អ្នកវិភាគ​ថា កម្ពុជា​ពិបាក​លុបបំបាត់​ប្រាក់​ដុល្លារ ដោយសារ​សេដ្ឋកិច្ច​កម្ពុជា​ពឹង​ទាំងស្រុង​លើ​បរទេស

ដោយ មួង ណារ៉េត
2020-05-29
RFA

ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក។

ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក។

 RFA


អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ ដែល​ហាន​និយាយ​រិះគន់​របប​ក្រុងភ្នំពេញ ឥត​សំចៃ​មាត់ ថា កម្ពុជា​ពិបាក​លុបបំបាត់​ប្រាក់​ដុល្លារ ដោយសារ​សេដ្ឋកិច្ច​កម្ពុជា​ពឹង​ទាំងស្រុង​លើ​បរទេស​។ លោក​បន្ត​ថា ប្រទេស​កម្ពុជា ដែល​ខ្វះ​ឯករាជ្យ​ភាព​ក្នុង​ការ​ដឹកនាំ​នយោបាយ​រូបិយវត្ថុ​យូរយារ​ណាស់​មក​ហើយ​នោះ ឥឡូវ​បន្ថែម​បន្ទុក​មួយ​ទៀត គឺ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដោយសារ​បញ្ហា​ជំងឺ​កូវីដ-១៩។

ប្រតិកម្ម​របស់​លោក គឹម សុខ ធ្វើឡើង​ស្រប​ពេល​ដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី២៨ ខែ​ឧសភា បាន​ប្រកាស​ប្រមូល​ក្រដាស​ប្រាក់​ដុល្លារ​ប្រភេទ ១​ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារ ចូល​ឃ្លាំង​ឱ្យ​អស់ ត្រឹម​រយៈពេល ៣ ខែ គិត​ចាប់​ពី​ពេល​នេះ​តទៅ​។ ក្រោយ​ប្រមូល​អស់​ហើយ ធន​គារ​ជាតិ​នៃ​កម្ពុជា នឹង​ដឹកជញ្ជូន​ក្រដាសប្រាក់​ទាំងនេះ​ទៅ​ក្រៅ​ប្រទេស​។ ធនាគារ​ជាតិ អះអាង​ថា កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ចរាចរណ៍​ប្រាក់​ដុល្លារ​ទាំងនេះ​។ ក្រោយ​ប្រមូល​ក្រដាសប្រាក់​ដុល្លារ​ទាំងនេះ​អស់​រួច ធនាគារ​ជាតិ​នឹង​កំណត់​ពេលវេលា​ណាមួយ​សមស្រប ដើម្បី​ផ្អាក​ទទួល​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​ក្រោម ១០​ដុល្លារ​នេះ ទាំងស្រុង​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថ។

លោក គឹម សុខ ដែល​កំពុង​និទ្ទេស​ខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់ ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ថា​អ្វី​ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ចម្បង ដើម្បី​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​អាច​ឈរ​ដោយ​ខ្លួន​ឯង​បាន​រឹងមាំ គឺ​ការ​ដាក់​ចេញ​ផែនការ​ស្ថាបនា​មូលដ្ឋាន​សេដ្ឋកិច្ច​របស់​ខ្លួន ជាពិសេស​ការ​ពង្រឹង​ផលិតកម្ម​ក្នុងស្រុក​។ ប៉ុន្តែ​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន​ជាង ៣០ ឆ្នាំ​មក​ហើយ​នេះ សេដ្ឋកិច្ច​កម្ពុជា​នៅតែ​ខ្ចី​ដង្ហើម​គេ​ដក​ដដែល​។ ដូច្នេះ​លោក គឹម សុខ ថា កិច្ច​ខិតខំ​ប្រឹងប្រែង​លុបបំបាត់​លុយ​ដុល្លារ​នៅ​ពេល​នេះ គឺ​គ្មាន​បាន​ប្រយោជន៍​អ្វី​នោះ​ឡើយ៖ «នយោបាយ​បដិ​ដុល្លារ​រូបនីយកម្ម​នៅ​ពេល​ហ្នឹង​ទៅ​យ៉ាងម៉េច​នឹង​រួច​។ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ពឹងផ្អែក​ទាំងស្រុង​ពី​ការ​អនុគ្រោះ​សេដ្ឋកិច្ច​នៃ​បណ្តា​ធំៗ ដូចជា​អាមេរិក និង​សហភាព​អឺរ៉ុប​។ ការ​ដាក់​គោល​នយោបាយ​នេះ វា​អត់​ខុស​ទេ ប៉ុន្តែ​វា​អត់​ទៅមុខ​រួច ដោយសារតែ​កម្ពុជា​យើង​គ្មាន​មូលដ្ឋាន​សេដ្ឋកិច្ច​រឹងមាំ​។ អត់​បាន​បង្ហាញ​ផែនការ​នយោបាយ​សេដ្ឋកិច្ច​ឱ្យ​ច្បាស់លាស់​។ អត់​បាន​បញ្ចេញ​លុយ​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​។ ហើយ​កន្លងមក អ្វី​ដែល​គាត់​ធ្វើ​និយាយ​ចោលៗ»។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ ករណី​ប្រមូល​ក្រដាសប្រាក់​ដុល្លារ​ប្រភេទ ១​ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារ បាន​ធ្វើ​ឱ្យ​មតិ​សាធារណជន​មួយ​ចំនួន ច្របូកច្របល់ ព្រោះ​បារម្ភ​អំពី​បញ្ហា​ឈប់​ចាយ​លុយ​ដុល្លារ​។ ប៉ុន្តែ ធនាគារ​ជាតិ​អះអាង​ថា វិធានការ​នេះ គឺ​ដើម្បី​ពង្រឹង​ឯករាជ្យ​ភាព​ក្នុង​ការដឹកនាំ​គោលនយោបាយ​រូបិយវត្ថុ និង​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឱ្យ​មាន​ប្រសិទ្ធភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles