សាច់​ញាតិ​​បុរស​​ដែល​​ស្លាប់​​ក្នុង​​ពេល​​ជាប់​ឃុំ​ ប្តឹង​​ប្រធាន​​ពន្ធនាគារ​​ខេត្ត​បាត់​ដំបង​​

តុលាការ និងច្បាប់ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក ម៉ម មុនីរតន៍ |២៩ ឧសភា ២០២០ | ម៉ោង ៦:០៨ ល្ងាច
VOD

(ឆ្វេង) បុរសឈ្មោះ អន ទិត្យ លើគ្រែនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ក្រោយពេលខាងពន្ធនាគារខេត្តបញ្ជូនមកសង្រ្គោះបន្ទាន់ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ និង(ស្ដាំ) សាកសពឈ្មោះ អន ទិត្យ ត្រូវបានគេបញ្ជូនមកឱ្យក្រុមគ្រួសារ ហើយក្រុមគ្រួសារយកមកតម្កល់នៅក្នុងវត្តបញ្ឆា ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

(ឆ្វេង) បុរសឈ្មោះ អន ទិត្យ លើគ្រែនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ក្រោយពេលខាងពន្ធនាគារខេត្តបញ្ជូនមកសង្រ្គោះបន្ទាន់ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ និង(ស្ដាំ) សាកសពឈ្មោះ អន ទិត្យ ត្រូវបានគេបញ្ជូនមកឱ្យក្រុមគ្រួសារ ហើយក្រុមគ្រួសារយកមកតម្កល់នៅក្នុងវត្តបញ្ឆា ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)


សាច់ញាតិ​បុរស​ម្នាក់​ដែល​បាត់បង់ជីវិត​ក្នុង​ពេល​ជាប់ឃុំ បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​ប្រធាន​ពន្ធនាគារ​ខេត្តបាត់ដំបង ដោយ​អះអាង​ថា ​ក្មួយ​របស់​គាត់​ស្លាប់​ដោយសារតែ​ការ​ធ្វើទារុណកម្ម។ 

អ្នកស្រី យន គីម ដែល​អះអាង​ថា ត្រូវ​ជា​ម្ដាយមីង​ជន​ត្រូវ​ចោទ​ បាន​ប្រាប់វី​អូ​ឌីតាម​ទូរសព្ទ​កាលពី​ថ្ងៃទី២៧ ខែឧសភា ថា អ្នកស្រី និង​ក្រុម​គ្រួសារ​សម្រេចចិត្ត​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការខេត្ត​រួចហើយ កាលពីដើម​ខែឧសភាកន្លងទៅ​នេះ ​តាមរយៈ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដ​ហុក ​(Adhoc​)។

ស្ថិត​ក្នុង​វ័យ ៤១ឆ្នាំ អ្នកស្រី គីម ចោទប្រកាន់​ថា ប្រធាន​ពន្ធនាគារ​ខេត្តបាត់ដំបង​ គឺ​លោក សំអុល ធារិ​ទ្ធ ជា​អ្នក​ដែល​ស្ថិតនៅ​ពីក្រោយ​នៃ​ការ​ស្លាប់​ក្មួយប្រុស​របស់​អ្នកស្រី។

រស់នៅ​សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង អ្នកស្រី យន គីម ឱ្យដឹង​ទៀត​ថា មុន​ពេល​ស្លាប់ ក្មួយប្រុស​របស់​អ្នកស្រី​ជា​មនុស្ស​មាន​សុខភាព​ធម្មតា ប៉ុន្តែ​ ពេល​សាកសព​បញ្ជូន​ចេញពី​ពន្ធនាគារ​វិញ នៅ​លើ​ដងខ្លួន​ជនសង្ស័យមាន​ស្លាកស្នាម​ជាំ និង​របួស​ជាច្រើន​កន្លែង​ទៅវិញ។

អ្នកស្រី​បន្ត​ថា៖ «ខ្ញុំ​ប្ដឹង ​ព្រោះអី​វា​អយុត្តិធម៌​ពេក ​ដែល​គាត់​និយាយ​ថា ​ក្មួយ​ខ្ញុំ​សម្លាប់​ខ្លួន​ [ធ្វើ​អត្តឃាត​ដោយខ្លួនឯង​]។ តាមពិត​ យើង​មាន​ភស្តុតាង​ មាន​ទាំង​អី ព្រោះអី​ស្នាម​ជាំ​បាក់​កអី​មាននៅ​ក្នុង​វីដេអូ​ទាំងអស់។ ហើយ​គាត់​និយាយ​បែបនេះ គាត់​បំផ្លើស​ពេក​ហើយ។ ហើយរឿង​នេះ​វា​អយុត្តិធម៌​ហួស។ ហើយរឿង​នេះ ​ក្មួយ​ខ្ញុំ​មិនទាន់​ដល់​ថ្នាក់​មានទោស​ដាក់​ពន្ធនាគារ​ទេ ព្រោះអី​លុយ​ក៏បាន​បង់​រួច​អស់​ដែរ»។ 

វី​អូ​ឌី បាន​ទទួលលិខិត​ដែល​ជា​ពាក្យបណ្ដឹង​មួយ​ច្បាប់​របស់​ដើមបណ្ដឹង កាលពី​ថ្ងៃទី២៧ ខែឧសភា។

នៅក្នុង​ពាក្យបណ្ដឹង​ដែល​អ្នកស្រី យន គីម ដាក់​ទៅ​តុលាការខេត្ត​បាត់ដំបង​កាលពី​ថ្ងៃទី៧ ខែឧសភា រៀបរាប់​ថា ​អ្នកស្រី​ប្ដឹង​ពី​ឈ្មោះ សំ​អុល ធារិ​ទ្ធ ប្រធាន​ពន្ធនាគារ​ខេត្តបាត់ដំបង។

ដើមហេតុ​នៃ​ការ​ប្ដឹង​នេះ ​អ្នកស្រី​ចោទប្រកាន់​ថា​ ឈ្មោះ អន ទិត្យ ដែល​ត្រូវជា​ក្មួយ​ ស្លាប់​ដោយ​ការ​ធ្វើទារុណកម្ម និង​អំពើឃោរឃៅ​ក្នុង​ពន្ធនាគារ​ពេល​ដែល​ឃុំខ្លួន។ អ្នកស្រី​អះអាង​ថា ​នៅ​លើ​សាកសព​មាន​ស្លាកស្នាម​ជាំ​ជាច្រើន​កន្លែង ​ដូចជា ​ដៃ និង​កំភួន​ដើមដៃ​ទាំង​សងខាង​មានស្នាម​រយះអង្កន់​ៗ។

លិខិត​ឱ្យដឹង​ទៀត​ថា នៅត្រង់​កញ្ចឹងក​មានស្នាម​ជាំ និង​ស្នាម​ឆ្នូត​រហូតដល់​គូថ។ លើស​ពីនេះ​ទៀត សាកសព​ពេល​បញ្ជូន​មកដល់​ផ្ទះ​ មាន​សភាព​រឹង​គ្រប់កន្លែង​ លើកលែងតែ​កញ្ចឹងក​មាន​សភាព​ទន់ជ្រាយ។ 

លោក អន ទិត្យ ជា​ជនសង្ស័យ ​មាន​អាយុ ៣៨ឆ្នាំ នៅ​ភូមិ​រំចេក៤ សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន​កាលពី​ថ្ងៃទី១៩ ខែមេសា។ មូលហេតុ​នៃ​ការ​ចាប់ខ្លួន​នេះ ត្រូវ​បាន​អ្នកស្រី យន គីម បញ្ជាក់​ថា ដោយសារ​ឈ្មោះ អន ទិត្យ មាន​ជំងឺ​វិកលចរិត​រើ​ឡើង រួចហើយ​បាន​ចូល​ទៅ​ក្នុង​រថយន្ត​ប្រភេទ​កាម​រី​បាឡែនរបស់​ឈ្មោះ អាង សារ៉ា​ត់ ដែល​ឈប់​ចតចោល​ដើម្បី​ចុះ​បត់ជើងតូច។

អ្នកស្រី​បន្ថែម​ថា ភ្លាម​នោះ ​ឈ្មោះ ទិត្យ ដែល​មិនទាន់​ទាំង​ចេះ​បើករថយន្ត​ផង បាន​បើករថយន្ត​ដែល​ម៉ាស៊ីន​កំពុងតែ​ដំណើរការ​នៅឡើយ រួចហើយ​ទៅ​បុក​នឹង​ជញ្ជាំង​ផ្ទះ​អ្នកភូមិ​នៅ​ក្បែរ​កន្លែង​កើតហេតុ។ ប៉ុន្តែ​ ការ​ប៉ះទង្គិច​នេះ ​ត្រូវ​បាន​អ្នកស្រី យន គីម អះអាង​ថា មិន​បណ្ដាលឱ្យរថយន្ត​ខូចខាត​ខ្លាំង​ទេ។

ប្រភព​បញ្ជាក់​បន្ថែម​ថា ដើម្បី​បញ្ចប់​បញ្ហា​ ខាង​គ្រួសារ​ត្រូវ​ចោទសម្រេច​ផ្ដល់​សំណង​ជំងឺចិត្ត​ទៅ​ម្ចាស់​រថយន្ត​ចំនួន ៧០០ដុល្លារ​រួចហើយ​ដែរ។ លោក អន ទិត្យ ស្លាប់​នៅក្នុង​ពន្ធនាគារ​កាលពី​ថ្ងៃទី៣០ ខែមេសា។

មុន​ពេល​ស្លាប់ លោក ទិត្យ ដែល​ធ្លាប់​ជា​កម្មករ​សំណង់​នៅ​ប្រទេស​ថៃ ត្រូវ​បាន​ពន្ធនាគារ​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ កាលពី​ថ្ងៃទី២៩ ខែមេសា។ ប៉ុន្តែ ​ក្នុង​ពេល​សង្គ្រោះ ក្រុម​វេជ្ជបណ្ឌិត​អះអាង​ថា មិន​អាច​ជួយ​អ្វី​បាន​ឡើយ ដោយសារ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ណាស់​ទៅ​ហើយ។ 

ប្រធាន​ពន្ធនាគារ​ខេត្តបាត់ដំបង ​លោក សំ​អុល ធារិ​ទ្ធ ព្យាយាម​បដិសេធ​ចំនួន ២ដង​តាម​ទូរសព្ទ​កាលពី​ថ្ងៃទី២៧ ខែឧសភា។ លោក​អះអាង​យ៉ាង​ខ្លី​ថា​ មិនដឹង​រឿង ហើយ​តម្រូវឱ្យបំពេញ​ឯកសារ​ផ្លូវការ​ទៅ​រដ្ឋបាល​ មុននឹង​ចង់បាន​ចម្លើយ​ណាមួយ​ពី​ខាង​ពន្ធនាគារ។ 

លោក​បន្ថែម​ថា៖ «បង​ខាងណា​ណុង? អូ​! បង​មក​ចូល​តាម​រដ្ឋបាល​មក​ណា​បង។ បើ​ចង់​ដឹងរឿង​អី​ចូល​តាម​រដ្ឋបាល​មក។ ហើយ​ម៉ោង​ហ្នឹង​ឱ្យដឹង​ថា ​ម៉ោង​គេ​សម្រាក​ម៉ោង​អី​ផង។ កុំ​ចេះតែ​ធ្វើការ​អត់មាន​ម៉ោង​អត់មាន​ពេលវេលា​អ៊ីចឹង»។ 

នៅដើម​ខែឧសភា​កន្លងមក​នេះ វី​អូ​ឌី បាន​ទទួលលិខិត​ផ្លូវការ​មួយ​ច្បាប់​ពី​ខាង​ពន្ធនាគារ។ លិខិត​នេះ​សរសេរ​ថា កាលពី​ចុងខែមេសា ពន្ធនាគារ​ខេត្តបាត់ដំបង​បាន​ចេញ​លិខិត​បំភ្លឺ​ដោយ​ចាត់ទុកថា​ ឈ្មោះ អន ទិត្យ នេះ​បាន​បង្ក​ភាព​ស្មុគស្មាញ និង​រំខាន​ជាប់​ជានិច្ច អំឡុង​ពេល​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ។ 

លើស​ពីនេះ​ទៀត នៅក្នុង​ខ្លឹមសារ​លិខិត​ដដែល ​បញ្ជាក់​ថា ជនសង្ស័យ​បាន​យក​ចានឆ្នាំង​មក​បោក​ក្បាល​ខ្លួនឯង និង​បោក​ក្បាល​ទៅ​នឹង​ចម្រឹង​ទ្វារ​ ហើយ​ផ្ទប់​ទៅ​នឹង​ជញ្ជាំង​នៃ​មន្ទីរ​ឃុំឃាំង។ លិខិត​បំភ្លឺ​ដដែល ​បញ្ជាក់​ទៀត​ថា ​របួស​ស្នាម​ដែល​មាននៅ​លើ​ដងខ្លួន​របស់​សាកសព គឺជា​ការប្រព្រឹត្ត​ដោយខ្លួនឯង​ប៉ុណ្ណោះ។ 

ទាក់ទង​រឿង​នេះ លោក អន ទិត្យ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការខេត្ត​ដំបង​ លោក អ៊ី សុវណ្ណ ចេញដីកា​ឱ្យឃុំខ្លួន​ កាលពី​ថ្ងៃទី២១ ខែមេសា។ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ តុលាការ​ចោទប្រកាន់​ជនសង្ស័យ​ពី​បទ​ហិង្សា​ដោយចេតនា និង​ធ្វើឱ្យខូច​ខាត​ដោយចេតនា។ 

ក្រុម​អង្គការ​ដែល​លើកស្ទួយ​ផ្នែក​សិទ្ធិមនុស្ស​នៅក្នុង​តំបន់​ យល់ឃើញ​ថា ការ​ធ្វើទារុណកម្ម​ប្រឆាំង​ជន​ត្រូវ​ចោទ​ក្នុង​ពេល​ឃុំខ្លួន វា​ជា​រឿង​ខុស​នឹង​គោលការណ៍​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​ជា​អន្តរជាតិ​ថែមទៀត។ ម្យ៉ាងវិញទៀត ​ឈ្មោះ អន ទិត្យ នេះ ​ត្រូវ​គេ​រក​ឃើញថា​ ជា​មនុស្ស​​វិកលចរិត ឬសរសៃប្រសាទ​ ដែល​ច្បាប់​គួរ​មានការ​បន្ធូរបន្ថយ​ទោស។

តាមរយៈ​លិខិត​មួយ​ច្បាប់​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង ចុះ​កាលបរិច្ឆេទ​កាលពី​ថ្ងៃទី២៤ ខែមេសា ដែល វី​អូ​ឌី ទទួល​បាន បញ្ជាក់​ថា ​ឈ្មោះ អន ទិត្យ នេះ ពិតជា​មនុស្ស​មាន​រោគ​វិកលចរិត។ ប្រភព​ពី​ខាង​មន្ទីរពេទ្យ​ បញ្ជាក់​ទៀត​ថា ​ជន​ត្រូវ​ចោទ​នេះ​បាន​មក​ទទួល​សេវា​ព្យាបាល និង​បើក​ថ្នាំ​វិកលចរិត​ទៅតាម​ទម្លាប់ ៣ខែ​ម្ដង​ជាប្រចាំ។ 

មន្ត្រី​អ្នកនាំពាក្យ​តុលាការ និង​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ ចំនួន ៤នាក់ ពេល​ទាក់ទង​តាម​ទូរសព្ទ កាលពី​ថ្ងៃទី២៧ ខែឧសភា ព្យាយាម​មិន​ឆ្លើយនឹង​សំនួរ​ចំពោះ​រឿង​ក្តី​នេះ​ឡើយ។​ ពួក​គេ​គ្រាន់តែ​បាន​ប្រាប់​ថា ត្រូវ​បាន​ផ្លាស់ប្ដូរ​តួនាទី​អស់ហើយ ប៉ុន្តែ​ នៅ​ប្រចាំការ​ក្នុង​ខេត្ត​នេះ​ដដែល​នៅឡើយ។

ដោយឡែក ​អ្នកស្រី ជា ចាន់​រស្មី ប្រធាន​ផ្នែក​រដ្ឋបាល​នៃ​តុលាការខេត្ត​ បាន​ប្រាប់​ថា អ្នកស្រី​មិន​អាច​ឆ្លើយ​បានទេ ព្រោះ​កំពុង​ជាប់​ភារកិច្ច​សំខាន់។ 

អ្នកស្រី​បន្ត​ថា៖ «សូម​អធ្យាស្រ័យ​ក្មួយ ​ដោយសារ​ខ្ញុំ​កំពុងតែ​ជាប់​ប្រជុំ​ជាមួយ​ថ្នាក់​ក្រសួង»។ 

បើ​ទោះជា​យ៉ាងនេះ​ក្ដី មន្ត្រី​ផ្នែក​សិទ្ធិមនុស្ស​ក្នុង​ខេត្តបាត់ដំបង យល់ឃើញ​ថា​ ជនសង្ស័យ ឬទណ្ឌិត​ដែល​ស្ថិតនៅ​ក្នុង​ការ​ឃុំខ្លួន​ក្នុង​​ពន្ធនាគារ សិទ្ធិ​របស់​ពួក​គេ​មិនបាន​ដកហូត​នោះ​ទេ លើកលែង​ចំពោះ​ការ​ឃុំខ្លួន​ប៉ុណ្ណោះ។ ក្នុង​ន័យ​នេះ ​លោក យិន ម៉េ​ងលី មន្ត្រី​ជាន់ខ្ពស់​សមាគម អាដ​ហុក (Adho​) ចាត់ទុកថា ការ​ធ្វើទារុណកម្ម ឬប្រើ​អំពើ​ហិង្សា​ប្រឆាំង​ទៅលើ​ជន​ជាប់ឃុំ ដោយ​ឆ្មាំ​ពន្ធនាគារ​ក្នុង​ពេល​កំពុង​បំពេញមុខ​ងារ ហើយ​អំពើ​ហិង្សា​ក្នុង​ទម្រង់​ធ្ងន់ធ្ងរ​ថែមទៀត ​វា​គឺជា​បទល្មើស​ឧក្រិដ្ឋ។

មាត្រា ៨១ នៃ​ច្បាប់​ស្ដីពី​ពន្ធនាគារ ​ចែងថា ការ​ធ្វើទារុណកម្ម អំពើឃោរឃៅ និង​រាល់​ទម្រង់​ផ្សេងទៀត​នៃ​ការរំលោភ​បំពាន​ដែល​ប្រព្រឹត្តទៅ​លើ​ជន​ជាប់ឃុំ ត្រូវ​ផ្ដន្ទាទោស​ដោយយោងទៅតាម​ច្បាប់ព្រហ្មទណ្ឌ។ 

មាត្រា ២១០ នៃ​ក្រម​ព្រហ្មទណ្ឌ​ ចែងថា​ ការ​ធ្វើទារុណកម្ម និង​អំពើឃោរឃៅ​ដែល​ប្រព្រឹត្តទៅ​លើ​បុគ្គល​ណា​ម្នាក់​ដែល​ទន់ខ្សោយ​ ពិសេស​ដោយ​មូលហេតុ​នៃ​ជំងឺ ឬពិការភាព កាលបើ​ស្ថានភាព​បុគ្គល​នេះ​ត្រូវ​បាន​រក​ឃើញជាក់ស្ដែង ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ដែល​មាន​ស្ថាន​ទម្ងន់ទោស​ពី ១០ ទៅ ២០ឆ្នាំ។ 

លោក យិន ម៉េ​ងលី មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស អាដ​ហុក (Adhoc​) ប្រចាំ​ខេត្តបាត់ដំបង ​មានប្រសាសន៍​ថា ​យុត្តិធម៌​ដែល​ភាគី​ក្នុង​រឿងក្ដី​នេះ ​នឹង​ត្រូវ​ទទួល​បាន​បែប​ណា​នោះ គឺ​មិន​អាច​ប៉ាន់ស្មាន​បាន​នៅ​ឡើយ​ទេ។ លោក​បន្ថែម​ថា ​មានតែ​ការ​កាត់ក្ដី​ដោយមិន​លម្អៀង និង​បើក​ការស៊ើបអង្កេត​ដោយ​ស៊ីជម្រៅ​ពី​តុលាការ​ប៉ុណ្ណោះ ទើប​អាច​និយាយ​បាន​ថា​ យុត្តិធម៌​នឹង​កើតឡើង​ចំពោះ​ជនរងគ្រោះ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ​បាន។

លោក​បន្ថែម​ថា៖ «ខ្ញុំ​ចង់​សង្កត់​ថា ​សូមឱ្យ​តុលាការ​ធ្វើការ​ស្រាវជ្រាវ​អំពី​បញ្ហា​ហ្នឹង​ឱ្យបាន​ម៉ត់ចត់​ដើម្បី​ស្វែងរក​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ ​ដើម្បីឱ្យក្រុម​គ្រួសារ​នៃ​សព ​ឬជនរងគ្រោះ​ គាត់​ស្ងប់ចិត្ត​ពី​បញ្ហា​ទាំងអស់​ហ្នឹង»។ 

របាយការណ៍​របស់​អង្គការ​លី​កាដ​ូ​ចេញផ្សាយ​កាលពី​ឆ្នាំ២០០២ បាន​បង្ហាញថា ​នៅ​អំឡុង​ឆ្នាំ២០០១ មាន​ទណ្ឌិត និង​ពិរុទ្ធជន​ស្លាប់​នៅក្នុង​ពន្ធនាគារ​ចំនួន ៥៣នាក់។ ពន្ធនាគារ​ទាំង ១២ទីតាំង អង្គការ​លី​កាដ​ូ រក​ឃើញថា​ មានតែ​មណ្ឌល​កែប្រែ​ទី១ (តេ៣​) មាន​អ្នក​ស្លាប់​ច្រើនជាង​គេ​រហូតដល់ ៣០នាក់។

ចំណែក​ការ​ធ្វើទារុណកម្មអំឡុង​ពេល​ឃុំខ្លួន​វិញ អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិមនុស្ស​នេះ ឱ្យដឹង​ទៀត​ថា ក្នុងចំណោម​ពិរុទ្ធជន​ជាង ២ពាន់​នាក់ ក្នុង​នោះ​មាន​ពិរុទ្ធជន​ជិត ៣រយ​នាក់​ហើយ រក​ឃើញថា ​រង​ការ​ធ្វើទារុណកម្ម​ក្នុង​ប៉ុស្តិ៍​ឃុំឃាំង​របស់​នគរបាល​យុត្តិធម៌។

ដោយឡែក ២៨នាក់​ផ្សេងទៀត​ ក្នុងចំណោម​ពិរុទ្ធជន​ជាង ២ពាន់​នាក់នោះ ត្រូវ​បានលី​កាដ​ូរក​ឃើញថា​ ត្រូវបាន​ធ្វើទារុណកម្ម​នៅ​តាម​ពន្ធ​នា​គារ​ផ្សេង​ៗ។

ទាក់ទង​រឿងក្ដី​ព្រហ្មទណ្ឌ​នេះ​ដែរ សព​ជនរងគ្រោះ​ឈ្មោះ អន ទិត្យ ត្រូវ​បាន​ក្រុម​គ្រួសារ​បូជា​នៅ​និង​វត្ត​បច្ឆា ​ក្នុង​ក្រុង​បាត់ដំបង និង​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​រួចហើយ។

បើ​ទោះជា​បែប​ណាក្ដី ​អ្នកស្រី យន គីម ដែល​អះអាង​ថា ត្រូវ​ជា​ម្ដាយមីង​របស់​ជនជាប់ចោទ បញ្ជាក់​ថា ​អ្នកស្រី និង​ក្រុម​គ្រួសារ​នឹង​នៅតែ​បន្ត​ស្វែងរក​យុត្តិធម៌​សម្រាប់​សព​ដែល​បាន​ស្លាប់​ទៅ ដើម្បី​សង​ការឈឺចាប់​នេះ​ត្រឡប់មកវិញ​៕



eading –>

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "សាច់​ញាតិ​​បុរស​​ដែល​​ស្លាប់​​ក្នុង​​ពេល​​ជាប់​ឃុំ​ ប្តឹង​​ប្រធាន​​ពន្ធនាគារ​​ខេត្ត​បាត់​ដំបង​​"

  1. Anonymous says:

    Justice?? justice?? this is the veitcong cage so how many khmer die never get justice