​ឱ្យ​អ្នកប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ ហើយ​គេ​អាច​ទាញយក​ទៅ​ធ្វើ​សិក្សា​ស្រាវជ្រាវ និង​វិភាគ​បន្ថែម​បាន​យ៉ាង​ងាយ។

ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ ឬ​ភាគី​ពាក់ព័ន្ធ អាច​ប្រើប្រាស់​ប្រព័ន្ធ​ថ្មី​នេះ​បាន ដោយ​ចូលទៅ​កាន់ គេហទំព័រ​មជ្ឈមណ្ឌល STIMSON Center www.stimson.org រួច​ចុច​លើ Mekong Infrastructure Tracker ដើម្បី​មើល​ព័ត៌មាន​លម្អិត​អំពី​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ជាក់លាក់​ណាមួយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles