ពលរដ្ឋ​នៅ​ប៉ោយប៉ែត​ប្រកាន់​ជំហរ​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​បើក​ច្រក​ព្រំដែន​នៅ​ថ្ងៃ​ទី​១ មិថុនា

ដោយ ​ម៉ៅ សុធានី
2020-05-30
RFA

ទិដ្ឋភាព​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

ទិដ្ឋភាព​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

 RFA


ក្រុម​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅតែ​ប្រកាន់​ជំហរ​ថា ពួកគេ​នឹង​នាំគ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា និង​ថៃ​បើក​ច្រកទ្វារ​ព្រំដែន​ប្រទេស​ទាំង​២ ឡើង​វិញ នៅ​ថ្ងៃ​ទី១ មិថុនា ដដែល។ ពលរដ្ឋ​ទាំងនោះ​អះអាង​ថា ពួកគេ​នឹង​ទប់ស្កាត់​មិន​ឱ្យ​ឡានទឹក​ទំនិញ​របស់​ថៃ​ចូល​មក​កម្ពុជា​នោះ​ឡើយ។

កម្មករ​អូស​រទេះ​នៅ​ក្រុង​ប៉ោយប៉ែត​ម្នាក់ លោកស្រី ឈុន សុភេន ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី៣០ ឧសភា ថា ចាប់​តាំង​ពី​អាជ្ញាធរ​កម្ពុជា និង​ថៃ​បិទ​ច្រក​ទ្វារ​ព្រំដែន​ប្រទេស​ទាំង​២​មក ធ្វើ​ឱ្យ​គ្រួសារ​របស់​លោក​ស្រី​បាត់បង់​ប្រាក់ចំណូល​ទាំងស្រុង។ ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា សមាជិក​គ្រួសារ​របស់​គាត់​ចំនួន ៣​នាក់ ត្រៀមខ្លួន​ទៅ​ចូលរួម​ធ្វើបាតុកម្ម​នៅមុខ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​នៅ​ដើម​សប្ដាហ៍​ក្រោយ៖ «ព្រោះ​អី​បើ​យើង​មិន​តវ៉ា​យើង​បាន​អី​រកស៊ី យើង​បាន​លុយ​ណា​ទិញ​ម្ហូប​ទិញ​អី​ផង និង​អត់​លុយ​បង់ថ្លៃ​ផ្ទះ​ថ្លៃ​អី​ផង អីចឹង​នាំគ្នា​តវ៉ា​អីចឹង​ទៅ​។ ព្រោះ​អី​ទំនិញ​ថៃ​ចេញ​បាន​រួច​ខ្មែរ​យើង​មិន​អាច​ចូល​ទៅ​ដី​ថៃ​បានទេ ព្រោះ​អី​យើង​នៅ​ជាប់​ព្រំដែន​យើង​បាន​រកស៊ី​ចូល​ដី​ថៃ​ទើបបាន​លុយ​ចាយ។ បើ​បិទ​ច្រក​អីចឹង​ខ្មែរ​យើង​បាន​អី​រកស៊ី»។

ចំណែក អាជីវករ​ខ្មែរ​ដែល​មាន​តូប​លក់ដូរ​នៅ​ផ្សារ​រ៉ុងក្លឿ ប្រទេស​ថៃ និង​អ្នក​រត់​ម៉ូតូឌុប​នៅ​តំបន់​ព្រំដែន​សង្កាត់​ប៉ោយប៉ែត ឱ្យ​ដឹង​ថា ពួកគាត់​មិន​អាច​ទ្រាំ​រស់នៅ​ដោយ​គ្មាន​ប្រាក់ចំណូល​បាន​ទៀត​ទេ ដូច្នេះ​ពួកគាត់​ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​ដែរ​ថា នឹង​ទៅ​ចូលរួម​ធ្វើបាតុកម្ម​នៅមុខ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-​ថៃ​តាម​ការ​គ្រោង​ទុក៖ «ខ្ញុំ​ក៏​មាន​ជំហរ​ដូច​ប្រជាពលរដ្ឋ​ដទៃ​ដែរ ដោយសារតែ​ខាងយើង​នេះ​វា​អយុត្តិធម៌​ពេក ព្រោះ​ខាងគេ​បើកឡាន​ចេញ​បាន ហេតុ​អី​យើ​ង​អត់​អាច​ចេញចូល​បាន​ដូច​គេ ដូច្នេះ​ចង់​ឱ្យ​មាន​សិទ្ធិ​ស្មើគ្នា សុំ​ខាង​អាជ្ញាធរ​កម្ពុជា​ហ្នឹង​បិទ​កុំ​ឱ្យ​គេ​ចូល​មក​ខាងយើង​វិញ​ដែរ។ ចង់​ថា​ឱ្យ​បើក​ច្រក​ព្រំដែន​ឱ្យ​រកស៊ី​ធម្មតា​វិញ ពួក​ខ្ញុំ​ជួល​ផ្ទះ​គេ ហើយ​ណាមួយ​ទិញ​ម្ហូប​ក៏​ថ្លៃ ហើយ​គ្មាន​ការងារ​ធ្វើ​ដាច់​បាយ​ដាច់​អី​អស់ហើយ​នៅ​ខាង​ច្រក​ព្រំដែន​ណេះ​មានអី​ហូប​ទេ»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អភិបាល​ក្រុង​ប៉ោយប៉ែត លោក គាត ហ៊ុល និង​អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ តាំង​ពី​ថ្ងៃ​ទី​២៨ រហូត​ដល់​ថ្ងៃ​ទី​៣០ ឧសភា តែ​ពួក​លោក​មិន​លើក​ទូរស័ព្ទ។

ទោះជា​យ៉ាងណា អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​បដិសេធ​នឹង​ការ​ស្នើសុំ​ធ្វើបាតុកម្ម​របស់​ពលរដ្ឋ​នេះ​រួច​មក​ហើយ កាលពី​ថ្ងៃ​ទី​២៥ ឧសភា។

អភិបាលខេត្ត​បន្ទាយមានជ័យ​លោក អ៊ុំ រាត្រី បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​ឆ្លើយតប​នោះ​ថា មូលហេតុ​ដែល​លោក​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ធ្វើបាតុកម្ម ដោយសារ​ព្រួយបារម្ភ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩ ពីព្រោះ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​នេះ បន្ត​រាតត្បាត​ខ្លាំង​នៅ​លើ​ពិភពលោក មិន​ទាន់​បាន​ធូរស្រាល​នៅ​ឡើយ។

ស្រប​ពេល​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បដិសេធ​នឹង​សំណើសុំ​ធ្វើបាតុកម្ម​របស់​ពលរដ្ឋ​នេះ នៅ​ខាង​ទឹកដី​ថៃ​ឯណោះ​វិញ អាជ្ញាធរ​ថៃ​បាន​ត្រៀម​កម្លាំង​ទាហាន​រាប់​រយ​នាក់​នៅ​តំបន់​ផ្សារ​រ៉ុងក្លឿ ជាប់​ព្រំដែន​ក្រុង​ប៉ោយប៉ែត ចាប់​តាំង​ពី​ថ្ងៃ​ទី​២៨ ឧសភា រហូត​មក ដើម្បី​ទប់ស្កាត់​ក្រុម​បាតុករ​ខ្មែរ​។ អាជ្ញាធរ​ថៃ​បាន​ប្រកាស​ថា ប្រទេស​របស់​គេ​មិន​អាច​បើក​ច្រក​ទ្វារ​ព្រំដែន​ឡើងវិញ​បាន​នៅឡើយ​ទេ។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ការ​តវ៉ា​ដោយ​សន្តិវិធី​គឺជា​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ស្របច្បាប់​។ លោក​បញ្ជាក់​ថា ការ​បិទ​ច្រក​ទ្វារ​ព្រំដែន​នេះ កម្ពុជា​ចាញ់​ប្រៀប​ប្រទេស​ថៃ​ច្រើន ដោយ​រថយន្ត​ដឹកទំនិញ​របស់​ថៃ​អាច​ចូល​មក​ក្រុង​ប៉ោយប៉ែត​បាន​ដោយ​សេរី​។ ចំណែក​រថយន្ត​ដឹកទំនិញ​របស់​ខ្មែរ​វិញ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​រឹត​បន្តឹង ហើយ​អាច​ចូល​ទៅដល់​ប្រទេស​ថៃ​បាន​តិចតួច​បំផុត៖ «អីចឹង​សូម្បី​តែ​ការពារ​ដាក់​កម្លាំង​ដាក់​អី​រហូតដល់​មាន​ទាហាន​មានអី ដាក់​អី​ក៏​ដាក់​ទៅ វា​អត់​អី​ប្លែក​ទេ ប៉ុន្តែ​បើសិនជា​ថៃ​នៅតែ​មានប្រៀប​នៅ​អាច​នាំ​ទំនិញ​គគ្រឹកគគ្រេង​ចូល​មក​កម្ពុជា​បាន។ អីចឹង​កម្ពុជា​ក៏​ត្រូវ​មាន​សិទ្ធិ​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​ដូចគ្នា​ដែរ មិនមែន​ថៃ​នាំ​មក​បាន ហើយ​ប្រជាពលរដ្ឋ​សុទ្ធតែ​ជន​មាន​ជំងឺ​កូវីដ​១៩​នោះទេ អីចឹង​ត្រូវតែ​មាន​សមភាព​ដូចគ្នា​ទៅវិញទៅមក»។

ទាក់ទង​នឹង​គម្រោង​តវ៉ា​នេះ ក្រុម​ប្រជាពលរដ្ឋ​បាន​ត្រៀម​រទេះរុញ និង​រ៉ឺម៉ក​ម៉ូតូ​ចំនួន​១០០​គ្រឿង និង​ត្រៀម​មនុស្ស​ចូលរួម​ចំនួន ១​.៥០០​នាក់ ដើម្បី​បិទ​ផ្លូវ​នៅមុខ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ហាមឃាត់​មិន​ឱ្យ​រថយន្ត​ដឹកទំនិញ​របស់​ថៃ​ចូល​មក​កម្ពុជា ចាប់ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៧ មិថុនា​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ពលរដ្ឋ​នៅ​ប៉ោយប៉ែត​ប្រកាន់​ជំហរ​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​បើក​ច្រក​ព្រំដែន​នៅ​ថ្ងៃ​ទី​១ មិថុនា"

  1. Anonymous says:

    congratulation Cambodian WELL … I can see Cambodian only good when it come to their personal interest . how about the other interest to protest to the leader who was not taking care of it own nation?? are you guy scare if so just stay like whatever they wanted you to be. GOD bless Cambodia