ទាហាន​មួក​ខៀវ​កម្ពុជា​ម្នាក់​ស្លាប់ ដោយ​ជំងឺ​កូវីដ​១៩ នៅ​ប្រទេស​ម៉ាលី ខណៈ​ខ្មែរ​ម្នាក់​ពី​ថៃ​ឆ្លង​ជំងឺ​នេះ

ដោយ ហេង រស្មី
2020-05-30
RFA

ទាហាន​មួក​ខៀវខ្មែរ លោក ស សាវី ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ប្រទេស​ម៉ាលី។

ទាហាន​មួក​ខៀវខ្មែរ លោក ស សាវី ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ប្រទេស​ម៉ាលី។

 រូប​ហ្វេសប៊ុក​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាត


កងទ័ព​មួក​ខៀវ​កម្ពុជា​ម្នាក់​ដែល កំពុង​បំពេញបេសកកម្ម​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ នៅ​ក្នុង​សាធារណរដ្ឋ​ម៉ាលី (Republic of Mali) បាន​ទទួល​មរណភាព ដោយសារ​ជំងឺ​កូវីដ-១៩ (Covid-19) កាលពី​ថ្ងៃ​ទី​២៩ ឧសភា​។ ជាមួយគ្នា​នេះ​ដែរ ក្រសួង​សុខាភិបាល រក​ឃើញ​ពលរដ្ឋ​ខ្មែរ​ម្នាក់ ទើប​ត្រលប់​មក​ពី​ពិធីបុណ្យ​សាសនា ក្នុង​ប្រទេស​ថៃ ចូល​មក​កម្ពុជា​វិញ មាន​ផ្ទុក​ជំងឺ​កូវីដ-១៩។

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ ថ្លែង​ថា សាកសព​របស់​មន្ត្រី​យោធា​ខ្មែរ លោក ស សាវី ត្រូវ​បាន​ចាត់ចែង​ដោយ​អង្គការសហប្រជាជាតិ និង​កំពុង​ស្ថិតនៅ​ប្រទេស​ម៉ាលី​នៅឡើយ​។ លោក​មិន​ទាន់​ដឹង​ថា តើ​អង្គការសហប្រជាជាតិ​នឹង​អនុញ្ញាត​ឱ្យ​កម្ពុជា ដឹក​សាកសព​នាយទាហាន​រូប​នោះ មក​ធ្វើបុណ្យ​នៅ​កម្ពុជា ឬ​អត់​នោះ​ទេ៖ «គេ​(UN) អាច​ចាត់ការ​របៀប​ណា អាហ្នឹង គឺ​យើង​ត្រូវតែ​គោរព​តាម​ការសម្រេច​របស់​មេ​បញ្ជាការ​អង្គការសហប្រជាជាតិ ដែល​នៅ​ទីនោះ (​ប្រទេស​ម៉ាលី​ផង​ដែរ​។ នេះ​គឺ​រឿង​បច្ចេកទេស ដែល​យើង​បាន​និយាយ​ហើយ ឱ្យ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ខាង​អង្គការសហប្រជាជាតិ ហើយ​បើ​យើង​ទទួល​(​សព​ដោយ​របៀប​ណា យើង​នឹង​ធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី នៅ​ពេល​អនាគត»។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី​៣០ ឧសភា ពី​ខេត្ត​កោះកុង លោក ទៀ បាញ់ អះអាង​ថា អាជ្ញាធរ​កម្ពុជា និង​អង្គការសហប្រជាជាតិ បាន​ខិតខំ​ប្រឹងប្រែង​ជួយ ដល់​យោធា​ខ្មែរ ដែល​ឆ្លង​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​បំពេញ​បេសកកម្ម នៅ​ប្រទេស​ម៉ាលី បាន​ជា​សះស្បើយ​ច្រើន​នាក់​ហើយ លើកលែង​តែ លោក ស សាវី ម្នាក់​គត់ ដែល​ទទួល​មរណភាព។

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់តូនីញូ ហ្គូទែរ៉េស (António Guterres) បាន​ចូលរួម​រំលែក​ទុក្ខ ដល់​ការ​ស្លាប់​កងទ័ព​មួក​ខៀវ​របស់​កម្ពុជា​។ សេចក្ដី​ប្រកាស​របស់​អង្គការសហប្រជាជាតិ បង្ហាញ​ថា កងទ័ព​មួក​ខៀវ កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ នៅ​ប្រទេស​ម៉ាលី ចំនួន​២​នាក់ បាន​ស្លាប់ ដោយសារ ឆ្លង​ជំងឺ​កូវីដ-១៩ គឺ​ម្នាក់ មកពី​ប្រទេស​កម្ពុជា និង​ម្នាក់​ទៀត មក​ពី​ប្រទេស អេល សាវ៉ាឌ័រ (El Salvador)។

កងទ័ព​កម្ពុជា កំពុង​បំពេញបេសកកម្ម នៅ​ប្រទេស​ម៉ាលី ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ មាន​ជិត​បី​រយ (២៩៨​នាក់​) ដោយ​ចែក​ជា​ផ្នែក​កងកម្លាំង​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ (១៤៤​នាក់ ស្រី​១១​នាក់​) និង​កង​វិស្វកម្ម​ព្រលាន​យន្តហោះ (១៥៤​នាក់ នារី​១៤​នាក់)។ លោក ស សាវី ដែល​មាន​ឋានន្តរសក្ដិ​​ឧត្ដមសេនីយ៍​ទោ ក្នុង​ជួរ​កងទ័ព​កម្ពុជា គឺជា​កងកម្លាំង ស្ថិតនៅ​កង​អនុ​សេនា​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​រឿង​នេះ ពី​អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុជាត និង អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា លោក ផល សាម៉ន បាន​ទេ នៅ​ថ្ងៃទី​៣០ ឧសភា​។ ប៉ុន្តែ លោក ផល សាម៉ន បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក ថា កងទ័ព​មួក​ខៀវ​កម្ពុជា ចំនួន​០៧​នាក់ មាន​ឆ្លង​ជំងឺ​កូវីដ១៩ ដោយ​២​នាក់ បានជា​សះស្បើយ ហើយ​៤​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល និង​រង់ចាំ​យក​សំណាក ទៅ​ពិនិត្យ​ជាថ្មី។

គិត​ត្រឹម​ចុងខែ​ឧសភា​នេះ កងទ័ព​កម្ពុជា ចំនួន ១០​នាក់​គត់ បាន​បាត់​បង់ជីវិត ក្នុង​ពេល​បំពេញបេសកកម្ម ក្នុង​ប្រទេស​ម៉ាលី ដោយសារ​សង្គ្រាម គ្រាប់​មិនទាន់​ផ្ទុះ និង​ជំងឺ​កូវីដ១៩។ ជាមួយគ្នា​នេះ បច្ចុប្បន្ន កម្ពុជា មាន​កម្លាំង​មួក​ខៀវ កំពុង​បំពេញបេសកកម្ម ក្នុង​ប្រទេស​ចំនួន​៤ គឺ លីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ ដែល​សរុប​ទាំង ៤​ប្រទេស មាន​ជិត​ប្រាំបី​រយ (៨០០)​នាក់។

ស្រប​ពេល​នៃ​ការ​ស្លាប់​នាយ​ទាហាន​ជាន់ខ្ពស់​របស់​កម្ពុជា​នេះ ក្រសួងសុខាភិបាល បាន​ប្រកាស​ថា មាន​អ្នកជំងឺ​កូវីដ​១៩ ម្នាក់​ទៀតហើយ បាន​ជា​សះស្បើយ ប៉ុន្តែ​ជាមួយ​គ្នា​នេះ ក្រសួង​ក៏​រក​ឃើញ​ករណី​វិជ្ជមាន​ថ្មី​មួយទៀត​ផង​ដែរ​។ ករណី​ថ្មី​នេះ​កើត​លើ បុរស​ម្នាក់ អាយុ​២៦​ឆ្នាំ ដែល​បាន​ទៅ​ចូលរួម​សិក្សា​សាសនា នៅ​សាលា​មួយ នៃ​ខេត្ត​យ៉ាឡា (Yala) ប្រទេស​ថៃ ហើយ​បាន​ត្រលប់​ចូល​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ឧសភា មាន​ផ្ទុក​ជំងឺ​កូវីដ១៩​។ បុរស​រូប​នេះ​រស់នៅ​ខេត្ត​ត្បូងឃ្មុំ ហើយ​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ។

គិត​ជា​សរុប​ត្រឹម​ថ្ងៃ​ទី​៣០ ឧសភា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ​-១៩ ចំនួន​១២៥ ករណី ព្យាបាល​ជាសះស្បើយ​ចំនួន​១២៣ នាក់ ហើយ​២ នាក់​ដែល​នៅសល់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles