វិភាគ៖ វិធានការ​​រដ្ឋា​ភិបាល​​បាន​​ជួយ​ពលរដ្ឋ​​ជំពាក់​បំណុល​​ធ្ងន់​ធ្ងរ​​កម្រិត​​ណា​​?​

បទវិភាគ
លោក ញឹម សុខន |២៨ ឧសភា ២០២០ | ម៉ោង ៨:២៤ ព្រឹក
VOD

បុរសម្នាក់ជិះម៉ូតូនៅលើផ្លូវមួយកន្លែងទល់មុខធនាគារ អេស៊ីលីដា ក្រុងភ្នំពេញ កាលពីឆ្នាំ២០១៨។ (Kun Chenda)

បុរសម្នាក់ជិះម៉ូតូនៅលើផ្លូវមួយកន្លែងទល់មុខធនាគារ អេស៊ីលីដា ក្រុងភ្នំពេញ កាលពីឆ្នាំ២០១៨។ (Kun Chenda)


បញ្ហា​បំណុល​ដែល​កើត​ចេញពី​កូ​វីដ១៩ ត្រូវ​បាន​អ្នកឃ្លាំមើល​បង្ហាញ​ការ​ព្រួយបារម្ភ​ថា ជា​ប្រធានបទ​ក្តៅ​ តម្រូវឱ្យមាន​វិធានការ​ដោះស្រាយ​បន្ទាន់​ផង​ដែរ ដើម្បី​ទប់ស្កាត់​វិបត្តិ​សង្គម ខណៈ​រក​ឃើញថា ​ពលរដ្ឋ​ជាង ២លាន ៦សែន​នាក់ បាន​ជាប់បំណុល​ជាមធ្យម​ម្នាក់​ជិត ៤ពាន់​ដុល្លារ។

ប៉ុន្មាន​ថ្ងៃ​មកនេះ គេ​សង្កេតឃើញ​ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា លោក ជា ចាន់​តូ បាន​ចុះ​ធ្វើ​សិក្ខាសាលា​តាម​ខេត្ត​មួយចំនួន​ជាបន្តបន្ទាប់ ដូចជា​នៅ​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ​ជាដើម។

លោក ជា ចាន់​តូ ក្រើន​រំឭក​ឱ្យស្ថាប័ន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និងធនាគារ ដោះស្រាយ​បញ្ហា​ជាមួយ​អតិថិជន​ដែល​ជា​កូនបំណុល ដោយ​ភាព​ទន់ភ្លន់ និង​អនុគ្រោះ។

ជា​ការ​កត់សម្គាល់ ការ​ក្រើន​រំឭក​របស់​មន្ត្រី​ជាន់ខ្ពស់​នៅ​ធនាគារជាតិ​នេះ មិនមែន​ជា​រឿង​ថ្មី​ទេ។ កាលពី​ខែមីនា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​មួយ​នៅ​ខេត្តពោធិ៍សាត់ ក៏បាន​បញ្ជា​ផ្ទាល់មាត់ទៅ​គ្រឹះស្ថាន​ផ្តល់​ប្រាក់កម្ចី​ឱ្យយោគយល់​ដល់​កូនបំណុលផង​ដែរ។ 

របាយការណ៍​ថ្មី​មួយ​ចេញផ្សាយ​រួមគ្នា​ដោយ​អង្គការ​សង្គម​ស៊ីវិល​ជាង១០០ កាលពី​ថ្ងៃទី២៧ ខែមេសា​ បង្ហាញថា អ្នកធ្វើការ​ងារ​នៅ​វិស័យ​សំណង់ រោងចក្រ​កាត់ដេរ ទេសចរណ៍ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​កសិកម្ម​ជាដើម មាន​ពលរដ្ឋ​រាប់​លាន​នាក់​បាត់បង់​ចំណូល​ដោយសារ​ឥទ្ធិពល​នៃ​មេរោគ​កូ​វីដ១៩។

បណ្តុំ​អង្គការ​ជាង១០០ដែល​មាន​ទាំង ​អង្គការ​លី​កាដូ​ ដែរ​នោះ​ បាន​បញ្ជាក់​ទៀត​ថា ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ជួយ​ផ្គត់ផ្គង់​ចំពោះ​ការបាត់បង់​ចំណូល​កន្លងមក គឺ​នៅ​មាន​ភាព​ខ្វះខាត​នៅឡើយ ។

បញ្ហា​នេះ​បង្កើត​ជា​សំណួរ​ថា តើ​វិធានការ​រដ្ឋាភិបាល​បាន​ជួយ​ពលរដ្ឋ​ជំពាក់បំណុល​ធ្ងន់ធ្ងរ​កម្រិត​ណា​?

អ្នកស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​បណ្ឌិត មាស នី និយាយ​ថា ទិដ្ឋភាព​ទូទៅ ​លោក​មើលឃើញ​ថា ​កិច្ច​អន្តរាគមន៍ដោះស្រាយ​បញ្ហា​បំណុល​ស្ថិត​ក្នុង​កម្រិត​អំពាវនាវ ដែល​លោក​គិតថា​អាចម​កពីរ​ដ្ឋ​ខ្វះ​ធនធាន។

បើ​តាម​លោក មាស នី កន្លែង​ខ្លះ​ម្ចាស់បំណុល​ព្រម​ឱ្យកូនបំណុល​បង់​តែ​ការប្រាក់ តែ​ប្រាក់ដើម​នៅ​បន្ត​គិតការ​ដដែល ដែល​លោក​ថា ​បញ្ហា​នេះហាក់​មិនបាន​ជួយ​ដោះបន្ទុក​ពលរដ្ឋ​ដែល​ជាប់បំណុល​ទេ ​ព្រោះ​ប្រាក់ដើម​ទុក​កាន់តែ​យូរ ការប្រាក់​កាន់តែ​កើន ។

លោក​ថា៖ «បើ​និយាយ​មែនទែន​ទៅ ​ដូច​យក​ថ្នាំ​មក​ដាក់​ដើម្បី​បំបាត់​ការឈើ​ចាប់ ប៉ុន្តែ​ នៅពេល​ដែល​សាប​ជាតិ​ថ្នាំ​ហ្នឹង​ទៅ ​ភាព​ឈឺ​ចាប់​ហ្នឹង​វា​នឹង​កើតឡើង​ដដែល។ បានន័យ​ថា ការ​ដំឡើងការប្រាក់ និង​ពន្យារ​សង​ហ្នឹង​ ទូទាត់​ចុះឡើង ​វា​មិន​មាន​ស្អី​ជា​ការ​ជួយសង្គ្រោះ​នៅពេល​ហ្នឹង​ទេ»។

អ្នកឃ្លាំមើល​រូប​នេះ បង្ហាញ​ការ​ព្រួយបារម្ភ​ថា ជំងឺ​នេះ​វា​នឹង​រាលដាល​កាន់តែ​ខ្លាំង បើ​រដ្ឋាភិបាល​គ្មាន​លទ្ធភាព​បញ្ចេញ​កញ្ចប់​ថវិ​កាដូ​ចប្រ​ទេស​ជិតខាង​ ដើម្បី​សង្គ្រោះ​គ្រឹះស្ថាន​ផ្តល់​ប្រាក់កម្ចី និង​ពលរដ្ឋ​ដែល​កំពុង​រង​ផល​ប៉ះពាល់​ទេ​នោះ។

លោក​ថា៖ «ទី​ចុងបំផុត​បើកាលណា​បញ្ហា​នេះ វា​អូស​បន្លាយ​យូរ​ទៅ​ស្ថាប័ន​ប្រាក់កម្ចី​គ្នា​ក៏​អត់​លុយ​សម្រាប់​ទប់ ចិញ្ចឹម​បុគ្គលិក​ដែរ ជួនកាល​វា​អាច​ដួល​ទាំងអស់គ្នា បើ​គ្មាន​វិធាន​ច្បាស់លាស់​ដើម្បី​ជួយសង្គ្រោះ​រឿង​ហ្នឹង»។

សមាគម​មីក្រូហិរញ្ញវត្ថុ អះអាង​ថា ​គិត​ត្រឹម​ថ្ងៃទី២៤ ខែ​ឧស​ភា អតិថិជន​ជាង ១៧ម៉ឺន​នាក់ (១៧៥៣៦៤​) បាន​ដាក់ពាក្យ​ស្នើសុំ​រៀបចំ​កម្ចី​ឡើងវិញ ដោយសារតែ​មិន​មានលទ្ធភាព​សង។ ចំនួន​នេះ​ បង្ហាញ​តែ​ខាង​សមាគម​មីក្រូហិរញ្ញវត្ថុ ចំណែកខាង​សមាគម​ធនាគារ​មិនបាន​បង្ហាញ​ទេ។

នាយករង​អង្គការ​លី​កាដូ​ទទួលបន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស​ លោក អំ សំអាត និយាយ​ថា វិធានការ​របស់​រដ្ឋាភិបាល​បាន​ជួយ​មួយ​ផ្នែក តែថា​ មិនទាន់​ឆ្លើយតបទៅនឹង​ទំហំ​នៃ​ផល​ប៉ះពាល់​របស់​ពលរដ្ឋ​ជាប់បំណុល​ទេ បើ​ធៀប​អ្នកទទួល​បាន​កម្ចី​ឡើងវិញ និង​ចំនួន​អ្នក​ជំពាក់​លុយ​ធនា​គារ​នោះ។

លោក​ថា៖ «ខ្ញុំ​មើលទៅ​ មិន​បដិសេធ​ទេ​រឿង​រដ្ឋាភិបាល​ជួយ​មីក្រូហិរញ្ញវត្ថុ​ ទៅលើ​ប្រជា​ពល​រដ្ឋ​ដែល​ជំពាក់​លុយ។ ប៉ុន្តែ​ គ្រាន់​ថា បើ​យើង​មើល​តួលេខ​ទៅ​ជាង១០ម៉ឺន​នាក់​ ធៀប​នឹង​ប្រជាពលរដ្ឋ ២លាន ៦សែន​ជាង ​ក៏​វា​នៅ​តិច​ដែរ»។

លោក អំ សំអាត ព្រួយបារម្ភ​ថា បញ្ហា​បំណុល វា​នឹង​ក្លាយជា​វិបត្តិ​សង្គម បើ​រដ្ឋាភិបាល​មិន​បង្កើន​វិធានការ​ពង្រឹង​ប្រសិទ្ធភាព​រក​ដំណោះស្រាយ​ទេ​នោះ​ ដោយ​អះអាង​ថា ​បញ្ហា​បំណុល​ពេលនេះ​វា​បាន​រអិល​ចូល​ទៅជា​រឿង​នយោបាយ។

លោក​ថា៖ «ខ្ញុំ​គិតថា​អញ្ចេះ​ទេ បើសិនជា​ពលរដ្ឋ​ដែល​ជំពាក់បំណុល​ហ្នឹង ​គ្មាន​លទ្ធភាព​សងមែន ហើយ​នៅតែ​ទាមទារ​ វា​មិនដឹង​យក​អី​មក​បានទេ ហើយក៏​បង្ក​ជា​បាតុភាព​កើតឡើង​ដែរ។ អីចឹង​អ្នក​ដែល​គ្មាន​លទ្ធភាព​ហ្នឹង ​គួរតែ​មានការ​ចរចា​ណាមួយ​ហើយ»។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក សម រង្ស៊ី កាលពី​ថ្ងៃ​ចន្ទ​ បាន​បង្ហោះ​លិខិត​មួយ​លើ​ហ្វេសប៊ុក​របស់​លោក​ ដោយ​លើកឡើង​ថា បច្ចុប្បន្ន​ បញ្ហា​ប្រឈម​ធំ​បំផុត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ គឺ​វិបត្តិ​ជំពាក់បំណុល។

លោក សម រង្ស៊ី អះអាង​ទៀត​ថា៖ ​«វិធានការ​របស់​រដ្ឋាភិបាល​កន្លងទៅ​គ្មាន​ប្រសិទ្ធភាព​ទេ ធ្វើឱ្យពលរដ្ឋ​បង្ខំចិត្ត​លក់​កេរអាករ ឬរក​កម្ចី​ឯកជន​ដែល​មាន​អត្រា​ការប្រាក់​ខ្ពស់ ជំរុញ​ឱ្យមាន​ចំណាកស្រុក​ទាំង​ប្រថុយប្រថាន​ដើម្បី​ដោះបំណុល។»

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋា​ភិបាល លោក ផៃ ស៊ីផាន អះអាង​ក្នុង​សន្និសីទ​សារព័ត៌មាន ​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ កាលពី​ថ្ងៃទី២៦ ខែឧសភា ​ថា ថ្នាក់ដឹកនាំ​តែងតែ​យកចិត្ត​ទុកដាក់​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​ដោះស្រាយ​បញ្ហា​បំណុល​របស់​ប្រជាពលរដ្ឋដែល​កំពុង​ជួប​ការ​លំបាក។

លោក​ថា៖ «រាជរដ្ឋាភិបាល​អត់​បែរខ្នង​ដាក់​ប្រជាជន​ទេ យើង​ដឹង​ហើយ​សព្វថ្ងៃ​ដែល​ប្រជាពលរដ្ឋ​បោះឆ្នោត​គាំទ្រ​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន កន្លងមក ភ្លូកទឹកភ្លូកដី យើង​ក៏បាន​បម្រើ​ផ្តល់​ទៅវិញ​នូវ​អ្វី​ដែល​ជា​សេចក្តី​ត្រូវការ​របស់​មហាជន»។

កាលពី​ថ្ងៃទី២៧ ខែមីនា ធនាគារជាតិ​បាន​ចេញ​សេចក្តី​ណែនាំ​ចំនួន ៩ចំណុច ​ឱ្យ​ស្ថាប័ន​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ អនុវត្តដើម្បី​សម្រួល​ដល់​អ្នក​ជំពាក់បំណុល។ ក្នុងចំណោម ៩ចំណុច​នេះ ធនាគារជាតិ​មិនបាន​ចាប់បង្ខំ​ឱ្យ​អនុវត្តទេ​ គឺការ​ជ្រើសរើស​យក​ចំណុច​ណាមួយ​ទៅ​អនុវត្ត ជា​ការសម្រេច​ដោយ​ផ្ទាល់​ទៅតាម​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ ឬធ​នា​គារ។

អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក កាំង តុង​ងី ថ្លែង​ថា ចំណុច​ដែល​ស្ថាប័ន​ផ្តល់​កម្ចី​ប្រើ​ភាគច្រើន​យក​ទៅ​ប្រើ​មាន ២ចំណុច​ គឺ​ការ​តម្រូវ​ឱ្យ​បង់​តែ​ការប្រាក់ ​និងផ្អាក​ការ​បង់​ទាំងដើមទាំងការ ​រយៈពេល​ពី ៣ ទៅ ៦ខែ។

អ្នក​ជំពាក់​លុយ​ធនាគារ​មួយចំនួន​អះអាង​ថា វិធានការ​នេះមិនបាន​ជួយ​សម្រួល​ដល់​ពួក​គាត់​ទេ ព្រោះថា បើ​បង់​តែ​ការប្រាក់ ​បានន័យ​ថា គាត់​នៅតែ​ជំពាក់​ដដែល ​ត្រូវ​ខំ​រកលុយ​បង់​ការប្រាក់ ចំណែក​ការ​ផ្អាក​បង់​ទាំងដើមទាំងការ ធនាគារ​តម្រូវ​ឱ្យ​បង់​ការប្រាក់​សរុប​ ដល់ពេល​ផុតពេល​ពន្យារ​នេះ អាច​ក្លាយជា​ការ​ដាក់បន្ទុក​បន្ថែម​ទៀត។

ពលរដ្ឋ​អ្នក​ជំពាក់​លុយ​មួយចំនួន ​ស្នើ​ឱ្យ​ក្នុង​ពេល​ផ្អាក​បង់ ៦ខែ​នេះ គឺ​មិន​ត្រូវ​គិតការ​ប្រាក់​ទេ ទើប​ហៅថា ជា​ការ​ជួយ​ពលរដ្ឋ​ក្នុង​ពេល​លំបាក។

ទោះ​យ៉ាងណា ​វិធានការ​ធនាគារជាតិ​ហាក់​មិន​ត្រូវ​ស្ថាប័ន​ផ្តល់​កម្ចី​មួយចំនួន​យក​ទៅ​ប្រើ​ទេ ព្រោះ​ការ​បង្ខំ​ឱ្យ​ពលរដ្ឋ​លក់​ទ្រព្យសម្បត្តិ ឬបង្ខំ​ឱ្យទៅ​ចងការប្រាក់​កន្លែង​ផ្សេង​មក​បង់​ធនាគារ​នៅតែ​មាន ហើយ​ករណី​ខ្លះ ​រហូតដល់​ពលរដ្ឋ​ថត​ពី​សកម្មភាព​នៃ​ការ​ឈ្លោះប្រកែក​គ្នា​រវាង​ពលរដ្ឋ​អ្នក​ជំពាក់បំណុល​ជាមួយបុគ្គលិក​ធនាគារ​ ដែលត្រូវបានផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ជាបន្តបន្ទាប់​ទៀតផង​៕


អ្នក​ខ្ចី​​លុយ​​ធនាគារ​​មួយ​ចំនួន​ប្រកាស​​លក់​​ទ្រព្យ​​សង​បំណុល​​

អ្នកខ្ចី​លុយ​ធនាគារ​មួយចំនួន​អះអាង​ថា ពេលនេះ​ពួក​គាត់​មិន​មាន​ជម្រើស​អ្វី​ក្រៅពី​បង្ខំចិត្ត​លក់​ទ្រព្យសម្បត្តិ​មានផ្ទះ និង​ដី ក្នុង​តម្លៃ​ទាប​ ដើម្បី​ដោះស្រាយ​សងបំណុល​នោះ​ទេ ដោយសារ​លក្ខខណ្ឌ​ធនាគារជាតិ​ដាក់ចេញ​នោះ ​មិន​អាច​ជួយ​ពួក​គាត់​បាន។


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles